ពិធីឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានាក្នុងវត្តកន្តរុក្ខារាម(វត្តរមាសហែក) ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង

      ព្រឹកថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំវក ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០១៩  ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សួស ណារ៉ា បានអញ្ជើញជាអធិបតីក្នុងពិធីឆ្លងឧបដ្ឋានសាលានិងសមិទ្ធផលនានាក្នុងវត្តកន្តរុក្ខារាម(វត្តរមាសហែក) ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។គួរបញ្ចាក់ផងដែរចំពោះវិស័យព្រះពុទ្ធសាសនានៅទូទាំងស្រុកមានវត្តសរុបចំនួន៥២វត្ត ព្រះសង្ឃចំនួន៣៤៥អង្គ ក្នុងនោះភិក្ខុ១៥០អង្គ សាលាពុទ្ទ្ធិកបឋមសិក្សាចំនួន៤កន្លែង និងមានវិហារសាសន៍គ្រីស្ទចំនួន១៧កន្លែង និងបរិស័ទគ្រីស្ទចំនួន៤១៨នាក់។

      តាមរយៈរបាយការណ៍លោក ចាប ណុល អភិបាលស្រុកស្តីទី ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរដោយសកមោះ និងសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តូចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម អ៉ិន វីសាអ៊ុម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងឯកឧត្តម ចាន់ អ៊ាន និងក្រុមគ្រួសារ ព្រះគ្រូចៅអធិការ ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា និងផ្តល់វិភាគទានយ៉ាងច្រើនកសាងបានជាស្ថាពរនូវឧបដ្ឋានសាលាមួយខ្នងដែលមានបណ្តោយ៣៣ម៉ែត្រ និងទទឹង២១ម៉ែត្រ ដែលចំណាយថវិកាចំនួន២៣៦,៩៥៤ដុល្លារ និងសមិទ្ធផលផ្សេងៗជាច្រើនទៀត។

   ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថាវត្តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាវត្តរមាសហែក ត្រូវបានបំផ្លិចបំផ្លាញដល់ឬសគុល នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ស្ថិតក្នុងដំណាក់កាលនោះហើយគឺមានតែគណបក្សប្រជាជនកម្ពុជា ដែលហ៊ានក្តោកឈរឡើងតស៊ូ និងបូជាអ្វីៗគ្រប់បែបយ៉ាង ដើម្បីរំដោះន្រទេសឱ្យរួចផុតពីរបបខ្មៅងងឹត។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាយើង បានវិលត្រឡប់មករស់ជាមួយក្រុមគ្រួសារឡើងវិញប្រកបដោយសេចក្តីសោមនស្សរីករាយគ្រប់គ្នា។ រាជរដ្ឋាភិបាលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការអភិវឌ្ឍប្រទេសគ្រប់វិស័យឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា សមិទ្ធផលទាំងឡាយដែលយើងទទួលបាននៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ក្នុងចំណោមសមិទ្ធផលថ្មីៗជាច្រើនទៀតដែលបានជួសជុល និងកសាងឡើងវិញជាបន្តបន្ទាប់នៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។ ទីវត្តអារាមមិនគ្រាន់តែជាទីសក្ការៈសម្រាប់ការគោរពបូជាតាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីរួមរស់ សាមគ្គីគ្នាតាមផ្លូវអាណាចក្រទៀតផង។ ក្នុងន័យនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិ សប្បុរសជនទាំងអស់ សូមបន្តរួមគ្នាលើកស្ទួយ និងបន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀតទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ដើម្បីភាពរីកចម្រើនថ្កុំថ្កើម នៃសង្គមជាតិយើងទៅមុខទៀត។

   ក្នុងនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី  ប្រគេននិងឧបត្ថម្ភជូន ព្រះសង្ឃចំនួន ៧អង្គ ក្នុង១អង្គទេយ្យទាន១កញ្ចប់ បច្ច័យ៥មុឺនរៀល លោកយាយលោកតាចំនួន២០នាក់ ក្រណាត់ស១ដុំ ថវិកា ៥ពាន់រៀល  ក្រុមប្រឹក្សាឃុំ៨នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប៉ូលីសចំនួន៩នាក់ ប៉េអឹម ៥នាក់ យោធាចំនួន៥នាក់ គ្រូពេទ្យ៣នាក់ ប្រជាការពារចំនួន៥០នាក់ក្នុង១នាក់៥ម៉ឺនរៀល  និង២លានរៀលសម្រាប់កសាងក្នុងវត្ត។

 

 

 

Flag Counter