ពិធីផ្សព្វផ្សាយអនុសំវច្ឆរៈមហាសន្និបាតមន្រ្តីសង្ឃទូទាំងខេត្តកំពង់ឆ្នាំងលើកទី២៧ និងបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២៩១៩-២០២០ និងបូកសរុបលទ្ធផលសកម្មភាពការងារ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩

ខេត្តកំពង់ឆ្នាំង:  ព្រឹកថ្ងៃព្រហស្បតិ៍១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា  បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តកំពង់ឆ្នាំងលើកទី២៧ និងបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២៩១៩-២០២០ និងបូកសរុបលទ្ធផលសកម្មភាពការងារ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ ។

     ក្នុងពិធីនេះក៏មានការនិមន្ត និងអញ្ជើញពី ថ្នាក់ដឹកនាំក្រសួង  មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំឥស្លាមសាសនា  គ្រឹស្តសាសនា និងមន្ត្រីរាជការក្រោមឱវាទមន្ទីរធម្មការនិងសាសនាខេត្ត សរុបប្រមាណជិត១៣០៧ អង្គ/នាក់ នៅមន្ទីរបក្សខេត្តកំពងឆ្នាំង។

ក្នុងពិធីនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរដោយស្មោះនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គនិងពុទ្ធសាសនិកទាំងអស់ ព្រមទាំងពុទ្ធបរិស័ទដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាអោយ មានការរីកចម្រើនសមស្របទៅនឹងការអភិវឌ្ឍរបស់សង្គមជាតិយើង ។ ទន្ទឹមនឹងនេះឯកឧត្តមទេសរដ្ឋមន្រ្តីមានក្តីរីករាយណាស់ដោយបានឃើញនូវកម្លាំងសាមគ្គីធម៌ដ៏ល្អប្រសើររបស់ព្រះសង្ឃទាំងពីរគណៈ ពុទ្ធសាសនិកជនរួមសាមគ្គីក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះអគ្គសង្ឃរាជទាំងពីរព្រះអង្គ។នៅតាមទីវត្តអារាមលោកតាជី លោកយាយជីលោកមានសន្តានចិត្តជ្រះថ្លាបានលះបង់កម្លាំងកាយចិត្តបូជាចំពោះព្រះរតនត្រ័យ និងបានជួយអប់រំកូនចៅអោយប្រតិបត្តិតែអំពើល្អ ដែលជាការរួមចំណែកកសាងមនុស្សល្អរបស់សង្គមជាតិយើង។

  ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថាស្របទៅនឹងការរីកចម្រើនទាំងនេះក៏យើងនៅមានបញ្ហាមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយដោយឈរលើទស្សនៈថាព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម។ការពិគ្រោះពិភាក្សាលើបញ្ហាបច្ចុប្បន្នភាពដែលមហាសន្និបាត នឹងលើកឡើងគឺជាប្រការមួយសមស្របនិងចាំបាច់ត្រូវដោះស្រាយចំពោះមុខ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានមតិផ្តាំផ្ញើដល់អង្គពិធីទាំងមូល មេត្តាជួយបន្តធ្វើការផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងអំពីផលលំបាកនៃការប្រើប្រាស់គ្រឿងញៀន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តឧត្តរមានជ័យ នៅឲ្យឆ្ងាយពីគ្រឿងញៀន ។

  ទន្ទឹមនឹងនេះឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿនិងសាសនាលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនិងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គម ដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គម ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។

 

 

 

Flag Counter