ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ និងប្រកាសតែងតាំងព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅខេត្តកំពង់ចាម

  • Print

ខេត្តកំពង់ចាមៈ រសៀលថ្ងៃសៅរ៍ ៥រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២២ មិថុនា ឆ្នាំ ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជាអធិបតីរួមជាមួយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក្មុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ និងប្រកាសតែងតាំងប្រគេនព្រះសោមវេទី អ៉ឹម សុភក្តិ ជាព្រះសាកលវិទ្យាធិការ ។ ក្នុងនាមក្រសួងធម្មការ និងសាសនា ឯកឧត្តមទេសរដ្ឋមន្រ្តី សូមចូលរួមអបអរសាទរជាមួយព្រះសោមវេទី អ៉ឹម សុភក្តិ ជាព្រះសាកលវិទ្យាធិការដ៏សក្តិសម និងឧត្តុងឧត្តមនាពេលនេះ ។ ប្រការនេះ គឺជាការលើកទឹកព្រះទ័យដ៏ប្រពៃមួយ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងព្រះកាយ និងព្រះបញ្ញាញាណ ចូលរួមក្នុងសកម្មភាពផ្សេងៗ សម្រាប់វិស័យពុទ្ធិកសិក្សា និងព្រះពុទ្ធសាសនា ក៏ដូចជាក្នុងសង្គមជាតិទាំងមូល ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមក ។ ពិធីបើកបវេសនកាលឆ្នាំថ្មីនេះ គឺមានសារៈសំខាន់ និងអត្ថន័យធំធេងបំផុតសម្រាប់សមណនិសិ្សត-និស្សិតទាំងថ្មី ទាំងចាស់ ដែលទើបនិងបានចូលរៀនដំបូងសម្រាប់ឆ្នាំសិក្សាថ្មីនេះ ដើម្បីក្រេបជញ្ជក់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗពពីការសិក្សា នឹងក្លាយខ្លួនជាសមណនិសិ្សត-និស្សិតល្អ ជាពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និងសាសនា។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី សូមសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃសាលាខេត្តកំពង់ចាម មន្ត្រីសង្ឃ មន្ត្រីរាជការ នៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ដែលបានសហការយ៉ាងល្អ ជាមួយសាលាខេត្តកំពង់ចាម ក្នុងការរៀបចំពិធីនេះឡើងបានយ៉ាងល្អប្រសើរ ដូចអង្គពិធីទាំងមូលបានឃើញនៅក្នុងទីនេះស្រាប់ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាង កញ្ញា ពិតជានៅចងចាំ ឬធ្លាប់បានឮពីរបបប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺនៅក្នុងរបបនោះ ជំនឿសាសនាទាំងអស់ ពិសេសព្រះពុទ្ធសាសនា ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទាំគ្មានសល់ វត្តអារាម ព្រះវិហារ ត្រូវបានប្រែក្លាយជាឃ្លាំង ជារោងបាយ កន្លែងចិញ្ចឹមសត្វ។ ក្នងដំណាក់កាលនោះហើយ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលហ៊ានក្រោកឈរឡើងតស៊ូ និងបូជាអ្វីៗគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសឱ្យរួចផុតពីរបបខ្មៅងងឹត។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាយើង បានវិលត្រឡប់មករួមរស់ជាមួយក្រុមគ្រួសារឡើងវិញ ប្រកបដោយសេចក្តីសោមនស្សរីករាយគ្រប់គ្នា ។ នៅពេលនោះ ពិតមែនតែយើងនៅមានសុខភាពទ្រុឌទ្រោម ស្គមស្គាំង និងមានជម្ងឺដង្កាត់គ្រប់ប្រភេទក៏ដោយ ក៏យើងទាំងអស់គ្នា បានខិតខំប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ធ្វើការប្រមែប្រមូលធនធាននៅសេសសល់ ដើម្បីរួមគ្នាកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនា ដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរដល់កម្រិតសូន្យ ។ យើងបានរួមគ្នាធ្វើការជួសជុល និងកសាងឡើងវិញជាបន្តបន្ទាប់ ពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ សាលារៀន មន្ទីរពេទ្យ ស្រះទឹក អណ្តូងទឹក ព្រះវិហារ ឧបដ្ឋានសាលា សេនាសនៈផ្សេងៗក្នុងទីអារាម។ ចំនួនសាលារៀន និងវត្តអារាម មានការកើនឡើង ផ្លូវថ្នល់ សំណង់ធារាសាស្ត្រ ត្រូវបានស្តារជួសជុល និងកសាងជាថ្មី។ រាជរដ្ឋាភិបាល បានខិតខំធ្វើសាលារៀន និងវត្តអារាមឱ្យខិតកាន់តែទៅជិតជាមួយនឹងលំនៅដ្ឋានរបស់ប្រជាជន សំដៅធ្វើយ៉ាងណាសម្រួលដល់ការរៀនសូត្ររបស់កុមារ និងជូនលោកយាយ លោកតា និងបងប្អូនប្រជាជនបានធ្វើបុណ្យសន្សំកុសលនៅក្បែរផ្ទះ ដោយពេញដៃពេញជើង ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ ។ លើសពីនេះ វិស័យពុទ្ធិកសិក្សាក៏មានការរីកចម្រើនជាលំដាប់ ដោយសព្វថ្ងៃនេះ យើងមានសាលាធម្មវិន័យ ចាប់តាំងពីថ្នាក់ត្រី ទោ និងឯក និងមានសាលាពុទ្ធិកសិក្សាពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ពុទ្ធិកវិទ្យាល័យ និងមានពុទ្ធិកសាកលវិទ្យាល័យ ថែមទៀតផង ។ ដែលប្រការនេះ បញ្ជាក់ច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឧត្តមប្រយោជន៍ដល់ពុទ្ធសាសនិក និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ។ ការទទួលបាន នូវសមិទ្ធិផលទាំងនេះ បង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជនយើងគ្រប់ៗគ្នា និងការចេះរួបរួមសាមគ្គី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី សូមផ្តាំផ្ញើប្រគេនដល់ព្រះសាកលវិទ្យាធិការ នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

១-ត្រូវបន្តធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួន ដើម្បីពង្រឹងរបៀបរបបការងារឱ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

២-រៀបចំកែលម្អប្រព័ន្ធរដ្ឋបាល និងហិរញ្ញវត្ថុរបស់អង្គភាពឱ្យបានសមស្រប និងប្រសិទ្ធភាព។

៣-រៀបចំឱ្យមានផែនការយុទ្ធសាស្ត្រ សម្រាប់អភិវឌ្ឍអង្គភាពក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។

៤-ត្រូវរៀបចំឱ្យមានបទបញ្ជាផ្ទៃក្នុង ឱ្យសមស្របតាមការវិវឌ្ឍរីកចម្រើនរបស់អង្គភាព។

៥-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាពទាំងមូល បំពេញការងារដោយគោរពតាមឋានានុក្រម។

៦-ត្រូវផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ រួមទាំងព័ត៍មានពាក់ព័ន្ធផ្សេងៗឱ្យបានទៀងទាត់និងទាន់ពេលវេលាដល់គណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ ។ និងសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមចំណែកគាំទ្រ កសាង និងអភិវឌ្ឍន៍វិស័យពុទ្ធិកសិក្សានៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើងថែមទៀត។