ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញប្រគេនទានព្រះវស្សា

ខេត្តស្វាយរៀងៈ ព្រឹកថ្ងៃសៅរ៍ ៥កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣  ត្រូវនឹងថ្ងៃទី ៦ កក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា  និងលោកជំទាវ សួស ណារ៉ា បានអញ្ជើញប្រគេនទានចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃវត្តពេជ្រមន្រ្តី ទានចំណាំព្រះវស្សាមួយគូរ បច្ច័យចំនួន ៨២ម៉ឺនរៀលនិងវត្តចំនួន៣វត្តទៀត ដោយវត្តនីមួយៗទទួលបានទានព្រះវស្សា១គូ មី២កេះ ទឹកផ្លែឈើ២កេះទឹកសុទ្ធ ២កេះ ថវិកាក្នុងមួយវត្តចំនួន១០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ។  ដោយឡែកឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវក៏បានអញ្ជើញប្រគេនទានចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះធម្មកិច្ចមុនី រស់ ឌី ព្រះអនុគណស្រុករមាសហែក នូវទានចំណាំព្រះវស្សាមួយគូរ បច្ច័យចំនួន ៩០ម៉ឺនរៀលព្រមទាំងព្រះសង្ឃចំនួន២៤អង្គ ក្នុងមួយអង្គ២ម៉ឺនរៀល សីលវន្ត សីលវតីចំនួន២៤នាក់ក្នុងមួយនាក់២ម៉ឺនរៀល និងវត្តចំនួន១៤វត្តទៀត ដោយវត្តនីមួយៗទទួលបាន ទានព្រះវស្សា១គូ មី២កេះ ទឹកផ្លែឈើ២កេះទឹកសុទ្ធ ២កេះ ថវិកាក្នុងមួយវត្តចំនួន១០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន និងបានប្រគេននូវទានចំណាំព្រះវស្សាមួយគូរ បច្ច័យចំនួន ៩២ម៉ឺនរៀល ព្រមទាំងព្រះសង្ឃចំនួន៦អង្គ ក្នុងមួយអង្គ២ម៉ឺនរៀលដល់ព្រះចៅអធិការវត្តកំពង់ត្រាច និងវត្តចំនួន៦វត្តទៀតដោយវត្តនីមួយៗទទួលបាន ទានព្រះវស្សា១គូ មី២កេះ ទឹកផ្លែឈើ២កេះទឹកសុទ្ធ ២កេះ ថវិកាក្នុងមួយវត្តចំនួន១០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ស្ថិតក្នុងស្រុកមាសហែក ខេត្តស្វាយរៀង ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សាអស់កាលត្រីមាសផងដែរ។ ក្នុងឱនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងថា ពុទ្ធសាសនិកគ្រប់ៗរូបទូទាំងប្រទេសបាននាំយកទានចំណាំព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគ្រប់វត្តអារាមបានក៏ដោយសារដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់៥ពាន់ព្រះវស្សា តាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាតិ ។ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ពីបញ្ហាផ្ទុះនៃជំងឺគ្រុនឈាមតែបច្ចុប្បន្ននេះជំងឺគ្រុនឈាមបានសម្លាប់កុមារនិងមនុស្សចាស់ ជាច្រើននៅក្នុងប្រទេសកម្ពុជា ហេតុនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សម្អាតបរិស្ថាន និង លុបថ្លុក ប្រមូលកប់វត្ថុដែលអាចដល់ទឹកបាន និងត្រូវដាក់ថ្នាំ អាល់ប៊ែត ចូលពាងទឹកការពារកុំអោយកើតមូស ដែលជាដើមចមនៃការកើតជំងឺគ្រុនឈាម ។បន្ថែមពីនោះទៀតឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើរដល់បងប្អូនពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

 

Flag Counter