បើកវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងពុទ្ធិកមធ្យមសិក្សា

(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន វិបុល អនុរដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា និងក្នុងនាមជាអ្នកទទួលបន្ទុកផ្នែកពុទ្ធិកឧត្តមសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងពុទ្ធិកមធ្យមសិក្សា ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃចន្ទ-សុក្រ ៧-១១កើត ខែអាសាឍ  ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨-១២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ។  វគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងពុទ្ធិកមធ្យមសិក្សា ដែលមានរយៈពេល៥ថ្ងៃនេះ រៀបចំដោយ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានការនិមន្ត និងអញ្ជើញចូលរួមពី សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ទទួលបន្ទុកផ្នែកពុទ្ធិកសិក្សាជាការកត់សម្គាល់ ឯកឧត្តម ប៉ែន វិបុល បានអញ្ជើញចូលរួមនាពេលនេះ គឺក្នុងនាមជាអ្នកទទួលបន្ទុកផ្នែកពុទ្ធិកឧត្តមសិក្សា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ។  វគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងពុទ្ធិកមធ្យមសិក្សា នាពេលនេះ ធ្វើឡើងដើម្បីលើកកម្ពស់ដំណើរវិវឌ្ឍន៍ពុទ្ធិកមធ្យមសិក្សា មន្រ្តីសង្ឃ មន្រ្តីរាជការ គ្រប់ព្រះអង្គ គ្រប់រូប ដែលបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធ្វើយ៉ាងណា ជំរុញការអភិវឌ្ឍពុទ្ធិកសិក្សាជាតិ ឱ្យមានភាពរីកចម្រើននិងល្អប្រសើរឡើងជាបន្តបន្ទាប់ ។  គួរបញ្ជាក់ផងដែរថា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានបណ្តុះបណ្តាលសមណសិស្ស ក្នុងកម្រិតពុទ្ធិកមធ្យមសិក្សា ចាប់ពីឆ្នាំ១៩៩៨ មកម្ល៉េះ ដើម្បីពង្រឹងគុណភាពអប់រំ និងរៀបរៀងសៀវភៅសិក្សាលើមុខវិជ្ជាផ្លូវធម៌ និងសៀវភៅគោលសម្រាប់ពុទ្ធិកមធ្យមសិក្សាក្នុងការបណ្តុះបណ្តាលនិងពង្រឹងមន្រ្តីសង្ឃ មន្រ្តីរាជការ និងគ្រូៗនៅពុទ្ធិកមធ្យមសិក្សា ។ លើសពីនេះទៀត ពុទ្ធិកសិក្សាជាតិ ជាគ្រឹះស្ថានដ៏មានសក្តានុពល សម្រាប់បណ្តុះបណ្តាលធនធានពុទ្ធសាសនិកខ្មែរឱ្យទទួលបានចំណេះដឹងកាន់តែទូលំទូលាយ រហូតញ៉ាំងឱ្យសិក្ខាកាមរបស់ខ្លួនបានក្លាយជាបណ្ឌិត បញ្ញវន្ត សាស្រ្តចារ្យ ប្រកបដោយគុណភាព ដែលប្រសូតចេញពីសង្គមសង្ឃពុទ្ធសាសនា៕

 

Flag Counter