បទបង្ហាញក្រោមប្រធានបទ «វិធីសាស្រ្តក្នុងការបញ្ជ្រាបសីលធម៌អប់រំតាមរយៈអាចារ្យខ្មែរ» ក្នុងវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរលើកទី៣៤

(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន វិបុល អនុរដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា កាលពីថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២៣ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញធ្វើជាវាគ្មិន ក្នុងនាមជាឧទ្ទេសាចារ្យ នៅក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរលើកទី៣៤ ដែលមានសិក្ខាកាមសរុបចំនួនចំនួន ១៧៥អង្គ/នាក់។  

ឯកឧត្តម ប៉ែន វិបុល បានអញ្ជើញឡើងធ្វើបទបង្ហាញក្រោមប្រធានបទ «វិធីសាស្រ្តក្នុងការបញ្ជ្រាបសីលធម៌អប់រំតាមរយៈអាចារ្យខ្មែរ» ដោយផ្តោតសំខាន់ទៅលើចំណុចមួយចំនួនរួមមាន៖ 

១. អំពីសីលធម៌៖ តើអ្វីជាសីលធម៌? សីលធម៌កើតចេញពីប្រភពណាខ្លះ?

២. អំពីការបញ្រ្ជាបសីលធម៌ (គោលដៅក្នុងការបញ្ជាប, វិធីបញ្ជ្រាប)ក្រៅពីចំណុចសំខាន់ទាំង២ខាងលើនេះ ឯកឧត្តម ប៉ែន វិបុល ក៏បានរំលេចឱ្យដឹងពីលទ្ធផលដែលសម្រេចបានមួយចំនួនទៀតរួមមាន៖ 

ក. ធ្វើឱ្យសង្គមកម្ពុជា មានស្ថានភាពសីលធម៌សង្គម ពិសេសអាចារ្យខ្មែរឱ្យបានល្អប្រសើរ។

ខ. សម្រួលដល់ក្រុមគ្រួសារ និងសង្គមទទួលបានសុខសន្តិភាពដ៏ពិតប្រាកដ។ 

គ. បានជាជំហរនៃប្រព័ន្ធអប់រំសីលធម៌មួយដ៏ល្អរវាងក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ។ 

ឃ. ធ្វើឱ្យមនុស្សរស់នៅក្នុងសង្គមប្រព្រឹត្តអ្វីៗត្រូវឈរលើមូលដ្ឋានរួមគឺ សីលធម៌ ហើយមានចិត្តយោគយល់អធ្យាស្រ័យ គោរពស្រឡាញ់គ្នាទៅវិញទៅមក។ 

ង. ស្របនឹងផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលដែលដាក់ឱ្យអនុវត្តន៍ ពាក់ព័ន្ធតម្លៃនៃសីលធម៌សង្គម។

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរលើកទី៣៤ បានរៀបចំឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងបិទបញ្ចប់វគ្គបណ្តុះបណ្តាលវិញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ៕

 

Flag Counter