ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៣៤

  • Print

ទីស្តីការក្រសួងៈ រសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ លើកទី៣៤ ដែល មានសិក្ខាកាមសរុបចំនួនចំនួន ១៧៥ អង្គ/នាក់ ។  ក្នុងនាមក្រសួងធម្មការ និងសាសនា ឯកឧត្តមទេសរដ្ឋមន្ត្រីសូមចូលរួមអបអរសាទរ និងសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះសិក្ខាកាមអាចារ្យទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ដ៏មានសារៈសំខាន់នេះ។ កិច្ចការនេះ គឺជាសក្ខីភាពយ៉ាងប្រត្យក្ស នៃការខិតខំប្រឹងប្រែងតស៊ូសិក្សា រៀនសូត្រ ក្រេបជញ្ជក់នូវរាល់មុខវិជ្ជាទាំងឡាយ ដើម្បីបំពេញបន្ថែមនូវចំណេះដឹង ក្នុងរយៈពេល០៧ថ្ងៃដ៏មានតម្លៃរបស់អាចារ្យទាំងអស់ផងដែរ។ឆ្លៀតក្នុងឱកាសនេះផងដែរឯកឧត្តមទេសរដ្ឋមន្ត្រីបានកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងធម្មការ និង សាសនា ក៏ដូចជានាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម និងអង្គភាពពាក់ព័ន្ធ ដែលមានការយកចិត្តទុកដាក់ និងឆន្ទៈមុះមុតរបស់ឧទ្ទេសាចារ្យ ដែលមានបទពិសោធន៍ និងចំណេះដឹងពីក្រសួងធម្មការនិងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន ដែលខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការបង្ហាត់បង្រៀន ដើម្បីបំពេញបន្ថែមនូវចំណេះដឹងដល់សិក្ខាកាមអាចារ្យ សំដៅរួមចំណែកកសាងធនធានមនុស្ស និងលើកស្ទួយវិស័យវប្បធម៌របស់ជាតិយើង ដើម្បីតម្រង់ទិសក្នុងការរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗ រហូត ដល់ទទួលបាននូវសមិទ្ធផលដ៏ត្រចះត្រចង់គួរជាទីមោទន ។ ទន្ទឹមនឹងនេះឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បញ្ជាក់ជូន អំពីគោលនយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿនិងសាសនាលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមជាអាចារ្យដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះក្នុងន័យលើកកំពស់ការពង្រឹង ការប្រតិបត្តិនូវប្រពៃណីទំនៀមទម្លាប់ខ្មែរឱ្យបានគត់មត់ ស្របតាមចរន្តហូរចូលនៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យដូចខាងក្រោម៖

១-អាចារ្យទាំងអស់ត្រូវមានសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងល្អជាមួយនិងគណៈកម្មការវត្ត ចៅអធិការវត្ត ព្រមទាំងព្រះមេគណ ព្រះអនុគណ មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទមិនប្រកាន់បក្សពួក និងរើសអើងវណ្ណៈសង្គម។

២-ត្រូវខិតខំថែរក្សា និងអភិរក្សនូវកេរ្តិ៍មរតកវប្បធម៌ព្រះពុទ្ធសាសនា និងប្រពៃណី ទំនៀមទម្លាប់ខ្មែរឱ្យស្ថិតស្ថេរគង់វង់ ធ្វើយ៉ាងណារួមគ្នាលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យបានថ្កុំថ្កើងរុងរឿង។

៣-អាចារ្យទាំងអស់ត្រូវគោរព និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់លិខិតបទដ្ឋានដែលមានស្រាប់។

៤-ដើម្បីឱ្យស័ក្តសមជាព្រឹទ្ធាចារ្យ ដែលមានបទពិសោធន៍ និងចំណេះដឹងប្រចាំភូមិ ស្រុក សូមអាចារ្យទាំងអស់ត្រូវប្រកាន់នូវសប្បុរសធម៌ទាំង៧ឱ្យបានខ្ជាប់ខ្ជួន។

៥-អាចារ្យត្រូវបន្តពង្រឹងចំណេះដឹងរបស់ខ្លួន ខិតខំស្រាវជ្រាវគម្ពីរដីការ ក្បួនច្បាប់ របៀបមង្គល និងបុណ្យផ្សេងៗ បន្ថែមទៀត ហើយចងក្រងទុកជាឯកសារ ដើម្បីរួមចំណែកក្នុងការកសាងឯកសារគោលរបស់ក្រសួងធម្មការ និងសាសនា ឱ្យកាន់តែមានមូលដ្ឋានច្បាស់លាស់ និងទទួលយកបានទាំងអស់គ្នា បន្សល់ទុកជាប្រយោជន៍សម្រាប់បច្ឆាជន។

៦-ដោយអាចារ្យដើរតួនាទីជាព្រឹទ្ធាចារ្យ ប្រចាំ ស្រុក ភូមិរបស់ខ្លួននោះ អាចារ្យត្រូវជាគំរូក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់ ទម្លាប់ សីលធម៌ សុជីវធម៌ ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងឈានមុខក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម ដើម្បីបង្ហាញជាគម្រូល្អដល់យុវជនជំនាន់ក្រោយរបស់យើង។

៧-ដើម្បីឱ្យប្រជាពលរដ្ឋគោរព ក្នុងឋានៈជាចាស់ព្រឹទ្ធាចារ្យ អាចារ្យទាំងអស់ត្រូវគោរពតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យឱ្យបានត្រឹមត្រូវតាមក្បួនតម្រា ដើម្បីដឹកនាំកិច្ចរបៀបមង្គល និងបុណ្យផ្សេងៗ ដោយឈរលើមូលដ្ឋានច្បាប់ទម្លាប់ និងភាពប្រាកដប្រជា។