សិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពី"ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសន្និធិ"សម្រាប់ជូនអង្គភាពក្រោមឱវាទក្រសួងធម្មការ និងសាសនា

ព្រឹកថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម  ផ្លោក ផន រដ្ឋលេខាធិការប្រចាំការតំណាឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា  បានអញ្ជើញជាអធិបតីក្នងកម្មវិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពី"ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសន្និធិ"សម្រាប់ជូនអង្គភាពក្រោមឱវាទក្រសួងធម្មការ និងសាសនា។ ក្នុងនាមឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ថា៖អង្គសិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ សំដៅបង្កើនការយល់ដឹង បង្កើនសមត្ថភាព ការទទួលខុសត្រូវ ប្រសិទ្ធភាព ផលិតភាពការងារ គណនេយ្យភាព និងលើកកម្ពស់ការយល់ដឹងដល់មន្ត្រីទទួលបន្ទុកថ្នាក់កណ្តាល និងមន្រ្តីទាំង ២៥ មន្ទីរ រាជធានី-ខេត្ត នៃក្រសួងធម្មការ និងសាសនា អំពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, បទបញ្ជារបស់រាជរដ្ឋាភិបាល, សារាចរណែនាំស្តីពីការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តមួយចំនួន តម្រូវឱ្យក្រសួង និងមន្ទីរ ដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ រៀបចំបញ្ជីសារពើភណ្ឌក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមគំរូ និងប្លង់ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយគុណភាព គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបូរណភាព សំដៅសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ថ្លែងបើកសិក្ខាសាលានេះផងដែរឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍បន្តទៀតថា៖ ដើម្បីឆ្លើយតបទៅនឹងវត្ថុបំណងដ៏សំខាន់ ដើម្បីស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពនៅក្នុងការស្រូបយកចំណេះដឹង បទពិសោធន៍ បញ្ហាប្រឈម និងរបៀបវារៈដែលអង្គសិក្ខាសាលាបានគ្រោងទុក សូមសមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ត្រូវ៖

១- ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់វាគ្មិននីមួយៗលើកឡើង ព្រមទាំងលើកជាសំណួរចម្ងល់ឬបញ្ហាលំបាកទាំងឡាយ ដែលអស់លោក លោកស្រី ជាសិក្ខាកាមក្នុងវគ្គសិក្ខាសាលានេះ ធ្លាប់ប្រឈមនឹងការងារជាក់ស្តែងកន្លងមក ដើម្បីសាកសួរឲ្យវាគ្មិនបញ្ជាក់បន្ថែមកាន់តែច្បាស់ថែមទៀត។

២- ត្រូវលើកយកបទពិសោធន៍ដែលបានធ្លាប់អនុវត្តកន្លងមក ភាពងាយស្រួល ភាពលំបាក ការប្រឈមផ្សេងៗ មកបូកផ្សំនឹងចំណេះដឹង ដែលទទួលបានពីវគ្គសិក្ខាសាលានេះ ទៅបង្កើនសមត្ថភាពការយល់ដឹងបន្ថែមទៀតដើម្បីអនុវត្តការងារឲ្យទទួលបានជោគជ័យ។

៣- ត្រូវផ្តួចផ្តើមគំនិតជជែកពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយអ្នកជំនាញ ដែលអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរិះរកនូវវិធានការ និងដំណោះស្រាយសមស្របដើម្បីអនុវត្ត ឲ្យមានប្រសិទ្ធភាពការងារ។

Flag Counter