ក្រសួងធម្មការនិងសាសនាបានរៀបចំពិធីសំណេះសំណាលជាមួយតំណាង អាចារ្យ-អាចារិនី មកពីទូទាំងប្រទេស

ព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមកម្មសំណេះសំណាលជាមួយតំណាងអាចារ្យ-អាចារិនីមកពីទូទាំងប្រទេសចំនួន ១,០០០ រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា  ដែលមានការ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័ន គ្រូឧទ្ទេសសាចារ្យ អាចារ្យ-អាចារិនី មកពីទូទាំងប្រទេសសរុបប្រមាណចំនួន១០០០រូប នៅសាលសន្និសីទចតុម្មុខ ។ គួរបញ្ជាក់ផងដែរថា ពិធីជួបជុំដែលបានប្រារព្ធធ្វើនាពេលនេះ ដែលបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ចំពោះការលើកតម្កើង ព្រះពុទ្ធសាសនា វប្បធម៌ជាតិ និងប្រពៃណី ទំនៀមទម្លាប់ ឲ្យកាន់តែរីកចម្រើនរុងរឿង ដោយរក្សាបាននូវអត្តសញ្ញាណដ៏ល្អផូរផង់របស់ជាតិយើង គឺពិតជាកើតចេញពីមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយភាពជឿជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងការរួមចំណែកឧបត្ថម្ភ និងគាំទ្រទាំងស្មារតី និងសម្ភារ:ពីបណ្តាដៃគូពាក់ព័ន្ធនានា  ធ្វើឲ្យវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង នៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួន នូវអត្ត-សញ្ញាណរបស់ខ្លួន រហូតមកទល់ពេលបច្ចុប្បន្ននេះ។ សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម  ជាពិសេសធ្វើឲ្យសង្គមកម្ពុជាទាំងមូលមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា ចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើហិង្សាផ្សេង‌‌‌‌‌‌ៗទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូលផងដែរ។

 

Flag Counter