រាជរដ្ឋាភិបាលបានដាក់ចេញផែនការយុទ្ធសាស្ត្រវិស័យអប់រំជំរុញឱ្យមានការកសាងសមត្ថភាព និង ការអភិវឌ្ឍធនធានមនុស្ស

ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមក្នុងពិធីប្រគេន-ប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់គរុកោសល្យ ដល់សមណនិស្សិត-និស្សិត គរុសមណនិស្សិត គរុនិស្សិត គរុសមណសិស្ស និងគរុសិស្ស នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ។

  គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៩-២០២៣ ដែលឯកសារទាំងពីរនេះ បានជំរុញឱ្យមានការកសាងសមត្ថភាព និង ការអភិវឌ្ឍធនធានមនុស្ស ជាពិសេស ការបណ្តុះបណ្តាល យុវជនឱ្យមានគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ ។ ការបណ្តុះបណ្តាលយុវជនឱ្យមានគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ការច្នៃប្រឌិត និងនវានុវត្តន៍ មានគុណធម៌ សីលធម៌ ស្មារតីទទួលខុសត្រូវ និងមានមនសិការស្នេហាជាតិ ដែលជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជា សក្តានុពលក្នុងការប្រកួតប្រជែងជាអន្តរជាតិ ទាំងពេលបច្ចុប្បន្ន និងអនាគត។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងធានានូវនិរន្តរភាពជាតិ ទាំងសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ការទទួលបានអប់រំគឺជាការដុះខាត់ផ្នែកបញ្ញាញ្ញាណ បានបង្កើតឲ្យមានសមត្ថភាពវិជ្ជាជីវៈ មានសមត្ថភាពស្រាវជ្រាវ ក្នុងការបង្កើតនូវគោលការណ៍ ទ្រឹស្ដី គំនិត និងមូលដ្ឋានសម្ភារៈថ្មីៗ ដើម្បីបម្រើសេចក្ដីត្រូវការរបស់សង្គមមនុស្ស ក្នុងបរិបទនៃអច្ឆរិយៈបច្ចេកវិទ្យា និងវិទ្យាសាស្រ្តទំនើប។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបន្តថា ផលិតផល និងសម្ភារៈគ្រប់ប្រភេទ សុទ្ធតែ ត្រូវបានបង្កើតឡើងដោយខួរក្បាលរបស់មនុស្ស ដែលមានការអប់រំបណ្តុះបណ្ដាលប្រកប ដោយគុណធម៌ គុណភាព និងមានការច្នៃប្រឌិតខ្ពស់។ ធនធានមនុស្សជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការធ្វើឱ្យអរិយធម៌មនុស្សជាតិមានការអភិវឌ្ឍ និងផ្លាស់ ប្តូរឥតឈប់ឈរ ហើយធនធានមនុស្សនេះ គឺបានមកពីការអប់រំបណ្ដុះបណ្ដាល នេះឯង។

Flag Counter