ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចែកអង្ករ និងថវិកាជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០  ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចែកអំណោយជាអង្ករ និងថវិកាជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងពេលចូលឆ្នាំប្រពីណៃជាតិខ្មែរ នៅទីស្តីការក្រសួងធម្មការ និងសាសនា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានណែនាំឱ្យចូលរួមចលនាបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ តាមសេចក្ដីណែនាំក្រសួងសុខាភិបាល និងស្របតាមស្មារតី នៃសារាចរណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនត្រូវមើលរំលងក្នុងការថែទាំសុខភាពឡើយ ។ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍បន្តទៀតថា សូមឲ្យចូលរួមធ្វើអនាម័យ ដោយលាងសម្អាតដៃ នឹងសាប៊ូជាប្រចាំ ឲ្យបានទៀងទាត់ និងពាក់ម៉ាស, ពាក់ស្រោមដៃជាប្រចាំ ដើម្បីថែរក្សា នូវសុខភាព ឲ្យបានល្អប្រសើរ ពោលគឺការពារប្រសើរជាជាងព្យាបាល គឺត្រូវតែស្អាត និងមានអនាម័យជានិច្ច «ការពារខ្លួនយើង ក៏ដូចការពារក្រុមគ្រួសារយើងផងដែរ» ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ព្រះនាម គោរាគទេវី ដែលជាបុត្រីទី២ នៃកបិលមហាព្រហ្ម ព្រមទាំងឬទ្ធិបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរជូនចំពោះគ្រប់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ នៃក្រសួងធម្មការនិងសាសនា សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ មានសេចក្ដីសុខសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារដែលខ្លួនបំពេញ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើនជឿនលឿនទៅមុខប្រកបដោយចីរភាពជានិរន្ដរ៍ ។

Flag Counter