ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញផ្តល់អំណោយនិងសម្ភារៈជូនមន្រ្តីរាជការក្រោមឱវាទក្រសួង

  • Print

នារសៀលថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញផ្តល់អំណោយនិងសម្ភារៈជូនមន្រ្តីរាជការក្រោមឱវាទក្រសួង ក្នុងស្ថានភាពបច្ចុប្បន្នដែលកំពុងរាតត្បាតដោយជំងឺកូវីដ-១៩ ។ ពិធីផ្តល់នូវគ្រឿងបរិភោគរួមមានអង្ករនិងសម្ភារៈប្រើប្រាស់មានម៉ាសជូនដល់មន្រ្តីរាជការដើម្បី ចូលរួមចំណែកកាត់បន្ថយជីវភាពមួយរយ:ពេលខ្លីនៅក្រសួងធម្មការនិងសាសនា ។ នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានប្រសាសន៍កោតសសើរនិងវាយតម្លៃខ្ពស់ដល់មន្រ្តីថ្នាក់ដឹក់នាំមន្រ្តីក្របខណ្ឌនិងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងធម្មការនិងសាសនាទាំងមូលកន្លងមកតែង តែ យកចិត្តទុកដាក់គិតគូរចំពោះវិស័យធម្មការ និងសាសនា ដែលដឹកនាំគ្រប់គ្រងសហការលើសាសនាទាំងអស់ក្នុព្រះរាជាណាចក្រកម្ពុជា ។  ឯកឧត្តមរដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលបានបង្កលក្ខណៈគ្រប់យ៉ាងធ្វើឱ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋពោលគឺព្រះពុទ្ធសាសនាបានរួមចំណែកអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធសង្គម ជាមួយកាកបាទក្រហមកម្ពុជា និងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទធ្វើឱ្យប្រសើរឡើងនូវស្ថានភាពចាស់ជរាស្រ្តីនិងកុមារ។ ក្រៅពីការយកចិត្តទុកដាក់ផងដែរពោលគឺក្រសួងបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវធ្វើឱ្យមានសុខុមនីយកម្មវិស័យសាសនា បង្ករលក្ខណៈឱ្យប្រជាជនមានសិទ្ធិសេរីភាពពេញលេញក្នុងជំនឿសាសនា ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចកម្ពុជា ។ជាក់ស្ដែងក្នុងពេលនេះឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងទៀតថាក្នុងស្ថានភាពបច្ចុប្បន្នដែលកំពុងរាតត្បាតដោយជំងឺកូវីដ-១៩កាចសាហាវបំផុតបានខិតខំ ផ្សព្វផ្សាយឱ្យសាសនិក គ្រប់សាសនាទាំងអស់ចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺ Covid-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល។ បានចូលរួមឧបត្ថម្ភគាំទ្រជាសម្ភារ: ថវិកា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នេះ តាមការណែនាំអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ រាជរដ្ឋាភិបាល ត្រូវបន្តសហការយ៉ាងជិតស្និតក្នុងការត្រៀមកំលាំងរួចជាស្រេចក្នុងការចាប់យកកាលានុវត្តភាពថ្មីនានាដែលអាចកើតមាន ឡើងក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩នេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរជំរុញដល់មន្រ្តីរាជការក្រោមឱវាទក្រសួង ឱ្យចេះថែរក្សាអនាម័យសុខភាពជាប្រចាំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការប្រយុទ្ធប្រឆាំងទៅនឹងឆ្លងជំងឺកូវីដ១៩ ដោយត្រូវពាក់ម៉ាស ឬក្រម៉ា រក្សាអនាម័យដោយទឹកអាកុល ឧស្សាហ៍លាងដៃ ហើយកុំឱ្យនៅកៀកគ្នាពេកត្រូវនៅចំងាយយ៉ាងតិច១ម៉ែត្រកន្លះ។ ឯកឧត្តមរដ្ឋមន្ត្រីបានចែកជូនអង្ករក្នុងម្នាក់ចំនួន២៥គីឡូក្រាមនិងម៉ាសមានចំនួន១០ម៉ាស សម្រាប់មន្រ្តីរាជការបានចូលរួមទាំងអស់ប្រមាណជាង ២៤០នាក់នាឱកាសនោះផងដែរ។