ពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តរតនគិរី

រសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនា ខេត្តរតនគិរី ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី សូមពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ការនឹករលឹក និងជូនពរពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា  សម្តេចអគ្គមហាពញាចក្រី   ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈ អធិបតីកិត្តិយសក្រុមប្រឹក្សា ជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីរាជការបម្រើការងារនៅមន្ទីធម្មការ និងសាសនាខេត្តរតនគិរី សូម បានជួបប្រទះ តែនឹងសេចក្តីសុខ សេចក្តីចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី សូមសម្តែង នូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខេត្តរតនគិរី ជាពិសេសឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ដែលបាន សហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្តរតនគិរី បានយ៉ាងល្អប្រសើរ និងបានវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្តរតនគិរី ដែលមានឆន្ទៈស្រួចស្រាល់ និងការប្តេជ្ញាចិត្តមោះមុតយកអស់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតីក្នុងការបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ច ដើម្បីបម្រើដល់វិស័យការងារធម្មការ និងសាសនា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមឆ្លៀតឱកាសផ្តាំផ្ញើដល់មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្តរតនគិរី នូវអនុសាសន៍មួយចំនួនដូចខាងក្រោម ៖

១.ត្រូវពិនិត្យមើលច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់ ក្រសួងធម្មការ និងសាសនា និងលិខិតបទដ្ឋានរបស់ ក្រសួងផ្សេងទៀតដែលពាក់ព័ន្ធ ដើម្បីឱ្យមានភាពច្បាស់លាស់ និងប្រសិទ្ធភាពក្នុងការអនុវត្តន៍

២.ត្រូវបន្តធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាព ធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួនគ្រប់ថ្នាក់ ដើម្បីពង្រឹងរបៀបរបបការងារឲ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់

៣.រៀបចំកែលម្អប្រព័ន្ធរដ្ឋបាល និងហិរញ្ញវត្ថុរបស់មន្ទីរឲ្យបានសមស្រប និងមានប្រសិទ្ធភាព។

៤.រៀបចំឲ្យមានផែនការយុទ្ធសាស្រ្ត សម្រាប់ជា ផែនការអភិវឌ្ឍរបស់មន្ទីរ ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។

៥.ត្រូវគោរព និងប្រតិបត្តឱ្យបាននូវបទបញ្ជាផ្ទៃក្នុង របស់មន្ទីរធម្មការ និងសាសនាខេត្ត។

៦.ត្រូវមានសាមគ្គីភាពផ្ទៃក្នុង នៅក្នុងមន្ទីរទាំងមូល បំពេញការងារដោយគោរពតាមឋានានុក្រម។

៧.ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយមេគណ អនុគណ មេដឹកនាំសាសនាផ្សេងៗគ្រប់ឋានានុក្រម និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ដែលមានឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ជាប្រមុខ។

៨.ត្រូវផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ រួមទាំងព័ត៌មានពាក់ព័ន្ធផ្សេងៗ មកកាន់ក្រសួង ធម្មការ និងសាសនា ឲ្យបានទៀងទាត់ និងទាន់ពេលវេលា ដើម្បីក្រសួងធ្វើការបូកសរុប និងធ្វើរបាយការណ៍ជូនប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ។

៩.ប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។

បន្ថែមពីលើនេះ ដោយខេត្តរតនគិរី ជាខេត្តដែលសម្បូរ ដោយជីវចំរុះគ្រប់ប្រភេទជាពិសេសព្រៃឈើ និងសត្វព្រៃ  ដែលគប្បីមន្ទីរធម្មការ និងសាសនាខេត្ត  គួរជំរុញចលនា នៃការចូលរួមអភិរក្ស ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងបង្កើនប្រភពចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន។

ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការក្រើនរំឮកអំពីបញ្ហា ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលទូទាំងពិភពលោក ហើយមកទល់ពេលនេះនៅពុំទាន់មានការធូរស្បើយនៅឡើយ ហើយក៏សូមធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្តរតនគិរី ក្រោមការដឹកនាំរបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ដែលបានសហការជាមួយ មន្ទីរធម្មការ និងសាសនាខេត្តចុះធ្វើការអប់រំណែនាំ និងអនុវត្ត វិធានការនានា តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះស្របពេលដែលកម្ពុជាមកដល់នឹងថ្ងៃនេះអ្នកឆ្លងមានចំនួន ១៣០នាក់  ក្នុងនោះមានអ្នកសរុបចំនួន១២៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងពុំមានអ្នកស្លាប់នោះទេ។

Flag Counter