ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត

 

 

 

ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត និងមានការនិមន្ត អញ្ជើញចូលរួមពី ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះសាកលវិទ្យាធិការ អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក និង ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត។ ជាមួយគ្នានេះដែរប្រធាន មន្ទីធម្មការ និងសាសនា រាជធានី-ខេត្ត ចំនួន៥មាន៖ ខេត្តព្រៃវែង  ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តតាកែវ បានលើក ឡើងនូវបទអន្តរាគមន៍ចំពោះលទ្ធផលសម្រេចបានបញ្ហាប្រឈម និងសំណូមពររយៈពេលឆមាសទី១ កន្លងមក។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំ និងផ្ដល់អនុសាសន៍ដល់មន្រ្តីរាជការជាថ្នាក់ដឹកនាំអង្គភាពជំនាញទាំងអស់ដូចខាងក្រោម៖

១-សូមឱ្យលោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់មើល និងពិនិត្យច្បាប់ លិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធទៅនឹងក្រសួងឱ្យបានច្បាស់លាស់ក្នុងការអនុវត្តទៅតាមតួនាទី ភារកិច្ច របស់ខ្លួន ។

២-ក្នុងការអនុវត្តទៅលើប្រកាស សារាចរ សេចក្តីណែនាំ និងលិខិតបទដ្ឋាននានារបស់ក្រសួងមិនសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ននោះទេ ត្រូវតែរួមគ្នាកែតម្រូវផងដែរ។

៣-សូមឱ្យលោក លោកស្រីថ្នាក់ដឹកនាំប្រធានមន្ទីគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥«ឆ្លុះកញ្ជក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

៤-សូមឱ្យលោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំបំពេញកិច្ចការងារដោយគិតអំពីកិត្តិយសមុខមាត់របស់ខ្លួន។

៥-ប្រធានអង្គភាពជំនាញទាំងអស់ ត្រូវបន្តការអប់រំដល់មន្ត្រីរាជការក្រោមឱវាទ និងសហការជាមួយថ្នាក់ដឹកនាំគ្រប់សាសនាទាំងអស់ឱ្យប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេបើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតទាបក្រោមការអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

 

 

 

Flag Counter