ឯកឧត្តម ឈិត សុខុន និងលោកជំទាវ បានប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុចំពោះព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ១២វត្ត នៅឃុំធ្លាប្រជុំ ឃុំព្រៃខ្លា និងឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ

ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកោះអណ្តែត បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ១២វត្ត ដែលពិធីត្រូវបានរៀបចំឡើងនៅវត្ត ព្រៃមេលង និង វត្តបទុមមង្គល ស្ថិតឃុំធ្លាប្រជុំ ឃុំព្រៃខ្លា និងឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ  ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងស្រុកកោះអណ្តែត ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធធ្វើពិធីនេះ បានដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើនគ្រប់ប្រាំពាន់ព្រះវស្សា ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជានៅមានអ្នកឆ្លងជំងឺកូវីដ-១៩នៅសល់តែ១០នាក់ទៀតប៉ុណ្ណោះទេ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះបានជាសះស្បើយ ១៣១នាក់។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ ដោយគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល។  ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះការចិញ្ចឹមសត្វជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឱ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព  និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ ទៀនចំណាំព្រះវស្សាទេយ្យវត្ថុនិងថវិការរបស់ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមការងារបានប្រគេនព្រះសង្ឃចំនួន ១២វត្ត រួមមាន ៖ ទៀនចំណាំព្រះវស្សា ១គូរ ស្លាដក់ ១ អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកក្រូច ២កេស ទឹកសុទ្ធ ២កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ ២ឡូ ប្រេងឆា ១ដប និងប្រគេនបច្ច័យក្នុងវត្តនីមួយៗចំនួន ២០០,០០០រៀល ៕

Flag Counter