ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញក្រាបថ្វាយបង្គំសម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភានៃព្រះពុទ្ធសាសនា ព្រះអគ្គាធិការរង ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត

នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញក្រាបថ្វាយបង្គំសម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភានៃព្រះពុទ្ធសាសនា ព្រះអគ្គាធិការរង ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត ដើម្បីពិភាក្សាទៅលើការរៀបចំទីកន្លែងសម្រាប់បើកវគ្គបណ្តុះបណ្តាលស្តីពី«ការពង្រឹងសមត្ថភាពព្រះមន្រ្តីសង្ឃក្នុងការដឹកនាំ និងគ្រប់គ្រប់វត្តអារាម» និងមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក។ ក្នុងឱកាសនោះផងដែរ  ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ទូលប្រគេនសម្តេចថា បច្ចុប្បន្នព្រះសង្ឃ និងវត្តអារាម ក៏ដូចជាវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើននៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យនេះដើម្បីធានាឱ្យមាននិរន្តរភាពខាងជំនឿពីពុទ្ធបរិស័ទនៃអ្នកកាន់ព្រះពុទ្ធសាសនា និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តម្រូងឱ្យមានការដឹកនាំ និងគ្រប់គ្រង ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ គ្រប់គ្រងព្រះសង្ឃ និងវត្តអារាមទូទាំងប្រទេស។ ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ សូមកោតសរសើរ និងថ្លែងព្រះអំណគុណដ៏ជ្រាលជ្រៅប្រគេនចំពោះសម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិត ដែលបានចំណាយជាថវិកាសម្ភារៈក្នុងការកសាងសមិទ្ធផលជាច្រើននានាក្នុងវិស័យព្រះពុទ្ធសាសនា និងសង្គម ព្រមទាំងបានគាំទ្រ និងទទួលនូវការរៀបចំទីកន្លែង និងការចំណាយសម្រាប់បើកវគ្គបណ្តុះបណ្តាលស្តីពី«ការពង្រឹងសមត្ថភាពព្រះមន្រ្តីសង្ឃក្នុងការដឹកនាំ និងគ្រប់គ្រប់វត្តអារាម» នាពេលខាងមុខ។ ជាការឆ្លើយតបចំពោះប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីសម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិតទស្សនវីជ្ជា សូមគាំទ្រ និងទទួលយកនូវការរៀបចំនូវការបើកវគ្គបណ្តុះបណ្តាលស្តីពី«ការពង្រឹងសមត្ថភាពមន្រ្តីសង្ឃក្នុងការដឹកនាំ និងគ្រប់គ្រងវត្តអារាម» នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាគោលបំណងសំខាន់សម្រាប់គណៈសង្ឃនាយក និងថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

Flag Counter