ពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តពោធិវង្ស (ព្រៃធំថ្មី) ដែលស្ថិតក្នុងភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ

ព្រឹកថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្តែត និងលោកជំទាវ រួមជាមួយលោកជំទាវ និន សាផុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារគណក្សប្រជាជនកម្ពុជាចុះជួយស្រុកកោះអណ្ដែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តពោធិវង្ស (ព្រៃធំថ្មី) ដែលស្ថិតក្នុងភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។

លោកអភិបាលស្រុកកោះអណ្តែត បានថ្លែងសុន្ទរកថាស្វាគមន៍ និងអានរបាយការណ៍សង្ខេបស្តីអំពីស្ថានភាពភូមិសាស្រ្ត ការងារសន្តិសុខសណ្ដាប់ធ្នាប់ ការងារសេដ្ឋកិច្ចសង្គម និងការងារវិស័យធម្មការ និងសាសនា របស់ស្រុកកោះអណ្តែត បានឱ្យដឹងថា វត្តពោធិវង្ស(ព្រៃធំថ្មី) ស្ថិតក្នុងឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ ក្រោមការដឹកនាំរបស់ព្រះគ្រូវិចិត្រភត្តញាណ  សេន សំអុល ជាព្រះចៅអធិការវត្ត និងជាព្រះអនុគណស្រុក បានរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន បានខិតខំ ដឹកនាំកសាងទីអារាមវត្តឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីជ្រះថ្លា ហើយនៅក្នុងថ្ងៃនេះផងដែរ ស្រុកក៏មានកិត្តិយសដ៏ខ្ពង់ខ្ពស់បានទទួលវត្តមានដ៏ឧត្តុង្គឧត្តមពីគណៈអធិបតី ឯកឧត្តម ឈិត សុខុន និងលោកជំទាវ រួមជាមួយ លោកជំទាវ និន សាផុន ធ្វើជាអធិបតីភាពក្នុងកម្មវិធីកាត់ខ្សែបូ សម្ភោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មីៗបន្ថែមទៀតរួមមាន៖ ខ្លោងទ្វាចូលវត្តខាងក្រៅចេញពីផ្លូវជាតិ០១ ខ្លោងទ្វាចូលវត្តខាងក្នុង ០២ ផ្លូវបេតុងចូលវត្តប្រវែង១១២ម៉ែត្រ ទទឹង១០ម៉ែត្រ បង្គោលភ្លើងអមផ្លូវ ចំនួន ៣៤ បង្គោល និងកុដិ ២ខ្នង ដែលចំណាយអស់ថវិកាសរុបចំនួន ១៨៥,០០០ដុល្លារ។

ឯកឧត្តមរដ្ឋមន្រ្តី  បានអញ្ជើញមានប្រសាសន៍សំណេះសំណាលចំពោះ ព្រះសង្ឃ មន្ត្រីរាជការ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សីលវន្ត សីលវតី និងក្មួយៗសិស្សានុសិស្ស  និងថ្លែងអំណរគុណចំពោះ ព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ និងសប្បុរសជនទាំងអស់ដែលបាន រួបរួមគ្នាក្នុងការកសាងសមិទ្ធផលដ៏ល្អនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមទៀតថា ការវិវត្តន៍រីកចំរើនក្នុងវិស័យព្រះពុទ្ធសាសនា  តាំងពីអតីតកាលរហូតមកបច្ចុប្បន្ន និងការសាបសូន្យក្នុងវិស័យនេះ ក៏ដូចហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ទាំងមូលក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការរស់ឡើងវិញ មានការអភិវឌ្ឍទាំងផ្នែកអាណាចក្រ-ពុទ្ធចក្រ ចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

ឯកឧត្តមរដ្ឋមន្រ្តី បានទទូចចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងទាំងអស់សហការបំពេញការងារ ធានាឱ្យបាននូវសន្តិសុខ សណ្ឋាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ពិសេសចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ។ 

ក្នុងពិធីនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ រួមជាមួយលោកជំទាវ និន សាផុន បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស មេដាយស្ថាបនាជាតិប្រគេន-ជូន ព្រះសង្ឃ មន្ត្រីររាជការ សប្បុរសជន និងពិធីកាត់ខ្សែបូរណ៍ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលថ្មីក្នុងវត្តពោធិវង្សផងដែរ រួចចែកជូននូវថវិកាសម្រាប់លោកគ្រូអ្នកគ្រូចំនួន ៣៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០,០០០រៀល យាយជី តាជីចំនួន ១០០នាក់ក្នុងម្នាក់ៗទទួលបានថវិកា១០,០០០រៀល ក្រមាមួយមួយ និង សិស្សានុសិស្ស អនុវិទ្យាល័យចំនួន ៣៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០,០០០រៀល និងបានប្រគេនបច្ច័យជូនវត្តចំនួន ២,០០០,០០០រៀល ទុកសម្រាប់ការកសាងសមិទ្ធផលផ្សេងៗក្នុងវត្តផងដែរ។

Flag Counter