មហាសង្ក្រាន្ត​ប្រចាំ​ឆ្នាំ ២០១៤

 

មហាសង្ក្រាន្ត

ឆ្នាំមមី ឆស័ក

 ចុល្លសករាជ ១៣៧៦  មហាសករាជ ១៩៣ពុទ្ធសករាជ ២៥៥គ្រឹស្តសករាជ ២០១

 សុភមស្តុ ! វរមង្គលាជយាតិរេក

          ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅហើយបាន២៥៤៧ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំមមី ឆស័ក តទៅចូលពុទ្ធសករាជ២៥៥៧។
          នឹងគណនាឆ្នាំមមីឥឡូវនេះសង្រ្កានចូលមកនៅថ្ងៃចន្ទ១៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០១៤ វេលាម៉ោង៨និង០៧នាទីព្រឹក។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯ មេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាអគ្គនាយិកាព្រះនាម គោរាគៈទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ លឿង លម្អនៅព្រះកាណ៌ដោយសៀត ផ្កា អង្គារបុស្ស អភរណៈទ្រង់ពាក់កែវ មុក្តា ភក្សាហារទ្រង់សោយ

តេលំ ព្រះហស្តស្តាំទ្រង់ ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ ឈើច្រត់ ទ្រង់គង់លើខ្នង ព្យាគ្ឃៈ (ខ្លា) ជាពាហនៈ។ ទើបនាំអស់
ទេវបុត្រទេវធីតា ទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវធម្មមាលីនា ទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវ ព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី (២៤ម៉ោង)។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលវិស្សកម្មទេវបុត្រ និមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តី ជ័យមង្គលជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានធូរទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។
          ថ្ងៃចន្ទ ១៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ ២០១៤ វេលាម៉ោង០៨ និង០៧នាទីព្រឹក ជាថ្ងៃចូលឆ្នាំមមី ឆស័ក (ថ្ងៃមហាសង្រ្កាន្ត)។
          ថ្ងៃអង្គារ ១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រឹស្តសករាជ២០១៤ ជាវារៈវ័នបត។
          ថ្ងៃពុធ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ្រឹស្តសករាជ២០១៤ នៅវេលាម៉ោង១២ និង០៩ នាទីជាវារៈឡើងស័កគម្រប់ជាសង្រ្កាន្តបីថ្ងៃស្រេចបរិបូរណ៌
ចូលជាសកល ឆ្នាំមមី ឆស័ក ចុល្លសករាជ១៣៧៦ និងមហាសករាជ ១៩៣៦ តទៅ។
          នៅក្នុងឱកាសសង្រ្កាន្តទាំងបីថ្ងៃសូមអស់ប្រជាពលរដ្ឋ ប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេវធីតាថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរី្ថយជាចិត្តអប្រិយ៍ជាប់ដោយគំនុំគុំកួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទេវតានឹងឲ្យពរ សព្ទសាធុការលោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ។

រណ្ដាប់ទទួលទេវតា

          រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍បាយសី៩ថ្នាក់១គូ បាយសី៧ថ្នាក់១គូ បាយសី៥ថ្នាក់១គូ បាយសី៣ថ្នាក់១គូ បាយសីប៉ាឆាម១គូ ស្លាធម៌១គូ ទឹកអប់១គូ (ទៀន៥ ធូប៥) លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ជើងពាន១គូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅ១គូ
ទឹកស្អាតពីរកែវ។ ឆ្នាំនេះគួររក ប្រេង ដាក់ទទួលទេវតាផង ព្រោះជាភក្សាហារ របស់ទេវធីតា។ ស្រេចហើយនៅវេលាម៉ោង ដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះ នូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ទីរឭកលុះចប់ពិធីទទួលទេវតា។
          ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ តំណាងឲ្យព្រះរាជា ព្រះបរមរាជវាំង ចំពោះប្រជារាស្រ្ត គួរធ្វើត្រឹម ៥ថ្នាក់ចុះមកឬរៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្អដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្រ្តគួររៀបឲ្យបានត្រឹម៣ឬ៥ មុខជាការប្រសើរគឺរៀបទៅតាមធនធាន របស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាននិងលើបាយសី ត្រូវដោតទៀនហើយដុតបំភ្លឺ។

Flag Counter