ស្រុកកងមាសប្រារព្ធទិវាចងកំហឹង២០ឧសភា

  • Print

លោក មិន ឃិន រាប់បាត្រព្រះសង្ឃក្នុងទិវាចងកំហឹង២០ឧសភា

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤
កំពង់ចាម ៖ ទោះបីប្រទេសជាតិបានកំពុងរីកចម្រើនលើគ្រប់វិស័យយ៉ាងណាក៏ដោយ ក៏ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំងពីរភេទ ប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើននាក់បានមកជួបជុំគ្នាប្រារព្ធទិវាចងកំហឹង២០ឧសភាដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានឡើយ។ នេះជាប្រសាសន៍លើកឡើងរបស់ លោក មិន ឃិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស អញ្ជើញជាអធិបតីក្នុងពិធីទិវាចងកំហឹង២០ឧសភា ដែលបានប្រារព្ធធ្វើកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅបរិវេណវត្តអូរត្រកួន ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ជាទីកន្លែងដែលប្រជាពលរដ្ឋស្លូតត្រង់រាប់ពាន់នាក់ត្រូវបានពួកយង់ឃ្នងប៉ុលពតកាប់សម្លាប់យ៉ាងព្រៃផ្សៃ។

 លោក មិន ឃិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាសមានប្រសាសន៍លើកឡើងពីអត្ថន័យនៃទិវា២០ឧសភាថា ជាទិវាចងកំហឹងក្នុងរបបប្រល័យពូជសាសន៌កម្ពុជាប្រជាធិបតេយ្យរយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ និងជាការរំលឹកនូវការឈឺចាប់របស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលនិងមានជនបរទេសជាច្រើននាក់ផងដែររងនូវការកាប់សម្លាប់ ធ្វើទារុណកម្មដោយបង្អត់អាហារនិងបានបង្ខិតបង្ខំព្រះសង្ឃនិងប្រជាពលរដ្ឋស្លូតត្រង់ឲ្យធ្វើការលើសទំងន់។ ជាងនេះទៅទៀតក្នុងសម័យនោះគ្រប់រាល់ហេដ្ឋារចនាសម្ព័ន្ធសង្គមមានដូចជាផ្លូវថ្នល់ស្ពានត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង វត្តអារាមនៅទូទាំងប្រទេសក្លាយទៅជាឃ្លាំងផ្ទុកសំភារៈផ្សេងៗ។
 លោក មិន ឃិន មានប្រសាសន៍បន្តទៀតថា ដោយសារមានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា យើងទាំងអស់គ្នាត្រូវបានរំដោះឲ្យរស់រានមានជីវិត ឡើងវិញនិងមានអ្វីៗ ក្នុងបច្ចុប្បន្ននេះដូច្នេះយើងត្រូវចេះស្រលាញ់ និងថែរក្សាសន្តិភាពពីព្រោះសន្តិភាពបាននាំមកនូវជីវភាពធូរធារ,ភាពសម្បូរសប្បាយជូនដល់ប្រជាជនកម្ពុជាទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ ការរីកចំរើនក្នុងសង្គមជាតិនាពេលបច្ចុប្បន្នគឺ បានមកពីការដឹកនាំប្រកប ដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជានិងគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំងបីជា ប្រមុខដឹកនាំប្រទេសនិងធ្វើឲ្យប្រជាជនកម្ពុជាទទួលបានសុខសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។
 ក្នុងឱកាសប្រារព្ធពិធីដ៏មានអត្ថន័យ អង្គពិធីទាំងមូលបានប្រារព្ធពិធីបង្សុកូលរំលឹកវិញ្ញាណក្ខន្ធចំពោះអ្នកដែលបាន បាត់បង់ជីវិតក្នុងសម័យនោះផងដែរនិងបានរាប់បាត្រព្រះសង្ឃ៣៧អង្គមួយអង្គបច្ច័យ២ម៉ឺនរៀលនិងបានប្រគេន បច្ច័យបង្សុកូលព្រះសង្ឃ៧អង្គក្នុងមួយអង្គស្លាដក១បច្ច័យ៣ម៉ឺនរៀល។ សរុបការចំណាយក្នុងការប្រារព្ធទិវានេះអស់ចំនួនជាង១លានរៀល៕