ឯកឧត្តម មិន ឃិន ផ្តល់​អនុសាសន៍​៩​ចំណុច​ក្នុង​អង្គ​សន្និបាត​បូក​សរុប​ការងារ​ក្រសួង

 

ថ្ងៃទី១ខែមេសាឆ្នាំ២០១៤ 

 ភ្នំពេញ កាលពីថ្ងៃទី១ខែមេសាឆ្នាំ២០១៤ កន្លងទៅ ឯកឧត្តម មិន ឃិន បានផ្តល់អនុសាសន៍៩ចំណុច ជូន ដល់អង្គសន្និបាតទាំងមូលដូចខាងក្រោមៈ

 . ត្រូវយកស្មារតីនៃអង្គសន្និបាតរបស់យើងទៅផ្សព្វផ្សាយបន្តនៅតាមនាយកដ្ឋាន អង្គភាព មន្ទីររាជធានីខេត្តរៀងៗខ្លួននូវខ្លឹមសារនិងអនុសាសន៍ល្អៗដើម្បីអនុវត្តចំពោះការងារប្រចាំថ្ងៃឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

. បន្តអនុវត្តតាមកម្មវិធីយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងវិស័យធម្មការនិងសាសនារបស់រាជរដ្ឋាភិបាលដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងការងារឲ្យទទួលបាន លទ្ធផលល្អប្រសើរ។

 . បន្តផ្សព្វផ្សាយនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនិងជម្រុញកម្មវិធីនេះធ្វើនៅតាមរាជធានី ខេត្ត។

 .ជម្រុញការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យអាចារិនីក្នុងការអភិរក្សប្រពៃណីទំនៀមទម្លាប់ខ្មែរ។ទន្ទឹមនឹងនោះក៏ត្រូវជម្រុញការរៀបចំពិធីប្រកាសទទួលស្គាល់សមាគមអាចារ្យខ្មែរនៅតាមបណ្តាខេត្ត-រាជធានីដែលពុំទាន់បានធ្វើ។

 .គ្រប់គ្រងពាហិរសាសនាឲ្យបន្តសហការវិជ្ជមានស្របតាមច្បាប់រដ្ឋនិងពង្រឹងសាមគ្គីភាពរវាងបរិស័ទគ្រប់សាសនាឲ្យចេះស្រលាញ់រាប់អានគ្នា រួមរស់នៅជាមួយគ្នាដោយសុខដុមរមនានិងសន្តិភាព។

 .បន្តអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភានូវខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

 -       ត្រូវបង្កើនការអប់រំពិសេសការអប់រំស្រទាប់យុវជននិងកុមារឲ្យយល់ដឹងច្បាស់ពីតម្លៃដ៏វិសេស វិសាលនៃវប្បធម៌និង ប្រពៃណីនិងទំនៀមទម្លាប់ខ្មែរដែលជាអត្តសញ្ញាណវប្បធម៌ជាតិហើយចូលរួមថែររក្សាលើកតម្កើងអភិវឌ្ឍ វប្បធម៌ជាតិនិងកាត់បន្ថយឥទ្ធិពលវប្បធម៌អវិជ្ជមានពីបរទេស។

 -       បន្តគោរពសេរីភាពខាងជំនឿសាសនាព្រមទាំងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋជាពិសេសការបន្តពង្រឹងពុទ្ធិកសិក្សានៅគ្រប់កំរិតការបោះពុម្ពផ្សាយគម្ពីរដីកាក្បួនច្បាប់នានានិងកិច្ចប្រតិបត្តិធម្មវិន័យទន្ទឹមនេះក៏ត្រូវគាំទ្រសកម្មភាពនៃសាសនាផ្សេងៗក្នុងសង្គមផងដែរ។

 -       ពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់សាសនាប្រឆាំងការរើសអើងបែងចែកក្នុងចំណោមប្រជាជនបណ្តាលមកពីភាពខុសគ្នាខាងសាសនាសំដៅប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ទៅជាកម្លាំងជម្រុញការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ពង្រឹងសន្តិភាពសាមគ្គីភាពថែរក្សាប្រពៃណីជាតិ និងលើកកម្ពស់តម្លៃសីលធម៌និងរាំងស្កាត់ការយកសាសនាទៅធ្វើអាជីវកម្មនិងបន្តជាវិបត្តិសាសនា។

 . ត្រូវចុះពង្រឹងការគ្រប់គ្រងសាសនានៅតាមរាជធានី-ខេត្ត។

 . ត្រូវមានសាមគ្គីភាពផ្ទៃក្នុងនិងសហការងារដោយគោរពឲ្យបាននូវវិន័យឋានានុក្រមការងារនិងការទទួលខុសត្រូវរបស់អង្គភាពក្រោមចំណុះក្រសួងទាំងថ្នាក់កណ្តាលនិងគ្រប់ខេត្ត-រាជធានីសំដៅពង្រឹងប្រសិទ្ធភាពបំរើសេវាផ្នែកធម្មការនិងសាសនាឲ្យបានល្អប្រសើរ។

 . ត្រូវខិតខំជម្រុញការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីទម្រង់ពុម្ពគំរូសម្រាប់ចម្លាក់ពុទ្ធបដិមាខ្មែរតាមខ្នាតត្រឹមត្រូវរបស់ខ្មែរសម្រាប់សតវត្សទី២១ដល់វិចិត្រករអ្នកសូន្យរូបនិងជាងចម្លាក់៕ អត្ថបទ និងរូបភាព៖ សុខជា


 

 

Flag Counter