ពុទ្ធសាសនបណ្ឌិត្យ

រឿង ដង្កូវ និង ក្អែក

  • Print

រឿង ដង្កូវ និង ក្អែក
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ១០៥- ១០៧

    មាននិទានមួយថា សត្វដង្កូវកំពុងស៊ីស្លឹកឈើ មានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះ ។ ក្អែកថា « ពេលនេះមានលាភបានដង្កូវស៊ី » ក៏ហើរទៅជិតដង្កូវ ។ ដង្កូវក្រឡេកឃើញក្អែកក៏នឹកថា «ខ្លួនអាក្អែកនេះ ចិត្តឃោរឃៅ នឹងចឹកអញស៊ីឥឡូវហើយ » ។ ដង្កូវសួរក្អែកថា « មករកអ្វី ? » ។ ក្អែកប្រាប់ទៅដង្កូវវិញថា « អញមកស៊ីដង្កូវឯង » ។ ដង្កូវថា « លុះតែក្អែកឯង រកប្រស្នាអញឃើញទើបស៊ីអញបាន, បើរកប្រស្នាអញមិនឃើញ ស៊ីអញមិនបានទេ » ។

ក្អែកសួរថា « ប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញ » ។ ដង្កូវសួរទៅក្អែក ដូចមានតទៅនេះ :
    ១ - ដូចម្ដេច ដែលគេហៅថា ផ្អែមជាងគេបំផុត ?
    ២ - ដូចម្ដេច ដែលគេហៅថា ជូរចត់ជាងគេបំផុត ?
    ៣ - ដូចម្ដេច ដែលគេហៅថា ស្អុយជាងគេបំផុត ?
    ៤ - ដូចម្ដេច ដែលគេហៅថា ក្រអូបជាងគេបំផុត ?
    កាលបើក្អែក បានឮដង្កូវសួរប្រស្នាទាំង ៤ បទនេះហើយ មានសេចក្ដីត្រេកអរជាទីបំផុត ក៏ស្រែកហ៊ោកញ្ជ្រៀវលេង ដោយគិតថា «ប្រស្នាដង្កូវទាំង ៤បទនេះ អញមុខជារកឃើញឥឡូវហើយ នឹងបានស៊ីដង្កូវនេះមិនខាន» ទើបក្អែកឆ្លើយដោះស្រាយប្រស្នាដូចមានតទៅនេះ ។
    ១ - ដែលគេហៅថាផ្អែមនោះ គឺមានស្ករ និងឃ្មុំ ផ្អែមជាងអ្វីទាំងពួង ។
    ២ - ដែលគេហៅថាជូរចត់នោះ គឺមានម្ជូរក្រូចឆ្មារ, អម្ពិល, ម្ជូរសណ្ដាន់, ម្ជូរក្រសាំង, និងទឹកខ្មេះ ។
    ៣ - ដែលគេហៅថាស្អុយជាងគេនោះ គឺអាចម៍ និងគំរង់ខ្មោចសត្វទាំងពួង ។
    ៤ - ដែលគេហៅថា ក្រអូបជាងគេនោះ គឺផ្ការំដួល ផ្កាម្លិះ និងទឹកអប់ ។
    ៥ – ក្អែកបានដោះស្រាយប្រស្នាទាំង ៤ បទនេះ ប្រាប់ទៅដង្កូវ ។ ដង្កូវថា « ក្អែក ដោះប្រស្នានេះ មិនត្រូវទេ » ។ ក្អែកក៏ដាក់មុខស្រងូត និយាយទៅដង្កូវវិញថា «បើដង្កូវឯងថាខុស សុំឲ្យដង្កូវប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផង » ។ ដង្កូវប្រាប់ទៅក្អែកវិញថា « ប្រាប់បាន តែក្អែកឯងកុំស៊ីអញទើបអញប្រាប់ » ។ ក្អែកថា « ឲ្យតែប្រាប់ចុះ អញមិនស៊ីដង្កូវឯងទេ » ។ លុះបានខសន្យាព្រមព្រៀងគ្នាយ៉ាងហ្នឹងហើយ, ដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ទៅក្អែក ដូចមានពាក្យតទៅនេះ :
    ១ - ដែលគេហៅថា ផ្អែមនោះ មិនមែនផ្អែមស្ករទឹកឃ្មុំនោះទេ គឺផ្អែមពាក្យសម្ដី ដែលនិយាយទៅមករកគ្នា ដោយពាក្យពីរោះស្មោះត្រង់រកគ្នា, នេះហើយហៅថា ផ្អែមជាទីបំផុត ។
    ២ - ដែលគេហៅថា ជូរចត់នោះ មិនមែនជូរចត់ អម្ពិល សណ្ដាន់ ក្រូចឆ្មារ ទឹកខ្មេះនោះទេ គឺពាក្យផរុសវាទ ឃោរឃៅ ឥតគួរ ឥតសម ដែលនិយាយកាន់គ្នាទៅវិញទៅមក, នេះហើយហៅថា  ជូរចត់លើសជូរចត់អ្វីទាំងពួង ។
    ៣ - ដែលគេហៅថា ស្អុយនោះ មិនមែនស្អុយអាចម៍ ឬស្អុយគំរង់នោះទេ គឺស្អុយកេរ្តិ៍ ស្អុយឈ្មោះ ដែលប្រព្រឹត្តអាក្រក់ក្នុងលោក , នេះហើយហៅថា « ស្អុយច្រាសខ្យល់»។
    ៤ - ដែលគេហៅថា ក្រអូបនោះ គឺមិនមែនក្រអូបក្លិនផ្កា ឬទឹកអប់នោះទេ គឺក្រអូបកេរ្តិ៍ឈ្មោះ ដែលប្រតិបត្តិល្អ, នេះហើយហៅថា « ក្រអូបជាងគ្រឿងក្រអូបទាំងពួង » ។
    ក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយ ឈប់ស៊ីដង្កូវទៅ ។

តូចមែនពិត  ដូចពេជ្រពណ្ណរាយ
1-កម្ពុជសុរិយា លេខ  ១ – ២ ឆ្នាំ ១៩៣៥ ទំព័រ ៦៣ គ្មានឈ្មោះអ្នករៀបរៀងទេ ។