ពុទ្ធសាសនបណ្ឌិត្យ

រឿង បុរស​កម្ជិល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍

រឿង បុរសកម្ជិលមានប្រពន្ធគ្រប់លក្ខណ៍
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ១១៣- ១១៤

    មានរឿងព្រេងមួយដំណាលថា : មានបុរសកម្ជិលម្នាក់ មានប្រពន្ធគ្រប់លក្ខណ៍ មានកិរិយាមារយាទល្អ ចេះគោរពប្រណិប័តន៍ប្ដី ។ តាំងពីបានគ្នាជាប្ដីប្រពន្ធមក , បុរសកម្ជិលចេះតែពីដេក ដល់ឃ្លានបាយ ទើបក្រោកឡើងស៊ី ៗ រួចដេកទៅវិញ សូម្បីថ្នាំជក់ ក៏ប្រពន្ធមូរឲ្យដែរ ។ ប្រពន្ធជាមនុស្សគោរពប្រណិប័តន៍ប្ដី មិនមានពាក្យអាក្រក់ទៅលើប្ដីសោះ លើកបាយទឹកនិងរបស់អ្វីឲ្យប្ដី សុទ្ធតែសំពះ , ដល់ទៅយូរទៅ មានសេចក្ដីក្រីក្រខ្លាំងណាស់ នាងនោះរកអ្វីចិញ្ចឹមពុំបានសោះឡើយ, ថ្ងៃមួយ នាងរៀបស្លា ៥ ម៉ាត់ បារី ៥ ចូលទៅក្រាបសំពះប្ដី ហើយថា « ខ្ញុំសុំទោសអ្នកប្ដី ត្បិតយើងសព្វថ្ងៃក្រណាស់ យើងមិនបានរកស៊ី គ្មានទទួលទានទេ សុំឲ្យអ្នកទៅកាប់ឈើ ធ្វើនង្គ័ល រនាស់ធ្វើស្រែនឹងគេ ត្បិតដល់រដូវធ្វើស្រែហើយ » ។

ប្ដីថាបើដូច្នោះ ឲ្យនាងដាំបាយ វេចជាសំណុំចុះ ប្ដីនឹងទៅរកកាប់ឈើ ធ្វើនង្គ័ល រនាស់ ។ ប្រពន្ធក្រោកពីយប់ដាំបាយ វេចជាកញ្ចប់ មានទាំងដឹង ពូថៅទៅផង ។ បុរសកម្ជិលដេកទាល់តែថ្ងៃរះ ប្រពន្ធពុំហ៊ានដាស់ ចាំឲ្យក្រោកខ្លួនឯង, ដល់ក្រោកហើយ ប្រពន្ធដងទឹកទៅលប់មុខឲ្យរួចស្រេច នាងក៏ហុចស្លាបារី នឹងបាយកញ្ចប់ ព្រមទាំងគ្រឿងប្រដាប់ទៅឲ្យប្ដី ។ បុរសនោះក៏ចុះពីលើផ្ទះទៅចូលក្នុងព្រៃរកឈើ, បានឃើញឈើមួយដើម មានមែកសាខាម្លប់ជាក់ ក៏ដាក់បាយសំណុំ ដឹង ពូថៅ ហើយដេកគងអន្ទាក់ខ្លា មើលទៅលើនិយាយតែម្នាក់ឯងថា «មែកឈើនេះ ត្រូវធ្វើជាផ្នៀងនង្គ័ល, មែកនេះត្រូវធ្វើជាយាម , មែកនេះត្រូវធ្វើជាដង មែកនេះត្រូវជានឹម មែកនេះត្រូវធ្វើជារនាស់ ។ គ្រាន់តែដេកថាប៉ុណ្ណឹង ពេលឃ្លានបាយក្រោកឡើងស្រាយបាយសំណុំស៊ី ៗរួច ដេកថាដូចមុនទៀត , ថ្ងៃរសៀលត្រឡប់មកផ្ទះវិញ» ។ ប្រពន្ធឃើញរត់ទទួលយកគ្រឿងប្រដាប់ នាំប្ដីឡើងទៅលើផ្ទះ យកទឹកលាងជើងឲ្យប្ដី ហើយសួរថា «អ្នកទៅបានការដូចម្ដេចខ្លះ ? ប្ដីថាមិនទាន់បានទេនាង ! ចាំស្អែកសឹមទៅទៀត ដល់កន្លែងដើមឈើនោះហើយ, រុក្ខទេវតាដែលអាស្រ័យនៅទីនោះ ឮបុរសកម្ជិលថាដូច្នោះ ក៏ភ័យ ខ្លាចរកកន្លែងនៅគ្មាន ក៏គិតគ្នានឹងតាមទៅវាយសម្លាប់បុរសកម្ជិលនោះ ឲ្យស្លាប់នៅមាត់ជណ្ដើរផ្ទះ កុំឲ្យវាមកកាប់ឈើនេះបាន ។ បុរសនោះក៏ត្រឡប់មកផ្ទះវិញ ។ រុក្ខទេវតា តាមមកដល់មាត់របង ឃើញប្រពន្ធរត់ទៅទទួលប្ដីដល់មាត់ជណ្ដើរ យកទឹកលាងជើងប្ដី ។ ដោយសិរីសួស្ដីប្រពន្ធនោះ ទេវតាចូលមិនចុះ មិនហ៊ានវាយ ។ បុរសនោះរួចពីអន្តរាយ ក៏ឡើងទៅលើផ្ទះ ប្រពន្ធសួរ និយាយដូចមុនទៀតថា « បានសព្វគ្រប់អស់ហើយ ព្រឹកនឹងទៅកាប់» ។ ទេវតាភ័យណាស់ថា «បុរសនោះ មុខជាកាប់ហើយព្រឹកនេះ » ក៏នាំគ្នាមកនិយាយអង្វរថា «សុំកុំកាប់ឈើនោះ»។ បុរសថា « អញមិនព្រមទេ ព្រឹកនេះអញទៅកាប់ហើយ» ។ ទេវតាភ័យណាស់ ក៏នាំគ្នានិយាយសូក ដោយប្រាប់ទីកន្លែងកំណប់មាសប្រាក់ឲ្យបុរស ៗសួរថា « ឲ្យកំណប់ប៉ុន្មានកន្លែង ? » ។ ទេវតាថាពីរកន្លែង បុរសថា « មិនព្រមទេ, បើ ៤ កន្លែងទើបព្រម ហើយឲ្យដាក់ឈើសម្គាល់ឲ្យផង » ។ ទេវតាក៏ព្រមធ្វើតាម កុំឲ្យតែកាប់ដើមឈើនោះ ។ បុរសថា « បើដូច្នោះ ខ្ញុំលែងកាប់ , តែថាព្រឹកនេះ ខ្ញុំទៅគាស់កំណប់នោះហើយ » ។ ទេវតាថា « ទៅចុះខ្ញុំដោតឈើសម្គាល់ទុកឲ្យ » ។ ព្រឹកឡើងប្ដីប្រពន្ធ នាំគ្នាទៅគាស់កំណប់ដែលទេវតាឲ្យ, ក្នុងកំណប់មួយៗទាំងពីរនាក់ប្ដីប្រពន្ធ ត្រូវជញ្ជូនបីថ្ងៃ បានសុទ្ធតែមាសនិងប្រាក់ចាក់គរពេញផ្ទះ ។ នាងនោះ ក៏រៀបចំដាក់ហិប ដាក់ឡាំង មិនឲ្យអ្នកណាឃើញ ហើយក៏ជួលជាងឲ្យធ្វើគ្រឿងប្រដាប់ លក់ជាជំនួញរឹតតែមានឡើងៗ បានជាសេដ្ឋី មានមនុស្សកុះករមូលមកនៅពឹងពាក់ជាច្រើន រាប់មិនអស់ ។


ទ្រព្យគង់ត្បិតស្រី  ចេះសំចៃទុក
ផ្ទះធំស្រណុក  ត្បិតល័ក្ខណ៍ស្រីជា
1-កម្ពុជសុរិយាលេខ ៨ – ៩ ឆ្នាំ ១៩៣៣- ៤ ទំព័រ ១៧៦ មិនឃើញមានឈ្មោះអ្នករៀបរៀងទេ ។

Flag Counter