ព្រឹកថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សារ៉ាយ ឆុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពីថវិកាសមិទ្ធកម្មរបស់ក្រសួងធម្មការ និងសាសនា ក្រោមកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរធម្មការ និងសាសនា ទូទាំង២៥ រាជធានី-ខេត្ត និងមន្រ្តីជំនាញសរុបចំនួន ១២០ រូប នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង។
បន្ទាប់ពី របាយស្វាគមន៍របស់ឯកឧត្តម រស់ វណ្ណី អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្រសួងធម្មការ និងសាសនា ដល់អង្គសិក្ខាសាលាទាំងមូលរួចមក ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម សារ៉ាយ ឆុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងវត្ថុបំណងដ៏សំខាន់របស់សិក្ខាសាលា ០២ថ្ងៃនេះគឺដើម្បីពង្រឹងសនត្ថភាពមន្រ្តីនៅតាមអងង្គភាពថវិកាឱ្យយល់ដឹងពីការរៀបចំថវិកាសមិទ្ធកម្ម ដែលថវិកាត្រូវផ្តោតជាសំខាន់លើអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយត្រូវផ្សារភ្ជាប់នឹងការអនុវត្តដើម្បីសម្រេចឱ្យបាននូវសូចនាករលទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយ ប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងសក្តិសិទ្ធភាព និងសូមលើកទឹកចិត្តដល់សមាជិក សមាជិការនៃអង្គសិក្ខាសាលាទាំងអស់ត្រូវ៖
១-ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់វាគ្មិននីមួយៗ លើកឡើង ព្រមទាំងលើកជាសំណួរ ចម្ងល់ ឬបញ្ហាលំបាកទាំងឡាយ ដែលអស់លោក លោកស្រី ជាសិក្ខាកាមក្នុងវគ្គសិក្ខាសាលានេះ ធ្លាប់ប្រឈមនឹងការងារជាក់ស្តែងកន្លងមក ដើម្បីសាកសួរឱ្យវាគ្មិនបញ្ជាក់បន្ថែមកាន់តែច្បាស់ថែមទៀត។
២- ត្រូវលើកយកបទពិសោធន៍ដែលបានធ្លាប់អនុវត្តកន្លងមក ភាពងាយស្រួល ភាពលំបាក
ការប្រឈមផ្សេងៗ មកបូកផ្សំនឹងចំណេះដឹង ដែលទទួលបានពីវគ្គសិក្ខាសាលានេះ ទៅបង្កើនសមត្ថភាពការយល់ដឹងបន្ថែមទៀតដើម្បីអនុវត្តការងារឱ្យទទួលបានជោគជ័យ។
៣- ត្រូវផ្តួចផ្តើមគំនិតជជែក ពិភាក្សា ផ្លាស់ប្តូរយោបល់ជាមួយអ្នកជំនាញដែលអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរិះរកនូវវិធានការ និងដំណោះស្រាយសមស្របដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពការងារ។