ព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ អមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក នាយករង នាយិការង និងប្រធាននាយកដ្ឋាន បានអញ្ជើញទៅថ្វាយព្រះពរសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ខាងមុខនេះ នៅវត្តសុវណ្ណមុនី (ហៅចំពុះក្អែក)។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវបច្ច័យ និងទេយ្យទានជាច្រើនមុខទៅវេរថ្វាយសម្តេច ព្រះពោធិវ័ង្ស កិត្តិឧទ្ទេសបណ្ឌិត រួមមាន៖ ១.ផ្លែឈើចំនួន ១កន្ត្រក ២. មីចំនួន ២កេះតូច ៣. ទឹកផ្លែឈើចំនួន ២កេះ ៤. អង្ករចំនួន ៥០ គីឡូក្រាម ៥. ទឹកបរិសុទ្ធគូលែនចំនួន ១ កេះ ៦. ទឹកដោះគោ Ensure USA ចំនួន ១ កេះ ៧. បច្ច័យចំនួន ១ លានរៀល ដើម្បីឧទ្ទិសកុសលជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូន ជីតា ញាតិការទាំង៧សន្តាន ពិសេសដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាពលរដ្ឋ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងនោះបានទទួលយកនូវកុសលផលបុណ្យទៅកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។