ពុទ្ធសាសនបណ្ឌិត្យ

ពិធីប្រគល់គោរម្យងារនាមាភិធេយ្យ៍ ជូនអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៊ីម

  • Print

រសៀលថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា និងលោកជំទាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់គោរម្យងារនាមាភិធេយ្យ៍ ជូនអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៊ីម ជាមហាសទ្ធម្មជោតិក ធ ជ ដោយក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលមានការយាង-និមន្ត អញ្ជើញចូលរួម សម្តេចព្រះរាជាគណៈ សម្តេចព្រះសង្ឃនាយករង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រះថេរានុថេរៈគ្រប់គ្រប់ព្រះអង្គ នាយកខុទ្ទកាល័យ ព្រះមេគណខេត្ត អគ្គនាយក ប្រធាននាយកដ្ឋាន និង ភ្ញៀវជាតិ-អន្តរជាតិ។

  ថ្លែងក្នុងឱកាសនោះដែរ ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីសូមគាំទ្រយ៉ាងមុតមាំចំពោះការប្រគល់ជូននូវ  គោរម្យងារនាមាភិធេយ្យ៍ ជូនអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៊ីម ជា មហាសទ្ធម្មជោតិក ធ ជ   ដោយ ក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងបានរៀបចំពិធីប្រគល់ដោយផ្ទាល់នៅពេលនេះ បានរួមចំណែកអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយជាយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា តាមរយៈការលើកកម្ពស់ ការបណ្តុះបណ្តាលធនធានមនុស្ស   ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ  ដែលមានទស្សនៈទូលំទូលាយប្រកបដោយគតិបណ្ឌិតក្នុងការដឹកនាំជាតិ បាននឹងកំពុងធ្វើការអភិវឌ្ឍជាតិ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត រួមទាំងការលើកកម្ពស់សមត្ថភាពប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ទាំងចំណេះជំនាញ បទពិសោធន៍ គុណធម៌ សីលធម៌ ពិសេសការអប់រំ តាមរយៈទ្រឹស្តីព្រះពុទ្ធសាសនាជាដើម។ ទន្ទឹមនឹងនោះ ក្រសួង បានធ្វើការសហការជាមួយថ្នាក់ដឹកនាំសាសនា នៅព្រះរាជណាចក្រកម្ពុជា គ្រប់សកម្មភាពសាសនា ក្នុងនោះរួមមានផ្នែកវិបស្សនាធុរៈ:ដែលជាធុរៈមួយចាំបាច់ ក្នុងចំណោមធុរៈទាំងពីរ គឺ គន្ធធុរៈ និងវិបស្សនាធុរៈ ដើម្បីអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពបង្កើនការយល់ដឹងនឹងជួយពង្រឹង និងពង្រីកការប្រតិបត្តិខាងផ្លូវព្រះពុទ្ធសាសនាទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយសម្រាប់គ្រហស្ថ ដែលត្រូវបានក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាផ្តល់គោរម្យងារនាមាភិធេយ្យ៍ ជាមហាសទ្ធម្មជោតិកធជ  ដល់ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៊ីម ពិតជាសក្តិសមណាស់ ព្រោះអគ្គមហាឧបាសិកា ជាវិបស្សនូបត្ថម្ភក៍ នៃពុទ្ធមណ្ឌលវិបស្សនាធុរៈកម្ពុជា និងសាខាគ្រប់រាជធានី-ខេត្ត នៅទូទាំងប្រទេស ក្នុងនោះរួមមាន សកម្មភាពទ្រទ្រង់វិបស្សនាពិធី ទំនុកបម្រុងគាំពារដល់ព្រះធម្មាចារ្យក្តី ធម្មាចារ្យក្តី សមណវិបស្សនាធុរៈក្តី សីលវន្ត សីលវតី សមណដ្ឋាន រួមទាំងទីសក្ការនានា ក្នុងពុទ្ធមណ្ឌលទូទាំងព្រះរាជាណាចក្រកម្ពុជា។  លើសពីនេះទៀត អគ្គមហាឧបាសិកា បានបំពេញភារកិច្ចជាយោគាវចរ បំពេញនូវកម្មដ្ឋាន វិបស្សនាដោយខ្លួនឯងផ្ទាល់ ដើម្បីលត់ដំកាយវាចាចិត្ត ឱ្យស្ថិតក្នុងគុណធម៌ជាន់ខ្ពស់ទៀងទាត់ជាប្រចាំ ដោយបានកំណត់ប្រតិទិនជាក់លាក់ ស្ទើតែអ្នកដ៍ទៃមិនអាចអនុវត្តបាន ឬអាចនិយាយបានថា (ជាបុគ្គលឆ្នើម១រូបក្នុងការបដិបត្តិវិបស្សនាធុរៈ)។ ការគាំពារ និងទំនុកបម្រុង រួមទាំងការបដិបត្តិ ខាងផ្នែកវិបស្សនាធុរៈ របស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៊ីម គឺពិតជាបានបង្ហាញនូវភាពជាគំរូ ដល់ពុទ្ធបរិស័ទក្នុងព្រះរាជាណាចក្រកម្ពុជា។ 

  ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានមតិផ្ដាំផ្ញើដល់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល បន្តគោរពឱ្យបានគ្រប់ពេលវេលា និងទីកន្លែង នូវវិធានការសុខាភិបាល ការពារបញ្ជៀសមេរោគកូវីដ-១៩ គឺ ៣ការពា (ពាក់ម៉ាស់ លាងដៃ និងគម្លាតសង្គម និងគម្លាតសុវត្ថិភាពបុគ្គល) ៣កុំ (កុំចាប់ដៃគ្នា កុំទៅកន្លែងណាដែលមានមនុស្សច្រើន និងកុំទៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់) និង២ចូលរួម (ចូលរួមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ និងចូលរួមប្រើ QR Code Stopcovid)។ មួយវិញទៀតសូមព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ និមន្ត និងអញ្ជើញ ទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំខាល ចត្វាសក័ ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះកុំបីខាន ព្រោះនេះជាសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ដែលត្រូវបំពេញ។