ពុទ្ធសាសនបណ្ឌិត្យ

ការគ្រប់គ្រងគណៈសង្ឃក្នុងសម័យបុរាណ

  • Print

 

 

 

សេចក្ដីជូនដំណឹង

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែមេសា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការគ្រប់គ្រងគណៈសង្ឃក្នុងសម័យបុរាណ៖ ករណីសិក្សាអំពី ទម្រង់ស័ក្តិ និងការតែងតាំងមន្ត្រីសង្ឃ » ដោយលោក ស៊ឹម សុវណ្ណមុនី អ្នកស្រាវជ្រាវ នាថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក។

សង្ខេប៖

តាំងពីក្នុងរជ្ជកាលព្រេងនាយ ការគ្រប់គ្រងគណៈសង្ឃនៅប្រទេសកម្ពុជា ជាភារៈរបស់ព្រះមហាថេរ ១ រូប មានសមណស័ក្តិជាន់ខ្ពស់ជា «សម្តេចព្រះសុគន្ធាមហាសង្ឃរាជាធិបតី» ជាប្រមុខសង្ឃ គង់នៅវត្តក្នុងព្រះរាជធានី ដោយមានព្រះរាជាគណៈ និងឋានានុក្រម ជាសហការី ។ ដោយឡែក ការគ្រប់គ្រងគណៈសង្ឃខេត្តក្រៅ ជាភារៈរបស់ព្រះឧបជ្ឈាយ៍ផ្ទាល់ ដែលតមកបានទទួលងារជា «ព្រះសង្ឃរាជខេត្តក្រៅ» ឬ «ព្រះសង្ឃនាយកខេត្តក្រៅ» និងចុងក្រោយគឺ «ព្រះមេគណខេត្តក្រៅ» ដោយមានឋានានុក្រម ជាសហការី ជួយសម្រេចសង្ឃកិច្ចផង។

 នៅសម័យកណ្តាល រវាងសតវត្សរ៍ទី១៦ រហូតដល់សម័យកំណែទម្រង់ប្រព័ន្ធរដ្ឋបាលសង្ឃឆ្នាំ១៩៤៣ ការគ្រប់គ្រងគណៈសង្ឃនៅប្រទសកម្ពុជា នៅប្រកាន់តាមរបៀបបុរាណ ដែលមានលក្ខណៈស្មុគស្មាញ និងមានការកែប្រែតិចតួចបំផុត។ ជាឧទាហរណ៍៖ ព្រះរាជាគណៈក្នុងតំណែងមានចំនួនពុំទៀងទាត់, នៅខេត្តក្រៅ ព្រះសង្ឃដែលបានទទួលងារជា «សម្តេចព្រះមហាសង្ឃរាជ, សម្តេចព្រះសង្ឃរាជ, សម្តេចព្រះ, អ្នកសម្តេចព្រះ ... ។ល។ មានចំនួនច្រើនអង្គ, ការតែងតាំងឋានន្តរងារមន្ត្រីសង្ឃខេត្តក្រៅ ជារឿយគឺស្ទួនងារគ្នា។ លើសពីនេះ ព្រឹត្តិការណ៍ថ្មីមួយដែលទំនងជាកើតឡើងនៅរវាងពាក់កណ្តាលសតវត្សរ៍ទី១៩ គឺការតែងតាំងមន្ត្រីសង្ឃទាំងនៅក្នុងរាជធានី និងខេត្តក្រៅ ដោយភ្ជាប់ជាមួយរឋានន្តងារ និងទម្រង់ស័ក្តិ (ដែលមានលក្ខណៈស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងទម្រង់ស័ក្តិនៃមន្ត្រីរាជការខាងអាណាចក្រ)។ ក្នុងនោះ ទឡ្ហីកម្មមួយ ដែលអ្នកប្រវត្តិវិទូខ្មែរ និងបរទេសជាច្រើនរូប បានលើកឡើងអំពីព្រឹត្តិការណ៍ដ៍គួរឱ្យកត់សម្គាល់មួយគឺ «ព្រះសង្ឃពាក់ស័ក្តិ» ដោយផ្អែកទៅលើស្នាដៃ «សាស្ត្រាល្បើករបាក្សត្រផែន្តីឱទៃរាជាអង្គចាន្ទ់» នៅគ.ស.១៨៥៥ របស់កវីសង្ឃ ១រូប ព្រះនាម ពេជ្ញ ជាព្រះសង្ឃរាជខេត្តក្រៅ ជាចៅហ្វាយគណ និងជាអធិបតីសង្ឃក្នុងខេត្តបារាយណ៍ ដែលទទួលការតែងតាំងងារជា «ព្រះបទុមបារមី» ជាមួយនឹង «ស័ក្តិ ៨ ហ៊ូពាន់»; ដែលរហូតមកសព្វថ្ងៃនេះ ប្រស្នាអំពី «ព្រះសង្ឃពាក់ស័ក្តិ» ដែលសំដៅទៅលើ «ទម្រង់ស័ក្តិនៃមន្ត្រីសង្ឃ» នេះ មិនទាន់ត្រូវបានបកស្រាយនៅឡើយ។

 បាឋកថានេះ នឹងធ្វើការបកស្រាយត្រួសៗ អំពីរបៀបនៃការគ្រប់គ្រងគណៈសង្ឃក្នុងសម័យបុរាណ ដោយផ្តោតសំខាន់លើ៖ ឋានន្តរងារ និងចំនួន នៃព្រះរាជាគណៈក្នុងតំណែង និងជាពិសេសគឺ ទម្រង់ស័ក្តិនៃមន្រ្តីសង្ឃទីព្រះរាជាគណៈទាំង៤ ថ្នាក់ (ព្រះរាជាគណៈសម្រាប់ឯក ថ្នាក់ទ្រទូងរ័ត្ន, ថ្នាក់ចតុស្តម្ភ, ទីឱភាសព្រះរាជនិមន្តន៍, ទីឃ្លាំងធម៌ ។ល។) និងសមណស័ក្តិពិសេស, (សរុបរួមចំនួន ៥៦ រូប, មានឋានន្តរស័ក្តិខ្ពស់បំផុត ១០ ហ៊ូពាន់, ទាបបំផុត ៧ ហ៊ូពាន់) និងឋានានុក្រម (ដែលមានលក្ខណៈទៀងទាត់ និងមានទម្រង់ស័ក្តិដូចគ្នា), ដោយរួមទាំងទម្រង់ស័ក្តិមន្ត្រីសង្ឃខេត្តក្រៅមួយចំនួន និងរបៀបនៃការតែងតាំងមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ ដោយភ្ជាប់បន្តិចជាមួយនឹងកំណែទម្រង់ប្រព័ន្ធរដ្ឋបាលសង្ឃឆ្នាំ១៩៤៣ ដែលបន្តមានឥទ្ធិពលជាលក្ខណៈពិសេសរហូតដល់បច្ចុប្បន្ន។

 ខ្ញុំសង្ឃឹមថា បាឋកថាស្តីអំពី «ការគ្រប់គ្រងគណៈសង្ឃក្នុងសម័យបុរាណ» ដោយសិក្សាលើ «ទម្រង់ស័ក្តិ និងការតែងតាំងមន្រ្តីសង្ឃ» នេះ នឹងដោះស្រាយបានខ្លះៗ អំពីប្រស្នា «ព្រះសង្ឃពាក់ស័ក្តិ» របស់អ្នកប្រវត្តិវិទូខ្មែរ និងបរទេស ដែលបានលើកឡើងក្នុងបរិបទមុនៗ និងម្យ៉ាងទៀត បាឋកថានេះ នឹងបានជាពន្លឺខ្លះសម្រាប់អ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ក្នុងកាលអនាគតជាក់ជាពុំខានឡើយ។

សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាស។

សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

sorsokny[at]gmail.com

www.budinst.gov.kh