ពុទ្ធសាសនបណ្ឌិត្យ

រឿង ភ្នំ​ជើង​ព្រៃ

(នៅខេត្តកំពង់ចាម)  ប្រជុំរឿងព្រេងខ្មែរ ភាគ ៦ ទំព័រ ៣៣ - ៤១

នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ខាងជើងថ្នល់ជាតិលេខ ៦ ត្រង់ខាងកើតផ្សារផ្អាវ ប្រមាណ ៣ គ.ម. ដែលមានផ្លូវលំ ១ ចូលទៅខាងជើង ប្រមាណ ១៥០០ ម. មានភ្នំពីរ ឃ្លាតគ្នាប្រហែលជា ១០០ ម. ពីគ្នា ។ មួយនៅខាងកើត ហៅ ភ្នំស្រី ឬ ភ្នំធំ, មួយទៀត ទាបនៅខាងលិច ហៅ ភ្នំប្រុស ឬ ភ្នំព្រះបាទ, ភ្នំទាំងពីរនេះ គេហៅរួមគ្នាថា "ភ្នំជើងព្រៃ" បានជាគេហៅដូច្នេះ ព្រោះមានរឿងព្រេងនិទានថា មនុស្សស្រី និង ប្រុស ភ្នាល់គ្នាលើកភ្នំនេះ ដូច "ភ្នំស្រីភ្នំប្រុស" នៅជិតកំពង់ចាមដែរ ប្លែកតែខាងភ្នំជើងព្រៃនេះ រណ្ដៅដីនៅភ្នំស្រី ដែលខាងស្រីជីកយកមកធ្វើជាភ្នំនេះ ក្លាយទៅជាស្រះធំ ១ មានទឹកខួបប្រាំងខួបវស្សា ហៅថា ស្រះទឹកព្រះ ឯរណ្ដៅនៅជិតភ្នំប្រុស ដែលខាងប្រុសជីកដីយកមកធ្វើជាភ្នំនេះ ក្លាយទៅជាស្រះធំ ១ គ្មានទឹកខួបប្រាំងខួបវស្សា ហៅថា កំពែងស្ងួត ។

ឯផ្លូវលំ នៅខាងកើតផ្សារផ្អាវ ប្រមាណ ៣ គ. ម. ដែលបែកពីថ្នល់ជាតិ កាត់ទៅភ្នំជើងព្រៃនេះ ជាផ្លូវរាបស្មើធេង រថយន្តតូចធំចេញចូលបានស្រួល ។

ស្រះទឹកព្រះនោះ ឋិតនៅទិសឦសានភ្នំស្រី ឬ ភ្នំធំ ចម្ងាយប្រមាណជា ១០០ ម. ទំហំប្រមាណជា ១០០ ម៉ែត្រ ៤ ជ្រុង, ជម្រៅប្រមាណជា ១០ ម. ទទឹងខ្នងលើនៃមាត់ស្រះជុំវិញ ៥ ម. រាបស្មើធេង ។ សព្វថ្ងៃ នៅល្អនៅឡើយ, មានទឹកថ្លាឈ្វេង ជាទីអាស្រ័យនៅនៃពួកបច្ឆាជាតិ ហើយមានទាំងវារីជាតិនានា ដុះពាសពេញស្រះនោះផង បញ្ចេញផ្លែផ្ការីកស្គុះស្គាយ ដេរដាស អាចប្រៀបទៅនឹងបឹងតូចមួយបាន ដ៏ជាទីមនោរម្យក្រៃពេក ដល់អ្នកទស្សនា ។

ឥតមានពួកអ្នកនេសាទណាមួយ ហ៊ានទៅចងសន្ទូច ទៅប្របក់ ឬ ទៅដាក់លបលាយអ្វី ក្នុងស្រះនោះឡើយ ដោយគេខ្លាចរអាគ្រប់ៗ គ្នា, សូម្បីតែបន្លែបង្ការ និង ផ្លែផ្កានៃវារិជាតផ្សេងៗ មានផ្កាឈូកជាដើម ក៏គេហាមកូនចៅគេ មិនឲ្យបេះបោចសោះឡើយ ។

ស្រះនេះ ពីដើមគេហៅថា "ស្រះទឹកព្រះ" ដូចជម្រាបខាងដើម, តែសព្វថ្ងៃ គេហៅតែ "ទឹកព្រះ" ។ បានជាគេហៅថា "ទឹកព្រះ" ព្រោះទឹកថ្លាណាស់, ហើយនៅពេលដែលគេត្រូវការឡើងទៅលើភ្នំនោះម្ដងៗ ដោយមានការអ្វីក្ដី ដោយកម្សាន្តក្ដី គេតែងតែយកដប ថូ កែវ ផ្តិល ចុះទៅដងទឹកក្នុងស្រះនោះ យកទៅស្រង់ព្រះ នៅលើកំពូលភ្នំពុំដែលខាន ។

ពាក្យថា "ទឹកព្រះ" បានដិតជាប់នឹងមាត់អ្នកស្រុក ដែលនៅជិតទីនោះគ្រប់ៗ គ្នា, ពេលណា គេត្រូវការតាមគោ ក្របី ដែលបាត់ ឬ ត្រូវការទៅរកឧស គេតែងតែសួរគ្នាថា រកឃើញនៅខាងណាទឹកព្រះ ? ឬ ទៅរកឧសខាងណាទឹកព្រះ ? ។

បុរាណវត្ថុនានា ដែលមាននៅបរិវេណនៃភ្នំនោះ បាក់បែកទៅក៏ច្រើន នៅសល់ក៏ច្រើន, ដែលនៅសល់សព្វថ្ងៃ គឺព្រះពុទ្ធរូបចូលនិព្វាន ព្រះពុទ្ធរូបទ្រង់ព្រះភ្នែន ទ្រង់គ្រឿងឈរ និង ស្នាមព្រះពុទ្ធបាទ ។

ព្រះពុទ្ធរូបទ្រង់ព្រះភ្នែន មានកម្ពស់ជាង ១ ម. បែរព្រះភក្ត្រចំទៅទិសអាគ្នេយ៍ ប្រតិស្ឋាននៅក្នុងគុកគុហា ១ ជាមួយព្រះពុទ្ធរូបទ្រង់គ្រឿងឈរ និង ស្នាមព្រះពុទ្ធបាទ ។

ព្រះពុទ្ធរូបនិព្វាន ព្រះកេសបែរទៅទិសបូព៌ ព្រះភក្ត្របែរទៅទិសឧត្ដរ ញញឹមស្រស់ ប្រតិស្ឋាននៅក្នុងសាលង្គមួយ2 ប្រក់ស័ង្កសី ដែលជនជាន់ក្រោយសាងថ្វាយ នៅទិសនិរតីនៃគុកគុហា ។

គុកគុហាដែលតម្កល់បូជនីយវត្ថុទាំងនោះ ទ្រុឌទ្រោមគ្រាំគ្រាណាស់ទៅហើយ, អ្នកដែលចូលទៅនមស្ការបូជាព្រះក្នុងគុកគុហានោះ តែងតែមានចិត្តព្រួយបារម្ភ ក្រែងបាក់ធ្លាក់សង្កត់លើខ្លួន ។

នៅលើមាត់ទ្វារខាងលិច និង ខាងកើត នៃគុកគុហានោះ មានសិលាចារឹកយ៉ាងច្បាស់លាស់, អ្នកមើលពីចម្ងាយទៅ សំគាល់ថា អក្សរខ្មែរ តែលុះចូលទៅដល់ អ្នកចេះអក្សរខ្មែរសម័យបច្ចុប្បន្នមើលពុំបាន អានពុំចេញថាម៉េចឡើយ ព្រោះជាអក្សរខ្មែរបុរាណ ។

ឯរណ្ដៅក្ដី ដែលប៉ែកខាងប្រុសជីកយកមកធ្វើជាភ្នំ ហើយក្លាយទៅជាស្រះ ១ ធំ ឈ្មោះ "កំពែងស្ងួត" នោះ មានទំហំ ប្រមាណជា ១០០ ម. ៤ ជ្រុងស្មើ ជម្រៅប្រមាណជា ១០ ម. ឋិតនៅប៉ែកខាងកើត ឆៀងខាងត្បូង នៃស្រះទឹកព្រះ របស់ពួកខាងស្រី ដែលមានទឹកខួបប្រាំងខួបវស្សា ។ ស្រះកំពែងស្ងួតនោះ ស្ងួតមិនស្គាល់ប្រាំងវស្សាទេ ទោះបីខែវស្សាមានភ្លៀងធ្លាក់ច្រើនយ៉ាងណា ក៏ទឹកមិនដក់នៅក្នុងស្រះនោះដែរ, តែកាលណាភ្លៀងរាំងភ្លាម ក៏រីងស្ងួតហួតទឹកអស់មួយរំពេច ហាក់ដូចជាមានរន្ធយ៉ាងធំបង្ហូរទឹកចេញ ។ គួរឲ្យឆ្ងល់ណាស់ ស្រះទាំងពីរគឺខាងស្រី និង ស្រះខាងប្រុសនេះ ឋិតនៅចម្ងាយពីគ្នាមិនទាំងដល់ ១០០ ម. ផង ម៉េចក៏ស្រះមួយខាងស្រី មានទឹកពេញព្រៀបខួបប្រាំងវស្សា ហើយស្រះមួយទៀតខាងប្រុស ក៏បែរជាស្ងួតហួតហែងទៅវិញ ? តាមចាស់ៗ នៅជិតស្រះនោះ និទានថា បានជាស្រះខាងប្រុសស្ងួតដូច្នេះ ព្រោះត្រូវបណ្ដាសា ដែលពួកខាងស្រីដាក់ឲ្យពួកខាងប្រុស ។

នៅខាងទិសពាយ័ព្យ ជិតស្រះទឹកព្រះ មានកូនស្រះមួយតូច ទំហំប្រមាណជា ៥ ម. បួនជ្រុងស្មើ ជម្រៅប្រមាណជា ៤ ឬ ៥ ម., គេហៅថា ស្រះលាងជើង ។ ចាស់ៗ តំណាលថា ស្រះនេះ បានជាគេហៅដូច្នោះ ព្រោះចាស់បុរាណ បានជីកទុកចុះទៅលាងជើង មុននឹងឡើងទៅលើភ្នំទាំង ២ ។

សព្វថ្ងៃ, នៅរាល់ថ្ងៃ ៨ កើត ៨ រោច ១៥ កើត ១៤-១៥ រោច ជាថ្ងៃសីល ពួកពុទ្ធបរិស័ទ នៅភូមិផ្អាវខ្លះ ភូមិជើងព្រៃខ្លះ ភូមិទំនប់ច្រកភ្នំខ្លះ គេតែងនិមន្តព្រះសង្ឃឡើងទៅលើភ្នំនោះ ដើម្បីធ្វើកិច្ចសមាទានសីល, កាលបើគេសមាទានឧបោសថសីលហើយ ខ្លះក៏ត្រឡប់មកលំនៅឋានវិញ ខ្លះក៏នៅអស់រយៈពេល ១ ថ្ងៃនោះទល់ល្ងាច, ខ្លះទៀត នៅរហូតអស់រយៈពេល ១ ថ្ងៃ ១ យប់ ទើបវិលមកលំនៅរបស់អាត្មាវិញ ។

អ្នកដែលនៅអស់រយៈពេល ១ ថ្ងៃ ១ យប់នោះ គឺគេនៅធ្វើសមាធិកម្មដ្ឋាន, លុះព្រឹកឡើង គេធ្វើចង្ហាន់ប្រគេនព្រះសង្ឃ កិច្ចបំពេញទានក្នុងវេលាព្រឹកនោះទៀត ។ អ្នកដែលបានធ្វើចង្ហាន់ ប្រគេនព្រះសង្ឃនោះ គេធ្វើតែសម្លបួស មិនធ្វើសម្លត្រី-សាច់ទេ, ដោយជឿថា បើធ្វើសម្លត្រី-សាច់ នឹងមានហេតុ នាំឲ្យរំខានក្នុងការធ្វើសមណធម៌ រមែងមានស្រមោច សង្អារ ក្អែប ខ្ទួយ មករោម ខាំ ទិច រកតែដេកមិនបាន អង្គុយធ្វើសមណធម៌មិនកើត ដោយការទទួលទានត្រី-សាច់ នាំឲ្យឆ្អេះឆ្អាបស្អុយ ។

មានលោកធុតង្គជាច្រើនអង្គ និមន្តមកគង់នៅលើភ្នំនោះ តែទ្រាំនៅឲ្យជាប់រាប់ខែមិនបាន នៅតែបន្តិចៗ ក៏និមន្តទៅបាត់ ។

ឧបាសក ឧបាសិកាខ្លះ យកទឹកទៅស្រង់ព្រះ ខ្លះទៅស្រោចស្នាមព្រះបាទនៅផ្ទាំងសិលាធំ, លុះទឹកហូរហៀរមកវិញ គេយកផ្តិល ឬ ចានត្រងយកមកចាក់ដាក់ដប ទុកយកទៅផ្ទះផ្ញើកូនផ្ញើចៅ គ្រាន់បានលុបមុខ និង ទទួលទានជាដើម, នេះជាជំនឿម្យ៉ាង របស់អ្នកដែលឡើងទៅសុំសីលលើភ្នំ ។

ក្រៅអំពីបុរាណវត្ថុ ដូចបានរៀបរាប់មកហើយនេះ នៅមានបុរាណវត្ថុខ្លះទៀត ជាផែនថ្មតាងផ្ទាំង គេហៅថា កីនាងទាវ, តែសព្វថ្ងៃ ឃើញនៅតែគោលៗ ប៉ុណ្ណោះ ព្រោះបាក់បែកខ្លះ សឹករលុបបាត់ខ្លះទៅហើយ ។ តាមព័ត៌មានពីអ្នកស្រុកនៅទីនោះថា កាលបារាំងទៅនៅទីនោះ វាបានគាស់យកសសរកីនាងទាវនោះ ទៅធ្វើជាជណ្ដើរចុះទៅស្រះខាងស្រី ។

នៅលើភ្នំស្រីពីខាងមុខ មានផែនថ្មស្នាមជើងមនុស្ស, អ្នកស្រុកហៅថា "ដានជើងតាព្រេង" ។

ខាងលើភ្នំនេះ ត្រង់ជ្រុងឦសាន មាននាទីដីរាបស្មើធេង ស្អាតបាត គេហៅថាកន្លែងឃុនឆាងទាត់សី ។ ខាងទិសបស្ចិមគុកគុហា មានរន្ធថ្ម ១ ប៉ុនប្រាក់រៀលពីដើម គឺល្មមដាក់ប្រាក់រៀលចុះ គេថារន្ធថ្មនោះ ជារន្ធឡូតាព្រេង ដែលគាត់តែងលេងនៅពេលល្ងាចៗ ។

មួយទៀត ជុំវិញបរិវេណភ្នំនោះ មានកំពែងធ្វើដោយថ្មបាយក្រៀម ដែលមួយដុំៗ មានទំហំប្រហែលជា ០ម៤០ x ០ម៦០ ។ កំពែងថ្មនោះ តាមចាស់បុរាណលោកថា មានដល់ទៅ ៧ ជាន់ សុទ្ធសឹងជាថ្មដែលជាស្នាដៃនៃបុព្វបុរសខ្មែរយើង កសាងបន្ថែមជាខាងក្រោយ ជំនាន់លោក "យមរាជសិង្ហៈ" ដើម្បីការពារអសន្តិសុខ ឬ ការពារអ្វីម្យ៉ាង របស់លោកក្នុងជំនាន់នេះ ។ កំពែងនេះ បាក់បែកជាច្រើនទៅហើយ តែនៅសល់ក៏ច្រើនដែរ, អ្នកទស្សនា អាចសន្និដ្ឋានបានថា មាន ៧ ជាន់មែន ។

ភ្នំជើងព្រៃ ជាទីប្រតិស្ឋាននៃបុរាណវត្ថុនានា មានស្រះទឹកព្រះ ជាដើម ដូចរៀបរាប់មកខាងលើនោះ, សព្វថ្ងៃ បានក្លាយទៅជារមណីយដ្ឋានមួយសម្រាប់អ្នកទេសចរនានា, ពិសេស សម្រាប់ជនជាតិខ្មែរយើង ដែលនៅក្នុងស្រុកជើងព្រៃ និង ស្រុកព្រៃឈរ ទាំងរាស្ត្រ ទាំងនាម៉ឺន ទៅលេងកម្សាន្តសប្បាយ នៅរដូវចូលឆ្នាំខ្មែរ ឬ នៅដំណាច់ខែចេត្រ, ប៉ុន្តែភាគច្រើន ចូលចិត្តទៅលេងនៅថ្ងៃដាច់ខែចេត្រ, ម្នាក់ៗ គេរង់ចាំឲ្យតែដល់ដាច់ខែចេត្រថ្ងៃណា គេនឹងបាននាំគ្នាទៅលេង នៅភ្នំជើងព្រៃនេះដោយរីករាយ ។

គេទៅដោយយានជំនិះផ្ទាល់ខ្លួន ដូចជាទោចក្រយាន, ទោចក្រយានយន្ត, រទេះគោ, រទេះក្របី ឬ រថយន្តក៏មាន, ជួលទោចក្រយានសណ្ដោង, វេស្បាកង់បី ឬ ជួលរថយន្តឈ្នួលក៏បាន ។ នៅពេលនោះ មានយានផ្សេងៗ ចតតម្រៀបត្រៀបត្រា នឹងគណនាត្រារាប់ពុំបាន ។ មនុស្សអ៊ូអរ ប្រជ្រៀតគ្នារកម្លប់ជ្រករៀងៗ ខ្លួន, ខ្លះដែលបានឡើងទៅលើភ្នំហើយ ក៏នាំគ្នាត្រឡប់ចុះមកវិញ ខ្លះដែលទើបនឹងទៅដល់ ក៏ខំប្រញាប់ប្រញាល់ឡើងទៅលើភ្នំ ។ បណ្ដាអ្នកទៅទាំងប៉ុន្មាន ម្នាក់ៗ គេមានទឹកដប និង ផ្កា ទៀន ធូប ដើម្បីយកទៅស្រង់ព្រះ និង ធ្វើសក្ការបូជា ចំពោះព្រះពុទ្ធរូបទាំងនោះ ។ កាលបានធ្វើសក្ការបូជាហើយ ខ្លះក៏ច្រៀងរាំវង់, ខ្លះស្រស់ស្រូបម្ហូបអាហារ ខ្លះលេងអង្គញ់ ខ្លះលេងឈូង, ខ្លះលេងល្បែងផ្សេងៗ តាមពួកតាមក្រុម នៅក្រោមម្លប់ឈើ, ជាពិសេស នៅក្រោមម្លប់ដើមស្វាយជាជួរៗ រហូតដល់ល្ងាចត្រជាក់ទើបគេនាំគ្នាត្រឡប់មកគេហដ្ឋានរៀងៗ ខ្លួនវិញ ។

អ្នកដែលទៅលេងកម្សាន្តក្ដី ទៅមានការក្ដី គេតែងប្រយ័ត្ន ២ យ៉ាងគឺ ៖

១- នៅភ្នំនោះ មានខ្ទមតូច ១ ឋិតនៅក្រោមដើមសំរោង ១ ដើម ជាខ្ទមអ្នកតាក្រហមក ។ អ្នកតានោះ ពូកែណាស់ អ្នកស្រុកគេហៅថា អស់លោកភ្នំ ។ ពីដើម អ្នកចេះមន្តអាគម, ស្រីមានផ្ទៃពោះ, អ្នករាជការ, អ្នកមានបណ្ដាសក្ដិ ដើរកាត់មុខមិនបាន, តែហ៊ានដើរកាត់មុខ មុខជាសាបមន្តអាគម, រលូតកូន, ធ្លាក់បុណ្យសក្ដិពុំខាន ។ ប៉ុន្តែសព្វថ្ងៃ ថយឫទ្ធិអំណាចខ្លះទៅហើយ, តែទោះបីថយឫទ្ធិខ្លះ ក៏គេនៅប្រយ័ត្នដែរ ។

២- គេមិនហ៊ានដេញស្វាដែលនៅលើដើមសំរោង ជាកូនចៅរបស់អ្នកតាក្រហមកនោះទេ, បើដេញវាយ នឹងត្រូវទទួលគ្រោះថ្នាក់ ដោយហើមដៃ ហើមជើង ហើមខ្លួនយ៉ាងដំណំ ។

សូមជម្រាបថា បើត្រូវការលេងកម្សាន្ត នៅជើងព្រៃ សូមអញ្ជើញទៅនៅដំណាច់ខែចេត្រ ទើបបានសប្បាយ ។


1: រឿងនេះ ស្រង់ពីឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ លេខ ២៧-១៣៦ រៀបរៀងដោយលោក ដោក-ថេង លេខាធិការ សហករណ៍ ឧបភោគ បរិភោគ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

2: សាល + អង្គ = តួរោង, រោង, តាមធ្លាប់ឮច្រើនអានថា សាឡុង គឺយារពីសាលង្គ ។

រឿង ប្រាសាទ​ព្រះ​ធាតុ​ទឹក​ឆា

(នៅខេត្តកំពង់ចាម) ប្រជុំរឿងព្រេងខ្មែរ ភាគ ៦ ទំព័រ ៩ - ២០

ដោយប្រទេសខ្មែរយើង ជាប្រទេសមានអារ្យធម៌បរិបូណ៌, កាលអំពីព្រេងនាយ បានជាមានប្រាសាទបុរាណ នៅពាសពេញក្នុងផ្ទៃអាណាចក្រទាំងមូល ។ ក្រៅអំពីខេត្តសៀមរាប ដែលមានបុរាណវត្ថុបែបនេះ ច្រើនជាងគេ, យើងប្រទះឃើញនៅខេត្តដទៃៗ ទៀត ក៏មានច្រើនណាស់ដែរ ដូចជាខេត្តកំពង់ធំ, កំពង់ចាម, បាត់ដំបង, និង តាកែវ ។

ដើម្បីឲ្យបានស្គាល់ទីកន្លែងបុរាណៗ ក្នុងប្រទេសជាតិយើង កាន់តែច្បាស់ឡើង, ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ សូមធ្វើសេចក្ដីរាយការណ៍អំពីប្រាសាទបុរាណមួយឈ្មោះ "វត្តព្រះធាតុទឹកឆា" ស្ថិតក្នុងឃុំចម្ការស្វាយ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។ ហេតុដែលនាំឲ្យយើងលើកប្រាសាទនេះមកអធិប្បាយ ព្រោះសព្វថ្ងៃ ឈ្មោះ "ទឹកឆា" បានក្លាយទៅជារមណីយដ្ឋានមួយ សម្រាប់ទេសចរជាតិយើង ធ្វើដំណើរទៅកម្សាន្តនៅពេលបុណ្យទានអ្វីមួយ ដែលបានទំនេរពីការងារមមាញឹក ។ ទេសចរទាំងនេះ មិនត្រឹមតែអ្នកនៅក្នុងខេត្តកំពង់ចាមប៉ុណ្ណោះទេ, អ្នកនៅរាជធានីភ្នំពេញក្ដី នៅខេត្តដទៃទៀតក្ដី តែកាលណាពោលពីដំណើរកម្សាន្តក្នុងខេត្តកំពង់ចាមហើយ គេពុំដែលភ្លេចឈ្មោះ "ទឹកឆា" ទេ ។ តើទីនោះមានអ្វីខ្លះ បានជាលេចឮឈ្មោះខ្លាំងម្ល៉េះ?តាមពិត មិនមានភូមិអ្នកស្រុកផ្សារផ្សោអ្វីឡើយ, ពីដើមមក មានតែតួប្រាសាទថ្មបាក់បែកស្ទើរតែអស់គ្មានសល់ ស្ថិតនៅជាពីរកន្លែងក្បែរគ្នា ហើយនៅប្របប្រាសាទទាំងពីរនេះ មានជ្រោះប្រឡាយទឹកអំពីបុរាណមក ក៏មានទឹកហូរខួបប្រាំងខួបវស្សា គឺរដូវវស្សាសឹងមានទឹកពេញព្រៀប រដូវប្រាំងនៅសល់ត្រឹមក្បាលជង្គង់ ឬ លើក្បាលជង្គង់បន្តិច ។ ទឹកនេះថ្លាឈ្វេង ហើយហូររ៉ិចៗ មិនចេះឈប់ ជាហេតុនាំឲ្យអ្នកផង ទៅងូតលេងលំហែប្រាណយ៉ាងសប្បាយរីករាយ ។ សងខាងប្រឡាយទឹកថ្លាខ្យងនេះ មានរុក្ខាលតាវល្លិ ដុះខ្ពស់ស្រោងស្រឹង ប្រទាក់ប្រទិនគ្នាបែបជាព្រៃល្បាត, តែសព្វថ្ងៃគេបានកាប់រំលីង ឲ្យបានជាវាលមួយកន្លែងយ៉ាងធំ នៅត្រង់ផ្លូវទឹកនេះបែកជាធ្នារធំល្ហល្ហាច គឺចំត្រង់តួប្រាង្គថ្មដែលយើងអធិប្បាយខាងលើនេះ ។ មិនតែប៉ុណ្ណោះ រាជការបានកសាងជាទំនប់ទឹកមួយសំខាន់ ដើម្បីយកប្រយោជន៍ អំពីប្រឡាយទឹកបុរាណ នាំយកទឹកទៅចែកឲ្យទៅវាលស្រែយ៉ាងធំទូលាយក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម និង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

អាស្រ័យដោយទីកន្លែងត្រជាក់ត្រជំ, ដោយធ្នារទឹក, ដោយម្លប់ឈើត្រឈឹងត្រឈៃ និង ដោយទិដ្ឋភាពស្មុគស្មាញ ព្រៃស្រោង ដុះព័ទ្ធប្រាង្គសិលាបុរាណដូច្នោះហើយ, បានជាទេសចរ នាំគ្នាទៅទស្សនាកម្សាន្ត ក្នុងពេលសម្រាកមួយដងមួយកាល នាំឲ្យលេចឮឈ្មោះទីឋាននេះឡើងយ៉ាងខ្ទរខ្ទារ ។ ម្យ៉ាងទៀត គមនាគមន៍ ទៅកាន់ទីកន្លែងនេះក៏ជាការងាយផង ត្បិតរថយន្តតូច-ធំ គ្រប់ម៉ាក គ្រប់ធុន ទៅមកបានទាំងអស់ គឺថាបើគេចង់ទៅកាន់ទីកន្លែងនេះ តោងទៅតាមផ្លូវជាតិលេខ ៧ (ផ្លូវពីភ្នំពេញទៅកំពង់ចាម) ទៅដល់ត្រង់ផ្សារព្រៃទទឹង ដែលជាទីតាំងស្រុកព្រៃឈរ មានផ្លូវបំបែក ចូលតាមផ្លូវខេត្ត ខាងឆ្វេងដៃឆ្ពោះទៅទិសខាងជើង ។ នៅសងខាងផ្លូវខេត្តនេះ មានភូមិអ្នកស្រុកជាប់រហូតមិនស្ងាត់ឡើយ ហើយសុទ្ធជាភូមិស្អាតបាត, ផ្ទះក្បឿងដំបូលក្រហមឆ្អៅ ថ្នល់ក៏ចាក់ថ្មរហូតមិនព្រួយ នឹងភក់ជាប់ផុងឡើយ ។ ចូលពីផ្លូវជាតិប្រមាណជា ១៣ គីឡូម៉ែត្រ ដល់ភូមិក្រូច ឃុំក្រូច ត្រូវបែកចេញពីថ្នល់ខេត្ត ងាកទៅស្ដាំដៃ តាមផ្លូវលំ សសៀរបណ្ដោយតាមប្រឡាយទឹក (ជាប្រឡាយដែលរាជការទើបតែកែរៀបចំជាថ្មីយ៉ាងស្អាត) ប្រមាណជា ៥ គីឡូម៉ែត្រទៀត ទើបទល់ទៅកន្លែងធ្នារទឹកធំ មានបុរាណវត្ថុ ដែលគេហៅថា "ទឹកឆា" នោះ ។

ពិតមែនហើយ តែយើងស្គាល់សព្វថ្ងៃថា កន្លែងនេះ បានជារមណីយដ្ឋានដ៏សំខាន់ សម្រាប់ទេសចរជាតិ, ប៉ុន្តែប្រវត្តិពង្សាវតារ របស់ទីឋាននេះ ឋិតនៅក្នុងសភាពងងឹតនៅឡើយ ពុំដឹងថា តើទីនេះ ពីបុរាណជាទីអ្វី ? កើតមាន ពីត្រឹមណាមក ?

ដើម្បីជម្រះមន្ទិលទាំងនេះខ្លះ ក្រុមជំនុំទំនៀមទម្លាប់ បានប្រមែប្រមូលឯកសារ ដែលមានតម្កល់ទុកយូរមកហើយផង ហើយចាត់ឲ្យសមាជិកទៅពិនិត្យសង្កេតដល់ទីកន្លែងផង ក៏រៀបចំធ្វើជាសេចក្ដីរាយការណ៍ អំពីទីកន្លែងនេះឡើង ដាក់ចំណងជើងថា "ប្រាសាទព្រះធាតុ ឬ វត្តព្រះធាតុ" តាមឈ្មោះបុរាណនៃប្រាសាទ ដែលហៅថា "គុកព្រះធាតុ ឬ វត្តព្រះធាតុ" នៅត្រង់កន្លែងទឹកឆានេះ ។ ពាក្យ "ទឹកឆា" នេះទៀត ក៏ពុំមែនជាពាក្យទើបតែបង្កើតថ្មីដែរ គឺមានតាំងពីយូរណាស់ហើយ ទើបបានជាមានជាប់ហៅ នៅក្នុងសៀវភៅ "សិលាចារឹកនៅប្រទេសកម្ពុជា" របស់លោក ហ្ស-សឺដែស (Inscription du Cambodge par G. Cœdès) សរសេរកំណត់ឈ្មោះកន្លែងនេះថា "វត្តព្រះធាតុនៅទឹកឆា" (Vat Parh That de Tuk-C'a) ។

ដើម្បីនឹងយកជាសំអាង យើងតោងតែងនិយាយតាមសិលាចារឹកមួយ ដែលអ្នកស្រាវជ្រាវបានរកឃើញ ហើយនាំមកតម្កល់ទុកនៅសារមន្ទីរជាតិ2 នាក្រុងភ្នំពេញសព្វថ្ងៃ ។ សិលាចារឹកនេះ នៅមានរួបរាងល្អស្អាត អក្សរនៅច្បាស់ ជាបន្ទះក្រាស់ កម្ពស់ ១ ម៉ែត្រ (មិនគិតជើងតម្កល់) ទទឹងមុខ ០ម៥០, ខាងកំពូលលើ មានឆ្លាក់ជារូបព្រះគណេស ។ អក្សរចារឹក មានទាំងសងខាង គឺម្ខាងមាន ២៣ បន្ទាត់ ជាភាសាសំស្ក្រឹត នឹងម្ខាងទៀត មាន ១៦ បន្ទាត់ ជាភាសាខ្មែរ ។ សេចក្ដីក្នុងសិលាចារឹកនេះហើយ ជាទ្វារបើកចំហ ឲ្យយើងមើលផ្លូវឃើញនូវប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ នៃទីកន្លែងនេះ ។

សិលាចារឹកឲ្យការណ៍ថា ទីកន្លែងនេះកសាងឡើង តាំងពី ៩៤៧ ស័ក3 (គ.ស.១០២៥) ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី ១ ។ កាលនោះព្រះរាជា ទ្រង់ទទួលប្រោសព្រះរាជទាន តាមសេចក្ដីក្រាបបង្គំទូលស្នើអំពីអ្នកប្រាជ្ញម្នាក់ឈ្មោះ "ជង្ឃាល" ហើយដែលមានសន្មតនាមមួយទៀតថា លក្ស្មិន្ទ្របណ្ឌិត ។ លោក ជង្ឃាល បានរកឃើញទីដីមួយកន្លែងក្នុងតំបន់មួយ ហៅថា សិទ្ធិបុរ (ត្រង់កន្លែងទឹកឆាសព្វថ្ងៃ) មានទំនងស្រឡះស្រឡំល្អ ក៏ទូលស្នើចំពោះព្រះរាជា សុំទីនេះធ្វើជាអារាម សម្រាប់ធ្វើសក្ការបូជាចំពោះសាសនាព្រាហ្មណ៍ ដោយថ្វាយទាំងសេចក្ដីព្រាងសព្វគ្រប់ សម្រាប់រៀបចំកន្លែងនេះ ទុកជាស្នាដៃដ៏សំខាន់ផង ។ គ្រានោះ ព្រះបាទសុរ្យវរ្ម័ន ព្រះអង្គទ្រង់ប្រោសព្រះរាជានុញ្ញាត តាមសេចក្ដីសុំ ព្រមទាំងប្រទាន នូវទ្រព្យសម្បត្តិជាច្រើនទៀត ដើម្បីជាមធ្យោបាយ ក្នុងការកសាងនេះផង ។ បណ្ឌិតជង្ឃាល ឬ លក្ស្មិន្ទ្របណ្ឌិត ចាប់ធ្វើកិច្ចការស្ថាបនានេះឡើង តាមកម្លាំងព្រះរាជទ្រព្យ និង តាមប្រាជ្ញារបស់លោកក្នុងការបញ្ចុះបញ្ចូល រកជំនួយអំពីអ្នកស្រុក លុះត្រាតែបានហើយស្រេចសព្វគ្រប់ តាមគម្រោងដែលដាក់ថ្វាយព្រះរាជាទ្រង់ទត ។ គឺនៅក្នុងប្រាសាទធំ មានតម្កល់សិវលិង្គមួយនៅកណ្ដាល សន្មតនាមលិង្គនោះថា "ស្រីភទ្រេស្វរៈ" និងទេវរូបពីរអមសងខាង, មួយមាននាមថា "បរមេស្វរៈ) មួយទៀតថា "សរស្វតិ" ។ ចំពីមុខ, ទិសខាងកើត មានគុហាមួយទៀត ជាទេវស្ថាន មានទំហំតូច ដែលសព្វថ្ងៃយើងឃើញបាក់ធ្លាក់ថ្មគរជាគំនរ កប់ក្នុងព្រៃក្បែរប្រឡាយទឹកជ្រោះ មានតែស៊ុមទ្វារមួយនៅសល់ គ្រាន់ជាការបង្ហាញហេតុ តែប៉ុណ្ណោះ ។ ស្ថាបត្យករ បានចាត់ការជីកស្រះមួយយ៉ាងធំទូលាយ នៅចំហៀងខាងស្ដាំនៃប្រាសាទ ឲ្យឈ្មោះថា "លក្ស្មិន្ទ្រដាក" ហើយប្រតិស្ឋានលិង្គមាសមួយ តម្កល់នៅកណ្ដាលស្រះផង ។ ព័ទ្ធជុំវិញនៃទីបរិវេណនេះ មានការរៀបចំបានជាស្រុកភូមិមួយ យ៉ាងស្ដុកស្ដម្ភ ដោយប្រជុំអ្នកស្រុកជិតខាង ឲ្យមករស់នៅជួបជុំកុះកុំគ្នាឡើងក្នុងសម័យនោះ ។ ដូច្នេះ បរិយាកាសក្រុងថ្មីនេះឯង ក៏បានជាសភាពអ៊ឹកធឹកឡើង ។

ក្រោយដែលរៀបចំរួចស្រេច លក្ស្មិន្ទ្របណ្ឌិត បាននាំព័ត៌មានចូលក្រាបបង្គំទូលព្រះបាទសុរ្យវរ្ម័នទី ១, ព្រះអង្គក៏ទ្រង់ស្ដេចយាងប្រារព្ធពិធីសម្ពោធទីកន្លែងនេះ យ៉ាងមហោឡារិក នៅក្នុងឆ្នាំ ៩៤៧ ស័ក (គ. ស. ១០២៥) ដែលយើងចង្អុលម្ដងមកហើយពីខាងលើ ។ ក្នុងព្រះរាជពិធីសម្ពោធនេះ ព្រះរាជាទ្រង់ប្រោសប្រទាននូវធនធាន ជាប្រដាប់ប្រើប្រាស់, ពួកពលព្រះ ២៩ នាក់, ដីស្រែនៅជុំវិញប្រាសាទ និងស្រះទឹកនេះទាំងអស់ ព្រមទាំងទីលានធំៗ សម្រាប់ប្រកបពិធី ឬ ជាគ្រឿងលំអ, ទុកជាទ្រព្យផ្ទាល់នៃគុហានេះផង ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានប្រោសព្រះរាជទាន នាមទីកន្លែងនេះ ថា "លក្ស្មិន្ទ្របថ" ដោយនិយមតាមនាមបណ្ឌិត អ្នកកសាង ។

សេចក្ដីហូរហែ ដូចអធិប្បាយមកនេះហើយ ជាប្រវត្តិដើមនៃប្រាសាទ និង ទីកន្លែងទឹកឆា ។

ឥឡូវ យើងអធិប្បាយពីទ្រង់ទ្រាយ ដែលនៅជាតម្រាយ សល់មកដល់សព្វថ្ងៃនេះម្ដង ព្រោះសម្រាប់ជួយណែនាំផ្លូវពពួកទេសចរយើងដែលត្រូវការទស្សនាទីកន្លែងនេះផង ។

សព្វថ្ងៃ ស្រះបុរាណ ដែលយើងពោលខាងលើថា ជាស្នាដៃបណ្ឌិតជង្ឃាលនោះហើយ ដែលជាធ្នារទឹកដ៏ធំមួយ នៅចំមុខទំនប់ ដែលក្រសួងកសិកម្ម ទើបនឹងស្ថាបនាឡើង ក្នុងបច្ចុប្បន្ននេះ ។ រីឯប្រឡាយទឹកនេះសោត ហូរធ្លាក់ពីសីសប្រភពនៅទិសខាងជើង ក្នុងខែត្រកំពង់ធំឯណោះ ហើយហូរត្រង់មកត្បូង, លុះមកដល់ចំហៀងប្រាសាទនេះ ក៏ធ្លាក់ទឹកចូលក្នុងរង្វះធំមួយដែលយើងហៅថា "ធ្នារ" ខាងលើនេះឯង ។ ពីបុរាណមក ទឹកដក់ពេញព្រៀបនៅត្រង់នេះ តែមានកូនជ្រោះតូច ។ បែកមែកធាង នាំបង្ហូរយកទឹកទៅចាក់បញ្ចូលដីស្រែ នាភូមិជិតខាងនេះ មានភូមិក្រូច ក្នុងស្រុកព្រៃឈរនោះជាដើម ។ អាស្រ័យប្រឡាយចាស់ដូច្នេះហើយ បានជារាជការខាងកសិកម្ម ចាត់ចែងក្នុងពេល ៥-៦ ឆ្នាំកន្លងទៅនេះ ធ្វើជាទំនប់មួយ រក្សាទឹកក្នុងធ្នារនេះ ឲ្យរឹតតែច្រើនឡើង សម្រាប់បន្ថែមកម្លាំង ឲ្យហូរទៅតាមប្រឡាយ ដែលគេជីកធ្វើសំអាតជាថ្មី នាំទឹកទៅចាក់ចែកឲ្យស្រែអ្នកស្រុក បានជាច្រើនពាន់ហិកតារ ក្នុងស្រុកព្រៃឈរ និង ស្រុកបារាយណ៍ ។

ប្រឡាយទឹក ដែលហូរនាំទឹកត្រង់មកពីទិសខាងជើង កាត់មកខាងត្បូង ធ្លាក់ចូលធ្នារធំរួចហើយ ក៏ឆ្ពោះទៅលិចត្រង់ទៅវិញ, ដូចនេះ ប្រឡាយទឹកត្រង់ទឹកឆា មានសណ្ឋានបីដូចជាកែងជាងឈើ ជាកន្លែងដែលគេងូតទឹកលេងសព្វថ្ងៃ គឺនៅចំត្រង់កែងនោះឯង, បើនរណាចូលចិត្តទឹករាក់ ក៏ងូតក្នុងប្រឡាយចាស់ខាងជើងទំនប់ ព្រោះប្រឡាយនេះ បាតក្រោមមានទទឹង ប្រមាណជា ៤ ឬ ៥ ម៉ែត្រដែរ ។ ទឹកថ្លាឈ្វេង មើលឃើញបាតរាបស្មើ ដែលមានកូនថ្មដុំតូចៗ តម្រៀបត្រៀបត្រា គួរឲ្យចង់រើសយកមកមើល ឬ អង្អែលលេង ។ កូនត្រីមួយហ្វូងៗ រត់ច្រាសទឹកហូរ ប្រដេញគ្នា ។ ឯអ្នកដែលចេះហែល ចូលចិត្តហែលលេងក្នុងផ្ទៃទឹកជ្រៅ ផ្នែកខាងត្បូងតំបន់ ដែលជាធ្នារទឹកធំល្ហល្ហាច ។ ជុំវិញរង្វះទឹកនេះ មានដើមឈើខ្ពស់ៗ ស្រោងស្រឹង ដុះខ្នាន់ខ្នាប់ នាំឲ្យបានជាជម្រក នៃទេសចរ ដែលទៅលេងកម្សាន្តផង និងជាទីជ្រកនៅនៃសត្វបក្សាបក្សី ដែលស្រែកឆ្លើយឆ្លងគ្នា បញ្ចេញសូរចម្លែកៗ រឹតតែបង្កើនដួងចិត្តពួកទេសចរ ឲ្យអណ្ដែតអណ្ដូងថែមឡើងទៀតផង ។

ក្រោយពីងូតទឹកជម្រះកាយហើយ ទេសចរ អាចដើរទៅមើលដំណែលប្រាង្គប្រាសាទបុរាណ ដូចមានប្រវត្តិ ដែលយើងអធិប្បាយមកខាងលើរួចហើយ ។ ជាដំបូង, គេទៅមើលទេវស្ថានខាងកើតសិន ព្រោះនៅជាប់នឹងប្រឡាយ ត្រង់ទីដែលគេងូតទឹកនេះតែម្ដង ចម្ងាយពីវាលទៅ ប្រមាណជា ៥០ ម៉ែត្រប៉ុណ្ណោះ, គឺដើរតាមផ្លូវជើងទក់ៗ ត្រង់ទៅកើតងាកខាងស្ដាំ មើលក្នុងកន្ត្រប់ព្រៃ ដែលមានវល្លិដុះពាក់ព័ទ្ធគ្នា ប្រតោងទៅដើមឈើគ្របជិតពីលើ ។ ប្រសិនជារដូវប្រាំងជាការស្រួលងាយ តែបើរដូវវស្សា មានដើមបន្លាស្អិតដុះខ្នាន់ខ្នាប់ នាំឲ្យពិបាករុករុលចូល ទៅណាស់ ។ ទីនោះមានតែគំនរថ្មបាយក្រៀមបួនជ្រុងទ្រវែងៗ ប្រគងប្រគាក់លើគ្នា មានទាំងដីជាប់ជិតពីលើ នាំឲ្យដុះកូនឈើតូចតាច គ្របដណ្ដប់ដំណែលនេះផង គ្រាន់តែមានរាងជាខ្លោងទ្វារមួយ គឺមានថ្មដំវែងៗ បញ្ឈរពីរ និងគងពីលើមួយ សល់ជាដំណែលអាចឲ្យសំគាល់បានថា ជាខ្លោងទ្វារតែប៉ុណ្ណោះ ។

មើលទីនេះរួចហើយ គេថយមកតាមផ្លូវដដែលវិញ, ដើរតាមប្រឡាយទឹកបត់កែងងាកទៅស្ដាំ គឺទៅលិចប្រមាណជា ២០០ ម៉ែត្រ មានស្ពានបេតុង ដែលជាទំនប់ សម្រាប់ទប់កុំឲ្យទឹកហូរខ្លាំងពេក កាលណាបើមានទឹកតិច ហើយមាត់រង្វះនេះ អាចបើកឲ្យហូរខ្លាំងបាន, កាលណាបើមានទឹកច្រើនបរិបូណ៌ គឺថាត្រង់នេះ ជាតំបន់មាត់រង្វះបើក-បិទប្រឡាយទឹក តាមគេត្រូវការ ម្ល៉ោះហើយបានជាពីខាងលើ ត្រូវធ្វើឲ្យមានសណ្ឋានដូចជាស្ពាន ដែលអាចឲ្យគេដើរឆ្លងបាន ។ ឆ្លងពីកូនស្ពាននេះទៅ យើងនឹងប្រទះផ្លូវលំស្រឡះស្រឡំ នៅបណ្ដោយអែបប្រឡាយនេះឯង ។ យើងបែរស្ដាំ ដើរតាមផ្លូវលំនេះ ប្រមាណជា ២០០ ម៉ែត្រទៅទៀត ស្រាប់តែប្រទះនៅខាងឆ្វេងដៃយើង នូវគំនរថ្មបាយក្រៀម ដែលរុះធ្លាក់រប៉ាត់រប៉ាយបង្គរគ្នាខ្លះ នៅជាប់តម្រៀបគ្នាជាកំពែងបន្ទាយខ្លះ ប៉ុន្តែគ្មានក្បាច់រចនាឆើតឆាយទេ ។ មិនតែប៉ុណ្ណោះ មានដើមស្រឡៅ, ដើមឈើទាល, ដើមសំរោង ដុះចាក់ឫសច្រវាត់ច្រវែងដូចពស់លូនប្រពាក់ប្រព័ន្ធគ្នា ពីលើគំនរថ្ម ឬ លើកំពែងថ្មនេះ មានទំហំពីរឱប ឬ បីឱបមនុស្ស ខ្ពស់លលៃ ងើយមើលជ្រុះឈ្នួតពីក្បាល ។ ត្រង់នេះ នាំឲ្យយើងនឹកស្ងើចរន្ធត់ចិត្ត ព្រោះទំហំដើមឈើដ៏ធំមហិមាទាំងនោះ ពុំគួរណាដុះលើគំនរថ្មទាំងនេះកើតសោះ ហើយថ្មនេះទៀត ក៏ពុំគួរណានឹងទ្រទម្ងន់ដើមឈើដ៏សម្បើមៗ ទាំងនេះរួចឡើយ ។ កំពុងតែគិតយ៉ាងនេះ យើងស្រមៃភ្លែត ទៅដល់ប្រាសាទតាព្រហ្មនៅវង់អង្គរ ដែលមានភាពទ្រុឌទ្រោម ហើយមានដើមឈើធំ ដុះគ្របសង្កត់ជាច្រើនកន្លែង ពាសពេញតែបរិវេណប្រាសាទ ដែលមានទំហំធំទូលាយ ជាងគុកព្រះធាតុ ដែលយើងអធិប្បាយនេះទៅទៀត ។

យើងឈានជើងចូលទៅ ក្នុងបរិវេណគុកគុហាបុរាណនេះ យើងប្រទះឃើញរាងរៅជាបួនជ្រុងទ្រវែង បែរមុខឆ្ពោះទៅខាងកើតចំ មានតែទ្វារចូលពីរខាងកើតមក, ឯខាងជើង និង ខាងត្បូង មានតែបង្អួចបីធំវែង ប្រកបដោយចម្រឹងថ្ម ក្រឡឹងជាក្បាច់ជើងទៀន, ចំណែកខាងលិចចំ ពុំមានទ្វារបង្អួចទេ ។ សព្វថ្ងៃ ជញ្ជាំងជុំវិញ នៅគង់ទ្រង់នៅឡើយ ដែលយើងនិយាយមកហើយថា មានដើមឈើធំៗ ដុះពីលើនោះឯង ។ រីឯដំបូល ឬ កំពូលប្រាង្គវិញ គ្មាននៅសល់បន្តិចទេ, សព្វថ្ងៃ នៅតាលហាលរកឲ្យយើងសន្និដ្ឋានថា តើប្រាង្គគុហានេះ ពីដើមឡើយ មានកំពូលដូច្នេះ ឬ ដូច្នោះពុំបានឡើយ, ឃើញមានតែថ្ម ធ្លាក់មកគរនៅកណ្ដាលបរិវេណ តែមានថ្មខ្លះមានរាងរៅទំនងជាថ្នាក់កំពូល គឺក្បាច់ត្របកឈូក ដែលគេសម្រាប់បន្តុបធ្វើជាកំពូលប្រាង្គ ធ្លាក់មកគរលាយឡំជាមួយថ្មដទៃទៀតច្រើនផង ។ ទំហំតួប្រាសាទនេះ មានបណ្ដោយប្រមាណ ២០ ម៉ែត្រ ទទឹង ១៥ ម៉ែត្រប៉ុណ្ណោះ ។ ដុំថ្មទាំងនោះ ភាគច្រើនជាថ្មបាយក្រៀម ពុំសូវមានថ្មសំលៀង ដែលឆ្លាក់ជាក្បាច់ក្បូរឆើតឆាយអ្វីឡើយ ប្រទះឃើញតែផ្ដែ (Linteau) មួយ ដែលមានឆ្លាក់ជារូបព្រះនារាយណ៍ នៅចំកណ្ដាល និង ក្បាច់ស្លឹកភ្ញីនៅព័ទ្ធព័ន្ធជុំវិញ ។

ការទស្សនាបុរាណដ្ឋាននេះ ធ្វើបានស្រួលតែនៅរដូវប្រាំង ជាជាងរដូវវស្សា ហើយពេលថ្មើរម៉ានក៏មិនទាស់ ព្រោះមានដើមឈើធំៗ ត្រជាក់ត្រឈៃ មិនព្រួយពីក្ដៅឡើយ, ប៉ុន្តែពេលល្ងាច ឆាប់ងងឹតបន្តិច ដោយសារម្លប់ឈើធំទាំងនោះ ។ ភាគច្រើន អ្នកទស្សនាទីកន្លែងនេះ គេចូលចិត្តទៅនៅពេលព្រឹក ប្រមាណជាម៉ោង ៨-៩ ព្រោះបានឱកាសវែងបន្តិច គឺទៅដល់ហើយ គេទស្សនាពីបុរាណទាំងនេះ ឲ្យសព្វគ្រប់រហូតដល់ម៉ោង ១១-១២ ថ្ងៃត្រង់, បន្ទាប់មក គេរៀបម្ហូបម្ហាអាស្រ័យតាមបែបដើរព្រៃ, អាស្រ័យរួច គេសម្រាកដេកលេង ក្រោមដើមឈើដ៏ត្រជាក់ត្រឈៃរហូតម៉ោង ២-៣ ទើបក្រោកឡើង ងូតទឹកលេង លុះដល់ម៉ោង ៤-៥ រសៀល ទើបចេញដំណើរត្រឡប់មកលំនៅវិញ ។ បើជួនជាដំណើរវិលត្រឡប់នេះ ជាពេលរសៀលទាបខ្លាំងបន្តិចផង, សម្រែកបក្សី និង ជំនោរពេលល្ងាច រណ្ដំស្លឹកឈើ ព្រមជាមួយកម្មរស្មីដ៏ស្រទន់នៃព្រះសុរិយាហៀបនឹងអស្ដង្គត ច្បាស់ជារត់មកបបោសអង្អែលដួងចិត្ត នៃទេសចរមិនឲ្យដាច់អាល័យបានឡើយ ហាក់ដូចជាបណ្ដុះសេចក្ដីនឹករលឹកមួយ ឲ្យមកលេងទីនេះ នៅពេលណាមួយទៀតជាមិនខាន ។



1: សហ. លី-ធាមតេង រៀបរៀង ។

2: លេខសំគាល់ Cote D. 61. ។

3: G. Cœdès, Inscription du Cambodge, Tome V, pp 222-228 ។

រឿង ភ្នំ​ប្រសិទ្ធិ1

(ខេត្តកណ្ដាល)
ប្រជុំរឿងព្រេងខ្មែរ ភាគ ៦ ទំព័រ ១-៨

ដែលអ្នកស្រុកហៅថា "ភ្នំប្រសិទ្ធិ" គឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នា ។ ប៉ុន្តែដោយការចែកព្រំប្រទល់ស្រុក នៅខេត្តកណ្ដាល ភ្នំពីរនេះក៏គេត្រូវរំលែកធ្វើជាខណ្ឌព្រំប្រទល់ស្រុក ចំកណ្ដាលជ្រលងភ្នំ គឺភ្នំខាងលិច ចូលក្នុងឃុំម្កាក់ ស្រុកអង្គស្នួល, ឯភ្នំខាងកើត នៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាលដូចគ្នា ។ ភ្នំទាំងពីរនេះ ភ្នំខាងលិច មិនមានរឿងរ៉ាវ ឬ កន្លែងបរមបុរាណអ្វី គួរគប្បីនឹងលើកយកមកអធិប្បាយទេ គឺមានតែភ្នំខាងកើតប៉ុណ្ណោះ ដែលមានរឿងរ៉ាវច្រើន មានដំណែលចាស់ៗ ទាក់ទងដោយរឿងព្រេង ច្រើនយ៉ាង ។

កាលពីដើម អ្នកស្រុកច្រើនទុកភ្នំនេះ ជាទីកន្លែងសក្ដិសិទ្ធិសម្រាប់អ្នកស្វែងបន់ស្រន់ឲ្យសម្រេចប្រាថ្នាណាមួយ ឬ ធ្វើការសាងសីលភាវនានៅទីនោះ, តែនៅសម័យបច្ចុប្បន្ន ជំនឿទាំងនោះ ក៏ខ្សោយបន្តិចម្ដងៗ ទៅតាមការវិបត្តិនៃអារ្យធម៌ ។ ហេតុនេះ ទីភ្នំនេះឯង ទៅជាទីទេសចរណ៍មួយ សម្រាប់អ្នកស្រុកជិតឆ្ងាយ ធ្វើដំណើរទៅកម្សាន្ត នៅរាល់ពេលដែលបានទំនេរលំហែពីការងារ ។ សព្វថ្ងៃ បើទៅតាមរថយន្ត ត្រូវទៅតាមផ្លូវជាតិលេខ ៥ គឺផ្លូវពីភ្នំពេញទៅបាត់ដំបង លុះទៅដល់គីឡូម៉ែត្រលេខ ៣៨ ជិតដល់ផ្សារឧត្ដុង្គ មានផ្លូវជាតិលេខ ២៦ បែកចូលទៅខាងឆ្វេងដៃ ។ ចូលទៅតាមផ្លូវនេះ អស់ចម្ងាយ ១៦ គីឡូម៉ែត្រទៀត ទើបត្រូវបត់ចូលតាមផ្លូវលំមួយនៅខាងឆ្វេងដៃ បន្តទៅទៀត ទើបដល់ជើងភ្នំនេះ ។

នៅនឹងចង្កេះភ្នំ ផ្នែកខាងជើង មានព្រះវិហារមួយ គ្របប្រក់លើព្រះពុទ្ធបដិមាករចូលនិព្វានមួយអង្គ សាងដោយថ្មយ៉ាងធំ មានបណ្ដោយប្រមាណជា ២៧ ម៉ែត្រ ។ ត្រង់នេះអ្នកស្រុកហៅថា "កន្លែងព្រះនិព្វាន" ។ នៅខាងក្រោមកន្លែងព្រះនិព្វាននេះបន្តិច មានរូងដីមួយកន្លែងទទឹងប្រមាណ ៥ ម៉ែត្រ បណ្ដោយ ៦ ម៉ែត្រ ជារូងទាល់ តែមានមកពីអង្វែងកាលហើយ ។ ខាងកើតរូងដីនេះបន្តិច មានថ្មមួយផែនយ៉ាងធំ ហើយមានសភាពចម្លែកត្រង់មានស្នាមជើងសេះ និង ស្នាមជើងមនុស្ស ទ្រុឌជាប់នៅនឹងថ្មនោះ, ប៉ុន្តែ ដោយសារពេលវេលាយូរលង់ពេក, សព្វថ្ងៃ ក៏រលប់ខ្លះៗ ទៅហើយ ។ ខាងត្បូងថ្មដាមានស្នាមនេះ មានខឿនថ្មមួយកន្លែង អ្នកស្រុកហៅថា "ឥសីចង្ក្រម" ។

លុះឡើងដល់កំពូលភ្នំ មានព្រះវិហារមួយ ជាសំណង់ចាស់បុរាណដែរ មានទទឹង ៨ ម៉ែត្រ, បណ្ដោយ ១៥ ម៉ែត្រ, អ្នកស្រុកសន្មតនាមព្រះវិហារនេះហៅថា "វិហារត្រៃត្រិង្ស" ។

អំពីរឿងព្រេង ដែលទាក់ទងនឹងទីកន្លែងទាំងនោះ មានដោយឡែកៗ ពីគ្នា ដែលយើងលើកយកមកអធិប្បាយ មួយម្ដងៗ ដូចតទៅ ៖

១- អំពីរូងដី និង ឥសីចង្ក្រម

ចំពោះទីកន្លែងទាំងពីរនេះ មានរឿងព្រេងតែមួយ គឺ រឿង "បក្សីចាំក្រុង" ។សេចក្ដីពិស្ដារនៃរឿងព្រេងនេះ យើងបានបោះពុម្ពក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរ ភាគ ៥ ត្រង់រឿងព្រះវិហារសួ រួចសព្វគ្រប់ហើយ, ឥឡូវ យើងចោះយកតែត្រង់អន្លើ ដែលមានទាក់ទង នឹងទីកន្លែងត្រង់នេះ មាននិយាយបញ្ជាក់ តែប៉ុណ្ណោះ ។

សេចក្ដីដំណាលថា ៖ កាលដែលស្ដេចដំបងគ្រញូងជ្រែករាជ្យនោះ ក៏បានឡើងគ្រប់គ្រងរាជ្យរហូតមក ។ ប៉ុន្តែ រាជសម្បត្តិនេះ ពុំបានសុខសាន្តទេ នៅរយៈពេលតែ ៧ ឆ្នាំ និង ៧ ខែប៉ុណ្ណោះ មានអ្នកមានបុណ្យម្នាក់ គឺពញាក្រែក មកដណ្ដើមរាជ្យជាបន្តទៅទៀត ។ ដំណើររឿង មុននឹងបានរាជ្យទៅព្រះបាទពញាក្រែកនោះ, ព្រះបាទដំបងគ្រញូងបានធ្វើទុក្ខទោស ដល់ញាតិវង្សក្សត្រអង្គមុន សន្ធឹកណាស់, ហេតុនេះ បានជាពៀរវេរាមកដល់ព្រះអង្គវិញ គឺក្រោយដែលព្រះបាទពញាក្រែកឡើងសោយរាជ្យហើយ ក៏ចេញបញ្ជាឲ្យចងអាឃាតព្យាបាទវិញដែរ ។ ប៉ុន្តែនៅពេលនោះ មានអ្នកម្នាងមួយនោះ មានគភ៌ រត់ទៅពួនស្នាក់នៅនឹងលំនៅញាតិសន្ដានជារាស្ត្រ ។ ថ្ងៃមួយមានហេតុចម្លែកជាប្រផ្នូល, ព្រះបាទពញាក្រែក ក៏ឲ្យហោរាគន់គូរមើល, ហោរក្រាបទូលថា មានអ្នកមានបុណ្យម្នាក់ទៀត ចាប់បដិសន្ធិក្នុងផ្ទៃរបស់អ្នកម្នាង នៃស្ដេចដំបងគ្រញូងឋិតនៅទិសណាៗ ក៏ក្រាបទូលសព្វ ។ វេលានោះ ព្រះពញាក្រែក ក៏ឲ្យពេជ្ឈឃាដ តាមរកឃើញ យកមកកាប់សម្លាប់ចោលទៅ ។ តែពេលកាប់នោះ ទារកនោះឯង ក៏រត់ឡើងពីពោះ ទៅនៅក្នុងទ្រូងម្ដាយ លុះត្រាតែពេជ្ឈឃាដទៅផុត ទើបទារកចេញចាកផ្ទៃមាតាមកនៅកណ្ដាលវាល ។ ពេលនោះ ក៏ចុះមកកាងស្លាប គ្របដណ្ដប់ទារកកុំឲ្យក្ដៅ, ជួនជាមានបុរសចាស់ម្នាក់ឈ្មោះគោហេ គាត់ភ្ជួរដីហើយដើររូតរះទៅផ្ទះ ប្រទះឃើញទារកនេះ គាត់ក៏បីកុមារទៅទុកថែរក្សា ។ អស់រយៈពេល ៧ ឆ្នាំ ស្ដេចឲ្យហោរគន់គូរម្ដងទៀត ព្រះអង្គជ្រាបថាអ្នកមានបុណ្យនោះពុំទាន់ស្លាប់ទេ ទ្រង់ត្រាស់ឲ្យប្រមូលយកក្មេងអាយុ ៧ ឆ្នាំ ទាំងអស់មកផ្ដិតមើលក្រយៅដៃ ។ ពេលនោះតាគោហេ ក៏ត្រូវគេកេណ្ឌឲ្យយកចៅចិញ្ចឹមគាត់មកផ្ដិតដែរ ស្រាប់តែមានរូបកងចក្រនៅបាតដៃចៅគាត់ ដែលត្រូវគេយកទៅប្រហារចោល ព្រោះសំគាល់ថា ជាអ្នកមានបុណ្យ ។ ប៉ុន្តែ តាគោហេ លួចកញ្ឆក់ចៅពរត់គេច ដោយមានសត្វកាងស្លាបគ្របពីលើ រហូតទាល់តែបាត់ផុតពីមុខបណ្ដាជនអ៊ូអរទៅ ។ សេនាអមាត្យនាំគ្នាតាមកិតៗ ដែរ តែពុំទាន់ ។ តាគោហេ នាំកុមារនេះ ពីស្រុកមួយទៅស្រុកមួយ ដូចជាកាត់ទន្លេធំ ត្រង់រកាកោងឆ្លងទៅល្វាទេរ ដល់វិហារសួ2 តែពុំបាត់ភិតភ័យសោះ ត្បិតទ័ពគេចេះតែដេញតាមពុំឈប់ឈរ ។ កាលនោះ គាត់នាំកុមាររត់ពីវិហារសួ ឆ្លងទន្លេមកខាងលិចហើយឆ្លងកាត់ភូមិក្បែរមាត់ទន្លេ ទៅរកទីភ្នំ ដើម្បីងាយស្រួលពួនស្នាក់អាស្រ័យ ។ គាត់ទៅពួននៅភ្នំមួយ ក្នុងខេត្តសំរោងទង (ដែលសព្វថ្ងៃហៅថាភ្នំប្រសិទ្ធិនេះ) ។ ទីភ្នំនេះ ពុំមានជនសាមញ្ញណាទៅដល់ទេ កាលពីសម័យនោះ, ដូច្នេះហើយ បានជាតាគោហេ យល់ឃើញថា ជាទីសុខសាន្ត ។ មិនតែប៉ុណ្ណោះ ទីនោះឯង ជាទីអាស្រមបទ នៃពពួកឥសីទាំងឡាយ ធ្វើចង្ក្រមភាវនារាល់ថ្ងៃផង3 ។ តាំងពីមកនៅកន្លែងនេះ ក៏បានប្រកបនឹងសេចក្ដីសុខស្រួលមែន ។

លុះដល់ព្រះបាទពញាក្រែកសោយរាជ្យអស់កាលដ៏យូរមក ក៏សោយព្រះទិវង្គតទៅ ទើបមន្ត្រីរាជការទាំងអស់ ស៊ើបសួររករាជកុមារ ជាបុត្រអតីតមហាក្សត្រ ដើម្បីដង្ហែឡើងគ្រងរាជ្យ ។ ទទួលពេលនោះ លេចឮល្បីព្រះនាមកុមារព្រះរាជបុត្រមួយព្រះអង្គ ដែលនៅជាមួយតាគោហេ ហើយដែលអ្នកស្រុកស្គាល់ព្រះនាមថា "បក្សីចាំក្រុង" ព្រោះតាគោហេ បានថ្វាយនាមនេះ តាំងពីគាត់បានឃើញបក្សី តាមកាងស្លាបលើរាជកុមារ ពីតូចនោះមកម្ល៉េះ ។ អស់ពួកសព្វមុខមន្ត្រី នាំគ្នាទៅដង្ហែយកព្រះរាជកុមារ បក្សីចាំក្រុង ហើយរៀបអភិសេកគ្រងរាជ្យសម្បត្តិទៅ ។

ក្រោយពីបានឡើងគ្រងរាជ្យហើយ ព្រះអង្គក៏ចាត់ឲ្យសាងព្រះពុទ្ធរូប ព្រះវិហារ ទុកជាទីគោរពនៅលើភ្នំនេះ ហើយសន្មតនាមទីភ្នំនេះថា "ភ្នំឫសីសិទ្ធិ" បានន័យថាភ្នំរបស់ឥសី សឹងប្រកបតាមប្រាថ្នា, ព្រោះកាលដែលរស់នៅលើភ្នំនេះ តាគោហេ តែងតែបន់ស្រន់ជារឿយៗ សុំបួងសួងឲ្យរាជកុមារបានឡើងគ្រងរាជ្យ, លុះឥឡូវនេះ ក៏បានសម្រេចដូចប្រាថ្នាមែន ទើបបានជាសន្មតទីនេះថាដូច្នេះ ។

២- អំពីផែនថ្មមានស្នាមជើងសេះ

ចំពោះស្នាមជើងសេះ នៅលើផែនថ្ម តាមចាស់ទុំនិយាយថា ៖ ទាក់ទងមកពីរឿងចៅឫទ្ធិសែន និងនាងកង្រី ត្រង់ដែលឫទ្ធិសែនយកសំបុត្រនាងសន្ធមា ទៅឲ្យនាងកង្រី ហើយទៅដេកស្នាក់នៅក្បែរទីអាស្រមបទនៃមហាឥសី ។ ពេលនោះ មហាឥសីលួចមើលសំបុត្រឃើញនាងសន្ធមា បង្គាប់ឲ្យនាងកង្រីជាកូន សម្លាប់កុមារនេះចោលទៅ នៅពេលដែលទៅដល់, ឥសីក៏លួចហែកសំបុត្រចោល ក្លែងសំបុត្រសាជាថ្មី ឲ្យនាងកង្រី ទទួលយកបុរសនេះធ្វើជាប្ដី កាលបើឃើញកុមារនេះទៅដល់4 ។

គឺត្រង់កន្លែងនេះហើយ ដែលមានផែនថ្មធំ នៅទៀបកន្លែងឥសីចង្ក្រម ។ គឺនៅពេលកុមារឫទ្ធិសែន ត្រឡប់មកវិញ ដោយប្រញាប់ប្រញាល់ រត់ចោលនាងកង្រីនោះ ក៏មកកាត់ទីកន្លែងនេះទៀត បានជួបនឹងឥសី, ឥសីឲ្យទានស្លឹកឈើ ហើយឲ្យហោះរត់ ។ គឺលើផែនថ្មនេះហើយ ដែលឫទ្ធិសែនចាប់បំផាយសេះ លោតផ្លោះហោះឡើង បានជាមានស្នាមជើងសេះ ទ្រុឌជាប់នឹងផ្ទាំងថ្ម ត្រង់នោះឯង ។

បើពោលដោយសង្ខេបទៅ បុរាណដ្ឋាននេះ ជាទីដំណែល អំពីមហាក្សត្រអង្គណាមួយ ក្នុងអតីតកាលមែន ប៉ុន្តែពុំមានដ្ឋាន ខាងអក្សរចារឹកឲ្យច្បាស់លាស់ ជាព័ត៌មានពិតប្រាកដប្រជាបានឡើយ, យើងយល់បានត្រឹមតែសេចក្ដីសន្និដ្ឋានប៉ុណ្ណោះ ដោយសង្កេតយកតាមរូបភាព ទីកន្លែង និងសេចក្ដីនិទានខ្លះ របស់អ្នកស្រុក ដែលចេះតែចាំតៗ គ្នាប៉ុណ្ណោះ ។ ដូច្នេះ, បើយើងសន្មតកំណត់ឲ្យជាក់ស្រេច ថាក្សត្រអង្គណាជាអ្នកកសាង ឬ ការកសាងនេះ ពីក្នុងរជ្ជកាលណានោះ ពុំទាន់បាននៅឡើយទេ ។ ការងារនេះ នៅក្នុងការស្រាវជ្រាវតែរាល់ថ្ងៃ ។

ក្រៅអំពីសេចក្ដីពិចារណារិះរេខាងទីតាំង និងប្រវត្តិពង្សាវតារដែលយើងលើកយករឿងព្រេងមកបញ្ជាក់ តាមលំអានអ្នកស្រុកចេះចាំតៗ គ្នាមកនេះ, យើងងាកបែរទៅខាងទេសភាព នៃព្រៃព្រឹក្សានៅលើទីនេះម្ដង ។ តាមពិត, ភ្នំនេះ ពុំមែនជាព្រៃស្រោង ប្រកបដោយឈើឡើយ, សភាពព្រៃ ជាសភាពព្រៃរបោះ ដែលមានតែកូនឈើតូចៗ គ្របដណ្ដប់លើដីខ្សាច់សៗ នៅចន្លោះៗ ដុំថ្មធំៗ ហើយថ្មទាំងនោះ ភាគច្រើនក៏មានពណ៌សដែរ ។ ហេតុនេះ បានជាភ្នំនេះទៅជាកន្លែងយកថ្មសម្រាប់ធ្វើផ្លូវរថភ្លើង និង យកមកប្រើប្រាស់សព្វយ៉ាងនៅក្នុងក្រុងភ្នំពេញសព្វថ្ងៃ ។

រួមសេចក្ដីមក ភ្នំប្រសិទ្ធិសព្វថ្ងៃ ជាទីទេសចរណ៍ សម្រាប់ជនរួមជាតិយើង មួយកន្លែងយ៉ាងសំខាន់ដែរ, បានជាមានរថយន្តទេសចរ ចេញចូលជាញឹកញាប់ រៀងរាល់ថ្ងៃអាទិត្យ និង ថ្ងៃបុណ្យផ្សេងៗ ដែលអ្នកធ្វើការងារបានឈប់សម្រាក ។

1:
អត្ថបទនេះ សហ. លី ធាមតេង រៀបរៀងតាមលំនាំឯកសារទំនៀមទម្លាប់ ។

2:
សូមអានរឿងនេះ នៅក្នុងប្រជុំរឿងព្រេងភាគ ៥ ត្រង់ទំព័រ ៣៩ ដែលផ្សាយចេញពីក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ។

3:
ហេតុនេះបានជាសព្វថ្ងៃសល់កន្លែងមួយជាខឿនថ្ម នៅលើភ្នំនេះ អ្នកស្រុកហៅទីនេះថា "ឥសីចង្ក្រម" ។

4:
សូមមើលសៀវភៅប្រជុំរឿងព្រេងខ្មែរភាគ ៥ ត្រង់រឿងនេះផង ។

Flag Counter