ពុទ្ធសាសនបណ្ឌិត្យ

សារលិខិត​រំលែកទុក្ខជូនក្រុមគ្រួសារសព លោក​គ្រូ​ព្រឹទ្ធសាស្ត្រាចារ្យ វិជ្ជា​ធម្មគរុ បណ្ឌិត ទេព ផុន

នៅរសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំគណ:ប្រតិភូមិក្រសួងធម្មការ និងសាសនា  គោរពវិញ្ញាណក្ខន្ខព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ បណ្ឌិត ទេព ផុន ដែលជាមរតកមនុស្សរស់ ក្នុងនោះដែរក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកសាលិខិតរំលែកទុក្ខ និងថវិកា១០លានរៀលផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនក្រុមគ្រួសារសពលោកព្រឹទ្ធាចារ្យមរតកមនុស្សរស់ វិជ្ជាធម្មគរុបណ្ឌិត ទេព ផុន និងថវិការបស់ឯកឧត្តមរដ្ឋមន្ត្រីចំនួន២លានរៀលផងដែរ។ ក្នុងឱកាសដ៏ក្រៀមក្រំនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបាត់បង់ព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ បណ្ឌិត គឺជាការបាត់បង់នូវធនធានដ៏កម្រ ដែលតែងតែលះបង់ពេលវេលាចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាក្នុងការបណ្តុះបណ្តាលភាសាបាលី-សំស្ក្រឹត សាសនានិងសូមឲ្យបដិសន្ធិវិញ្ញាណព្រឹទ្ធាចារ្យ  វិជ្ជាធម្មគរុ បណ្ឌិត បានទៅកាន់ទីឋានបរមសុខជាភិយ្យោភាពតទៅ។

Read more: សារលិខិត​រំលែកទុក្ខជូនក្រុមគ្រួសារសព លោក​គ្រូ​ព្រឹទ្ធសាស្ត្រាចារ្យ វិជ្ជា​ធម្មគរុ បណ្ឌិត ទេព ផុន

ពិធីប្រគល់ព្រះរាជសង្ឃប្រកាស និងសេចក្ដីសម្រេចតែងតាំងលោកជំទាវសប្បុរសជនចំនួន ២១រូប ជាឧត្តមប្រឹក្សាផ្ទាល់-ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ព្រះរាជសង្ឃប្រកាស និងសេចក្ដីសម្រេចតែងតាំងលោកជំទាវសប្បុរសជនចំនួន ២១រូប ជាឧត្តមប្រឹក្សាផ្ទាល់-ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានការយាងនិមន្ត អញ្ជើញចូលរួមពី សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី សម្តេចព្រះមង្គលទេព្វាចារ្យ សម្ដេចរាជបុត្រី សម្តេចព្រះនាយករង សម្តេច ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយកខុទ្ទកាល័យ ឯកឧត្តមអគ្គនាយក នៅសណ្ឋាគារសហ្វីតែល។ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ សូមចូលរួមអបអរសាទរដល់លោកជំទាវសប្បុរសជនទាំង ២១រូប ដែលទទួលបានការតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ និងជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានមានប្រសាសន៍ថា៖ដោយដើរតាមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រមុខ យើងអាចសង្កេតឃើញនូវការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងសេដ្ឋកិច្ច និងសង្គមកិច្ច ដែលក្នុងនោះការប្រតិបត្តិតាមបែបសាសនាក៏ត្រូវបានជ្រោមជ្រែង និងលើកតម្កើងផងដែរ ជាពិសេស គឺព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹកអំពីគុណូបការៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់គ្រប់បែបយ៉ាង រួមទាំងអាយុជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ អធិតីយជាតិ បូរណភាពទឹកដី ឯកភាពជាតិតាមរយៈរូបមន្តឈ្នះឈ្នះ និងមិនឱ្យសត្រូវប្រមាថជាតិយើងបានឡើយ។សម្ដេចតេជោនាយករដ្ឋមន្រ្តី បានកសាងប្រទេសពីគំនរផេះផង់ដែលបន្សល់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម មកជាប្រទេសដែលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យមានសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយដោយសារ មានសុខសន្តិភាព និងការអភិវឌ្ឍន៍នេះហើយ បានធ្វើឱ្យវិស័យសាសនានៅប្រទេសកម្ពុជា មានសុខដុមនីយកម្ម ស្របតាមយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាលដំណាកកាលទី៤ ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសគឺការរីកចម្រើនផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរអស់ពីដួងចិត្តចំពោះការខិតខំប្រឹងប្រែង និងទឹកចិត្តសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនារបស់លោកជំទាវសប្បុរសជនទាំងអស់ដែលលះបង់អស់នូវបញ្ញាស្មារតី និងធនធានផ្ទាល់ខ្លួនយ៉ាងសន្ធឹកសន្ធាប់ ដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើន រួមមាន ការកសាងព្រះវិហារ ឧបដ្ឋានសាលា ចេតិយ និងសមិទ្ធផលផ្សេងៗតាមវត្តអារាមនានាគ្រប់រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែខ្ពង់ខ្ពស់ឧត្តុងឧត្តមថែមមួយកំរិតទៀត ។

Read more: ពិធីប្រគល់ព្រះរាជសង្ឃប្រកាស និងសេចក្ដីសម្រេចតែងតាំងលោកជំទាវសប្បុរសជនចំនួន ២១រូប...

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញក្រាបថ្វាយបង្គំសម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភានៃព្រះពុទ្ធសាសនា ព្រះអគ្គាធិការរង ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត

នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញក្រាបថ្វាយបង្គំសម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភានៃព្រះពុទ្ធសាសនា ព្រះអគ្គាធិការរង ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត ដើម្បីពិភាក្សាទៅលើការរៀបចំទីកន្លែងសម្រាប់បើកវគ្គបណ្តុះបណ្តាលស្តីពី«ការពង្រឹងសមត្ថភាពព្រះមន្រ្តីសង្ឃក្នុងការដឹកនាំ និងគ្រប់គ្រប់វត្តអារាម» និងមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក។ ក្នុងឱកាសនោះផងដែរ  ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ទូលប្រគេនសម្តេចថា បច្ចុប្បន្នព្រះសង្ឃ និងវត្តអារាម ក៏ដូចជាវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើននៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យនេះដើម្បីធានាឱ្យមាននិរន្តរភាពខាងជំនឿពីពុទ្ធបរិស័ទនៃអ្នកកាន់ព្រះពុទ្ធសាសនា និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តម្រូងឱ្យមានការដឹកនាំ និងគ្រប់គ្រង ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ គ្រប់គ្រងព្រះសង្ឃ និងវត្តអារាមទូទាំងប្រទេស។ ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ សូមកោតសរសើរ និងថ្លែងព្រះអំណគុណដ៏ជ្រាលជ្រៅប្រគេនចំពោះសម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិត ដែលបានចំណាយជាថវិកាសម្ភារៈក្នុងការកសាងសមិទ្ធផលជាច្រើននានាក្នុងវិស័យព្រះពុទ្ធសាសនា និងសង្គម ព្រមទាំងបានគាំទ្រ និងទទួលនូវការរៀបចំទីកន្លែង និងការចំណាយសម្រាប់បើកវគ្គបណ្តុះបណ្តាលស្តីពី«ការពង្រឹងសមត្ថភាពព្រះមន្រ្តីសង្ឃក្នុងការដឹកនាំ និងគ្រប់គ្រប់វត្តអារាម» នាពេលខាងមុខ។ ជាការឆ្លើយតបចំពោះប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីសម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិតទស្សនវីជ្ជា សូមគាំទ្រ និងទទួលយកនូវការរៀបចំនូវការបើកវគ្គបណ្តុះបណ្តាលស្តីពី«ការពង្រឹងសមត្ថភាពមន្រ្តីសង្ឃក្នុងការដឹកនាំ និងគ្រប់គ្រងវត្តអារាម» នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាគោលបំណងសំខាន់សម្រាប់គណៈសង្ឃនាយក និងថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា...

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក សៀ សំណាង ប្រធានសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូលជួបសម្តែងការគួរសម

នារសៀលថ្ងៃ ពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក សៀ សំណាង ប្រធានសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូលជួបសម្តែងការគួរសម និងប្រគល់នូវអង្ករចំនួន ៥តោន សម្រាប់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រដែលជួបវិបត្តិដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ៖ កម្ពុជាបានបើកទូលាយនូវសិទ្ធិសេរីភាពខាងជំនឿសាសនា ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដូចដែលមានចែងក្នុងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។  រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់វិស័យសាសនា ដោយបានដាក់បញ្ចូលវិស័យនេះទៅក្នុងបាវចនារបស់ជាតិគឺ “ជាតិ សាសនា ព្រះមហាក្សត្រ” ក្នុងឆន្ទះជំរុញដល់ការរីកចម្រើនទន្ទឹមគ្នា និងការអភិវឌ្ឍរួមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ ដូចដែលយើង ទាំងអស់គ្នាបានដឹងហើយថា វិស័យសាសនាបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍ និងការរក្សានូវសុខសន្តិភាព សម្រាប់សង្គមជាតិទាំងមូល។  ក្នុងនាមក្រសួងធម្មការនិងសាសនានិងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលតែងតែជួយដល់ប្រទេសកម្ពុជា និងក្រសួងធម្មការ និងសាសនាគ្រប់កាលៈទេសៈ ជាការឆ្លើយតបចំពោះប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី លោក សៀ សំណាង ប្រធានសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលតែងតែគាំទ្ររាល់សកម្មភាពរបស់សមាគម និងសូមកោតសរសើរយ៉ាងស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធម្មការ និងសាសនា ដែលជួយសម្រួលចង្អុលបង្ហាញ ផ្ដល់អនុសាសន៍ និងអនុញ្ញាតឱ្យសមាគមបានចូលរួមនូវកិច្ចការមនុស្សធម៌នៅក្នុងសង្គម ដើម្បីឱ្យមានសុខដុមនីយកម្មខាងជំនឿសាសនានៅក្នងព្រះរាជាណាចក្រកម្ពុជា។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក សៀ សំណាង...

Flag Counter