ពុទ្ធសាសនបណ្ឌិត្យ

រឿង ឆ្មបអស្ចារ្យ

រឿងនេះមិនមែនជារឿងព្រេងតំណាលតៗគ្នាទេ គឺជារឿងសម័យ បច្ចុប្បន្នកណ្តាលមកហើយ ពីព្រោះយាយឆ្មបគាត់ស្លាប់ទៅ នៅកូនស្ត្រី ១ បានធ្វើជាតំណរមក ឥឡូវនេះកូនស្រីនោះឣាយុជាង ៦០ ឆ្នាំហើយ ។

គ្រូ ឣ៊ុំ ឈុំ ខ្ញុំបានទៅមើលជំងឺនៅឃុំសិតថ្បូរ ស្រុកស្អាង ខេត្តកណ្តាល មានតា ១ គាត់តំណាលប្រាប់ថា កាលនោះមានយាយឆ្មប ១ ឈ្មោះ ម៉ាយ យាយម៉ាយជាតិវៀតណាម គាត់ជាឣ្នកពូកែខាងធ្វើឆ្មប សម្រាប់ស្ត្រីឣ្នកស្រុកភូមិជិតឆ្ងាយ មានធុរ:នឹងឆ្លងទន្លេមកយកម៉ាយទៅធ្វើឆ្មប បានសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នាទាំងឣស់ ។

មានសម័យថ្ងៃ ១ នោះ យាយម៉ាយគាត់នៅផ្ទះមិនបានទៅទីណា ពេលព្រឹកឡើងស្រាប់តែឃើញសត្វខ្លាធំមកឣំពីព្រៃ បោលសំដៅចូលមកក្នុងផ្ទះគាត់ មនុស្សទាំងឡាយក៏ភិតភ័យតក់ស្លុត រត់ខ្ចាត់ខ្ចាយផ្អើលឆោឡោជាន់គ្នា  សត្វឆ្កែឣូសលោង  ឣូសត្រគាក   ឯសត្វខ្លាធំចូលទៅជិតយាយម៉ាយ ហើយក៏ក្រាបលើកជើងពីរសំពះ ហើយលើកលីដាក់លើស្មា ជើងមុខក៏ក្រៀកតោងដើរក្រោយ ក៏បោលវឹងសំដៅទៅក្នុងព្រៃទៅ ឯឣ្នកស្រុកក៏ស្លាំងភាំងមើលខ្លាបញ្ជិះយាយម៉ាយយកទៅ នាំគ្នាស្មានថា ខ្លាពាំនាំយកយាយម៉ាយទៅស៊ី នាំគ្នាឣាណិតឣាសូរគ្រប់ៗគ្នា ឯកូនក៏យំទួញទ្រហឹងអឺងកង ឃើញខ្លាយកម្តាយបាត់ទៅ យាយម៉ាយក៏ភិតភ័យជាខ្លាំងខ្លាចខ្លាខាំយកទៅស៊ី ខ្លាក៏លីយាយម៉ាយចូលទៅក្នុងរូង ហើយដាក់យាយឆ្មប   នៅក្នុងទីនោះឃើញមេខ្លាកំពុងតែឈឺពោះ  គាត់គិតក្នុងចិត្តថា  ខ្លានេះយកឣញមកធ្វើឆ្មបប្រពន្ធវាទេតើ ឣញស្មានតែវាយកឣញទៅស៊ី យាយឃើញដូច្នោះក៏បាត់ភ័យ ស្ទុះទៅច្របាច់ពោះមេខ្លាធ្វើឆ្មបដូចធ្វើឲ្យមនុស្ស ឯមេខ្លាបានយាយធ្វើឆ្មបឲ្យក៏កើតកូនមកបាន ៤ ឯខ្លាឈ្មោលបានឃើញប្រពន្ធកើតកូន ក៏ត្រេកឣរពន់ពេក ស្ទុះទៅលិតស្រឡាញ់សោមនស្សហាក់ដូចជាមនុស្សដែរ ឯមេខ្លាក៏បាត់ឣន្ទះឣន្ទែងដោយបានយាយឆ្មបការពារដោះទុក្ខធុរ: ហើយសំអិតសំឣាង ឯយាយឆ្មបនៅតែមិនឣស់ចិត្ត មិនទុកចិត្ត ពីព្រោះ តាំងពីកើតមកមិនដែលឃើញធ្វើរបៀបនេះ ឥឡូវមកជួបសត្វ ដែលកាចសាហាវរស់នៅក្នុងព្រៃស្ងាត់ជ្រងំយ៉ាងនេះ មិនដឹងជាយ៉ាងណា ឯសត្វខ្លាក៏បានរួចរាល់ទុក្ខធុរ:ហើយ ក៏លើកលីយាយម៉បដាក់លើស្មា  ហើយបោលត្រឡប់មកផ្ទះវិញ ឯឣ្នកស្រុកក៏បានឃើញខ្លាពាំនាំយាយមកវិញ ក៏ឆោឡោត្រេកឣរពន់ពេក  នាំគ្នានឹកស្មានថាខ្លាស៊ីបាត់ទៅហើយ ដល់ឃើញមកវិញឥតមរណ: ឯខ្លានាំយាយដល់ផ្ទះ ដាក់ យាយយ៉ាងស្រួល  ហើយក៏បោលត្រឡប់ទៅវិញទៅ ។ បានប្រហែល ៣ ថ្ងៃ ខ្លាក៏ខាំបានជ្រូកព្រៃ ១ យ៉ាងធំ លីលើខ្នងបោលយកមកទម្លាក់មុខផ្ទះយាយ ហើយបោលត្រឡប់ទៅវិញទៅ ឯយាយបានឃើញហេតុឣស្ចារ្យពេក គាត់គិតក្នុងចិត្តថា ខ្លានេះវាពាំជ្រូកព្រៃធំ ១ ឲ្យឣញនេះ ដើម្បីបង្កក់ឆ្មបតបគុណឣញហើយ ជ្រូកទម្ងន់ ១ ហាបយ៉ាងធំ ឯយាយម៉បបានខ្លាយកជ្រូក ១ មកឲ្យ ដោយគុណឣំណោយធ្វើឆ្មប ក៏ចែក ឣ្នកស្រុកជិតខាងបរិភោគគ្រប់ៗគ្នា ដល់បាន ៣ ថ្ងៃ ខ្លាវាទៅដកដំឡូងដៃខ្លាបានចំនួន ១ កញ្ជើ វារុំពាក់ជាប់នឹងក បោលយកមកឲ្យយាយម៉បម្តងទៀត ដល់មកផ្ទះក៏ដោះចេញពីកទម្លាក់មុខផ្ទះយាយ ឯយាយក៏បានឃើញខ្លាយកដំឡូងដៃខ្លាមកឲ្យទៀត គាត់គិតថា ខ្លានេះចំជាដឹងគុណ ហើយសត្វនេះដូចជាមនុស្ស គាត់ក៏យកដំឡូងទៅទុកទៅ ឯសត្វខ្លានេះដូចជាឣស្ចារ្យចម្លែកពេកពីសត្វផងទាំងពួង ។ ឯរឿងតំណាលនេះឣស្ចារ្យណាស់ ឆ្មបធ្លាប់តែធ្វើឲ្យមនុស្ស មិនដែលធ្វើឲ្យសត្វយ៉ាងហ្នឹង មិនសត្វណាទេ គឺសត្វខ្លាទៀតដែលជាសត្វកាច ។

រឿងនេះពិតណាស់ ឆ្មបឣស្ចារ្យ ។ រឿងនេះចប់តែប៉ុណ្ណោះឯង

* * *

រឿងព្រេង ស្លាដក់ ស្លាកន្សែង

រឿងនេះបរមវាចាតំណាលថា  ហេតុដែលមានស្លាដក់ ស្លាកន្សែងក្នុងពិធីមង្គលការនោះ កាលដើមឡើយមានបុរសពីរនាក់ជាក្លើសម្លាញ់នឹងគ្នា តែបានបែកខ្ញែកគ្នាយូរទៅហើយ ដោយមានគ្រួសារទៅនៅស្រុកដទៃពីគ្នា ។ 

នាថ្ងៃមួយបុរសសម្លាញ់ម្នាក់ បានទៅឃ្វាលគោក្នុងព្រៃឆ្ងាយពីស្រុកភូមិ ហើយបានប្រទះនឹងសម្លាញ់ម្នាក់ទៀត ដែលជួនជាមានដំណើរមកតាមផ្លូវនោះ ឣ្នកទាំងពីរបានឃើញគ្នា ហើយក៏ត្រេកឣរពន់ពេក បានប្រាស្រ័យសួរសុខទុក្ខគ្នា និងគ្រួសាររៀងៗខ្លួន រហូតដល់សួរឣំពីមានកូនប្រុសស្រីប៉ុន្មាននាក់ ? តែតាមបែបខ្លះថា បុរសទាំងពីរនាក់ជាឣ្នកគង្វាលគោដូចគ្នា បានជាជួបគ្នាក្នុងព្រៃ ហើយសុំគ្នាទៅវិញទៅមកធ្វើជាក្លើ ។    

សេចក្តីក្រៅឣំពីនេះដូចគ្នា គ្រានោះក្លើឣ្នកធ្វើដំណើរមកឆ្លើយថា ឣញមានកូនស្រី ១ ក្លើឣ្នកឃ្វាលគោឆ្លើយថា  ឣញមានកូនប្រុស ១  បើដូច្នេះទៅហើយឣញសូមធ្វើដន្លងនឹងឯង ប្រសិនបើឯងមិនយល់ទាស់ទេ ព្រោះយើងក៏បានជាក្លើម្រាក់នឹងគ្នាយូរហើយ ចំណែកឯកូនយើងក៏ សមគួរបានគ្នាជាប្តីប្រពន្ធដែរ ក្លើឣ្នកមានកូនស្រីក៏យល់ព្រម ។ លំដាប់នោះក្លើឣ្នកមានកូនប្រុស ក៏ស្រាយបង្វិចស្លាដែលវេចដោយកន្សែងដក់ លាដាក់ក្លើឣ្នកមានកូនក្រមុំស៊ី ដោយពាក្យថា យើងមកកណ្តាលព្រៃ គ្មានរបស់អី្វជាបន្ទាល់ និងគួរសមសម្រាប់កម្ជាប់ក្លើទេ មានតែស្លាដែលវេចមកនេះ សុំឲ្យឣាក្លើស៊ីស្លានេះទុកជារបស់កម្ជាប់ពាក្យ វេលាក្រោយមក ទើបបានចាត់ការរៀបចំធ្វើឣាពាហ៍ពិពាហ៍តាមទំនៀម ។

ដោយហេតុមានរឿងព្រេងមកដូច្នេះ មកក្នុងសម័យនេះ កាលនឹងធ្វើពិធីមង្គលការនីមួយៗ រមែងមានរៀបស្លាដាក់កន្សែង ចែកជូនញាតិទទួលទាន ហៅថា “ស្លាដក់ស្លាកន្សែង” តាមប្រវេណី រឿងព្រេងដែលគេពោលខាងលើមកនេះ ។

តែរឿងនេះថាពិតឬមិនពិតយ៉ាងណា នៅក្នុងផ្លូវដែលត្រូវពិចារណាមើលដែរថា ដែលគេធ្វើមកនោះ ដោយកាន់តាមរឿងដែលពោលមកនេះ ឬមានរឿងដទៃផ្សេងទេ ព្រោះថា តាមធម្មតាកាលដែលកាន់យកតាមឣ្នកណាម្នាក់ ឣ្នកនោះតែងមានកិត្តិយសខ្ពស់ ឣ្នកដែលថយថោក ហើយធ្វើផ្តេសផ្តាស គេមិនដែលកាន់យកតាមទេ ។ 

* * *

រឿងព្រេង សាវតារវត្ត សឆ្លោង

នៅក្នុងឃុំច័ន្ទស ស្រុកសូទ្រនិគម ខេត្តសៀមរាប វត្តសឆ្លោង ក្លាយមកពីពាក្យថា វត្តឆ្លោង វត្តសឆ្លោងមានប្រាសាទបុរាណ គេដាក់នាមថ្មីទៀតថា វត្តប្រាសាទអណ្ដែត ប៉ុន្តែនាមដែលគេស្គាល់ច្រើនសព្វថ្ងៃនេះ ថាវត្តសឆ្លោង ។                                                                            មានរឿងព្រេងដែលទាក់ទងដោយវត្តសឆ្លោងនោះ លោកគ្រូចៅអធិការ វត្តព្រឹក្សាគគីធំ តំណាលប្រាប់ខ្ញុំថា៖ ហេតុដើមមានតាម្នាក់ចុះមកពីស្រុកសុរិន្ទ ក៏ហៅឈ្មោះគាត់ថាតាសុរិន្ទ ប្រពន្ធគាត់ឈ្មោះយាយដាម តាសុរិន្ទយាយដាម ចុះមកនៅធ្វើស្រែ ធ្វើចម្ការត្រង់កន្លែងនោះជាយូរឆ្នាំណាស់ ។                                                                                                                                                            របៀបគាត់ធ្វើស្រែចម្ការម្ដងនោះ គាត់មានធ្វើខ្សែសំឡាញខ្សែនោះ គេយកស្លឹកត្នោត ឬស្លឹកចាកចងតគ្នាយូរវែងទៅ ហើយយកទៅចងព័ទ្ធជុំវិញស្រែឬចម្ការនោះ ដើម្បីឲ្យសត្វព្រៃ មានជ្រូកជាដើមខ្លាច   និងធ្វើពពះ គឺការប៉ះដែលធ្វើពីស្លឹកពញឮផុងៗឲ្យសត្វខ្លាច និងឆ្លោងចន្លោងកកូនឈើធ្វើជារូបភាពមនុស្ស ដាក់ឲ្យសត្វព្រៃដើរជាដើមខ្លាច កុំឲ្យហ៊ានចូលមកស៊ីស្រូវគាត់  កន្លែងនោះលុះគេសាងឡើងជាវត្ត គេហៅថាឆ្លោងៗ មកពីធ្វើវត្តនៅទីដីដែលតាសុរិន្ទគាត់ឆ្លោងនោះ លុះចំណេរតមកក៏ក្លាយពាក្យទៅជាហៅថា វត្តសឆ្លោងៗសព្វថ្ងៃនេះឯង ។ ឯតាសុរិន្ទយាយដាមនោះ គាត់មានគងមួយឮសូរល្អណាស់ហើយពីរោះផង គងនោះហើយ ដែលគាត់ប្រើសម្រាប់ហៅមនុស្សមកប្រជុំគ្នា ធ្វើការងារនៅកន្លែងនោះ លុះដល់វេលាគាត់ត្រឡប់វិលទៅស្រុកកំណើតគាត់វិញ គាត់យកទាំងគងធំល្អនោះទៅផង លុះយកទៅវាធ្ងន់ពេកពិបាកយកទៅ គាត់ក៏កប់គងនោះលាក់ទុកក្នុងត្រពាំងទឹកមួយនៅខាងជើងស្រុកនោះ ទើបត្រពាំងនោះអ្នកស្រុកហៅថាត្រពាំងគង ក្លាយមកពីកប់គង លុះត្រពាំងនោះគោកដីអស់ទៅ ក៏ក្លាយជាដីវាលទំហំចំនួន ៥ ម៉ែត្រ សព្វថ្ងៃនេះហៅថា វាលគងៗ ។

 

* * *

រឿងព្រេង ទាក់ទងនឹងពាក្យ បើបុណ្យមានមិនអីទេ

មានរឿងមួយតំណាលថា ក្នុងកាលដែលកន្លងទៅហើយ កាលនោះមានបុរសម្នាក់ឈ្មោះ ចៅក្ដាំងបាយ បុរសនោះជាអ្នកកម្សត់ទុរគត គ្មានទ្រព្យសម្បត្តិអ្វីឡើយ មាតាបិតាស្លាប់ចោលតាំងពីកុមារតូច បុរសនោះនៅជាមួយនឹងជីដូនដរាបមក ។ ថ្ងៃមួយអ្នកស្រុកជិតខាងគេបបួលគ្នាទៅអង្រុតត្រី ចៅក្ដាំងបាយក៏ទៅអង្រុតនឹងគេដែរ ។ លុះដល់ទៅកន្លែងអង្រុត គេអង្រុតគ្រប់គ្នា ចៅក្ដាំងបាយមិនអង្រុតនឹងគេទេ បែរជារកកន្លែងដេកទៅវិញ ។ ដល់ពេលជិតមកផ្ទះវិញ ក៏ចុះទៅអង្រុតក្បែរៗខាង បានត្រីដូចគេដែរ ។ ថ្ងៃមួយក្រោយមក គេបបួលទៅដេញទន្សាយ ចៅក្ដាំងបាយក៏ទៅនឹងគេទៀត ដេញយូរទៅឆ្កែចៅក្ដាំងបាយទៅគាស់ដីរលីងទទេ ហើយហិតក្លិនកាយដីទទេនោះ ។ ចៅក្ដាំងបាយនឹកឆ្ងល់ក៏ជីកតាមដែលឆ្កែកាយនោះមើល ជីកៗទៅបានឃើញពងសត្វមួយនៅក្នុងដីនោះ ប៉ុន្តែចៅក្ដាំងបាយមិនស្គាល់ជាពងសត្វអ្វីទេ ក៏រើសយកមកថែរក្សាទុកទៅ  ។  ឯពងនោះគឺនាគវាពងកប់លាក់ទុក  ។  ចៅក្ដាំងបាយថែប្រពៃណាស់  ។  ដល់កូននាគនោះធំឡើងកាលណា  ក៏ឲ្យចៅក្ដាំងបាយជិះលើខ្នងខ្លួន ហើយហោះទៅកាន់ ស្រះបោក្ខរណី ដែលនាគបិតាខ្លួនស្លាប់ មកលេងកម្សាន្តសប្បាយ  ទើបយកចៅក្ដាំងបាយទៅលាក់នៅរូងឈើមួយ ហើយខ្លួនឯងចុះទៅក្នុង ស្រះបោក្ខរណី ពួននៅក្នុងទីនោះ ។ ដល់ពេលដែលស្ដេចនាគជាបិតានាំបរិវារមកលេងទឹកក្នុងស្រះនោះ កូននាគក៏ចាប់ជើងប្រពន្ធទី ១ នៃស្ដេចនាគនោះដោយឧបាយ ប្រាថ្នាដើម្បីញ៉ាំងឪពុកឲ្យស្គាល់ថាខ្លួនជាកូន ប្រពន្ធនាគស្រែកឆោឡោឡើងមួយរំពេចថា អ្នកណាចាប់ខ្ញុំៗ កូននាគឆ្លើយថាខ្ញុំជាអ្នកចាប់ ។ ស្ដេចនាគថាអ្នកឯងមកពីណាមកហ៊ានចាប់ប្រពន្ធយើង ។ កូននាគថាខ្ញុំនៅក្នុងទីនេះ ហើយខ្លួនខ្ញុំនេះជាកូនលោកឪពុកទេ ។ ស្ដេចនាគថា យើងគ្មានកូនទេ ។ កូននាគថា ទេខ្ញុំពិតជាកូនលោកស្ដេចនាគ ក៏ហៅប្រពន្ធទាំងអស់មកសួររកហេតុផល ទើបធ្លាយថាប្រពន្ធទី ៣ មានពងលាក់កប់ទុកក្នុងដី ហើយកូននាគក៏ឆ្លើយថា អើខ្លួនខ្ញុំនេះគឺមនុស្សរើសយកមកពីក្នុងដី ហើយចិញ្ចឹមបីបាច់ថែរក្សាមកជាយូរហើយ ស្ដេចនាគក៏សម្គាល់ថាជាកូនរបស់ខ្លួនពិតឥតសង្ស័យ ហើយស្ទុះទៅអង្អែលក្បាលហើយនិយាយថា នែកូនចុះមនុស្សដែលចិញ្ចឹមកូននោះតើនៅឯណា ចូរកូនទៅយកមក កូននាគក៏ទៅយកចៅក្ដាំងបាយមកបង្ហាញបិតាខ្លួនភ្លាម ស្ដេចនាគថា នែអ្នក !  អ្នកឯងបានចិញ្ចឹមកូនខ្ញុំៗ មានចិត្តត្រេកអរខ្លាំងណាស់ ដូច្នោះខ្ញុំសូមបូជាកែវមណីមួយដល់អ្នកឯង អ្នកឯងចូររស់នៅដោយប្រពៃ   ព្រោះអាស្រ័យ កែវមណីនេះចុះ ។ ស្ដេចនាគ និងចៅក្ដាំងបាយប្រាស្រ័យគ្នាសព្វគ្រប់ហើយ ទើបលាគ្នាទៅកាន់លំនៅរៀងៗខ្លួន កូននាគទៅកាន់ពិភពនាគនឹងបិតាខ្លួន ចៅក្ដាំងបាយបានកែវមណីហើយ ក៏ត្រឡប់មកផ្ទះវិញដែរ ។                                                                                    ឯកែវមណីនោះពូកែខ្លាំងណាស់គឺពេលកាន់ហើយហោះក៏រួច ឬបើចង់បានរបស់អ្វីៗ គ្រាន់តែយកមកឆ្លុះ ហើយនឹកឈ្មោះរបស់នោះ ក៏បានសម្រេចដូចប្រាថ្នាភ្លាម ។                                                                                                                                                ចៅក្ដាំងបាយតាំងពីពេលដែលបានកែវមណីនោះមកកាលណា 

ក៏ល្បីថាជាអ្នកមានភោគសម្បត្តិយ៉ាងអស្ចារ្យក្នុងពេលនោះ ។ ល្បីឆ្ងាយទៅក៏ឮដំណឹងដល់ស្ដេចនគរដទៃ ស្ដេចនោះក៏ប្រើបុរសម្នាក់ឲ្យមកធ្វើជាឧបដ្ឋាកបម្រើចៅក្ដាំងបាយហើយប្រាប់កិច្ចឧបាយដល់បុរសនោះឲ្យលួចយកកែវមណីនោះមកឲ្យខ្លួន ។ ឯបុរសនោះមកដល់កាលណា ក៏និយាយសុំនៅបម្រើចៅក្ដាំងបាយ ដល់នៅយូរៗទៅចៅក្ដាំងបាយទុកចិត្ត    បានឱកាសស្រួលក៏លួចយកកែវមណីនោះ   មកថ្វាយស្ដេច ឯនគរខ្លួននោះទៅ  ។ ចៅក្ដាំងបាយដល់ដឹងថាបុរសនោះលួចយកកែវមណីខ្លួនហើយ ក៏ប្រើឆ្កែ និងឆ្មាឲ្យទៅតាមយកមកវិញ ។ ឯឆ្កែនិង ឆ្មាដែលទៅតាមនោះ ទៅឆ្ងាយទៅៗបានទៅដល់ព្រែកមួយ រកអ្វីឆ្លងមិនបាន ឆ្មាចាប់ក្រពើ ឲ្យហែលចម្លង ក្នុងពេលដែលជិះក្រពើឆ្លងទឹក ឆ្កែសុំជិះត្រង់ក្បាល ដល់ក្រពើហែលចម្លងទៅ ឆ្កែភ័យខ្លាំងណាស់ ធ្លាយអាចម៍ដាក់ក្បាលក្រពើ ១ដុំ បានជាចាស់ៗនិយាយថា  ក្បាល ក្រពើដែលមានកំប៉ុក ១ ដុំនៅពីលើនោះ គឺជាដុំអាចម៍ឆ្កែពីកាលនោះជាប់រហូតដល់សព្វថ្ងៃនេះឯង ។ លុះឆ្លងទឹកហើយខំដើរឆ្លងទៅទៀត បានដល់ទៅនគរនោះ ឆ្មាចាប់ពួកកណ្ដុររស់ឲ្យទៅកកេរហឹបដែលដាក់លាក់កែវមណី នៅលើប្រាសាទនោះមកឲ្យខ្លួន កណ្ដុរទាំងនោះនាំគ្នាទៅកកេរមួយរំពេច ធ្លាយហឹបនោះយកកែវមណីមកឲ្យឆ្មាភ្លាម។ ឆ្មាក៏ពាំកែវមណីនោះយកមក គ្រាន់តែចេញមកបានបន្តិច ឆ្កែគេសុំពាំម្ដង ក៏ដល់ព្រែក ដោយអំណាចកែវមណីក៏មានស្ពានឆ្លង កំពុងឆ្លងស្រាប់តែមានកុកមួយហើរពីលើ ស្រមោលចោលទៅក្នុងទឹកឆ្កែឃើញ ព្រះកែវមណីក៏ធ្លាក់ទៅក្នុងទឹកត្រីលេបទៅឆ្មាចាប់អកឲ្យទៅចាប់ត្រីនោះ យកមកហែកយកកែវមណីនោះ ហើយឆ្មាក៏ពាំមកទៀត ដល់មក កាន់តែជិតដល់ផ្ទះ ឆ្កែសុំពាំម្ដងទៀត  ដោយគំនិតចង់យកគាប់នឹងម្ចាស់ ។ គ្រាន់តែពាំបានបន្តិច  ឃើញសត្វបោលកាត់មុខ ឆ្កែដេញបណ្ដើរព្រុសបណ្ដើរ ជ្រុះកែវមណីនោះទៀត ឆ្មារកឃើញក៏ពាំមក ឆ្កែរវល់តែរកឆ្មាដើរមកបានឆ្ងាយ ឆ្កែមកតាមដណ្ដើមពាំទៀតមិនទាន់ ឆ្មាមកដល់ឡើងលើផ្ទះ ជូនម្ចាស់ខ្លួនហោង ។ ឯឆ្កែមកដល់ទាល់គំនិត ក៏នៅត្រឹមខាងក្រោមផ្ទះម្ចាស់នោះឯង ។ បានជាចាស់ៗថាឆ្មាគាប់នឹងម្ចាស់បាននៅលើផ្ទះ ឯឆ្កែមិនបានគាប់ បានជានៅក្រោមផ្ទះឯចៅក្ដាំងបាយ ត្រូវនឹងពាក្យថា (បើបុណ្យមានមិនអីទេ) គឺពីដើមជាមនុស្សក្រសោះ ដល់ចិញ្ចឹមកូននាគបានកែវមណីក្លាយទៅជាអ្នកមាន ។ អាស្រ័យកម្មអតីត  និងបច្ចុប្បន្នផ្សំគ្នា ៕

រឿងនេះជារឿងព្រេងនិយាយតៗ គ្នាមកយ៉ាងនេះ អ្នករៀបរៀង គ្រូបង្រៀន វត្ត អង្គរជ័យ ស្រុក កំពង់ត្រាច ខេត្តកំពត ។

(ប៉ូវ ទ្រី)

Flag Counter