រឿង ស្រះ​យក្ខ​ឡោម

រឿង ស្រះ​យក្ខ​ឡោម (ខេត្ត​រតនគិរី) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ១៥១ - ១៥៤ នៅ​ក្នុង​តំបន់​ឡាបានសៀក ឃុំ​ឡាំងបាង ស្រុក​លំផាត់ ខេត្ត​រតនគិរី មាន​ស្រះ​មួយ​ធំ ទំនង​ជា​អាង​ទឹក​បុរាណ ដែល​សេស​សល់​មក​ពី​លក្ខណៈ​ភូមិ​សាស្ត្រ, ព្រោះ​ស្រះ​នេះ នៅ​ចំ​ចន្លោះ​ជ្រលង​ភ្នំ ហើយ​មាន​សណ្ឋាន​មូល​ដូច​បាត​ខ្ទះ ។ អ្នក​ដំណើរ​ណា ដែល​បាន​ទៅ​ដល់​រតន​គិរី គេ​ពុំ​អាច​ភ្លេច​ទៅ​លំហែ ឬ ទៅ​ទស្សនា​ស្រះ​យក្ខ​ឡោម​ឡើយ, សម​បើ​សព្វ​ថ្ងៃ​នេះ នៅ​ឡាបានសៀក មាន​ការ​រៀបចំ​ភូមិ​ស្រុក​ល្អ​ផង ដូច​ជា​មាន​ផ្សារផ្សោ មាន​វត្ត​អារាម មាន​ភូមិ​និវេសនដ្ឋាន មាន​ចម្ការ​កៅស៊ូ​រដ្ឋ ។ល។ ក៏​រឹត​តែ​បាន​ជា​ទី​ជំនុំ​ចំណោម​ធំ​ដុំ​មួយ​ឡើង ។ កាល​បើ​ទៅ​ដល់ "ស្រះ​យក្ខ​ឡោម" គេ​តែង​នឹក​រក​ដើម​ហេតុ​នៃ​ឈ្មោះ​ចម្លែក​នេះ​ភ្លាម ។ ការ​ឆ្ងល់​នេះ ក៏​នាំ​ឲ្យ​សាក​សួរ​រក​ហេតុ​ដើម ដែល​មាន​នៅ​ជាប់​នឹង​បែប​និទាន​របស់​អ្នក​ស្រុក ជា​រឿង​ព្រេង​ប្លែក​ៗ គ្នា ដែល​យើង​លើក​មក​អធិប្បាយ ដូច​តទៅ​នេះ ៖ ពាក្យ​ថា "យក្ខ​ឡោម" គេ​អាច​យល់​បាន​ដោយ​ងាយ​ថា "យក្ខ​វា​ព័ទ្ធ" តាម​ពាក្យ​បរម្បរា​ត​ៗ គ្នា​មក មាន​រឿង​និទាន​ថា : តាំង​ពី​យូរ​លង់​មក​ហើយ មាន​ស្ដេច​ក្រុង​យក្ខ​មួយ មាន​ឫទ្ធិ​អំណាច​ខ្លាំង​ពូកែ​ណាស់ ព្រះ​អង្គ​មាន​ព្រះ​រាជ​បុត្រី​មួយ ស្អាត​លើស​ស្រី​នានា, ទាំង​សក់​ទាំង​រូប​កាយ​របស់​នាង តែង​មាន​ក្លិន​ក្រអូប​ជានិច្ច​រៀង​រាល់​ថ្ងៃ ទើប​យក្ស​ជា​បិតា​ឲ្យ​នាម​បុត្រី​នោះ​ថា : "នាង​សក់​ក្រអូប" ។ លុះ​ដល់​មាន​វ័យ​គ្រប់​គ្រាប់​កាល​ណា ក៏​មាន​មនុស្ស​មួយ​រូប ខ្លាំង​ពូកែ​ណាស់​ដែរ បាន​ចូល​ទៅ​លប​លួច​លួង​លោម​ស្នេហា​ជា​មួយ​នាង ។ ទាំង​ពីរ​ប្រាណ ដោយ​ភ័យ​ខ្លាច​ស្ដេច​យក្ខ​ជា​បិតា​ដឹង ក៏​នាំ​គ្នា​រត់​មក​ក្នុង​ព្រៃ​មួយ ។ ក្រោយ​មក ស្ដេច​ក្រុង​យក្ខ ដឹង​រឿង​រ៉ាវ​នេះ ក៏​ផ្អើល​ឆោឡោ ស្រែក​ឡូឡា កេណ្ឌ​ពល​យក្ខ​ជា​បរិវារ ហោះ​ហើរ​តាម​រក​កូន​សំឡាញ់​ខ្លួន ដល់​មក​ត្រង់​កន្លែង​ព្រៃ​ស្ដុក​នេះ ក៏​មាន​សេចក្ដី​សង្ស័យ​ថា ប្រហែល​ជា​បុត្រី​ខ្លួន​នៅ​ទី​នេះ ទើប​បញ្ជា​ឲ្យ​យក្ខ​ជា​កូន​ចៅ យាម​ល្បាត​ព័ទ្ធ​ព្រៃ​នោះ​យ៉ាង​មាំ ហើយ​ឲ្យ​យក្ខ ១ ក្រុម​ទៀត ដក​ព្រៃ​ព្រឹក្សា​គ្រវែង​ចោល ហើយ​នា​គ្នា​ជីក​កកាយ​រក​នាង តែ​ទោះ​បី​ជីក​យ៉ាង​ណា​ក៏​រក​ពុំ​ឃើញ ទើប​ស្ដេច​ក្រុង​យក្ខ នាំ​បរិវារ​ត្រឡប់​ទៅ​នគរ​ដើម​វិញ ។ អាស្រ័យ​ហេតុ​ពួក​យក្ខ កកាយ​រក​នាង​សក់​ក្រអូប​នេះ ទើប​មាន​នៅ​សល់​ជា​ស្រះ​មួយ​នៅ​រតន​គិរី ហៅថា "ស្រះ​យក្ខ​ឡោម" រហូត​ដល់​សព្វ​ថ្ងៃ ។ ស្រះ​យក្ខ​ឡោម ជា​ស្រះ​មួយ​មាន​ទឹក​ថ្លា​ឈ្វេង ដែល​មាន​ជម្រៅ​ជាង ៧០ ម. បា​រដូវ​ប្រាំង, មាន​បណ្ដោយ និង ទទឹង​ប្រហែល ១ គ.ម. រាង​រង្វះ​មូល​ស្មើ ។ នៅ​មាត់​ស្រះ មាន​ដើម​មាក់ប្រេង មាក់ប្រាង សាវម៉ាវ សិរមាន់ ភ្ញៀវ ដុះ​នៅ​ពាស​ពេញ​ក្បែរ​មាត់​ស្រះ គួរ​ឲ្យ​ទស្សនា ។ នៅ​ជុំវិញ​ស្រះ​នេះ កង​ខេមរភូមិន្ទ​យើង ទើប​នឹង​បាន​ស្ថាបនា​ផ្លូវ​ថ្នល់​ដ៏​វិចិត្រ បើក​រថយន្ត​បាន​ដោយ​ស្រួល ។ មាន​ព្រះ​រាជ​ដំណាក់, ភោជនីយដ្ឋាន​តូច​ៗ សម្រាប់​ទទួល​ភ្ញៀវ ។ សព្វ​ថ្ងៃ កង​ខេមរភូមិន្ទ បាន​ចាត់​ចែង​ស្ថាបនា​ដំណាក់​ថ្មី​មួយ​ទៀត​ដោយ​បេតុង គឺ​ស្ថាបនា​ក្នុង​ឆ្នាំ ១៩៦៥ ។ នៅ​ក្នុង​ស្រះ មាន​មច្ឆជាតិ​តូច​ធំ​ហិច​ហែល​ទាំង​ហ្វូង​ៗ ។ លោក-អ្នក​ទៅ​ទស្សនា​អាច​ដើរ​ព័ទ្ធ​ជុំ​វិញ​ស្រះ​បាន ដោយ​មាន​ផ្លូវ​ថ្នល់​វង់​ជុំ​វិញ ។ តាម​សេចក្ដី​និទាន​មួយ​បែប​ទៀត មាន​ន័យ​ជ្រលិះ​គ្នា​ដែរ គឺ​ថា ៖ មាន​ទ័ព​យក្ខ​ដេញ​តាម​ចាប់​បុត្រី​យក្ខ ដូច​រឿង​ខាង​លើ​នេះ​ដែរ ប្លែក​តែ​ខាង​ចុង​ថា កាល​ទ័ព​យក្ខ ឡោម​ព័ទ្ធ​ជុំ​វិញ​ភ្នំ ដែល​នាង​នេះ​នៅ​ពួន​ជ្រក​នោះ​ហើយ នាង​ក៏​យល់​ថា​គ្មាន​ផ្លូវ​ណា​ឲ្យ​គេច​រួច ទើប​នាង​អធិដ្ឋាន​សុំ​ឲ្យ​នាង​លិច​បាត់​ទៅ​ក្នុង​ដី ពេល​នោះ ព្រះ​ធរណី​ក៏​ស្រុត​នាំ​ទាំង​នាង​ស្រី​នោះ​ទៅ​ផង ។ ត្រង់​កន្លែង​ព្រះ​ធរណី​ស្រុត​នោះ​ហើយ ដែល​ក្លាយ​ទៅ​ជា​ស្រះ​ទឹក ដែល​ហៅ​ថា​យក្ខ​ឡោម ។ តាម​រឿង​ដំណាល​មួយ​ទៀត, មាន​សេចក្ដី​ផ្សេង​ពី​នេះ​ច្រើន ទំនង​ជា​រឿង​ពិត​របស់​ភូមិ​ស្រុក​ផង មាន​សេចក្ដី​ថា ៖ ពាក្យ "យាក់​ឡោម" ត្រូវ​សរសេរ​ដូច្នេះ​ទៅ​វិញ, ព្រោះ​ថា មក​ពី​ដើម​ហេតុ​ពាក្យ យាក់ ក្លាយ​មក​ពី "យ៉ាក់" ភាសា​អ្នក​ស្រុក​នោះ​បុរាណ ប្រែ​ថា មេ នាយ, ឯ​ឡោម​ជា​ឈ្មោះ​មនុស្ស, ដូច្នេះ បាន​សេចក្ដី​ថា មាន​នាយ​ក្រុម​ម្នាក់​ឈ្មោះ​ឡោម ជា​អ្នក​ត្រួត​ត្រា​នៅ​ភូមិ​ភាគ​ខាង​ជួរ​ភ្នំ​នោះ ម្ល៉ោះ​ហើយ​អ្នក​ផង ក៏​សន្មត​ហៅ​ឈ្មោះ​ទី​កន្លែង​នោះ​ឯង តាម​នាម និង ងារ​សក្ដិ អ្នក​ត្រួត​ត្រា​នោះ​ទៅ ។ រីឯ​ស្ថាន​ភាព​កន្លែង ដែល​ប្រាកដ​តាម​ការ​សង្កេត​ទៅ​វិញ អ្នក​ស្រាវ​ជ្រាវ​យល់​ថា ទី​ស្រះ​នេះ​ឯង ជា​រន្ធ​ភ្នំ​ភ្លើង​កាល​ពី​សម័យ​បុរាណ ហើយ​ផុត​រលត់​ទៅ នៅ​សល់​តែ​ស្នាម​ដាន, ហេតុ​នេះ បាន​ជា​មាន​ស្រះ​នោះ ជ្រៅ​ដល់​ទៅ​ជម្រៅ ៧០-៨០ ម៉ែត្រ ហើយ​មាន​រង្វះ​មាត់​មូល​ដូច​ថាស​ព័ទ្ធ​ជុំ​វិញ​សុទ្ធ​តែ​ភ្នំ ហើយ​ដែល​សព្វ​ថ្ងៃ ទៅ​ជា​រមណីយដ្ឋាន​មួយ​យ៉ាង​ប្រសើរ សម្រាប់​អ្នក​ទៅ​ទស្សនា​ទី​តំបន់​នោះ ។

រឿង ប្រាសាទ​នៅ​ឃុំ​ស្វាយ​អង្គ

រឿង ប្រាសាទ​នៅ​ឃុំ​ស្វាយ​អង្គ (ខេត្ត​ស្វាយ​រៀង) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ១៤៥ - ១៥០ នៅ​ក្នុង​ឃុំ​ស្វាយ​អង្គ ស្រុក​ស្វាយរៀង ខេត្ត​ស្វាយរៀង នៅ​ចម្ងាយ ប្រមាណ​ជា ១០ គ.ម. អំពី​ថ្នល់​ជាតិ​លេខ ១ (គឺ​ថ្នល់​ពី​ភ្នំពេញ​ទៅ​ស្វាយរៀង) មាន​ទួល​មួយ​ខ្ពស់ មិន​ដែល​លិច​ទឹក​ទេ ។ អ្នក​ស្រុក​ជំនាន់​មុន​ៗ មក បាន​សន្មត​ឈ្មោះ​ហៅថា "ទួល​ស្វាយ​អង្គ" ។ ទួល​នេះ​ហើយ ដែល​ជា​គោល​សន្មត​នាម​នៃ​ឈ្មោះ​ឃុំ​នេះ ។ នៅ​លើ​ទួល​នេះ មាន​កំពែង​នឹង​ប្រាសាទ​ថ្ម​បុរាណ​មួយ មាន​សណ្ឋាន​ជា​ព្រះ​វិហារ មាន​ក្បាច់​ចម្លាក់ របៀប​រចនា​បុរាណ គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​គេ​តាក់​តែង​ឡើង​ដោយ​ឥដ្ឋ​ខ្លះ ដោយ​ថ្ម​បាយ​ក្រៀម​ខ្លះ មាន​បណ្ដោយ​ប្រមាណ​ជា ៨៣ ម. ទទឹង ៤៦ ម. ។ សព្វ​ថ្ងៃ ប្រាសាទ​នេះ បាក់​បែក​អស់​ទៅ​ហើយ នៅ​មាន​សល់​តែ​កម្ទេច​ឥដ្ឋ ថ្ម និង ភាព​សណ្ឋាន​ខ្លះ​តែ​ប៉ុណ្ណោះ ។ នៅ​ចំ​កណ្ដាល​ទួល​នោះ មាន​ដើម​ជ្រៃ​មួយ​ដើម​ធំ និង ខាង​មុខ​ប្រាសាទ​បាក់​បែក​នេះ គេ​ឃើញ​មាន​អង្គ (លិង្គ​ព្រះ​ឥសូរ ឬ សិវ​លិង្គ) ។ អ្នក​ផង​ធ្វើ​ដំណើរ​ទៅ​កាន់​បុរាណ​ដ្ឋាន​នេះ បាន​ស្រួល​ងាយ​តែ​នៅ​រដូវ​រំហើយ គឺ​រដូវ​ដែល​អស់​ភ្លៀង ទៅ​បាន​តែ​ផ្លូវ​ជើង និង ផ្លូវ​លំ​ប៉ុណ្ណោះ ។ ឯ​រឿង​ព្រេង​ដែល​ទាក់​ទង​ដោយ​នាម "ស្វាយ​អង្គ" មាន​ដូច​តទៅ ៖ មាន​សេចក្ដី​ដំណាល​ថា : កាល​ពី​រាជ​ធានី​នៅ​លង្វែក មាន​បុរស​ម្នាក់​ឈ្មោះ "សំរិទ្ធ" ជា​អ្នក​ខ្លាំង​ពូកែ​អង់​អាច​ណាស់ មាន​ទី​លំនៅ​លើ​ទួល​នេះ ។ កាល​ដែល​ស្រុក​កើត​ចម្បាំង​ជា​មួយ​នឹង​សៀម, ព្រះ​រាជា ក៏​ទ្រង់​អំពាវ​នាវ ដល់​អាណា​ប្រជានុរាស្ត្រ​គ្រប់​ខេត្ត​ខណ្ឌ បើ​នរណា​ខ្លាំង​ពូកែ​អង់​អាច​នោះ សូម​ឲ្យ​ចូល​ខ្លួន​ទៅ​បម្រើ​ក្នុង​កង​ទ័ព ដើម្បី​បង្ក្រាប​ខ្លាំង​សៀម ដែល​ចូល​មក​រាតត្បាត​អាណា​ខេត្ត​ខ្មែរ ឯ​តំបន់​ប្រទល់​ដែន គ្រង​ខេត្ត​បាត់ដំបង និង សៀមរាប ។ បុរស​សំរិទ្ធ ក៏​ស្ម័គ្រ​ចិត្ត​ចូល​ខ្លួន​ទៅ​តាម​ព្រះ​រាជ​តម្រាស់​អំពាវ​នាវ​នេះ ។ គាត់​បាន​ប្រុង​ប្រៀប​រៀបចំ​ខ្លួន និង ប្រដាប់​ប្រដា មាន​គ្រឿង​សស្ត្រាវុធ និង អាវ​តេជះ​ជាដើម រួច​ស្រេច លា​ប្រពន្ធ​កូន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រាជ​ធានី​លង្វែក ដោយ​ដំណើរ​ថ្មើរ​ជើង​ទទេ ។ លុះ​ទៅ​ដល់​លង្វែក​ហើយ គាត់​បាន​ទៅ​រក​ជួប​មេទ័ព ដើម្បី​ប្រគល់​ខ្លួន​គាត់​តាម​រដ្ឋ​ត្រូវ​ការ ។ ឯ​លោក​មេទ័ព​ខ្មែរ កាល​បាន​ពលរេហ៍​គ្រប់​គ្រាន់​ល្មម​ហើយ ក៏​តាំង​បុរស​សំរិទ្ធ​ជា​ទ័ព​ធំ ឲ្យ​លើក​ព្យុហយាត្រា​ទៅ​បាត់​ដំបង ដើម្បី​កម្ចាត់​ពួក​សត្រូវ ។ លុះ​ទៅ​ដល់​សមរភូមិ បុរស​សំរិទ្ធ ក៏​ចាប់​ប្រយុទ្ធ​យ៉ាង​ស្វាហាប់ លុះ​ត្រា​តែ​ទ័ព​សៀម​បរាជ័យ រត់​ខ្ចាត់​ខ្ចាយ​អស់ ។ ដោយ​ឫទ្ធិ​តេជះ​របស់​បុរស​សំរិទ្ធ ទ័ព​សៀម ក៏​បាក់បប​ខ្លប​ខ្លាច លែង​ហ៊ាន​ចូល​មក​រុករាន​រាតត្បាត​ទឹក​ដី​ខ្មែរ​តទៅ​ទៀត​ស្រុក​ក៏​បាន​សាន​ត្រាណ ។ បុរស​សំរិទ្ធ​ក៏​លើក​ទ័ព ត្រឡប់​មក​កាន់​រាជ​ធានី​លង្វែក​វិញ ហើយ​បាន​ទូល​ព្រះ​រាជា តាម​ដំណើរ​ដែល​ខ្លួន​មាន​ជ័យ​ជម្នះ​លើ​ទ័ព​សៀម ហើយ​សុំ​ព្រះ​រាជានុញ្ញាត​ក្រាប​បង្គំ​ទូល ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។ ព្រះ​រាជា ទ្រង់​ព្រះ​រាជានុញ្ញាត​តាម​សុំ ។ បុរស​សំរិទ្ធ បាន​ធ្វើ​ដំណើរ​ត្រឡប់ ឆ្ពោះ​ទៅ​ស្វាយរៀង​វិញ,​មក​ដល់​ភូមិ​ដូនពេញ ក៏​ឈប់​សម្រាក​នៅ​ទី​នោះ ១ យប់ ទើប​ធ្វើ​ដំណើរ​តទៅ​ទៀត, ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ ក៏​ឈប់​ស្រាយ​សំពាយ​របស់​គាត់​មើល ។ លុះ​ស្រាយ​ទៅ ទើប​ដឹង​ថា សំពាយ​នេះ មិន​មែន​ជា​បង្វេច​របស់​គាត់​ទេ នៅ​ក្នុង​បង្វេច​នេះ ឃើញ​មាន​តែ​សំពត់ ១ និង ផ្លែ​ស្វាយ ២-៣ ប៉ុណ្ណោះ ។ គាត់​ក៏​ដឹង​ថា បង្វេច​នេះ​ច្រឡំ​គ្នា ក្នុង​ពេល​ដែល​មក​ពី​ច្បាំង ហើយ​ឈប់​សម្រាក​នៅ​អង្គរ​នោះ​ហើយ ព្រោះ​ពេល​នោះ មាន​ការ​ច្រឡូក​ច្រឡំ​ខ្លះ ហើយ​ផ្លែ​ស្វាយ​នេះ​ទៀត ក៏​ជា​ស្វាយ​ដែល​បាន​ពី​អង្គរ​ដែរ ។ បុរស​សំរិទ្ធ ក៏​ខំ​រូតរះ​ធ្វើ​ដំណើរ​ទៅ​ដល់​លំនៅ​អាត្មា​ដោយ​សុខ​សាន្ត ។ កាល​បាន​ទៅ​ដល់​ហើយ ប្រពន្ធ​គាត់​យក​គ្រាប់​ស្វាយ ដែល​ទុំ​រលួយ​សាច់​អស់​នៅ​ក្នុង​បង្វេច​គាត់ ទៅ​កប់​ដាំ​នៅ​ជាយ​របង, មិន​យូរ​ប៉ុន្មាន​ស្វាយ​ក៏​ដុះ​ឡើង​បែក​មែក​ធាង មាន​ផ្កា-ផ្លែ ជា​ហូរហែ​រៀង​មក ។ ស្វាយ​នេះ អ្នក​ស្រុក​នាំ​គ្នា​ហៅ​ថា "ស្វាយ​អង្គរ" ព្រោះ​ជា​ពូជ​ស្វាយ​បាន​មក​ពី​អង្គរ, ប៉ុន្តែ​ត​ៗ មក ពាក្យ "អង្គរ" ហៅ​កាត់​ខ្លី​មក​នៅ​ត្រឹម​តែ "អង្គ" បាន​ជា​ជាប់​ពាក្យ​ថា : "ស្វាយ​អង្គ" ដល់​សព្វ​ថ្ងៃ ។ ខាង​ក្រោយ​មក បុរស​សំរិទ្ធ និង ភរិយា ក៏​ស្លាប់​បាត់​ទៅ នៅ​តែ​តំណ​កូន​ចៅ​របស់​គាត់ ។ កូន​ចៅ​នេះ ខ្លះ​ក៏​ទៅ​នៅ​ឯ​ណោះ ខ្លះ​ក៏​ទៅ​នៅ​ឯ​ណេះ បែក​គ្នា​ទៅ​តាម​ប្ដី តាម​ប្រពន្ធ, លុះ​យូរ​ៗ ទៅ ទី​ភូមិ​របស់​គាត់​នេះ ក៏​លែង​មាន​មនុស្ស​នៅ ។ អ្នក​ស្រុក​ក៏​នាំ​គ្នា​សាង​ជា​អារាម​មួយ​ឡើង ដាក់​នាម​ថា "វត្ត​ស្វាយ​អង្គ" ដោយ​មាន​លោក​គ្រូ​ចៅ​អធិការ​ជា​អ្នក​គ្រប់​គ្រង ព្រម​ទាំង​មាន​ភិក្ខុ-សាមណេរ​គង់​នៅ​ជា​ច្រើន ។ កន្លង​មក​ទៀត ដោយ​មាន​ការ​ទទើសទទែង​ពី​វត្ត​ផង, មាន​សត្វ​ស្លាប​ផ្សេង​ៗ ទុំ​នៅ​លើ​ដើម​ស្វាយ​នោះ នាំ​ឲ្យ​មិន​ស្អាត​ផង មាន​ការ​ខ្វះ​ខាត​គ្រឿង​សេនាសនៈ​ខ្លះ​ផង លោក​គ្រូ​ចៅ​អធិការ ក៏​ឲ្យ​ភិក្ខុ-សាមណេរ កាប់​រំលំ​ដើម​ស្វាយ​នោះ តែ​ដោយ​ឫទ្ធិ​ដើម​ស្វាយ​ធំ​នោះ ភិក្ខុ-សាមណេរ​កាប់ ១ ថ្ងៃ បាន​តែ​ពាក់​កណ្ដាល​ដើម នៅ​សល់​ប៉ុន្មាន នឹង​កាប់​ក្នុង​ថ្ងៃ​ខាង​មុខ​ទៀត, លុះ​ព្រឹក​ឡើង ស្រាប់​តែ​ស្នាម​កាប់​ទាំង​ប៉ុន្មាន​ដែល​បាន​កាប់​ខ្លះ​ទៅ​ហើយ​នោះ ក៏​ដុះ​សាច់​ដុះ​សំបក គ្រប​ជិត​ដូច​ដើម​វិញ ។ គួរ​អស្ចារ្យ​ណាស់, លោក​គ្រូ ក៏​ឲ្យ​លោក​ភិក្ខុ-សាមណេរ​កាប់​ទៀត ។ កាប់​មួយ​ថ្ងៃ​ទល់​ល្ងាច ដោយ​ខំ​យ៉ាង​ណា ក៏​បាន​ត្រឹម​តែ​ពាក់​កណ្ដាល​ដើម, លុះ​ព្រឹក​ឡើង​ឃើញ​ដុះ​សាច់​ដុះ​សំបក​ដូច​ដើម​ដដែល​ទៀត ។ លោក​គ្រូ​ចង់​ទាល់​គំនិត ។ ថ្ងៃ​មួយ, លោក​បាន​ឲ្យ​ភិក្ខុ-សាមណេរ​យ៉ាង​ច្រើន ដោយ​មាន​ពូថៅ និង ដឹង​គ្រប់​ដៃ ហើយ​លោក​ប្រាប់​ថា នាំ​គ្នា​កាប់​ឲ្យ​រលំ​ក្នុង​ថ្ងៃ​នេះ​ឲ្យ​ហើយ​ស្រេច​តែ​ម្ដង ។ ដើម​ស្វាយ ទ្រាំ​មិន​បាន​នឹង​ពូថៅ-ដឹង​ច្រើន​ពេក ក៏​រលំ ។ រលំ​ហើយ ស្លឹក​វា​ក៏​មិន​ស្រពាប់​ស្រពោន​ទៀត បែរ​ជា​ដុះ​មែក​បែក​ខ្នែង​ចេញ​ផ្លែ​ផ្កា ដូច​ធម្មតា ។ នៅ​ពេល​យប់ គេ​ឮ​សូរ​តែ​សព្ទ​ភ្លេង​ពិណ​ពាទ្យ​ប្រគំ​យ៉ាង​លន្លង់​លន្លោច ធ្វើ​ឲ្យ​អ្នក​ស្រុក​ស្ងើច​អស្ចារ្យ, មិន​យូរ​ប៉ុន្មាន​គ្រូ​ចៅ​អធិការ ក៏​កើត​ជំងឺ​ឈឺ​ជា​ខ្លាំង រវើរវាយ រហូត​ដល់​ក្លាយ​ទៅ​ជា​ឆ្កួត​វង្វេង​អស់ ។ ចំណែក​ភិក្ខុ-សាមណេរ កាល​បើ​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នេះ ក៏​រត់​ចោល​អារាម​នោះ​អស់​ទៅ ។ ឧបាសក-សិកា ក៏​បាន​នាំ​គ្នា​ទៅ​កសាង​វត្ត​ថ្មី​ទៀត នៅ​ចម្ងាយ​ប្រមាណ ១ គ.ម. អំពី​វត្ត​ស្វាយ​អង្គ​ចាស់​នេះ ដែល​សព្វ​ថ្ងៃ គេ​ឲ្យ​ឈ្មោះ​ថា "វត្ត​ស្វាយ​ផ្អែម" វិញ ។ ឯ​កន្លែង​វត្ត​ចាស់​នោះ សព្វ​ថ្ងៃ នៅ​មាន​ដើម​ស្វាយ​ជំនាន់​ក្រោយ​ៗ មក និង មាន​ដើម​ឈើ​ទាល ព្រម​ទាំង​កូន​ឈើ​ឯ​ទៀត​ៗ ជា​ច្រើន ដុះ ។ រឿង​រ៉ាវ​ទាំង​នេះ​ហើយ ជា​ប្រភព​នៃ​បុរាណ​ដ្ឋាន​នេះ តាម​បែប​រឿង​ព្រេង ។ តែ​បើ​សង្កេត តាម​ប្រវត្តិ​ទី​កន្លែង​ផ្ទាល់​ទៅ​វិញ ឃើញ​ថា​ពាក្យ "អង្គ" នេះ ពុំ​សម​ក្លាយ​មក​ពី​ពាក្យ "អង្គរ" ទេ គឺ​មក​ពី​ទី​នេះ​ជា​សរណដ្ឋាន​បុរាណ​ខាង​សាសនា​ព្រាហ្មណ៍ ដោយ​មាន​កសាង​ជា​សិវ​លិង្គ តម្កល់​ធ្វើ​ជា​វត្ថុ​សក្ការ​ក្នុង​គ្រា​នោះ ។ សិវ​លិង្គ​នេះ​ហើយ ដែល​អ្នក​ស្រុក​ហៅ​ថា "អង្គ" បាន​ជា​ក្រោយ​ៗ មក គ្រា​ដែល​យើង​ត្រឡប់​មក​ពី​គោរព​ព្រះ​ពុទ្ធ​សាសនា​វិញ ទី​សក្ការ​របស់​លទ្ធិ​ព្រាហ្មណ៍​ទាំង​អម្បាល​នេះ ក៏​ត្រូវ​គេ​ផ្លាស់​ប្ដូរ​ជា​អារាម​ពុទ្ធ​សាសនា​ទៅ​វិញ តែ​នៅ​សល់​ជាប់​ឈ្មោះ​ទី​នោះ​ៗ ថា "អង្គ​ៗ" រហូត​មក​ដូច​នេះ​ដែរ ដូចជា​អង្គ​ប្រាសាទ, អង្គ​ប្រិយ, អង្គ​ស្នួល ។ល។

រឿង បឹង​ត្របែក

រឿង បឹង​ត្របែក (សង្កាត់​លេខ ៥ ក្រុង​ភ្នំពេញ) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ១៣៩ - ១៤៤ ឈ្មោះ​ភូមិ​ផ្សេង​ៗ នៅ​ក្នុង​ក្រុង​ភ្នំពេញ សុទ្ធ​សឹង​តែ​មាន​ប្រវត្តិ​ដើម​កំណើត ច្រើន​បែប​ច្រើន​យ៉ាង​ណាស់, ប៉ុន្តែ​ដែល​សំខាន់ គឺ​ត្រង់​រឿង​ណា​ទាក់​ទង​នឹង​ប្រវត្តិ​សាស្ត្រ​ផង ជា​បែប​និទាន​ពីរោះ​ស្ដាប់​ផង ។ យើង​លើក​យក​មក​ចុះ​ផ្សាយ​ក្នុង​ទី​នេះ តែ​រឿង​ណា​ដែល​មាន​លំដាប់​រឿង​វែង​ឆ្ងាយ, ឯ​រឿង​ខ្លី​ៗ បន្តិច​បន្តួច ពុំ​បាន​លើក​យក​មក​អធិប្បាយ​ទេ ។ រឿង​បឹង​ត្របែក​នេះ មាន​ប្រាកដ​នៅ​ក្នុង​សៀវភៅ​ព្រះ​រាជ​ពង្សាវតារ​ច្បាប់​សរសេរ​ដៃ តម្កល់​នៅ​ពុទ្ធសាសនបណ្ឌិត្យ​សព្វ​ថ្ងៃ ដែល​យក​មក​លំនាំ​រឿង​បាន ដូច​តទៅ ៖ តាម​សព្ទ​នៃ​ពាក្យ​ខាង​លើ​នេះ មិន​មែន​ជា​ពិបាក​យល់​ទេ តែ​នៅ​មាន​បញ្ហា​ខ្លះ ដែល​អ្នក​អាន​គួរ​ជ្រាប គួរ​ចាំ​ជា​ប្រវត្តិ ។ អាស្រ័យ​ហេតុ​នេះ បាន​ជា​យើង​ស្រាវ​ជ្រាវ រក​ពង្សាវតារ​នៃ​បឹង​ត្របែក មក​អធិប្បាយ​ជូន ។ តើ​ហេតុ​អ្វី បាន​ជា​គេ​ហៅថា "បឹង​ត្របែក" តាម​រូប​សព្ទ​នេះ គេ​អាច​យល់​បាន​ភ្លាម តែ​ត្រង់​ខុស ឬ​ត្រូវ​តាម​ប្រវត្តិ​នោះ យើង​មិន​ទាន់​ដឹង​ទេ បើ​យើង​បំបែក​សព្ទ​នេះ​ទៅ បាន​ន័យ​ថា "បឹង​ដែល​មាន​ដើម​ត្របែក ហៅថា បឹង​ត្របែក" តើ​ឈ្មោះ​នេះ ពិត​ដូច្នេះ​មែន​ឬ​ទេ ? ។ រឿង​នេះ ខ្ញុំ​សូម​នាំ​យក ប្រវត្តិ​មក​និទាន​ជូន​ដូច​តទៅ ៖ ព្រះ​បាទ​ជ័យជេដ្ឋា (ព្រះ​អង្គ​សូរ) ព.ស. ២២១៩ គង់​នៅ​ឧត្ដុង្គ​ឮ​ជ័យ បាន​សាង​វាំង ១ ទៀត នៅ​ទួល​ឪជ្រឹង ស្រុក​សំរោង​ទង​សព្វ​ថ្ងៃ ព្រះ​អង្គ​រើ​ព្រះ​រាជ​វាំង​ពី​ឧត្ដុង្គ​ឮ​ជ័យ មក​គង់​នៅ​ព្រះ​រាជ​វាំង​ទួល​ឪជ្រឹង ទុក​ព្រះ​មាតា គឺ​សម្ដេច​ព្រះ​ទាវ ឲ្យ​គង់​នៅ​ឯ​ឧត្ដុង្គ​ឮ​ជ័យ ។ ឯ​សម្ដេច​ព្រះ​បទុម​រាជា​មហា​ឧបរាជ ទ្រង់​ជ្រាប​ព័ត៌មាន​នេះ​ហើយ ក៏​មាន​ព្រះ​ទ័យ​ត្រេក​អរ​ជា​ពន់​ពេក ហើយ​ប្រឹក្សា​ជា​មួយ​អុង​យួន រួច​លើក​ទ័ព​ខ្មែរ-យួន​ទៅ​លុក​វាំង ឧត្ដុង្គ​ឮ​ជ័យ ហើយ​ចាប់​យក​សម្ដេច​ព្រះ​ទាវ​ជា​ព្រះ​វរ​រាជ​មាតា​នៃ​ព្រះ​ជ័យ​ជេដ្ឋា និង នាង​អាំ ជា​សាវឡិក នាំ​យក​ទៅ​នៅ​បន្ទាយ​ជ្រោយ​ចង្វា ។ ព្រះ​ជ័យ​ជេដ្ឋា ដែល​គង់​នៅ​វាំង​ទួល​ឪជ្រឹង កាល​បើ​ទ្រង់​ជ្រាប​ការណ៍​នេះ​ហើយ ទ្រង់​ព្រះ​កន្សែង​សោយ​សោក​អាឡោះ​អាល័យ​ពី​ការ​និរាស​ព្រាត់​ព្រះ​វរ​មាតា ។ ព្រះ​អង្គ​រើ​ព្រះ​រាជ​ដំណាក់​ពី​ព្រះ​រាជ​វាំង​ទួល​ឪជ្រឹង ទៅ​គង់​ឧត្ដុង្គ​ឮ​ជ័យ​វិញ ។ ព្រះ​អង្គ​ទ្រង់​បាន​ប្រឹក្សា​ជា​មួយ​សេនាបតី នាម៉ឺន​សព្វ​មុខ​មន្ត្រី ឲ្យ​ប្រមូល​ទ័ព​ទៅ​ច្បាំង​ជា​មួយ​ទ័ព​ខ្មែរ-យួន ដែល​នៅ​ជ្រោយ​ចង្វា ដើម្បី​ដណ្ដើម​យក​ព្រះ​វរ​រាជ​មាតា​មក​វិញ ។ មន្ត្រី​ក៏​ប្រមូល​ទ័ព​បាន​គ្រប់​ចំនួន​ហើយ ព្រះ​អង្គ​ទ្រង់​ព្រះ​ចិន្ដា​ថា លើក​ទ័ព​ទៅ​វាយ​ទ័ព​យួន ដែល​មាន​ព្រះ​វរ​រាជ​មាតា​នៅ​ជា​មួយ​ផង​មិន​ស្រួល​ទេ ។ គិត​ដូច្នេះ ព្រះ​អង្គ​ទ្រង់​កែ​ព្រះ​រាជ​មធ្យោបាយ ។ ព្រះ​អង្គ ទ្រង់​ប្រឹក្សា​ជា​មួយ ពញា​មន្ត្រី​សង្គ្រាម​សួស្តិ៍ ដើម្បី​ទៅ​យក​ព្រះ​វរ​រាជ​មាតា ។ ចៅ​ពញា​មន្ត្រី​សង្គ្រាម​សួស្តិ៍ ថ្វាយ​ព្រះ​រាជ​យោបល់​ថា មាន​តែ​ប្អូន​ទូល​ព្រះ​បង្គំ ឈ្មោះ​ពញា​ភក្ដី​សង្គ្រាម​ហុក​ទេ ដែល​មាន​ថ្វី​ដៃ អាច​ទៅ​យក​ព្រះ​វរ​រាជ​មាតា​ព្រះ​អង្គ​បាន ។ ចៅ​ពញា​ភក្ដី​សង្គ្រាម​ហុក ទទួល​ព្រះ​រាជ​បញ្ជា​ហើយ ក៏​សន្យា​នឹង​ព្រះ​ជ័យ​ជេដ្ឋា​ថា តែ ៧ ថ្ងៃ នឹង​ធ្វើ​ការ​នេះ​ឲ្យ​បាន​សម្រេច ហើយ​សូម​ព្រះ​អង្គ​ឲ្យ​ទ័ព​ទៅ​ចាំ​ទទួល ។ ចៅ​ពញា​សង្គ្រាម​ហុក សុំ​យក​ទាសា​ជំនិត​ម្នាក់ ឈ្មោះ​គោ និង​សុនខ​មួយ ឈ្មោះ​អា​ស្រគំ ទៅ​ជា​មួយ ។ ចៅ​ពញា​ភក្ដី​សង្គ្រាម​ហុក ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំពេញ​ហើយ ទៅ​សំណាក់​ក្នុង​វត្ត​ស្រកាលេញ រួច​ដើរ​ស៊ើប​យក​ការណ៍ រហូត​ដល់​បាន​ព័ត៌មាន​ថា ទ័ព​យួន ទុក​សម្ដេច​ព្រះ​ទាវ​ក្នុង​ទូក​នៅ​ឯ​ជ្រោយ​ចង្វា ។ នៅ​វេលា​យប់​ស្ងាត់ មេឃ​ងងឹត​រក​កល់​ចង់​ភ្លៀង​ផង ចៅ​ពញា​ភក្ដី​សង្គ្រាម យក​ទៀន​ធូប​ភ្ញី​ផ្កា​ខ្លះ លប​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​វត្ត​ស្រកា​លេញ ហើយ​តាំង​អធិដ្ឋាន​ថា : ខ្ញុំ​ព្រះ​អង្គ​នេះ មាន​ចិត្ត​កតញ្ញូ​នឹង​ព្រះ​បាទ​ជា​អម្ចាស់ ស៊ូ​លះ​ជីវិត​មិន​គិត​ស្លាប់ ទទួល​អាសា​មក​អញ្ជើញ​សម្ដេច​ព្រះ​ទាវ​ជា​ព្រះ​វរ​រាជ​មាតា ពី​កណ្ដាប់​ដៃ​នៃ​សត្រូវ បើ​សម្ដេច​ព្រះ​ជ័យ​ជេដ្ឋា​ជា​អម្ចាស់​ខ្ញុំ ស្ដេច​បាន​សោយ​រាជ្យ​សម្បត្តិ ក្នុង​ក្រុង​កម្ពុជា​ធិបតី​នេះ សូម​កុំ​ឲ្យ​ទ័ព​យួន​ឃើញ​ស្គាល់​ខ្ញុំ​អម្ចាស់​ឡើយ ដោយ​សេចក្ដី​កតញ្ញូ​របស់​ខ្ញុំ សូម​កុំ​ឲ្យ​មាន​អន្តរាយ​អ្វី សូម​ទេវតា​ជួយ​ទំនុក​បម្រុង សូម​ឲ្យ​ខ្ញុំ​ទៅ​អញ្ជើញ​សម្ដេច​ព្រះ​ទាវ ជា​ព្រះ​វរ​រាជ​មាតា ពី​ក្នុង​ចំណោម​កង​ទ័ព​សង្គ្រាម​បាន​ដោយ​ងាយ ។ លុះ​ចប់​ការ​តាំង​អធិដ្ឋាន​ហើយ ចៅ​ពញា​ភក្ដី​សង្គ្រាម​ហុក នាំ​នាយ​គោ​ចេញ​ពី​ព្រះ​វិហារ ហើយ​ផ្ដាំ​ឲ្យ​អា​ស្រគំ​ចាំ​នៅ​មុខ​ព្រះ​វិហារ​នេះ ។ អ្នក​ផ្សង​សំណាង​ទាំង​ពីរ​នាក់ ផ្លាស់​សំពត់​យក​ចង​ទ្រូង ហើយ​យក​កាំបិត​ស្នៀត​សៀត​នឹង​ចង្កេះ ដើរ​រក​ឫស្សី​ហែល​ឆ្លង​ទៅ​ជ្រោយ​ចង្វា ។ ចៅ​ពញា​ភក្ដី​សង្គ្រាម ឆ្លង​ដល់​ត្រើយ​ហើយ ពួន​តាម​មាត់​ទឹក​តម្រង់​ទៅ​រក​ទូក​យួន ។ លូន​បណ្ដើរ សែក​មន្ត​គាថា​សណ្ដំ​ទ័ព​យួន​បណ្ដើរ, ចៅ​ពញា​ភក្ដី​សង្គ្រាម​ហុក បាន​ទៅ​ដល់​ទូក​ដែល​សម្ដេច​ព្រះ​ទាវ​ផ្ទំ ។ លោក​បាន​ឃើញ​សម្ដេច​ព្រះ​ទាវ​ហើយ ក៏​ចូល​ទៅ​ដាស់​ព្រះ​អង្គ ហើយ​ថ្វាយ​ចិញ្ចៀន​ព្រះ​ទម្រង់​ដែល​ព្រះ​ជ័យ​ជេដ្ឋា ទ្រង់​បាន​ផ្ញើ​ឲ្យ​យក​ទៅ​ថ្វាយ​សម្ដេច​ព្រះ​មាតា​ជា​បន្ទាល់ ។ សម្ដេច​ព្រះ​ទាវ ទត​ឃើញ​សេនា​របស់​ព្រះ​អង្គ ទ្រង់​មាន​សេចក្ដី​រំភើប​ជា​ទី​បំផុត ។ ចៅ​ពញា​ភក្ដី​សង្គ្រាម​ហុក តឿន​ព្រះ​អង្គ​ឲ្យ​ចេញ​ពី​ទូក​យួន​ជា​ប្រញាប់ ។ តែ​ព្រះ​អង្គ​មាន​ព្រះ​រាជ​សវនីយ៍ ទៅ​កាន់​ចៅ​ពញា​សង្គ្រាម​ថា ឲ្យ​ទៅ​យក​នាង​អាំ​ជា​ភីលៀង មក​ជា​មួយ​ផង ព្រោះ​ធ្លាប់​កម្សត់​ជា​មួយ​ព្រះ​អង្គ ។ ចៅ​ពញា​ភក្ដី​សង្គ្រាម​ហុក នាំ​សម្ដេច​ព្រះ​ទាវ និង​នាង​អាំ ចេញ​ពី​ទូក​បាន​ហើយ មេឃ​ងងឹត​ឈឹង​រក​មើល​ទិស​តំបន់​អ្វី​មិន​ឃើញ ក៏​បញ្ជា​ឲ្យ​នាយ​គោ​ផ្ទៀង​ចាំ​ស្ដាប់​អា​ស្រគំ​លូ ។ ផ្ទៀង​សំឡេង​ឆ្កែ​លូ​ដាក់​ច្បាស់​ហើយ ចៅ​ពញា​សង្គ្រាម​ហុក នាំ​គ្នា​ហែល​ឆ្លង​មក​ត្រើយ​ភ្នំពេញ​វិញ ។ លុះ​ដល់​ត្រើយ​ហើយ សម្ដេច​ព្រះ​ទាវ យាង​ទៅ​សម្រាក​ព្រះ​កាយ​បន្តិច ក្នុង​វត្ត​ស្រកា​លេញ ហើយ​បន្ត​ព្រះ​រាជ​ដំណើរ​ទៅ​ទៀត, ចៅ​ពញា​សង្គ្រាម​ហុក បញ្ជិះ​សម្ដេច​ព្រះ​ទាវ ហើយ​ឲ្យ​នាយ​គោ នាង​អាំ អា​ស្រគំ​ដើរ​ទៅ​មុខ តម្រង់​ទៅ​ឧត្ដុង្គ​ឮ​ជ័យ ។ តែ​ពេល​នោះ មេឃ​ងងឹត​ពេក ចៅ​ពញា​សង្គ្រាម មើល​ផ្លូវ​ពុំ​ច្បាស់ ចេញ​ពី​វត្ត​ស្រកា​លេញ​ទៅ​ដោយ​ព្រាវ ទៅ​ដល់​បឹង​ត្របែក​សព្វ​ថ្ងៃ​នេះ ឃើញ​ផ្លូវ​បែក នាយ​គោ​ងាក​មក​សួរ​ចៅហ្វាយ​នាយ​ថា តើ​ត្រូវ​ដើរ​ទៅ​តាម​ផ្លូវ​ណា ? ។ ចៅ​ពញា​សង្គ្រាម​ហុក ក៏​បញ្ជា​ឲ្យ​នាយ​គោ បែក​ទៅ​ស្ដាំ ។ កន្លែង​ដែល​មាន​ផ្លូវ​បែក​នេះ មាន​សភាព​ទំនាប​ជា​បឹង​ទើប​ហៅថា "បឹង​ត្រង់​បែក"2 ។ ពាក្យ​ថា "បឹង​ត្រង់​បែក" នេះ អ្នក​ស្រុក​និយាយ​រហ័ស ក៏​ឮ​តែ​បឹង​ត្របែក​ៗ ទៅ​វិញ ។ សំដី​នេះ ក៏​ចេះ​តែ​ក្លាយ​ទៅ​ៗ រហូត​ដល់​បាត់​ន័យ​ដើម​របស់​ពាក្យ​ដូច្នេះ ។ លុះ​ភ្លឺ​ឡើង​ទៅ​ដល់​ស្ទឹង​ព្រែក​ត្នោត ទើប​ចៅ​ពញា​សង្គ្រាម ដឹង​ថា​វង្វេង​ផ្លូវ ។ ហើយ​នាំ​គ្នា​បែរ​មុខ​ទៅ​រក​ទិស ទៅ​កាន់​ឧត្ដុង្គ​ឮ​ជ័យ​វិញ ។ ទី​នេះ​ក៏​ជាប់​ឈ្មោះ​ថា បឹង​ត្របែក រហូត​មក ។

រឿង ព្រេង​កំពង់​ខ្សាច់​ស

រឿង ព្រេង​កំពង់​ខ្សាច់​ស (នៅ​ខេត្ត​ព្រៃវែង) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ១៣៥ - ១៣៨ នៅ​ក្នុង​ឃុំ​រាក់​ជ័យ ស្រុក​បាភ្នំ ខែត្រ​ព្រៃវែង មាន​ភូមិ​មួយ​ដែល​នៅ​ខាង​លិច​គោក​សណ្ដែក ចម្ងាយ​ប្រមាណ ៣ គ.ម. គេ​ហៅ​ភូមិ​នេះ​ថា "កំពង់​ខ្សាច់​ស" ។ កាល​ពី​ដើម កំពង់​ខ្សាច់​ស ជា​ទី​ប្រជុំ​ជន​នៃ​សាលា​ស្រុក​បាភ្នំ ។ ដោយ​ទឹក​ជន​លិច​ជា​ញឹក​ញយ​ពេក រាជការ​ក៏​រើ​សាលា​ស្រុក​អំពី​កំពង់​ខ្សាច់​ស ទៅ​ដាក់​នៅ​សង្កាត់​ឈើ​កាច់​វិញ ។ កំពង់​ខ្សាច់​ស ស្ថិត​នៅ​ជាប់​នឹង​មាត់​បឹង​ដ៏​ធំ​មួយ ដែល​មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា ព្រម​ទាំង​សម្បូណ៌​ដោយ​មច្ឆជាតិ​ផង ។ នៅ​ខែ​វស្សា បឹង​ខ្សាច់​ស មាន​ទឹក​ល្ហល្ហាច​ប្រៀប​បាន​នឹង​បឹង​ទន្លេ​សាប នា​រដូវ​ប្រាំង, ប៉ុន្តែ នៅ​រដូវ​ប្រាំង បឹង​នេះ រួម​មក​នៅ​តូច​វិញ ។ មុន​ឆ្នាំ ១៩៥០, កំពុង​ខ្សាច់​ស ជា​ផ្សារ​មួយ​យ៉ាង​ធំ​មធ្យម ប្រកប​សោយ​សេចក្ដី​សុខ​សប្បាយ​រុង​រឿង ប៉ុន្តែ​ដោយ​ស្រុក​មាន​អសន្តិសុខ ក្នុង​សម័យ​នោះ អ្នក​ផ្សារ ក៏​នាំ​គ្នា​រត់​ឡើង​ទៅ​នៅ​ឯ​គោក​សណ្ដែក​ខ្លះ ទៅ​នៅ​ពាម​រក៍​ខ្លះ​អស់​ទៅ ។ សព្វ​ថ្ងៃ កំពង់​ខ្សាច់​ស ក្លាយ​ទៅ​ជា​ភូមិ​អ្នក​ស្រុក​ធម្មតា ។ បាន​ជា​ហៅថា "កំពង់​ខ្សាច់​ស" ដោយ​មាន​រឿង​ព្រេង​ដែល​ចាស់​ៗ និទាន​ត​ៗ មក​ថា ៖ ក្នុង​អតីត​កាល​យូរ​អង្វែង​ណាស់​មក​ហើយ ឮ​ថា មាន​ក្រពើ​ឈ្មោល ១ នៅ​ឯ​ភ្នំ​ជើង​មីដែង​ក្នុង​ស្រុក​កូសាំងស៊ីន មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ​ណាស់ អាច​កាឡា​ខ្លួន​ជា​មនុស្ស​ក៏​បាន ជា​លោក​សង្ឃ​ក៏​បាន ។ ថ្ងៃ​មួយ ក្រពើ​នេះ បាន​កាត់​មក​រក​ប្រខាំ​គ្នា​នឹង​ក្រពើ​មួយ​ទៀត​នៅ​ទន្លេ​ហោះ​ហៀវ ក្នុង​សង្កាត់​កំពង់​ភ្នំ ស្រុក​លើក​ដែក (កណ្ដាល) ។ លុះ​មក​ដល់​ពាម (បាណាម) ដែល​មាន​ទន្លេ​បែក​ជា​បី ក្រពើ​នោះ​រក៍ 2 ទន្លេ​ហោះ​ហៀវ​មិន​ឃើញ ។ ត្រង់​នេះ គេ​សន្មត​ហៅ​ថា "ពាម​រក៍" រហូត​មក​ដល់​សព្វ​ថ្ងៃ ។ ពេល​នោះ​ក្រពើ ក៏​បាន​ឃើញ​ទូក​តា​នឹង​យាយ​ពីរ​នាក់ ដែល​កំពុង​អុំ​ធ្វើ​ដំណើរ​ទៅ​កំពង់​ភ្នំ ក្រពើ​ក៏​កាឡា​ខ្លួន​ជា​ភេទ​លោក​នេន សុំ​ដោយ​សារ​ទូក​តា​និង​យាយ​នោះ​ទៅ ។ ក្នុង​ពេល​ដែល​តា​និង​យាយ​កំពុង​អុំ​ទូក លោក​នេន ក៏​សួរ​តា​ថា : ត្រង់​ណា​គេ​ហៅថា​ទន្លេ​ហោះ​ហៀវ​តា ? តា​ឆ្លើយ​ថា បន្តិច​ទៀត​ដល់​ហើយ ។ អើ​បើ​ដល់​ហើយ សូម​តា​ប្រាប់​អាត្មា​ផង ។ មិន​អី​ទេ ចាំ​ខ្ញុំ​ករុណា​ទូល​ពុទ្ធ​ដីកា ។ លុះ​តា និង​យាយ អុំ​ទូក​ដល់​ទន្លេ​ហោះ​ហៀវ ក៏​ប្រាប់​ថា : ត្រង់​នេះ​ហើយ​ហៅថា "ទន្លេ​ហោះ​ហៀវ​លោក​ចៅ !” ។ កាល​ដែល​បាន​ដឹង​ថា​ទន្លេ​ហោះ​ហៀវ​ហើយ លោក​នេន​នោះ​ក៏​កាឡា​ខ្លួន​ជា​ក្រពើ​ភ្លាម លោត​ចុះ​ទៅ​ក្នុង​ទឹក​ភ្លុង​បាន​ជួប​នឹង​ក្រពើ​ហោះ​ហៀវ​នោះ ក៏​ចាប់​ប្រខាំ​គ្នា​យ៉ាង​សម្បើម​អស្ចារ្យ, ដល់​ទី​បំផុត ក្រពើ​នៅ​ភ្នំ​ជើង​មីដែង ត្រូវ​ក្រពើ​ទន្លេ​ហោះ​ហៀវ​ខាំ​ដាច់​កន្ទុយ និង ខាំ​ត្រូវ​កន្លែង​ឯ​ទៀត​ជា​ដំណំ ។ ក្រពើ​ត្រូវ​របួស ក៏​ហែល​គេច​មក​លាក់​ខ្លួន​ពួន​អាត្មា​ក្នុង​បឹង​មួយ នៅ​ខាង​កើត​ពាម​រក៍ ។ លុះ​ដល់​មនុស្ស​គេ​ទៅ​ឃើញ​ក្រពើ​កំបុត​កន្ទុយ​នៅ​ក្នុង​បឹង​នោះ ក៏​នាំ​គ្នា​សន្មត​នាម​បឹង​នោះ​ហៅថា "បឹង​ក្រពើ​កំបុត​ៗ" រហូត​ដល់​សព្វ​ថ្ងៃ ។ លុះ​ភៀស​ខ្លួន​រួច​ពី​អាសន្ន​ធំ​ហើយ ក្រពើ​នោះ​ក៏​វារ​លូន​ទៅ​ទៀត ប្រាថ្នា​នឹង​វិល​ទៅ​លំនៅ​ខ្លួន​ឯ​ភ្នំ​ជើង​មីដែង​វិញ ដើម្បី​នឹង​ឲ្យ​បាន​ជួប​ប្រពន្ធ​កូន ប៉ុន្តែ​ជា​អកុសល លូន​មក​ដល់​ខាង​កើត​បឹង​នោះ ដែល​សព្វ​ថ្ងៃ​គេ​ហៅថា "ខ្សាច់​ស" ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ ។ អ្នក​ស្រុក​នាំ​គ្នា​អារ​យក​សាច់ ហើយ​ចម្រាញ់​យក​ខ្លាញ់ ។ ដោយ​ហេតុ​តែ​ក្រពើ​នោះ មាន​ឫទ្ធិ​អំណាច អ្នក​ស្រុក​មិន​ហ៊ាន​អាស្រ័យ​ក៏​យក​ទៅ​ចាក់​ចោល​នៅ​វាល​ខ្សាច់ ។ សាច់​ក្រពើ​នោះ​ស ក៏​គេ​សន្មត​ហៅ​ទី​នោះ​ថា "ខ្សាច់​ស" ។ ខ្លាញ់​ក្រពើ​ដែល​ចម្រាញ់​បាន​នោះ គេ​យក​ទៅ​ចាក់​ចោល​ក្នុង​បឹង ១ ធំ ក្នុង​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ហើយ​គេ​សន្មត​ហៅ​បឹង​នោះ​ថា "បឹង​ចាក់​ខ្លាញ់" ទាំង​ភូមិ និង​វត្ត​នៅ​ក្បែរ​មាត់​បឹង​នោះ ក៏​ហៅថា "ភូមិ​ចាក់​ខ្លាញ់ វត្ត​ចាក់​ខ្លាញ់​ដែរ" រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ ចំណែក​ក្រពើ​ញី, កាល​បើ​បាត់​ប្ដី​យូរ​ពេក មិន​ឃើញ​ត្រឡប់​ទៅ​វិញ ក៏​លា​កូន​មក​តាម​ប្ដី ។ លុះ​មក​ដល់​កណ្ដាល​ផ្លូវ បាន​ដឹង​ថា​ប្ដី​ស្លាប់​ទៅ​ហើយ ក៏​ទ្រោម​ពួន​ស្លាប់​ខ្លួន​នៅ​ទី​នោះ​ទៅ, ខ្មោច​ក្រពើ​នោះ​ឯង ក៏​ក្លាយ​ទៅ​ជា​ថ្ម​ដោយ​អំណាច​ឫទ្ធិ ។ កន្លែង​នោះ អ្នក​ស្រុក​សន្មត​ហៅ​ថា ថ្ម​ក្រពើ​ទ្រោម រហូត​ដល់​សព្វ​ថ្ងៃ ។ ឯ​កូន​ក្រពើ​ទៀត​សោត កាល​បើ​បាត់​មេ​បា​យូរ​ពេក មិន​ឃើញ​ត្រឡប់​ទៅ​វិញ ក៏​តាម​មក​ទៀត, មក​ដល់​ពាក់​កណ្ដាល​ផ្លូវ​ក៏​បាន​ដឹង​ថា : មេ និង​បា​ខ្លួន​ស្លាប់​អស់​ហើយ ក៏​ក្រាំង​ខ្លួន​ស្លាប់​នៅ​ទី​នោះ​ទៀត​ទៅ, ទី​ក្រាំង​ខ្លួន​នោះ ក៏​ក្លាយ​ទៅ​ជា​ថ្ម​អំណាច​ឫទ្ធិ​ដែរ ។ ត្រង់​នោះ អ្នក​ស្រុក​ហៅ​ថា​ភូមិ​ថ្ម​ក្រាំង ហៅ​ក្លាយ​មក​ទៀត​ថា ភូមិ​ថ្ម​ទ្រាំង​នៅ​តែ​សព្វ​ថ្ងៃ​នេះ ។ ចម្ងាយ​ពី​ថ្ម​ក្រពើ​ទ្រោម ទៅ​ភូមិ​ថ្ម​ទ្រាំង​ប្រមាណ ១ គ.ម. នៅ​ខាង​កើត​ឆៀង​អាគ្នេយ៍​ផ្សារ​គោក​សណ្ដែក ក្នុង​សង្កាត់​រាក់​ជ័យ ស្រុក​បាភ្នំ ខែត្រ​ព្រៃវែង ។

រឿង ព្រះ​ពាន់

រឿង ព្រះ​ពាន់ (នៅ​ខេត្ត​ព្រៃវែង) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ១៣១ - ១៣៤ បើ​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ១ ពី​ភ្នំ​ពេញ​ទៅ​ស្វាយរៀង, ដល់​ទៅ​ផ្សារ​តូច​មួយ គេ​ហៅថា ផ្សារ​ល្វា ក្នុង​ឃុំ​ល្វា ស្រុក​កំពង់​ត្របែក (ព្រៃវែង) ចុះ​ទៅ​ខាង​ស្ដាំ​ដៃ (ទៅ​ត្បូង) តាម​ផ្លូវ​លំ​ប្រមាណ​ជា ៥ គ.ម. ចុះ​ទៅ​ទៅ​ខាង​ស្ដាំ​ដៃ (ទៅ​លិច) តាម​ផ្លូវ​រទេះ ឬ​ក៏​ទៅ​តាម​ភ្លឺ​ស្រែ​អ្នក​ស្រុក ចម្ងាយ​ប្រមាណ​ជា ៣ គ.ម. ទៀត នឹង​បាន​ឃើញ​ដើម​ឈើ​ខ្ពស់​ៗ "នោះ​គឺ​ជា​ព្រះ​ពាន់" ។ បើ​យើង​សួរ​អ្នក​ស្រុក​នៅ​ក្នុង​ភូមិ​ជិត​ខាង គេ​នឹង​ប្រាប់​យើង​ថា "នោះ​គឺ​ជា​ព្រះ​ពាន់" ។ លុះ​យើង​ចូល​ដល់​បុរាណ​ដ្ឋាន​នេះ នឹង​បាន​ឃើញ​អាស្រម​មួយ សង់​ដោយ​ឈើ​ប្រក់​ក្បឿង របៀប​ជា​សាលា ។ នៅ​ក្នុង​សាលា​នេះ​មាន​ឃើញ​ព្រះ​ពុទ្ធ​រូប ដែល​គេ​តម្កល់​លើ​បល្ល័ង្ក​យ៉ាង​រៀប​រយ ។ ក្រៅ​អំពី​ព្រះ​ពុទ្ធ​រូប​ដែល​គង់​លើ​បល្ល័ង្ក មាន​ព្រះ​ពុទ្ធ​រូប​ជា​ច្រើន​រយ​អង្គ​ទៀត ដែល​គេ​រចនា​ជាប់​ទៅ​នឹង​ដុំ​ថ្ម​មួយ កម្ពស់​ប្រមាណ ១ ម. ទំហំ ១ ម. រាង​រៀវ​ទៅ​លើ, ព្រះ​ពុទ្ធ​រូប​នេះ​ហើយ ដែល​គេ​ហៅថា "ព្រះ​ពាន់" ។ បាន​ជា​គេ​ហៅ​ថា "ព្រះ​ពាន់" ដោយ​មាន​រឿង​ព្រេង ដែល​ចាស់​ៗ ដំណាល​ត​ៗ មក​ថា ៖ កាល​ពី​អតីត​កាល​កន្លង​យូរ​អង្វែង​ណាស់​ហើយ​នោះ មាន​ត្រកូល​មួយ​មិន​ប្រាកដ​ថា​ឈ្មោះ​អ្វី បាន​រស់​នៅ​ក្នុង​ទី​នោះ ។ កាល​អំណើះ​ឥត​អំពី​ប្ដី​ទៅ ប្រពន្ធ​បាន​រួម​រស់​ជា​មួយ​កូន​ប្រុស​ម្នាក់ រក​ស៊ី​ចិញ្ចឹម​ជីវិត ដោយ​ការ​ធ្វើ​ស្រែ ជា​របរ​ប្រចាំ​គ្រួសារ ។ រៀង​រាល់​ព្រឹក, ម្ដាយ​តែង​តែ​ឲ្យ​កូន​ប្រុស​នេះ​ទៅ​ភ្ជួរ​រាស់​ឯ​ស្រែ លុះ​ដល់​ថ្ងៃ​បន្តិច ទើប​ម្ដាយ​ទូល​បាយ​សម្ល​យក​ទៅ​ឲ្យ​កូន​ឯ​ស្រែ​នោះ ជា​ខាង​ក្រោយ ។ ថ្ងៃ​មួយ ដោយ​ម្ដាយ​មាន​ជាប់​រវល់ ក្នុង​កិច្ចការ​ផ្ទះ​ជា​ច្រើន​ផង ដោយ​អាង​ថា​កូន ប្រហែល​ជា​មិន​ទាន់​ឃ្លាន​បាយ​ណាស់​ណា​ផង ក៏​បង្អែ​បង្អង់​ឲ្យ​យឺត​យូរ​បន្តិច​ជាង​រាល់​ថ្ងៃ ។ ចំណែក​កូន​ប្រុស ដែល​ទៅ​ភ្ជួរ​រាស់​ឯ​ស្រែ​នោះ ឃ្លាន​បាយ​ណាស់ ទទឹង​មើល​ផ្លូវ​ម្ដាយ ស្ទើរ​ក្រហម​ភ្នែក មិន​ឃើញ​ម្ដាយ​យក​បាយ​ទៅ​ឲ្យ​សោះ ក៏​បាន​ពោល​ពាក្យ​ប្រមាថ​មើល​ងាយ​ជា​ច្រើន ដោយ​ពាក្យ​ពុំ​សម​រម្យ ។ ម្ដាយ កាល​ដែល​បាន​រួច​រវល់​អស់​ហើយ ក៏​រៀបចំ​ដួស​បាយ​ដាក់​ត្រឡោក ហើយ​ញាត់​ឲ្យ​ណែន ដោយ​គាត់​គិត​ថា : កាល​ណា​កូន​គាត់​ស៊ី​បាយ​រួច​ហើយ យក​ត្រឡោក​នេះ​ដង​ទឹក​ផឹក​តែ​ម្ដង ជា​ការ​ងាយ​ស្រួល​ជាង​ដាក់​បាយ​នឹង​ចាន, ព្រោះ​បើ​យក​ចាន ហើយ​យក​ត្រឡោក​ថែម​ទៀត​នោះ នា​តែ​ឲ្យ​ច្រើន លំបាក​នឹង​យក​មក​វិញ ។ កូន​កំលោះ​គាត់ ដែល​កំពុង​ឃ្លាន​បាយ​ខ្លាំង កាល​បើ​បាន​ឃើញ​ម្ដាយ ទូល​បាយ​តែ​បន្តិច​ដាក់​ក្នុង​ត្រឡោក យក​ទៅ​ឲ្យ​ខ្លួន​ដូច្នោះ នឹក​ខឹង​ណាស់ ដោយ​ស្មាន​ថា​ខ្លួន​ស៊ី​មិន​ឆ្អែត ក៏​និយាយ​ពាក្យ​ដ៏​ទ្រគោះ ទាំង​ជ្រុល​ហួស​ដល់​វាយ​ដំ​ម្ដាយ លុះ​ត្រា​ម្ដាយ​សន្លប់​បាត់​ស្មារតី​ក្នុង​ពេល​នោះ ។ លុះ​ដល់​ស៊ី​បាយ​ក្នុង​ត្រឡោក​នោះ​ទៅ វា​ស៊ី​មិន​អស់ ទើប​ដឹង​ថា ខ្លួន​ធ្វើ​នេះ​ខុស​ហើយ ងាក​មក​សុំ​ខមាទោស​ម្ដាយ​វិញ ។ ម្ដាយ ឆ្លើយ​តប​ថា : ម្ដាយ​គ្មាន​ទោស​ឲ្យ​កូន​ទេ គឺ​ជា​ទោស​របស់​វដ្ដៈ​ទេ បើ​កូន​ចង់​បាន​រួច​កម្ម​ពៀរ​នេះ ត្រូវ​កូន​កសាង​ព្រះ​ពុទ្ធ​រូប ១ ពាន់ នៅ​លើ​ផ្ទាំង​ថ្ម​ដា​មួយ​យ៉ាង​ធំ កាល​ណា​បើ​ព្រះ​ពុទ្ធ​រូប​ទាំង​នេះ របេះ​រលុប​រលាយ​បាត់​កាល​ណា ពេល​នោះ ទើប​កូន​រួច​អំពី​កម្ម​ពៀរ​នេះ ។ ម្ដាយ​ផ្ដាំ​រួច​ស្រេច​ហើយ ក៏​ធ្វើ​មរណ​កាល​ទៅ​កាន់​បរលោក​ទៅ ។ កូន​ប្រុស​នេះ ក៏​បាន​ធ្វើ​តាម​បណ្ដាំ​ម្ដាយ ដោយ​យក​ដុំ​ថ្ម​មួយ​ធំ មក​រចនា​ជា​ព្រះ​ពុទ្ធ​រូប​ជុំ​វិញ​ជា​ជាន់​ៗ ជា​ច្រើន​រយ​អង្គ ហើយ​តម្កល់​ទុក​ក្នុង​កន្លែង​នេះ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ នៅ​រៀង​រាល់​ឆ្នាំ អ្នក​ស្រុក​ជិត​ខាង គេ​តែង​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​ទាន​ផ្សេង​ៗ នៅ​កន្លែង​នេះ ពុំ​ដែល​ខាន ។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/