រឿង បុរស​ឪពុក​ និង​កូន​ជួប​នឹង​ក្រពើ

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៨៩ - ៩០

    មាននិទានមួយថា : មានបុរសឪពុកនិងកូន បររទេះចេញទៅជួញ ជួបនឹងក្រពើមួយដែលភ្លើងព្រៃរោលរលាកជើងទាំង ៤ នឹងដើររកឆីពុំបាន អត់អាហារស្គមរីងរៃ ។ បុរសឪពុកនិងកូនបានឃើញក្រពើនោះរលាកជើងទាំង ៤ ស្គមទាំងខ្លួននឹងវាពុំបានដូច្នេះហើយ បុរសនោះអាសូរក្រពើបានកាប់ឈើមកចងអបក្រពើនោះរឹងជាប់ លើកដាក់រទេះបរទៅ លុះដល់បឹងមួយធំជាទីសុខសប្បាយ បុរសនោះដាក់ក្រពើចុះក្នុងទឹក ក្រពើនោះបានផឹកទឹកអកភក់ឆ្អែតហើយ គិតនឹងខាំនោះវិញ បុរសនោះថា “ព្រះស្ដែងកុំខាំអញ ៗ មានគុណលើព្រះស្ដែង” ។ ក្រពើនោះថា “មានគុណនឹងអញឯណា បើចងអញស្ទើរស្លាប់ ដូច្នេះអញឆីព្រះស្ដែង ឲ្យទាល់តែបាន” ។ ឯបុរសថា “ព្រះស្ដែងកុំអាលខាំអញ មកយើងនឹងនាំគ្នាទៅរកប្រាជ្ញលោកកាត់សេចក្ដីនេះឲ្យយើង ”ទើបបុរសនិងក្រពើទៅនាំគ្នាក្រាបបង្គំទូលព្រះ

មហាក្សត្រ ដោយនូវដំណើរទីទៃ ៗ ។ ក្រពើក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់នៅទីមួយស្ងៀម ៗ ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់ លើកដាក់លើរទេះបរទៅ ខ្ញុំព្រះបាទអម្ចាស់បម្រះពុំរួច ព្រោះតែធ្វើទុក្ខខ្ញុំព្រះបាទអម្ចាស់ បានជាខ្ញុំព្រះបាទអម្ចាស់ខាំបុរសនេះឆី” ។ បុរសក្រាបបង្គំទូលថា “ក្រពើនេះភ្លើងព្រៃរោលរលាកជើងទាំង ៤ វារពុំបាន ខ្ញុំព្រះបាទអម្ចាស់អាសូរទើបយកឈើចងអបហើយ លើកដាក់លើរទេះ បរទៅដល់បឹង ទើបស្រាយលែង ហើយក្រពើនេះចុះទៅក្នុងទឹក បានផឹកទឹកអកភក់មានកម្លាំងហើយ គិតខាំខ្ញុំព្រះបាទអម្ចាស់វិញ ហេតុនេះបានជាខ្ញុំព្រះបាទអម្ចាស់ទាំង ២ នាំគ្នាមកក្រាបបង្គំទូលព្រះអង្គ សូមទ្រង់កាត់សេចក្ដីនេះ, បើព្រះអង្គពុំជឿសូមទ្រង់ទតជើងក្រពើទាំង ៤ ចុះ” ។ ព្រះមហាក្សត្រទ្រង់ពិចារណាថា “ ក្រពើឥតធម៌ ពុំដឹងគុណគេឡើយ ” ទើបព្រះអង្គកាត់ថា “ បើដូច្នោះមែនមានតែព្រះស្ដែងឲ្យគេចងព្រះស្ដែងដូចអំពីមុននោះសិន ហើយសឹមអញពិចារណាឲ្យព្រះស្ដែង ” ទើបព្រះអង្គឲ្យបុរសនោះទៅចងក្រពើនោះជាប់ដូចអំពីមុន ហើយទ្រង់មានព្រះបន្ទូលថា “ព្រះស្ដែងនាំទៅផ្ទះចុះ ថ្ងៃក្រោយព្រះស្ដែងកុំធ្វើគុណនឹងសត្វតិរច្ឆាន ព្រោះលោកថា ពុំត្រូវទុកចិត្តសត្វមានចង្កូម មានពិស ” ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ បុរសនោះចូលចិត្តហោង ។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/