រឿងព្រេងរុស្ស៊ី សុចរិត និង ទុច្ចរិត

ថ្ងៃមួយ មានបុរសអ្នកស្រែពីរនាក់ និយាយជជែកគ្នាអំពីសុចរិត និងទុច្ចរិត ដូចមានសេចក្ដីតទៅនេះ ៖ បុរសម្នាក់ ជាមនុស្សពាលប្រព្រឹត្តតែអំពើទុច្ចរិត រកបានមួយថ្ងៃស៊ីតែមួយថ្ងៃ ដោយអំពើវៀចគ្រប់យ៉ាង នៅខ្វះតែអំពើលួចប្លន់គេមួយយ៉ាងប៉ុណ្ណោះ ។ បុរសម្នាក់ទៀត ជាបណ្ឌិតប្រព្រឹត្តតែអំពើសុចរិតជានិច្ច ។ អ្នកទាំងពីរដើរមកជួបប្រទះគ្នានៅនាកណ្ដាលផ្លូវ ក៏និយាយសាកសួរសុខទុក្ខគ្នាអំពីរបរចិញ្ចឹមជីវិតរៀងខ្លួន ។ បុរសពាល និយាយថា ខ្ញុំចូលចិត្តតែចិញ្ចឹមជីវិតដោយអំពើទុច្ចរិត ភូតភរកុហកបោកប្រាសគេជានិច្ចកាល ។ បុរសបណ្ឌិត ឆ្លើយថា មិនដែលមានអ្នកណាចេះតែភូតភរកុហកបោកប្រាស់គេបានរាល់ថ្ងៃទេ, ចំណែកខ្ញុំវិញ ខ្ញុំស៊ូទ្រាំចិញ្ចឹមជីវិតដោយអំពើសុចរិត ទោះបីលំបាកវេទនាយ៉ាងណាក៏ដោយចុះ ឲ្យតែធ្វើតាមសេចក្ដីពិតត្រង់ ។  បុរសទាំងពីរនាក់ ជជែកគ្នាដណ្ដើមយកត្រូវតែរៀងខ្លួន មិនព្រមចាញ់គ្នាទៅវិញទៅមក មិនចុះសម្រុងគ្នាសោះ ទើបស្រុះចិត្តប្ដេជ្ញាគ្នាថា «យើងត្រូវតែដើរស្វះស្វែងរកមនុស្សដទៃទៀត ប្រាប់គេឲ្យជួយដោះស្រាយរកខុសត្រូវរឿងទាំងពីរនាក់» និយាយរួចក៏នាំគ្នាធ្វើដំណើរទៅ ។ បុរសពីរនាក់បណ្ដើរគ្នាទៅមិនយូរប៉ុន្មាន បានជួបប្រទះនឹងអ្នកស្រែម្នាក់កំពុងភ្ជួរស្រែ ទើបដើរតម្រង់ទៅដល់ហើយសួរថា ៖ បពិត្រអ្នកដ៏ចម្រើន ! សូមអ្នកមេត្តាកាត់សេចក្ដីខុសត្រូវឲ្យយើងខ្ញុំបន្តិចមើល នៅក្នុងសកលលោកនេះ ការចិញ្ចឹមជីវិតដោយអំពើសុចរិត និងដោយអំពើទុច្ចរិត តើអំពើណាប្រសើរជាង ? យើងខ្ញុំជជែកគ្នាមិនដាច់ស្រេចសោះ ។ អ្នកស្រែឆ្លើយថា ៖ នែអ្នកទាំងពីរ ! អំពើសុចរិតយុត្តិធម៌មិនងាយនឹងជួយចិញ្ចឹមជីវិតយើងបានទេ យើងត្រូវតែប្រព្រឹត្តចិញ្ចឹមជីវិតដោយអំពើទុចរិតអយុត្តិធម៌វិញ ទើបបានស្រួលរស់នៅក្នុងលោកនេះបានដោយងាយ ព្រោះអំពើសុចរិតយុត្តធម៌ ប្រៀបដូចអ្នកពាក់ស្បែកជើង សំពត់ស្ដើងទន់ ដើរមិនបានវែងឆ្ងាយទេ, ឯអំពើទុច្ចរិតអយុត្តិធម៌ ប្រៀបដូចអ្នកពាក់ស្បែកជើងយ៉ាងក្រាស់ជាប់មាំ អាចដើរបានវែងឆ្ងាយណាស់ បើទុកជាដើរទៅជាន់លើចម្រូងបន្លា ក៏មិនមុតបាតជើងដែរ ចេះតែទៅរួចរហូត ។ អ្នកធ្លាប់ដឹងឬទេ ? ក្នុងប្រទេសយើងសព្វថ្ងៃនេះ ពួកគហបតីដែលជាម្ចាស់យើង គេគិតតែតឹងទារយកផលប្រយោជន៍អំពីយើងឲ្យពេញៗ ។ ក្នុងមួយថ្ងៃៗ ឥតឲ្យខ្វះកន្លះទេ ? យើងរកតែពេលទំនេរ នឹងបំពេញផលប្រយោជន៍របស់ខ្លួនពុំបានសោះ, ដូច្នេះ យើងត្រូវតែពុតធ្វើជាឈឺ ដើម្បីនឹងលួចបន្លំចូលទៅរកកាប់ឈើក្នុងព្រៃនៅពេលថ្ងៃ បើគេដឹងពុតយើងហើយ គេហាមប្រាមមិនឲ្យយើងធ្វើដូច្នោះទៀត  យើងលួចទៅធ្វើនៅវេលាយប់វិញ ។ ហ៍! ម៉េចទៅឯងឮឬទេ ? ឯងដឹងថាអញយល់ត្រូវមែនឬទេ ? (បុរសពាលសួរបុរសបណ្ឌិត) ។ បុរសទាំងពីរនាក់ នៅមិនទាន់អស់ចិត្ត ក៏បបួលគ្នាដើរទៅមុខទៀត លុះដើរទៅបានបន្តិច ជួបនឹងឈ្មួញរទេះម្នាក់ ស្រែកហៅថា ៖ សូមអ្នកឈប់បន្តិចសិន ព្រោះយើងខ្ញុំចង់សួរប្រស្នានឹងអ្នកបន្តិច បើអ្នកអនុញ្ញាតឲ្យសួរបាន ? យើងខ្ញុំនឹកសង្ស័យថា ក្នុងលោកនេះ មនុស្សយើងត្រូវចិញ្ចឹមជីវិតដោយអំពើសុចរិត ឬទុច្ចរិត ? អ្នកជំនួញថា នែអ្នកអើយ ! អំពើសុចរិតធ្វើឲ្យយើងចិញ្ចឹមជីវិតដោយលំបាកណាស់ ត្រូវតែយើងរកស៊ីចិញ្ចឹមជីវិតដោយអំពើទុច្ចរិតវិញ ដ្បិតថា បើគេកុហកបញ្ឆោតបោកប្រាសយើងហើយ យើងក៏ត្រូវបញ្ឆោតបោកប្រាស់គេវិញដែរ ។ បុរសពាល  ម៉េចឯងឮទេ ? អញគិតត្រូវមែនឬទេ ? អ្នកទាំង ពីរមិនទាន់យល់ស្របគ្នាសោះ ទើបប្រឹក្សាគ្នាថា យើងត្រូវទៅរកសួរអ្នកណាម្នាក់ទៀត ឲ្យបានគម្រប់បីនាក់ ដើម្បីឲ្យអស់ចិត្តអំពីប្រស្នារបស់យើង ទើបនាំគ្នាដើរទៅមុខទៀត ចេះតែដើរយូរៗទៅ បានជួបនឹងសេដ្ឋីម្នាក់ ហើយនិយាយថា ៖ សូមលោកអាណិតមេត្តាឈប់បន្តិចសិន យើងខ្ញុំសុំសួរលោកអំពីប្រស្នាមួយថា «មនុស្សយើងសព្វថ្ងៃនេះ ត្រូវរកស៊ីចិញ្ចឹមជីវិតតាមអំពើសុចរិតស្រួលជាង ឬតាមអំពើទុច្ចរិតស្រួលជាង ?» ។ សេដ្ឋី - ប្រស្នាអ្នកពីរោះណាស់ អ្នកកុំឆ្ងល់ គឺការរកស៊ីចិញ្ចឹមជីវិតដោយអំពើទុច្ចរិតប្រសើរជាងអំពើសុចរិត, ក្នុងលោកនេះ អ្នកទៅរកសុចរិតឯណាឃើញ បើអ្នកឯងនិយាយពិតត្រង់ មុខជាគេបញ្ជូនខ្លួនទៅស្រុកស៊ីបេរី (Sibérie ) ហើយ ហើយគេចោទថាយើងកុហកគេថែមទៀតផង ។ បុរសពាល - ន៍  ឯងឮទេ !  អ្នកណាក៏គេថាដូចៗគ្នាដែរ យើងសួរមនុស្សបីនាក់ហើយ គេឆ្លើយតែរបៀបមួយទៅលើទុច្ចរិតរាល់ម៉ាត់ថា ការរស់នៅដោយអំពើទុចរិតគ្រាន់បើស្រួលជាងរស់នៅដោយអំពើសុចរិត ។ បុរសបណ្ឌិត - ទេ ! ទេ ! អញមិនយកទេ ! អញយកតែខាងសុចរិត ទុកជាអញទ័លក្រលំបាកលំបិនយ៉ាងណាក៏ដោយ ក៏អញមិនព្រមរកស៊ីតាមអំពើទុច្ចរិតដែរ ។ បុរសទាំងពីរនាក់   និយាយគ្នាដូច្នោះហើយ   ក៏នាំគ្នាដើរទៅស្វែងរកធ្វើការងារជារបរចិញ្ចឹមជីវិតទាំងពីរនាក់ ។ បុរសពាលចេះតែបំបែរចិត្តឲ្យរេទៅតាមកាលៈទេសៈ និងតាមកិច្ចការ ហើយទៅដល់ទីណា ក៏ចេះតែមានមនុស្សឲ្យបាយទឹកបរិភោគឥតខ្វះដែរ ហើយឥតគិតថ្លៃទៀតផង ។ ចំណែកបុរសបណ្ឌិត ក៏ខំធ្វើការងារយកបាយទឹកចិញ្ចឹមជីវិតខ្លួនរាល់ថ្ងៃ ដោយសេចក្ដីពេញចិត្តនឹងអំពើសុចរិតរបស់ខ្លួនជានិច្ចកាល ។ ថ្ងៃមួយ នៅគ្រាដែលបុរសបណ្ឌិតធ្វើដំណើរទៅតាមផ្លូវ ក៏នឹកឃ្លានបាយជាខ្លាំង ទើបនិយាយនឹងបុរសពាលជាសម្លាញ់ថា ៖ចូរឯងអាណិតអញ ឲ្យនំប៉័ងមួយដុំមកអញស៊ីផង ។ បុរសពាល - ចុះឯងឲ្យអ្វីជាសំណងមកអញវិញ ?បុរសបណ្ឌិត - បើឯងចង់បានអ្វី ស្រេចនៅចិត្តឯងយកចុះ ។ បុរសពាល - អើ ! បើឯងថាអីចឹង អញត្រូវឆ្កៀលយកគ្រាប់ភ្នែកឯងម្ខាង ។បុរសបណ្ឌិត - អើ! មិនជាអ្វីទេ អញព្រមឲ្យឆ្កៀលតាមចិត្តឯង។បុរសពាល ក៏ឆ្កៀលយកគ្រាប់ភ្នែកម្ខាងរបស់បុរសបណ្ឌិត រួចឲ្យនំប៉័ងមួយដុំទៅបុរសបណ្ឌិត ហើយនាំគ្នាដើរទៅមុខទៀត ។ ថ្ងៃក្រោយមកទៀត បុរសបណ្ឌិតឃ្លានខ្លាំង អត់ទ្រាំពុំបាន ក៏សុំនំប៉័ងពីបុរសពាលមួយដុំទៀត ។ បុរសពាល - បើដូច្នោះ  អញត្រូវតែឆ្កៀលយកគ្រាប់ភ្នែកឯងម្ខាងទៀត ។ បុរសបណ្ឌិត ឱ ! សម្លាញ់អើយ សូមអាណិតអាសូរអញ ផង បើឯងឆ្កៀលភ្នែកអញម្ខាងទៀត មុខជាអញខ្វាក់លែងឃើញអ្វីសោះហើយ ។ បុរសពាល - ឯងខ្វាក់ទៅជាអ្វីក៏ដោយ បើឯងចូលចិត្តតែរស់នៅដោយសារអំពើសុចរិតដូច្នេះហើយ ឯងខ្លាចខ្វាក់អីទៀត ។ បុរសបណ្ឌិត - ជញ្ជឹងគិតថា ធ្វើម្ដេចឥឡូវ បើឯងឃ្លានបាយស្ទើរដាច់ខ្យល់ ទាល់តែព្រមអត់មិនបានហើយ, គិតរួចប្រាប់ថា ណ្ហើយចុះសម្លាញ់ ! បើឯងមិនខ្លាចកម្មពៀរវេរាទេ ចូរឯងឆ្កៀលយកគ្រាប់ភ្នែកអញម្ខាងទៅទៀតចុះ ។ បុរសពាល ក៏ឆ្កៀលភ្នែកបុរសបណ្ឌិតម្ខាងទៀត រួចឲ្យនំប៉័ងមួយដុំ ហើយប្រាប់ថា អញមិនដឹកដៃឯងទៅទេ, ត្រូវឯងនៅទីនេះចុះ ចង់ទៅឯណាតាមចិត្តឯង អញលែងនៅជាមួយឯងទៀតហើយ អាមនុស្សខ្វាក់យ៉ាងនេះ នឹងបានជាការអ្វី ថាប៉ុណ្ណោះក៏ដើរចោលបុរសបណ្ឌិតបាត់ទៅ ។ ចំណែកបុរសបណ្ឌិតខ្វាក់ភ្នែកងងឹតឈឹង លែងឃើញអ្វីសោះ បាននំប៉័ងមួយដុំបរិភោគអស់ហើយ ក៏រាវស្ទាបដើរពើមៗទៅមុខទៀត ដោយនឹកសង្ឃឹមថា ក្រែងបានដល់ស្រុកភូមិណាមួយគ្រាន់ទីពឹងនៅសំណាក់អាស្រ័យ, លុះចេះតែដើរពើមៗទៅ ក៏វង្វេងផ្លូវមិនដឹងជាតម្រង់ទទិសទីតំបន់ណាទេ ទើបបន្លឺវាចាស្រែកអំពាវនាវបន់ស្រន់ទេវតា សុំឲ្យជួយស្រោចស្រង់ជីវិតខ្លួនឲ្យផុតពីក្ដីទុក្ខវេទនា ។ ក្រោយមកមិនយូរប៉ុន្មាន ស្រាប់តែបុរសបណ្ឌិតងងឹតងងុលឮសូរសំឡេងប្លែកថា «ចូរឯងដើរងាកទៅខាងស្ដាំដៃឯងទៅ ឯងនឹងទៅដល់ព្រៃមួយ ដែលមានប្រឡាយទឹកហូរគុកៗ ចូរឯងក្បង់យកទឹកនោះលុបលាងមុខទៅ មុខជាភ្នែកឯងទាំងគូភ្លឺដូចដើមវិញមិនខាន ហើយឯងនឹងឃើញដើមជ្រៃធំមួយដើមនៅទីនោះ ដល់ពេលរាត្រី ត្រូវឯងឡើងទៅពួនសម្ងំដេកលើដើមជ្រៃនោះទៅ កុំមាត់កឲ្យនរណាឃើញដឹងឮឡើយ» ។ បុរសបណ្ឌិតឮពាក្យនេះហើយក៏ត្រេកអរ ខំស្ទាបរាវដើរទៅទៀត ហើយប្រកាន់តែស្ដាំដៃរហូតទៅ ដរាបដល់ចូលក្នុងព្រៃទៅត្រូវត្រង់ប្រឡាយទឹក ក៏ឮសូរទឹកហូរគុកៗ ទើបក្បង់ទឹកនោះលុបលាងមុខ ស្រាប់តែភ្នែកភ្លឺដូចដើមវិញ ហើយ ងាកមើលទៅឃើញដើមជ្រៃមួយធំ , ឃើញស្មៅនៅគល់ជ្រៃនោះរេចរឹល ដូចជាមានអ្នកដំណើរដើរមកឈប់ជ្រកអង្គុយលេងនៅគល់ជ្រៃ លុះដល់យប់ក៏ឡើងទៅដេកពួនសម្ងំនៅប្រគាបជ្រៃខាងលើខ្ពស់ពីដី ដើម្បីកុំឲ្យអ្នកណាឃើញខ្លួន ។ នៅពេលអធ្រាត្រស្ងាត់ ពួកបិសាចដែលមានឫទ្ធីខ្លាំងពូកែ មកប្រជុំគ្នាក្រោមដើមជ្រៃនោះ អួតអាងអំពីឫទ្ធីរបស់ខ្លួនដែលបានធ្វើឲ្យគេឈឺចាប់ ។ ពេលនោះបិសាចម្នាក់និយាយថា ៖ សព្វថ្ងៃ អញអាស្រ័យនៅក្នុងប្រាសាទកូនស្រីស្ដេច រវាង ១០ ឆ្នាំមកហើយ អញចេះតែធ្វើឲ្យនាងឈឺចាប់ឥតស្រាកស្រាន្ត បើទុកជាមានគ្រូយ៉ាងពូកែ ឬមានថ្នាំឆុតឆាប់ចំណានមកមើលជំងឺនាងយ៉ាងណា ក៏ឥតបានការអ្វីសោះ នៅតែឈឺដដែល ព្រោះបណ្ដេញអញមិនបាន អញគ្មានខ្លាចគ្រូ ឬថ្នាំទាំងនោះសោះ អញខ្លាចតែរូបព្រះអរហន្តីណោត្រឺដាមមួយប៉ុណ្ណោះ បើអ្នកណាទៅយករូបព្រះអរហន្តីនេះពីពាណិជម្នាក់បាន មកធ្វើទឹកឲ្យនាងសោយហើយនោះ ទើបបណ្ដេញអញចេញពីប្រាសាទបាន អញលែងហ៊ាននៅតទៅទៀត ។លុះព្រឹកឡើង ពួកបិសាចបែកគ្នាទៅរកកន្លែងរៀងខ្លួន ហើយ បុរសបណ្ឌិតចាំពាក្យបិសាចម្នាក់នោះច្បាស់ក្នុងចិត្ត ទើបចុះពីដើមជ្រៃហើយស្វែងរកពាណិជអ្នកមានធនធាននោះ ។ (ខ្ញុំមិនដឹងជាបុរសបណ្ឌិតដើររកពាណិជនោះប៉ុន្មានថ្ងៃ ខែ ឆ្នាំទេ) ប៉ុន្តែខ្ញុំដឹងថា ក្រោយមកបុរសបណ្ឌិតរកពាណិជឃើញដូចប្រាថ្នា ហើយក៏ចូលទៅនិយាយសុំស៊ីឈ្នួលធ្វើការនៅផ្ទះពាណិជនោះដោយសំដីថា ៖ «ខ្ញុំសុំនៅធ្វើការជូនលោកពេញមួយឆ្នាំ ហើយខ្ញុំមិនយកថ្លៃឈ្នួលជាប្រាក់កាសទេ ខ្ញុំសុំតែរូបព្រះអរហន្តីណោត្រឺដាម (notre dame ) ដែលមាននៅក្នុងផ្ទះលោក» ។ ពាណិជក៏ព្រមតាមពាក្យសុំនោះ ។ បុរសបណ្ឌិត ខំយកចិត្តទុកដាក់ធ្វើការឲ្យពាណិជទាំងថ្ងៃទាំងយប់ គ្មានគិតនឿយហត់ ដើម្បីឲ្យគេពេញចិត្តស្រឡាញ់ខ្លួន ។ លុះធ្វើការគ្រប់មួយឆ្នាំហើយ ក៏ចូលទៅនិយាយសុំរូបនោះពីនាយពាណិជ ។ នាយពាណិជឆ្លើយថា អញពេញចិត្តនឹងការងារដែលឯងធ្វើណាស់ ប៉ុន្តែអញចូលចិត្តឲ្យប្រាក់ឯងវិញ ព្រោះអញស្ដាយរូបនោះពេក កាត់ចិត្តឲ្យឯងមិនដាច់សោះ ។បុរសបណ្ឌិត ទេលោក ! ខ្ញុំមិនដឹងជាយកប្រាក់ពីលោកទៅធ្វើអ្វីកើតទេ ខ្ញុំចង់បានតែរូបព្រះអរហន្តី ដែលលោកសុខចិត្តព្រមឲ្យខ្ញុំនោះប៉ុណ្ណោះ ។ ពាណិជ -  អើ !  បើដូច្នោះ  ត្រូវឯងនៅបម្រើអញឲ្យពេញមួយឆ្នាំទៀតទៅ ទើបអញឲ្យរូបនោះ ។ បុរសបណ្ឌិត សុខចិត្តនៅបម្រើពាណិជពេញមួយឆ្នាំទៀត ដោយយកចិត្តទុកដាក់ធ្វើការដូចឆ្នាំមុន ដល់គ្រប់មួយឆ្នាំ ចូលទៅសុំយករូបពីនាយពាណិជៗ ចេះតែធ្វើទីទើរគេចកែមិនចង់ឲ្យរូប ប្រាប់ថា «អញឲ្យថ្លៃឈ្នួលឯងជាប្រាក់វិញ បើឯងនៅតែទទូចសុំយករូបនោះមិនឈប់ ត្រូវឯងនៅបម្រើអញឲ្យពេញមួយឆ្នាំទៅមុខទៀតចុះ អញនឹងឲ្យរូបនោះតាមឯងសុំមិនខាន» ។ បុរសបណ្ឌិតប្រកាន់សច្ចធម៌ផង ខ្លាចចិត្តនាយពាណិជផង ក៏ព្រមនៅបម្រើនាយពាណិជមួយឆ្នាំទៀត ដោយខំបម្រើដូចឆ្នាំមុនៗ ឥតធ្វេសប្រហែស រហូតដល់ពេញមួយឆ្នាំ ជាគម្រប់បីឆ្នាំ ទើបចូលទៅសុំយករូបនោះពីនាយពាណិជ ។ នាយពាណិជ ដោះរូបដែលខ្លួនព្យួរនៅជញ្ជាំងយកមកកាន់ហើយ និយាយនឹងបុរសស៊ីឈ្នួលថា ៖«នែអ្នកចិត្តស៊ូ ! យើងឲ្យរូបព្រះអរហន្តីដល់អ្នកជាថ្លៃឈ្នួល ចូរអ្នកទទួលយករូបនេះទៅចុះ ហើយឲ្យបានសម្រេចដូចក្ដីប្រាថ្នានៃខ្លួនកុំបីខានឡើយ» ។ បុរសបណ្ឌិតឮដូច្នោះ ត្រេកអរណាស់ លើកដៃសំពះទទួលយករូបពីនាយពាណិជ រួចលាពាណិជចេញពីផ្ទះនោះទៅ ដើរសំដៅទៅរកនគរដែលបិសាចធ្វើព្រះរាជបុត្រីស្ដេច ឲ្យប្រឈួននោះ លុះទៅដល់ហើយ និយាយអង្វរសុំគេចូលទៅក្នុងព្រះរាជវាំង ដោយអ្នកឆ្មាំទ្វារថា «ខ្ញុំសុំចូលទៅក្នុងវាំងហ្លួងនេះ ព្រោះមានបំណងនឹងមើលរោគព្រះរាជធីតាឲ្យសះជាជ្រះស្រឡះ» ។ ឆ្មាំទ្វារឮដូច្នោះក៏យល់ព្រម នាំបុរសចូលទៅក្រាបទូលព្រះមហាក្សត្រតាមដំណើរ ។ ព្រះរាជាទ្រង់អនុញ្ញាតឲ្យអាមាត្យនាំបុរសចូលទៅក្នុងបន្ទប់ព្រះរាជធីតា ដល់ហើយ បុរសសុំទឹកពីអាមាត្យមួយពែងយកមកជ្រលក់រូបព្រះអរហន្តីនោះ ទៅក្នុងពែងបីដង  រួចថ្វាយទៅព្រះនាងស្រពព្រះភក្រ្ត ។ ព្រះនាង ទើបតែទទួលយកពែងទឹកពីដៃបុរសបណ្ឌិតភ្លាម មិនទាន់ទាំងស្រពព្រះភក្រ្តផង ស្រាប់តែបិសាចកំណាចដែលវាអួតអាងឫទ្ធីថាពូកែណាស់នោះ ស្ទុះចេញពីព្រះនាងទៅមួយរំពេច ហាក់បីដូចជាផ្សែងមួយដុំខ្មៅហុយចេញទៅ ។ ពេលនោះ ព្រះរាជធីតាស្រស់ថ្លាសម្បុរ ព្រះភក្រ្តបំព្រងញញឹមពព្រាយ រីករាយសប្បាយព្រះទ័យ រោគសះជាស្រឡះ មានកម្លាំងពលំដូចដើមវិញ។ ឯព្រះមហាក្សត្រ និងព្រះអគ្គមហេសី ទតឃើញដូច្នោះ ក៏មានព្រះរាជហឫទ័យសោមនស្សក្រៃលែង ឥតប្រៀបស្មើបាន ទ្រង់ព្រះចិន្ដាថា «អញបានរបស់អ្វីឲ្យថ្លៃថ្លា តបគុណលោកគ្រូពេទ្យនេះ ណ្ហើយចុះអញព្រះរាជទានយសសក្តិ និងទ្រព្យសម្បត្តិឲ្យច្រើនទៅចុះ» ទើបទ្រង់ហៅបុរសមកទទួលព្រះរាជទាន ។ បុរសបណ្ឌិតក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ! ទូលព្រះបង្គំជាខ្ញុំ មិនចង់បានរបស់អ្វីបន្តិចសោះ ។ ព្រះរាជធីតាទ្រង់ព្រះសណ្ដាប់ពាក្យបុរសដូច្នោះ ក៏ក្រាបទូលព្រះវររាជបិតាថា ខ្ញុំម្ចាស់សូមព្រះរាជានុញ្ញាតរៀបអាពាហ៍ពិពាហ៍ជាមួយបុរសនេះ ។ ព្រះមហាក្សត្រ ទ្រង់ពេញព្រះរាជហឫទ័យនឹងពាក្យរបស់ព្រះរាជបុត្រីណាស់ ដោយត្រូវតាមព្រះរាជបំណង ក៏ទ្រង់ចាត់ឲ្យរៀបពិធីមង្គលការឲ្យព្រះរាជធីតា និងបុរសបណ្ឌិតយ៉ាងឱឡារិកក្រៃលែង ។ ចាប់ដើមពីថ្ងៃនោះមក បុរសបណ្ឌិតបាននៅក្នុងព្រះបរមរាជវាំងជាមួយព្រះរាជធីតាជាព្រះជាយា ស្លៀកពាក់សុទ្ធតែសំពត់អាវយ៉ាងល្អៗ ថ្លៃៗ ហើយបរិភោគអាហារឆ្ងាញ់ពិសាជាមួយព្រះមហាក្សត្រផងទៀត ។ លុះចំណេរចីរកាលមក បុរសបណ្ឌិតក្រាបទូលសុំលាព្រះរាជានឹងចេញទៅសួរសុខទុក្ខម្ដាយរបស់ខ្លួន ដែលចាស់ជរានៅឯស្រុកកំណើត។ ចំណែកព្រះនាងជាយាសុំតាមព្រះស្វាមីទៅផងដែរ ។ បុរស និងព្រះនាង ឡើងជិះព្រះរាជរថព្រះទីនាំងនៃព្រះមហាក្សត្រ អង្គុយ ទន្ទឹមគ្នាចេញដំណើរទៅដល់កន្លែងមួយ បុរសបណ្ឌិតចោលភ្នែកក្រឡេកទៅឃើញបុរសពាលជាសម្លាញ់ចាស់របស់ខ្លួន ក៏ចាំបាន ទើបស្រែកសួរថា ៖ ជម្រាបថា សម្លាញ់ ! ម៉េចឯងមិនស្គាល់យើងទេឬ ? ឯងចាំទេពីកាលនោះ ឯងប្រកាន់ថា ការចិញ្ចឹមជីវិតដោយអំពើទុច្ចរិតប្រសើរជាងអំពើរសុចរិត មិនតែប៉ុណ្ណោះ ថែមទាំងឯងឆ្កៀលភ្នែកអញទាំងគូ ធ្វើឲ្យអញខ្វាក់សូន្យឈឹងទៀតផង ។ បុរសពាលឮដូច្នោះ ក្រឡេកមើលឃើញបុរសបណ្ឌិតជាសម្លាញ់ចាស់ ជិះព្រះរាជរថស្ដេចទន្ទឹមព្រះរាជបុត្រី ក៏ចាំមុខបានឥតភ្លេចភ្លាំង ទើបភិតភ័យផង អៀនខ្មាសផង ដាក់មុខជ្រប់ លែងហ៊ានងើបមើលបុរសបណ្ឌិតទៀត ។ បុរសបណ្ឌិតប្រាប់ថា ឯងកុំខ្លាចអញឡើយ អញឥតចងគំនុំគុំគួនព្យាបាទសងសឹកទៅឯងវិញទេ ព្រោះអញប្រកាន់យកតែខាងសច្ចៈ សុចរិត យុត្តិធម៌ ម្យ៉ាងប៉ុណ្ណោះ ឯខាងទុច្ចរិតអញខ្ពើមណាស់ អញមិនហ៊ានជិតវាទេ ។ បុរសបណ្ឌិត តំណាលរឿងរ៉ាវរបស់ខ្លួនសព្វគ្រប់ តាំងពីខ្វាក់ភ្នែករហូតដល់ភ្លឺភ្នែក ហើយបានព្រះរាជធីតាជាប្រពន្ធឲ្យបុរសពាលស្ដាប់ ។ បុរសពាលស្ដាប់រឿងនោះចប់ ក៏នឹកថា អញនឹងចូលទៅរកព្រៃរកទឹកហូរ, រកដើមជ្រៃនោះឲ្យឃើញ ហើយធ្វើត្រាប់តាមសម្លាញ់អញនេះ ក្រែងជួនជាមានជោគវាសនាដូចគេ គិតស្រេច ក៏គេចចូលទៅរកទីកន្លែងនោះឃើញសព្វគ្រប់ដូចបំណងមែន  ឡើងដេកលើដើមជ្រៃ  អរព្រួចថា អញមុខជាបានសម្រេចបំណងមិនខាន ។ សេចក្ដីអំណររបស់បុរសពាលផ្ទុយស្រឡះ ដល់យប់ស្ងាត់ពួកបិសាចមកជួបជុំគ្នានៅក្រោមដើមជ្រៃនោះ ជួនជាអកុសលមកដល់ស្រាប់តែបិសាចម្នាក់មើលទៅឃើញបុរសនៅលើមែកជ្រៃ នឹកខឹងស្អប់ចាញ់ ទាញកន្រ្ទាក់ជើងបុរសធ្លាក់ចុះមកដី ហើយសម្លាប់ចោលនៅគ្រានោះទៅ ។ (រឿងនេះ សូមអស់លោកពិចារណាមើលចុះ ការរស់នៅដោយអំពើសុចរិត និងទុច្ចរិត តើអំពើណាប្រសើរជាងអំពើណា ? ដូចមាននិទានខាងដើមនេះស្រាប់) ។ 

                                                                                             អ្នកស្រី សារា ប្រែរៀបរៀង លោក ប៊ូ - ប៉ូ ពិនិត្យកែសម្រួល

(ចប់)

 

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/