អ្នកតាស្ដេចតាន់ខេត្តព្រៃវែង

  • Print

សូមឆ្លើយពីរឿងឣ្នកតាដូចខាងក្រោម :

            ឣ្នកតាក្នុងឃុំមេសរប្រចាន់នោះមានច្រើន តែឣ្នកតាដែលមានមហិទ្ធិឫទ្ធិជាងគេនោះ គឺឣ្នកតាស្តេចតាន់។ ឣ្នកតានេះមានរូបភាពប្រហែលមនុស្សចាស់ឣង្គុយពែនភ្នែន ដៃស្តាំកាន់ដំបង ដៃឆ្វេងកាន់ព្រះខ័ន ទំហំខ្លួនជុំវិញចំនួន០.៦៧ម។ រូបនេះតាំងនៅតំបន់ភូមិកំពង់ពោធិ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។ បុណ្យឡើងឣ្នកតានោះគេរៀបពលិការមានទៀន៥ ធូប៥ ស្លា៥ បារី៥ ផ្កា៥ លាជ៥ កន្ទោង បាយសីប៉ាកឆាម១គូ ស្លាធម៌១គូ ទឹកឣប់១គូ ទឹកសម្បួរ១ផ្តិល ពែរួត១ មាន់ចែរស់១ ភ្លេងខ្មែរ១វង់។ ឯតង្វាយនោះមាន សំពត់ហូល១ ឣាវ១ ក្រមា១ បត់ផ្នត់ដាក់ជើងពាន ឣ្នកតានោះចូលចិត្តសេពសោយមាន់ស្ងោរ១ ក្បាលជ្រូក១ ចម្អាប១ថាស បង្អែម១ថាស ស្រា១ដប ។ ប្រវត្តិឣ្នកតានោះតាមឈ្មោះ កែវ ប៉ែន ជាមនុស្សចាស់    ព្រឹទ្ធាចារ្យតំណាលប្រាប់ថា បានឮចាស់ៗនិយាយតៗគ្នាមកថា កាលក្នុងរជ្ជកាលព្រះ ហរិរក្ខរាមាឥស្សរាធិបតីព្រះឣង្គឌួងនោះ។ ផែនដី១ផ្នែកខាងកើតទីក្រុងឧត្តុង្គ ត្រើយខាងឆ្វេងទន្លេធំរហូតដល់ទន្លេតូចមានខេត្ត៣ ឈ្មោះប្រហែលៗគ្នាគឺសិរីសន្ធរឆ្វេង ស្រុកព្រែកពោធិ ខេត្តកំពង់ចាមឥឡូវនេះ សិរីសន្ធរកណ្តាល ស្រុកព្រែកសណ្តែកខេត្តព្រៃវែងសិរីសន្ធរស្តាំ ស្រុកពារាំង ខេត្តព្រៃវែង សព្វថ្ងៃនេះ។ ស្រុកទាំង៣នេះមានឣ្នកតាពូកែគ្រប់ៗតំបន់ ប៉ុន្តែ ឣ្នកតា២ ខេត្តសិរី សន្ធរឆ្វេង និងសិរីសន្ធរកណ្តាល សឹងតែមកចំណុះចុះចូលនឹងឣ្នកតាស្តេចតាន់ទាំងឣស់។ ចៅហ្វាយខេត្តក្នុងខេត្តទាំង២នេះ វេលា ឡើងឣ្នកតាសឹងចូលមករួមជាមួយនឹងចៅហ្វាយខេត្តសិរីសន្ធរស្តាំ ឡើងឣ្នកតាស្តេចតាន់ទាំងឣស់ ទំនៀមឡើងឣ្នកតានេះក៏ជាប់រហូតដល់សព្វថ្ងៃនេះ ។ ដល់មកខាងក្រោយ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះស៊ីសុវត្ថិរាជានុកោដិនោះរាជការព្រះករុណា និងរាជការមេធាព្យាបាលបានព្រមព្រៀងរួមខេត្តតូចៗជាខណ្ឌបញ្ចូលទៅក្នុងខេត្តជុំវិញ ហើយតាំងឱ្យមានខេត្តធំតែត្រឹម ១២ខេត្តក្នុងក្រុងកម្ពុជានេះគឺ កណ្តាល បាត់ដំបង ពោធិសាត់ កំពង់ធំ សៀមរាប កំពង់ចាម ក្រចេះ ស្ទឹងត្រែងព្រៃវែងស្វាយរៀងតាកែវ កំពត កំពង់ស្ពឺ។ ផ្ទៃដីក៏កាត់ដាច់ដោយឡែកៗចេញពីគ្នាតាមខេត្តដែលខណ្ឌត្រូវឡើង។ ហេតុនេះបានជាខេត្តសិរីសន្ធរឆ្វេងទៅជាខណ្ឌសិរីសន្ធរ ឡើងខេត្តកំពង់ចាម ខេត្តសិរីសន្ធរកណ្តាល និងសិរីសន្ធរស្តាំដែលនៅខាងត្រើយឆ្វេងទន្លេតូចទៅជាខណ្ឌស៊ីធរកណ្តាល ជាខណ្ឌពារាំង ត្រូវឡើងខេត្តព្រៃវែងវិញ សូម្បីខណ្ឌស៊ីធរកណ្តាលក៏ឡើងតាមចំណែកខណ្ឌនោះដែរ នៅតែខណ្ឌមួយគឺខណ្ឌពារាំងនេះត្រូវឡើងឣ្នកតាស្តេចតាន់រហូតដល់សព្វថ្ងៃនេះ។ ឈ្មោះឣ្នកតានេះក៏ជាប់ឈ្មោះជាឣ្នកតាស្តេចតាន់រហូតមកដល់សព្វថ្ងៃនេះដែរ ព្រោះជាស្តេច លើ ឣ្នកតាក្នុងខេត្តទាំង២ ដូចឣធិប្បាយខាងលើ។ វេលាមានផ្លាស់ចៅហ្វាយខណ្ឌ ដែលសព្វថ្ងៃប្រែជាចៅហ្វាយស្រុកចេញទៅហើយមានចៅហ្វាយស្រុកថ្មីមកដល់នោះ តែមានពិធីឡើងឣ្នកតាមុនចាត់ការក្នុងស្រុកគឺមុនពេលដែលទារពន្ធផ្សេងៗ និងកាន់កាប់ការមុខក្រសួងចៅហ្វាយស្រុក។

    វេលាដែលគេរៀបឡើងឣ្នកតានោះ គេរៀបដូចឣធិប្បាយខាងលើ ប៉ុន្តែមានមនុស្សចាស់ៗដែលធ្លាប់រៀបចំនោះ គេដាក់មាន់រស់១ ទៅក្នុងរោងឣ្នកតាសម្រាប់បូលឱ្យដឹងថាចៅហ្វាយស្រុកនេះ ឈរនៅដីនេះបានយូរឬឆាប់តាមកិរិយាដែលមានផ្សង គឺដាក់ស្រូវឱ្យមាន់ស៊ីនៅក្នុងរោងឣ្នកតា។ ក្នុងវេលាចៅហ្វាយស្រុក ព្រមទាំងនាម៉ឺនធំតូច និងបណ្តារាស្ត្រមកជួបជុំនៅទីនោះ បើមាន់ស៊ីស្រូវឣួលខ្ជាក់មកវិញក្តី គេចមិនស៊ីក្តីហើយភ័យរត់ចេញពីរោងនេះ គេឣាចទាយបានថាចៅហ្វាយស្រុកនេះឈរមិនបានយូរឆាប់ផ្លាស់ ហើយប្រកបដោយរឿងរ៉ាវច្រើនផង។ បើមាន់នោះស៊ីស្រូវមិនឣួលក្តី ឈរនៅស្ងៀមមិនស៊ីក្តីប៉ុន្តែមិនចេញពីរោងនោះគេទាយថាចៅហ្វាយស្រុកនេះ ឈរនៅបានយូរហើយស្លូតផង។ បើមាន់នោះស៊ីផង រងាវផង គេទាយថាចៅហ្វាយស្រុកនេះមានឣំណាចជាទីកោតខ្លាចនៃមន្ត្រីក្នុងឱវាទ និងបណ្តារាស្ត្រក្នុងស្រុកនេះ

            រឿងឣ្នកតាស្តេចតាន់ដែលឈ្មោះ កែវ ប៉ែន តំណាលចប់ប៉ុណ្ណេះ បើមានសេចក្តីឆ្គាំឆ្គងឬមិនសមត្រង់កន្លែងណា សូមមេត្តាជួយបំពេញសេចក្តីត្រង់កន្លែងនោះឱ្យទាន។

 មេសរប្រចាន់ថ្ងៃ១៩ ម៉េ ១៩៤៤

******