រឿង ស្រី​មាន​សហាយៗ ស្លាប់

ប្រជុំរឿងព្រេងខ្មែរភាគ ៣ ទំព័រ ៥៩ - ៦១

    មាននិទានមួយថា : មានបុរសម្នាក់និងស្រីម្នាក់ជាស្មន់អន្ធករផងគ្នា លួចទៅមករកគ្នា ម្ដាយឪពុកពុំដឹងឡើយ ។ មានកាលមួយថ្ងៃ ខ្លែងឆាបពស់វែកឆី វាហើរមកជ្រុះពស់លើដំបូលផ្ទះស្រីនោះ ។ ក្នុងរាត្រីនោះឯងបុរសនោះទៅកាន់ផ្ទះមេស្មន់អន្ធករ គាប់ចួនភ្លៀងធំ បុរសនោះស្រែកទឹកប្រើមេស្មន់អន្ធករទៅសិតទឹកឲ្យ ។ មេស្មន់អន្ធករពុំទៅសិតទឹកអំពីក្អមយកសៀនទៅត្រងទឹកភ្លៀងនៅរងស្បូវ ត្រូវឆ្អឹងពស់វែកនោះ ទឹកភ្លៀងដូចគេលាងពិសពស់ហូរចូលទៅក្នុងសៀន ។ មេស្មន់អន្ធករមិនបានដឹង ក៏យកមកឲ្យបុរសនោះផឹក ។

កម្លាំងពិសពស់ខ្លាំង បុរសនោះក៏ហល់ផ្ទៃស្លាប់ទៅ ។ មេស្មន់អន្ធករបីខ្មោចបុរសនោះយកទៅដាក់នៅកណ្ដាលផ្លូវ ។ លុះព្រឹកឡើង ឪពុកម្ដាយបុរសស្លាប់នោះ ដឹងថាកូនបាត់ហើយដើរខ្មីឃ្មាតទៅរក បានឃើញខ្មោចកូននៅកណ្ដាលផ្លូវក៏ភិតភ័យរលះរលាំងទៅប្ដឹងចៅក្រម ។ ឯចៅក្រមដណ្ដឹងថា “កូននោះស្លាប់ដោយមានហេតុឬឥតហេតុ ?” ។ ម្ដាយឪពុកឆ្លើយថា “ ខ្ញុំពុំឃើញហេតុអ្វីទេ ” ។ ចៅក្រមថា “ បើឥតហេតុដូច្នោះ យើងនឹងជំនុំជម្រះឲ្យពុំបាន ” ។ ទើបឪពុកម្ដាយប្ដឹងចៅក្រម ឲ្យនាំខ្លួនឡើងទៅគាល់ព្រះមហាក្សត្រហើយក្រាបបង្គំទូលថា “ សូមទ្រង់ព្រះអង្គមេត្តាប្រោស, កូនខ្ញុំព្រះបាទអម្ចាស់នេះស្លាប់នៅកណ្ដាលផ្លូវ ចៅក្រមពិចារណារកឲ្យខ្ញុំព្រះបាទអម្ចាស់ពុំបានឡើយ ទើបខ្ញុំព្រះបាទអម្ចាស់មកក្រាបទូលព្រះបាទអម្ចាស់ពុំចេរ សូមទ្រង់ព្រះពិចារណា” ។ ទើបព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា “បើអស់ចៅក្រមទាំងអម្បាលម៉ាននោះជំនុំពិចារណាក្ដីនេះពុំបាន ក៏អញនឹងពិចារណាខ្លួនឯង” ទើបព្រះអង្គឲ្យហៅកំលោះរាជានុកូលម្នាក់មក ហើយទ្រង់មានព្រះបន្ទូលថា “ចូរព្រះស្ដែងយកខ្មោចបុរសនោះទៅដាក់លើផ្ទះឪពុកម្ដាយ ហើយប្រាប់អស់ទាំងស្រីផងឲ្យទៅយំសោកក្បែរខ្មោចបុរសនោះ ហើយព្រះស្ដែងចាំស្ដាប់ទំនួញអស់ស្រីទាំងនោះវាយំទួញថាម្ដេចៗ ខ្លះ ?  ស្រីណាយំសោកស្ដាយថាម្ដេច ព្រះស្ដែងកត់ត្រាឈ្មោះអស់ស្រីអម្បាលនោះសព្វគ្រប់យកមកឲ្យអញ” ។ ឯចៅកំលោះរាជានុកូលនោះ ក្រាបថ្វាយបង្គំទទួលព្រះបន្ទូលចេញទៅយកខ្មោចបុរសនោះទៅដាក់លើផ្ទះម្ដាយឪពុក ហើយប្រាប់អស់ស្រីផងឲ្យមកយំសោក ខ្មោចនោះដូចព្រះបន្ទូល ។ អស់ស្រីឯទៀតមកយំហើយទៅផ្ទះទីទៃ ៗ ទៅនៅតែមេម្នាក់យំសោកអាល័យពុំអស់សេចក្ដីពុំទៅផ្ទះ ឱបខ្មោចទួញយំនៅទីនោះ ។ កំលោះរាជានុកូល កត់ដោយដំណើរហើយយកទៅទូលព្រះមហាក្សត្រ ព្រះអង្គជ្រាបដោយដំណើរនោះហើយ ទ្រង់មានព្រះបន្ទូលឲ្យទៅដណ្ដឹងមេនោះថា “ ត្រូវជាសាច់ញាតិម្ដេចនិងខ្មោចនោះ បានជាឱបទួញយំពុំទៅផ្ទះ” ។ មេនោះឆ្លើយថា “ ពុំជាសាច់ញាតិទេ ត្បិតចៅនេះជាស្មន់អន្ធករនឹងខ្ញុំ ទៅរកខ្ញុំ ចួនភ្លៀងធំ ចៅនេះស្រែកទឹក ខ្ញុំយកសៀនត្រង់ទឹកភ្លៀងឲ្យចៅនេះ ៗ នេះផឹកហើយ ស្រាប់តែហល់ផ្ទៃស្លាប់យប់នោះឯង ខ្ញុំយកខ្មោចទៅដាក់នៅកណ្ដាលផ្លូវ ខ្ញុំស្រណោះបុរសនេះឯងទើបខ្ញុំយំ ” ។ កំលោះរាជានុកូលក៏នាំពាក្យទាំងនេះ ទៅក្រាបទូលព្រះមហាក្សត្រ ។ ព្រះអង្គបានជ្រាបអស់ដំណើរដូច្នោះហើយ ទើបព្រះអង្គឲ្យមកមើលលើដំបូលផ្ទះស្មន់អន្ធករនោះ ឃើញមានឆ្អឹងពស់វែកនៅទីដែលមេស្មន់អន្ធករត្រងទឹកភ្លៀងឲ្យបុរសនោះផឹក ទើបទ្រង់មានព្រះបន្ទូលថា “នេះហេតុកម្មបុរាណខ្លួនឯងមកផ្ដល់ ” ឯមេស្មន់អន្ធករនោះពុំធ្វើថ្នាំបំពុលឡើយ” ។ ព្រះអង្គពុំឲ្យឪពុកម្ដាយបុរសស្លាប់នោះនាំមេស្មន់អន្ធករនោះជាក្ដីឡើយ បើឲ្យមេស្មន់អន្ធករនោះទៅលំនៅអាត្មាទីទៃ ៗ ហោង ។

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/