លោក មិន ឃិនៈ ការ​រីកចម្រើន​មក​ដល់​សព្វ​ថ្ងៃ​គឺ​ដោយ​សារ​បុព្វ​ហេតុ​២​ធ្នូ​ ​និង​៧មករា

  • Print

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤

កំពង់ចាមៈ ចាប់ពីក្រោយថ្ងៃជ័យជំនះ ៧មករា ១៩៧៩មក រណសិរ្សបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើបុព្វ ហេតុសាមគ្គី ឯកភាពជាតិ ការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជន ដែល យើងចាត់ទុកថា បុព្វការីពុំអាចបំភ្លេចបាន សមនឹងទិសស្លោកថា “មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានជីវិតយើងទាំងអស់គ្នា និងមានអ្វីៗគ្រប់បែបយ៉ាងមកដល់សព្វថ្ងៃនេះ”។ នេះជាប្រសាសន៍លើក ឡើង របស់ លោក មិន ឃិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស ខណៈអព្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងមន្ត្រីរាជការប្រមាណ២០០នាក់ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមន្ទីរគណ បក្សប្រជាជនកម្ពុជាស្រុកកងមាស។

           លោក មិន ឃិន បានរំលឹកឡើងវិញពីអតីតកាលឡើងវិញថា ក្នុងអំឡុង៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមរបបកម្ពុជា ប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត មាតុភូមិកម្ពុជា ត្រូវទទួលរងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដែល មនុស្សជាតិមិនធ្លាប់ជួបប្រទះ នោះគឺឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងព្រៃផ្សៃ អមនុស្សធម៌ បង្កឡើងដោយពូកឃាតកប្រល័យពូជសាសន៍ប៉ុល ពត។ ប្រជាជនកម្ពុជាជាងបីលាននាក់ត្រូវសម្លាប់យ៉ាងរង្គាលនិងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងនិងធ្វើឲ្យសង្គមជាតិទាំងមូលត្រូវធ្លាក់ចុះនិងដើរថយក្រោយយ៉ាងធ្ងន់ធ្ងរបំផុត។

          លោក មិន ឃិន បានបន្តថា ស្ថិតនៅចំពោះមុខសភាពការណ៍ដ៏គ្រោះថ្នាក់នេះ អង្គការនយោបាយជាតិដ៏ ធំទូលាយមួយគឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នមានឈ្មោះថា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ កម្ពុជា” ត្រូវបានបង្កើតឡើងនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីប្រ មូលផ្ដុំនូវគ្រប់កម្លាំងសង្គមទាំងក្នុងនិងក្រៅប្រទេសរួបរួមសាមគ្គីជាធ្លុងមួយដើម្បីវាយបកផ្ដួលរំលំរបបប្រល័យពូជ សាសន៍ឲ្យរលាយទាំងស្រុងនិងទទួលបានជ័យជំនះយ៉ាងធំធេងនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

          លោក មិន ឃិន បានបញ្ជាក់ទៀតថា ផ្ដើមចេញពីការរួមចំណែកយ៉ាងធំធេងនេះហើយ ដែលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខដុមរមនា ក្នុងសន្តិភាព សេរីភាព និងសន្តិសុខដ៏ប្រសើរហើយកំពុងតែរួម សាមគ្គីគ្នាឈានទៅមុខលើមាគ៌ានៃការអភិវឌ្ឍន៍ដែលផ្អែកលើមូលដ្ឋាននៃសមិទ្ធផលទាំងឡាយដែលសម្រេចបានកន្លងមក ជាពិសេសជោគជ័យលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

          លោក មឿង ផា សមាជិករណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុកកងមាសមានប្រសាសន៍ថា អស់រយៈពេលជាងបីទសវត្សបានកន្លងផុតទៅហើយក្ដី ក៏ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅតែចារឹកជាប់ជានិច្ចនៅក្នុងដួងចិត្តនៃប្រជាជនខ្មែរគ្រប់ៗរូប និយាយជារួមនិងនិយាយដោយឡែក គឺប្រារព្ធឡើងក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរយុទ្ធជនយុទ្ធនារីនិងអ្នកស្នេហាជាតិគ្រប់ៗជំនាន់ដែលបានធ្វើពលិកម្មយ៉ាងធំធេងនៅគ្រប់សម័យកាលដើម្បីភាពស្ថិតស្ថេរគង់វង្សរីកចម្រើននៃទឹកដីមាតុភូមិនិងប្រជាជនខ្មែរ៕