លោក មិន ឃិនៈ ស្មារតី៧មករា នៅស្ថិតស្ថេរជានិច្ចក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា

  • Print

លោក មិន ឃិន អធិបតីក្នុងពិធីមិទ្ធិញ៧មករា២០១៥

ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥

ភ្នំពេញៈ ៣៦ឆ្នាំនៃដំណើរជាតិកម្ពុជា គឺជា៣៦ឆ្នាំនៃសាមគ្គីភាព វីរភាព និងជ័យជម្នះ។ បណ្តាសមិទ្ធផលជាប្រវត្តិសាស្ត្រដែលយើងសម្រេចបានក្នុងរយៈពេល៣៦ឆ្នាំនេះ គឺមានតម្លៃមហាសាល និងមានអត្ថន័យសំខាន់បំផុតចំពោះស្ថិរភាពនិងការរីកចម្រើនរបស់ប្រជាជាតិយើងតទៅមុខទៀត។ នេះជាការលើកឡើងពីសំណាក់ លោក មិន ឃិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជារដ្ឋមន្ត្រីក្រសួងធម្មការនិង សាសនា នៅចំពោះមុខព្រះសង្ឃនិងមន្ត្រីរាជការក្រោមឱវាទក្រសួងកាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥។

           លោក មិន ឃិន មានប្រសាសន៍ថា សមិទ្ធផលជាច្រើនដែលរីកចម្រើនមកដល់សព្វថ្ងៃនេះ គឺកើតចេញពីគុណបំណាច់ថ្ងៃ៧មករា១៩៧៩ ដែលប្រជាពលរដ្ឋគ្រប់រូបមិនអាចបំភ្លេចបាន។ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃរំដោះជាតិជាថ្ងៃសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យរស់រានមានជីវិតឡើងវិញ ឆ្លងផុតពីការគ្រប់គ្រងរបស់ប៉ុលពតដែលបានកាប់សម្លាប់ប្រជាជនឯងអស់ជាង៣លាននាក់នៅក្នុងរបបគ្រប់គ្រងរបស់គេនៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។

          លោក មិន ឃិន បានបន្តថា យើងប្រារព្ធពិធីបុណ្យរំឭកដល់ទិវាជាប្រវត្តិសាស្ត្រនេះក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវីរយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនានិងវីរជននៃកងទ័ពស័្មគ្រចិត្ត វៀតណាមដែលបានប្រយុទ្ធនិងធ្វើពលិកម្មយ៉ាងអង់អាចក្លាហានបំផុតដើម្បីរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍និងការពារការរស់ឡើងវិញរបស់ប្រជាជន។ យើងទាំងអស់គ្នាសូមលំឱនកាយគោរពដួងវិញ្ញាណក្ខន្ធរបស់ជនរួមជាតិជាងបីលានបីសែននាក់ដែលត្រូវសម្លាប់យ៉ាងអយុត្តិធម៌បំផុតក្រោមរបបប្រល័យពូជសាសន៍ និងសូមឧទ្ទិសបួងសួងឲ្យដួងព្រលឹងលោកអ្នកទាំងនោះបានទៅកាន់សុគតិភពជារៀងរហូត។

          លោក ផ្លោ ផន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានឡើងអានសន្ទរកថាសម្តេចអគ្គមហាពញាចក្រី ហេង សំរឹន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាដោយសង្កត់ធ្ងន់ថា ការសប្បាយរីករាយរបស់យើងនៅថ្ងៃនេះគឺពិតជាផ្តើមចេញពីជ័យជម្នះ៧មករា បើគ្នាន៧មករា តើធ្វើម្តេចយើងអាចមានអ្វីៗនៅថ្ងៃនេះបាន? គឺពិតជាមិនអាចទេ? ប៉ុន្តែទោះបីជាដូច្នេះក្តី ក៏៣៦ឆ្នាំមកនេះ នៅតែមានក្រុមជននិងមជ្ឈដ្ឋានអគតិមួយចំនួនបន្តប្រឆាំងនឹងជ័យជម្នះ៧មករាទៀត អាស្រ័យដោយមហិច្ឆតានយោបាយដ៏ពិសពុល និងគ្រោះថ្នាក់បំផុតរបស់ពួកគេ។ ដូច្នេះ អ្នកប្រឆាំងនឹងស្មារតី៧មករា គឺជាអ្នកស្រលាញ់របបប្រល័យពូជសាសន៍ ជាអ្នកប្រឆាំងនឹងដំណើរការលូតលាស់របស់ប្រទេសជាតិ៕

ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងធូលរួម