គោលការណ៍​គ្រឹះ​របស់សាសនា ​គឺ​សុខដុមរមនា​

  • Print

លោក មិន ឃិន និងលោកស្រី ជាអធិបតីក្នុងពិធី

ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥
ភ្នំពេញៈ សាសនាទាំងអស់មានការរីកចំរើនគួរជាទីមោទនៈដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌សន្តិភាពដូចមានបញ្ញាត្តិក្នុងគោលលទ្ធិនៃសាសនានីមួយៗនិងប្រកាន់ខ្ជាប់នូវគោលជំនឿសាសនារៀងៗខ្លួនដែលជាមាគ៌ារនៃសច្ចធម៌របស់សាសនានីមួយៗដើម្បីនាំមនុស្សជាតិឲ្យទទួលបាននូវសេចក្តីសុខ សុភមង្គល ប្រកបដោយសាមគ្គីភាព និងរស់នៅដោយសុខដុមភាពជាមួយគ្នាក្នុងសង្គមកម្ពុជា។ នេះជាការអះអាងរបស់លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានថ្លែងក្នុងកម្មវិធី បុណ្យព្រះយេស៊ូមានព្រះជន្មរស់ ដែលរៀបចំឡើងដោយសហគមន៍គ្រីស្ទបរិស័ទកម្ពុជាកាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥ នៅសាលមហោស្រពកោះពេជ្រ។ និងមានព្រះវត្តមានចូលរួមពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិតិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំសាសនាឥស្លាម ប្រមាណជាង៤ពាន់អង្គ នាក់។

          លោក មិន ឃិន បានថ្លែងដោយសង្កត់ធ្ងន់ថា ព្រះរាជាណាចក្រកម្ពុជាបានបើកទូលាយនូវសិទ្ធសេរីភាពខាងជំនឿសាសនាជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នាដូចមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋមធ្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់តម្លៃយ៉ាងខ្ពស់ដល់វិស័យសាសនាដោយបានដាក់បញ្ចូលវិស័យនេះទៅក្នុងបាវចនារបស់ជាតិ។

          លោក មិន ឃិន បានមានប្រសាសន៍ថា សាសនាទាំងនោះក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលលើការងារសង្គមកិច្ចផងដែរ នេះបញ្ជាក់ឲ្យឃើញពីការរួបរួមរវាងសាសនាទាំងអស់នៅកម្ពុជាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេសគឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយសាសនាទាំងអស់បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍន៌និងការរក្សារនូវសុខសន្តិភាពសម្រាប់សង្គមជាតិទាំងមូល ជាក់ស្តែងវិស័យសាសនាបានប្រៀនប្រដៅមនុស្សឲ្យស្គាល់អំពីសច្ចភាព សុច្ចរិតភាព បុណ្យនិងបាប និងបង្ហាញមាគ៌ាដើម្បីរំដោះខ្លួនពីសេចក្តីទុក្ខ ពោលគឺវៀរចាកអំពើទុច្ចរិតនិងអកុសល វៀរចាកអំពី ទោសៈ មោហៈ និងលោភៈ ដើម្បីធ្វើដំណើរឆ្ពោះទៅត្រើយនៃសេចក្តីស្ងប់ ។

          ព្រឹទ្ធបូជាចារ្យ សរ ពលៈ បានអានពីប្រវត្តិសង្ខេបគ្រីស្ទបរិស័បានកើតចេញពីប្រជាពលរដ្ឋចំនួន៥រូបពីខេត្តបាត់ដំបង។ ពីឆ្នាំ១៩៧០ដល់១៩៧៥ ក្រុមជំនុំដំណឆងល្អខ្មែរ បានរីកចំរើនយ៉ាងឆាប់រហ័សពី៧០០នាក់ ដល់១ម៉ឺននាក់ ទាំងខាងវិស័យជំនឿ វិស័យសិក្សាធិការ និងវិស័យសង្គមកិច្ច។ ឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ក្រោមរបបប្រល័យពូជសាសន៍ប៉ុល ពត ទាំងជំនឿសាសនា វប្បធម៌ និងហេដ្ឋារចនានិងជីវិតមនុស្សត្រូវបានបំផ្លាញយ៉ាងដំណាំ។ ក្នុងចំណោមគ្រីស្ទបរិស័ទខ្មែរនៅរស់រានមានជីវិតបានបង្ហាញខ្លួនយ៉ាងចំហរក្នុងឱកាសបុណ្យ ណូ អែល និងបានបន្តការគោរពលើវិស័យជំនឿសាសនាតរៀងមក។
ព្រឹទ្ធបូជាចារ្យ សរ ពលៈ បានសំដែងការអរគុណដល់រដ្ឋាភិបាលកម្ពុជាសម័យនោះ ដែលបានបើកសិទ្ធិយ៉ាងទូលាយ ដល់ក្រុមជំនុំក្នុងការប្រតិបត្តិជំនឿ និងម្យ៉ាងវិញទៀតក៏សូមសំដែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាក៏ដូចក្រសួងធម្មការនិងសាសនាដែលបានគំាទ្រគ្រប់លើការប្រតិបត្តិជំនឿគ្រប់ជ្រុងជ្រោយ៕

លោករដ្ឋមន្ត្រីថ្លែងទៅកាន់អ្នកចូលរួមសាសនិកសាសនាផ្សេងៗចូលរួមអ្នកចូលរួមប្រមាណជាង៤ពាន់នាក់