លោក មិន ឃិនៈ ​ឬសគល់ពិតនៃគុណធម៌ល្អត្រូវផ្តើមចេញពីខ្លួនយើង

គណៈអធិបតីក្នុងពិធីអបរ៉សិស្សានុសិស្ស

ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥
ភ្នំពេញៈ គុណធម៌ ចរិយាធម៌ និងសីលធម៌គឺផ្តើមចេញពីខ្លួនយើង ហើយក៏ជាករណីកិច្ចពីធម្មជាតិ ដែលត្រូវបំពេញជាការចាំបាច់ដើម្បីឈានទៅដល់ការបំពេញនូវកតញ្ញុតានិងកតវេទីដែលជាមូលដ្ឋានគ្រឹះនៃមនុស្សធម៌ដែលជម្រុញឲ្យសង្គមទាំងមូលមានភាពសុខដុមរមនាលើកតម្កើងនៃស្មារតីវប្បធម៌គុណធម៌អរិយធម៌ឲ្យកាន់តែខ្ពស់ឧត្តុងឧត្តម។ មានប្រសាសន៍យ៉ាងដូច្នេះខណពេល លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញបើកកម្មវិធីទស្សនាទានតាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្សចំនួន៤២៥០នាក់នាបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។

          ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក មិន ឃិន សូមសម្តែងការកោតសរសើរដ៏ស្មោះចំពោះមន្ត្រីសង្ឃនៃសមាគមទ្រទ្រង់ការបោះពុម្ភនិងអប់រំដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំចូលរួមផ្តល់វិភាគទានយ៉ាងច្រើនក្នុងការអប់រំយុវសិស្សឲ្យយល់ដឹងពីគុណ-ទោស និងជាពិសេសពង្រឹងនូវការអប់រំសីលធម៌សង្គមដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីនៃប្រទេសជាតិឲ្យវៀរចាកឆ្ងាយពីការសេពគ្រឿងញៀនអំពើអនាចារនិងក្រុមក្មេងទំនើងប្រការនេះបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សីលធម៌សង្គមតាមរយៈវិស័យព្រះពុទ្ធសាសនា។

          លោក មិន ឃិន មានប្រសាសន៍ថា ការអប់រំសិស្សានុសិស្សតាមរយៈធម៌ព្រះសម្មាសម្ពុទ្ធគឺពិតជាមានសារសំខាន់ខ្លាំងណាស់និងកំពុងដើរតួនាទីជាចំបងជាក់ស្តែងវិស័យសាសនាបានប្រៀនប្រដៅមនុស្សឲ្យស្គាល់អំពីសច្ចភាព សុច្ចរិតភាព បុណ្យនិងបាប និងបង្ហាញមាគ៌ាដើម្បីរំដោះខ្លួនពីសេចក្តីទុក្ខ ពោលគឺវៀរចាកអំពើទុច្ចរិតនិងអកុសល វៀរចាកអំពី ទោសៈ មោហៈ និងលោភៈ ដើម្បីធ្វើដំណើរឆ្ពោះទៅត្រើយនៃសេចក្តីស្ងប់ព្រមទាំងបានជម្រុញឲ្យសមាគមទ្រទ្រង់ការបោះពុម្ភនិងអប់រំបន្តធ្វើការអប់រំនៅតាមសាលារៀនបន្តទៅទៀតដើម្បីពួកគេក្លាយទៅជាមនុស្សដែលមានសីលធម៌ មានគុណធម៌ ស្គាល់ច្បាស់នូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ មិនភ្លើតភ្លើនជ្រុលតាមការហូរចូលរបស់វប្បធម៌ អរិយធម៌បរទេស ជាពិសេសយុវជនកូនខ្មែរទាំងអស់នឹងប្រព្រឹត្ដខ្លួនឱ្យក្លាយជាកូនដ៏ល្អរបស់លោកឪពុកអ្នកម្ដាយ ជាសិស្សដ៏ល្អរបស់់គ្រូ ជាមិត្ដដ៏ល្អរបស់មិត្ដ និងជាសមាជិកដ៏ល្អរបស់សង្គមជាតិខ្មែរ។

          លោក មូល ស៊ុយហេង នាយកវិទ្យាល័យព្រះស៊ីសុវត្ថិ បានថ្លែងអំណរគុណចំពោះក្រសួងធម្មការនិងសាសនា និងសមាគមទ្រទ្រង់ការបោះពុម្ភនិងអប់រំដែលបានរួមសហការគ្នាចុះមកធ្វើការអប់រំនៅទីនេះ។ លោកគ្រូ អ្នកគ្រូបានជួយបង្ហាត់បង្រៀនពួកគេឲ្យមានចំណេះដឹងមួយផ្នែក ប៉ុន្តែការយកទ្រឹស្ដីព្រះសម្មាសម្ពុទ្ធមកធើ្វការអប់រំនោះរឹតតែប្រសើរថែមទៀត។

          តមកលោក មិន ឃិន និងលោកស្រីជាភរិយា បានឧបត្ថមថវិកាចំនួន១លានរៀលផងដែរ និងបានផ្តាំ ផ្ញើរដល់សិស្សានុសិស្សទាំងអស់ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងបើកបរត្រូវចេះគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដោយប្រកាន់យកពាក្យស្លោក “ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍”៕
 

សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិសិស្សសាលាទាំង៤២៥០នាក់

Flag Counter

https://www.hulusungaiselatankab.go.id/slot+gacor+thailand/