ទីស្តីការក្រសួងៈ រសៀលថ្ងៃសុក្រ ៥កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ លើកទី៣៤ ដែលមានសិក្ខាកាមសរុបចំនួនចំនួន ១៧៥ អង្គ/នាក់ ។ នេះជាធនធានមនុស្ស ដែលរួមចំណែក លើកកម្ពស់ការពង្រឹងការប្រតិបត្តិនូវប្រពៃណី ទំនៀមទម្លាប់ខ្មែរយើង ឱ្យបានគង់វង្ស ស្របតាម ចរន្តលំហូរនៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍគ្រប់វិស័យរបស់ប្រទេសជាតិយើង ។ ក្នុងឱកាសនោះផងដែរឯកឧត្តមទេសរដ្ឋមន្ត្រី បានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក នៃក្រសួងធម្មការ និងសាសនា ក៏ដូចជានាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម និងអង្គភាពពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បង្កើតឱ្យមានការវិវត្ត រីកចម្រើនថ្មីៗបន្ថែមទៀត ទាក់ទងទៅនឹងការថែរក្សា និងអភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀម-ទម្លាប់របស់ជាតិសំដៅរួមចំណែកកសាងធនធានមនុស្ស និងលើកស្ទួយវិស័យវប្បធម៌ សាសនា ជាពិសេស គឺការចែករំលែកចំណេះដឹង ដើម្បីតម្រង់ទិសរបៀបរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗ ដោយមានការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីព្យាយាម យកចិត្តទុកដាក់ និងឆន្ទៈមុះមុតរបស់ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ ក្នុងការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹងដើម្បីបំពេញបន្ថែមនូវចំណេះដឹង ចំណេះធ្វើ ដល់សិក្ខាកាមអាចារ្យ រហូតដល់ទទួលបានជាផ្លែផ្កាគួរជាទីមោទនៈ ដូចពេលនេះ។ ទន្ទឹមនឹងនោះឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បញ្ជាក់ជូន អំពីគោលនយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឱ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាព ខាងជំនឿនិងសាសនាលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនិងបង្កលក្ខណៈ សម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា សូមអំពាវនាវដល់លោកអាចារ្យ អាចារិនីទាំងអស់ដែលជាសិក្ខាកាមនៅទីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស សូមកុំចូលរួមជាមួយជនក្បត់ជាតិនេះ។ ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជាបន្តទៅទៀត និងជៀសវាងពីការជាប់ពាក់ព័ន្ធនឹងអំពើល្មើសនេះ ដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បន្តទៀតថា សូមអំពាវនាវដល់លោកអាចារ្យ អាចារិនីទាំងអស់ដែលជាសិក្ខាកាមនៅទីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមហូបអំបុកទាំងអស់គ្នានៅពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមការពារជាតិ សាសនា ព្រះមហាក្សត្ររបស់យើង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យប៉ែលធី អន្តរជាតិ។