ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងឯកឧត្តម លោកជំទាវ មន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនា បានចូលរួមក្នុង ពិធីបុណ្យមាឃបូជា ដែលប្រារព្វធ្វើឡើង នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ដែលស្ថិតក្នុងស្រុកពញាឮខេត្តកណ្តាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ពិធីបុណ្យមាឃបូជា គឺជាបុណ្យរំលឹកដល់ថ្ងៃដែល ព្រះពុទ្ធជាម្ចាស់ ទ្រង់ធ្វើចតុរង្គសន្និបាត ដោយមាន ព្រះអរហន្តាខីណាស្រប ដែលជាឯហិភិក្ខុ ១.២៥០ អង្គ សំដែងនូវឱវាទបាតិមោក្ខ និងទ្រង់ប្រកាសដាក់ ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ បញ្ជាក់ថាចាប់ពីថ្ងៃនេះទៅ ៣ ខែទៀតតថាគតនឹងបរិនិព្វានហើយ។ ក្នុងឱកាសពិធីបុណ្យមាឃបូជានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរាប់បាត្រ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជាផងដែរ។