សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា

  • Print

ព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងវគ្គសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ SARMIS ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធានផ្នែក និងប្រធានមន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត នៅទីស្ដីការក្រសួង។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ទ្រព្យសម្បត្តិរដ្ឋ គឺជាទ្រព្យសម្បត្តិដែលរដ្ឋផ្ដល់ទៅឱ្យអ្នកមានសិទ្ធិក្នុងការទទួលយកទៅប្រើប្រាស់។ ជាមួយគ្នានេះ សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ដើម្បីបង្កើនការយល់ដឹងបង្កើនសមត្ថភាពការទទួលខុសត្រូវប្រសិទ្ធភាព ផលិតភាពការងារ គណនេយ្យភាព និងលើកកម្ពស់ការយល់ដឹងដល់មន្ត្រីទទួលបន្ទុកថ្នាក់កណ្ដាល និងមន្ត្រីទូទាំង២៥មន្ទីរ រាជធានី ខេត្ត ដូច្នេះតម្រូវឱ្យក្រសួង មន្ទីរ ដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ រៀបចំបញ្ជីសារពើភណ្ឌក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតាមគំរូ និងប្លង់ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយគុណភាព គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងបូរណភាពសំដៅសម្រេចឱ្យបានគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ផ្ដាំផ្ញើ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ចូលរួមរៀនសូត្រឱ្យបានគ្រប់ចំណុច ខិតខំត្រងត្រាប់ ស្វែងយល់ចំពោះប្រធានបទ ព្រមទាំងចូលរួមផ្លាស់ប្ដូរគំនិតយោបល់ឱ្យបានផុសផុល ចាប់យកចំណេះដឹង និងចំណេះធ្វើពិតប្រាកដ សម្រាប់អនុវត្តការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងផលិតភាព ដែលជាការចូលរួមអនុវត្តផងដែរនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងចូលរួមចំណែកឆ្លើយតបទៅនឹងចរន្តនៃសកលភាវូបនីយកម្ម សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ ។