ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្ដម អាបេ ស៊ីនហ្សូ (Shinzo Abe)

  • Print

ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្ដម អាបេ ស៊ីនហ្សូ (Shinzo Abe) ដែលបានទទួលមរណភាព កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

  នៅក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការសោកស្តាយ និងអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់រដ្ឋបុរសជប៉ុនលេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ជាពិសេសឯកឧត្តម អាបេ ស៊ីនហ្សូ (Shinzo Abe) ក៏ជាអ្នកដែលធ្លាប់បានរួមចំណែកជួយកសាងពង្រឹងទំនាក់ទំនងល្អប្រសើររវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរកម្ពុជា-ជប៉ុន ផងដែរ។

  នៅក្នុងឱកាសនោះដែរ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការទាំងអស់នៃក្រសួងធម្មការ និងសាសនា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន និងគ្រួសារសព និងបានឧទ្ទិសបួងសួងជូនវិញ្ញាណក្ខន្ធឯកឧត្តម អាបេ ស៊ីនហ្សូ (Shinzo Abe)  បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។