ពិធីថ្វាយពានរង្វាន់ «សៅសេមាធម្មចក្រ» ដ៏ឧត្តុង្គឧត្តម ចំពោះសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត

  • Print

ព្រឹកថៃ្ងព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីថ្វាយពានរង្វាន់ «សៅសេមាធម្មចក្រ» ដ៏ឧត្តុង្គឧត្តម ចំពោះសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ពីព្រះអង្គអម្ចាស់ក្សត្រីយ៍ មហាចក្រីសិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលមានឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៏ប្រចាំព្រះរាជាណាចក្រកម្ពុជាជាព្រះរាជតំណាង និងមានការយាង-និមន្ត អញ្ជើញចូលរួមពី សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកអគ្គរដ្ឋទូត អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក និងប្រធាននាយកដ្ឋាន នៅស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។

  ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការអបអរសាទរ និងអនុមោទនាចំពោះការ ទទួលបាននូវពានរង្វាន់ដ៏ឧត្តុង្គឧត្តមនេះរបស់សម្តេចព្រះមហាសុមេធាធិបតីជាអម្ចាស់ ហើយក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងការគាំទ្រយ៉ាងមុតមាំចំពោះការសម្រេចចិត្តរបស់ព្រះអង្គអម្ចាស់ក្សត្រីយ៍ មហាចក្រីសិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៏ក្នុងការថ្វាយពានរង្វាន់ដ៏ខ្ពស់បំផុតនេះដែលជាមហាកិត្តិយសដ៏ធំធេងក្រៃលែង។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បន្តទៀតថា ដើម្បីអភិរ័ក្ស និងការពារព្រះពុទ្ធសាសនាឱ្យបានឋិតថេរ យូរអង្វែងនៅក្នុងប្រទេសទាំងពីរកម្ពុជា-ថៃ និងនៅលើពិភពលោកចាំបាច់យើងត្រូវរួបរួមគ្នា ធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងមិត្តភាព សាមគ្គីភាព ជំហររឹងមាំ សំដៅរក្សាឱ្យបាននូវតម្លៃព្រះពុទ្ធសាសនា និងរិះរកគ្រប់មធ្យោបាយផ្សព្វផ្សាយ ព្រះបរមពុទ្ធោវាទឱ្យបានទូលំទូលាយដល់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។