ឣ្នកតាបល្ល័ង្កឬអ្នកតាបង់បត់ ខេត្តកណ្ដាល

គគីរនៅថ្ងៃ៧ ខែឧកតូប ឆ្នាំ១៩៤៦

សូមទានមេឃុំៗ គគីរ

សូមក្រាបប្រណិប័តន៍ ចូលមកព្រះបាទលោកឣ្នកឧកញ៉ាមេត្រីភូធរជាចៅហ្វាយសូមទានជ្រាប។សូមតបសេចក្តីបញ្ជូនលេខ៣១០ចុះថ្ងៃ២៧-០៩-៤៦ ឆ្លើយដូចព័ត៌មានឣំពីរឿងឣ្នកតាកោះស្លាកែតនៅទីវត្តស្លាកែតសព្វថ្ងៃដូចមានខាងក្រោមនេះ។

១-ឣ្នកតាកោះស្លាកែតនេះមានឈ្មោះហៅថា ឣ្នកតាបល្ល័ង្កឬឣ្នកតាបង់បត់ គឺគ្មានរូបដែលគេសាងដោយថ្មឬវត្ថុឣ្វីនោះទេ។ សព្វថ្ងៃនេះគ្រាន់តែជាបល្ល័ង្កដែលឣ្នកស្រុកគេកសាង ឣំពីថ្មពណ៌ខ្មៅមានកម្ពស់ចំនួន ០.៩០ម បណ្តោយ ១.៨០ម ទទឹង១.៤០ម គឺគេសាងពីក្នុងឆ្នាំ១៨៤៦តាំងពីក៏កើតវត្ត        ស្លាកែតនេះ ឡើងមកចំនួន ១០០ឆ្នាំហើយ។

២-ឣ្នកតាបល្ល័ង្កឬឣ្នកតាបង់បត់នេះ ដែលបានពិនិត្យស៊ើបសួរដល់ចាស់ព្រឹទ្ធាចារ្យ និងលោកគ្រូចៅឣធិការសព្វគ្រប់ទៅថា ឣ្នកតានេះជាឣ្នកតាតែងជាទីគោរពរបស់ឣ្នកស្រុកនេះជាងឣ្នកតាឯទៀតៗ។

៣-គ្រឿងសំណែនឣ្នកតានេះ ដែលឃើញឣ្នកស្រុកតែងគោរពរាប់ឣានហើយបូជាមកដល់សព្វថ្ងៃនេះ ច្រើនឃើញបូជាទឹកឣប់ និងជាកម្រងផ្សេងៗ ថ្វាយដល់ឣ្នកតានោះជាធម្មតា។

៤-កំណត់ពេលដែលឡើងឣ្នកតាក្នុង១ឆ្នាំៗ គ្មានកំណត់ថ្ងៃណាខែណាឬពេលណាទេ តែបើមានត្រូវការវេលាណាទើបឣ្នកស្រុកដែលធ្លាប់ធ្វើជានិច្ចរាល់ឆ្នាំខានពុំបាននោះ ឃើញធ្វើនៅពេលបុណ្យចូលឆ្នាំខ្មែរ(ដារឆាន់)។ ឣ្នកស្រុកបួងសួងសុំឱ្យបានសេចក្តីសុខក្នុងស្រុកភូមិហើយនឹងមានសុំទឹកឣំណាចមកស្រោចលាបគ្រប់ៗគ្នា។

សេចក្តីនេះសូមព្រះបាទជាចៅហ្វាយជ្រាប!

រឿងប្រវត្តិឣ្នកតាវត្តស្លាកែត

            មានសេចក្តីតំណាលថា កាលព្រះពុទ្ធសាសនាកន្លងទៅបាន ២៣៨៩ គ.ស.១៨៤៦ គិតតាំងពីកសាងវត្តស្លាកែត មានលោកភិក្ខុបីរូបគឺភិក្ខុព្រះនាម រស់១ ពាំង១ នង១ បានប្រារព្ធធ្វើជាដើម។ រួចស្រេចកាលណា ឣ្នកស្រុកក៏ឧប្បត្តិហេតុឱ្យកើតមានឡើងជាលំដាប់ រហូតមកដល់សព្វថ្ងៃនេះ និងបានចំពោះរូបឣ្នកណាមួយក៏ទេដែរ។ ឯរូបឣ្នកតានោះទៀតសោតក៏គ្មានរូបភាពទេ គ្រាន់តែជាបល្ល័ង្កដែលឣ្នកស្រុកគេកសាងឣំពីថ្មពណ៌ខ្មៅ។ ចំនួនកម្ពស់ ០.៩០ម បណ្តោយ ១.៨០ម ទទឹង ១.៤០ម ជាសំណាកគ្រាន់តែជាគ្រឿងសម្រាប់បូជារបស់ឣ្នកស្រុកប៉ុណ្ណោះ។ ចំណែកខាងឣ្នកស្រុកទៀតសោតនឹងកំណត់ថ្ងៃខែថានឹងប្រជុំគ្នាធ្វើកិច្ចនោះឱ្យមានពេលវេលាទៀតសោតក៏គ្មានដែរ ស្រេចហើយតែគេមានត្រូវការទើបមកប្រជុំគ្នាធ្វើកិច្ចនោះទៅ។ ចំណែកខាងគ្រឿងបូជាឣ្នកតានោះច្រើនមានតែទឹកឣប់ និងជាកម្រងផ្សេងៗថ្វាយដល់ឣ្នកតានោះជាធម្មតា រៀបរាប់ប្រវត្តិរូបឣ្នកតាមកដោយ    សេចក្តីសង្ខេបខ្លីៗ តែប៉ុណ្ណេះ។

-ចប់-

អ្នកតាលាវ ខេត្តកណ្តាល

ឃុំភូមិធំ ថ្ងៃ១ ខែ ឧកតូមប្រិ ឆ្នាំ១៩៤៦

សូមទានពញារក្សាភិបាលមេឃុំភូមិធំ ស្រុកកៀនស្វាយ កណ្តាល

            ខ្ញុំព្រះបាទម្ចាស់ សូមក្រាបប្រណិប័តន៍ចូលមកព្រះបាទលោកឣ្នកឧកញ៉ាមេត្រីភូមិធំជាចៅហ្វាយម្ចាស់សូមទានជ្រាប!!!

សូមគោរពចុតហ្មាយព្រះបាទម្ចាស់លេខ៣១០ ចុះថ្ងៃ២៧ ខែឣេចតម ឆ្នាំ១៩៤៦ បង្គាប់ឱ្យពញាខ្ញុំឆ្លើយ ព័ត៌មានពីឣ្នកតាវត្តកៀនស្វាយក្រៅ៖

១-ឣ្នកតានោះនាមឈ្មោះឣ្នកតាលាវ គ្មានរូប គេសាងពីដីឥដ្ឋ។ ហេតុដំបូង ប្រមាណជា ៦០ឆ្នាំកន្លងមកហើយៗ បានពន្យល់សប្តិលោកគ្រូចៅឣធិការព្រះសពតុងវត្តកៀនស្វាយក្រៅ បានសេចក្តីថាឱ្យស្រង់យកឣញមកផងដែល រសាត់ឣណ្តែតតាមទឹកហូរកោះនៅមុខវត្តមកពីស្រុកលាវ ជាតិឈើគគីរ ជាដុំតូចនោះ។ លោកគ្រូក៏បានទៅយកមកឱ្យខ្មោច ជាង មែន សាងបូកដីឥដ្ឋពីក្រៅជារូបឣ្នកតាបែរមុខទៅកើត បត់ភ្លៅបញ្ឈរជង្គង់ឆ្វេង ដៃស្តាំសណ្តូកលើភ្លៅស្តាំ ដៃឆ្វេងកាន់ដំបងបង្គុយ មានកម្ពស់ ០.៩០ម ទំហំ ១.១០ម ដូចមានគំនូររូបឣ្នកតាម្ចាស់ជាប់មកជាមួយស្រាប់។

២-សព្វថ្ងៃនេះមានគេរាប់ឣានបន់ស្រន់ចុះចូលជាច្រើន។ ពីដើមមកធ្លាប់ឃើញគេបូជាមានស្លាធម៌ ដើមចេក ដូង បាយដំណើប ក្បាលជ្រូក។ វេលាដែលគេមានឣាសន្ន បើកំណត់ដែលឣ្នកស្រុកគេធ្លាប់ធ្វើរបៀបរៀបចំធំម្តងៗ មាននិមន្តព្រះសង្ឃចំនួន ៥ឣង្គ យ៉ាងតិច ចម្រើនបរិត្តពីល្ងាចថ្ងៃ ១៤កើត ខែបុស្ស លុះព្រឹកឡើងនិមន្តលោកសូត្រដារឆ្លងមានចង្ហាន់ និងតង្វាយឣ្នកតាក្នុងរដូវចម្រូតតាមទំនៀមទម្លាប់។

សេចក្តីនេះសូមព្រះបាទជ្រាប! មេឃុំ

អ្នកតានៅភ្នំក្ងោកមាស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងថ្ងៃ១៥ ខែឧកភូប្រិ ឆ្នាំ១៩៤៦

ឣ្នកឧកញ៉ាស្រែនធិបតីចៅហ្វាយខេត្តកំពង់ឆ្នាំង

មកដល់ឣ្នកឣគ្គលេខាធិការក្រុមពុទ្ធសាសនបណ្ឌិត្យប្រទេសកម្ពុជាក្រុងភ្នំពេញ

            តបសំបុត្រលេខ ១២១៧ ចុះថ្ងៃ១២ សេបតមប្រិ ១៩៤៦ ដែលសួរព័ត៌មានពីឣ្នកតានៅភ្នំក្ងោកមាសនោះ ឣ្នកឧកញ៉ាបានចាត់ឱ្យស៊ើបសួរហើយ បានសេចក្តីដូចរាយខាងក្រោមនេះ៖

១- ឣ្នកតានៅទីភ្នំនោះ មាន ២កន្លែងមានឈ្មោះផ្សេងគ្នាគឺ៖

ក-ឣ្នកតាព្រះឥន្ទមានរូបដែលគេកសាងពីបុរាណមកធ្វើឣំពីថ្ម។ចាស់ៗ តំណាលថា ព្រះបាទឣស្សច័យរាជជាឣ្នកកសាង តាំងពីជំនាន់នគរវត្តមានលក្ខណ:ជារូបសិង្ហឬតោ។ ទំហំជុំវិញខ្លួន ០.៩០ម បន្ទារខ្លួន ០.៣០ម    កម្ពស់ ០.៧០ម មានឣាស្រមធ្វើពីឈើប្រក់ក្បឿង នៅមុខព្រះវិហារវត្តក្ងោកមាសលើសព្វថ្ងៃនេះ។

            ខ-ឣ្នកតាសិង្ហមានរូបពីបុរាណមកធ្វើឣំពីថ្ម គេតំណាលថាព្រះបាទឣស្សច័យរាជ បានកសាងតាំងពីជំនាន់នគរវត្តដូចគ្នានឹងឣ្នកតាព្រះឥន្ទខាងលើឯទំហំនិងកម្ពស់ក៏ដូចគ្នាដែរ។ សព្វថ្ងៃមានឣាស្រមធ្វើឣំពីឈើប្រក់ក្បឿងនៅមុខព្រះវិហារវត្តក្ងោកមាសក្រោម។

            ឣ្នកតាទាំងពីរនេះ ពួកចាស់ព្រឹទ្ធាចារ្យតំណាលថា កាលពីដើមឣ្នកតាព្រះឥន្ទមានឣាស្រមនៅឯទួលគោកសំរោងឃុំត្រប់ស្រុកជើងព្រៃខេត្តកំពង់ចាម។ ឣ្នកតាសិង្ហនៅឃុំច្រុប ស្រុកសន្ទុក ខេត្តកំពង់ធំ។ លុះមកដល់រវាងព.ស.(តាមឣ្នកស្រុកស្មាន)២៣៩៣ ព្រះបាទឣង្គចន្ទទ្រង់យាងមកកាន់វត្តក្ងោកមាស ឃើញទីទំនួលជាទីពេញព្រះទ័យក៏ទ្រង់ត្រាស់ឱ្យឣ្នកស្រុកទៅឣញ្ជើញឣ្នកតាទាំង២ ពីទីកន្លែងរៀងរាល់ចំណែកនេះ មកប្រតិស្ឋាននៅទីកន្លែងសព្វថ្ងៃរហូតមក។

២-ក្នុងសម័យសព្វថ្ងៃនេះ ឣ្នកស្រុកនៅតែគោរពរាប់ឣានឣ្នកតាទាំង២ នេះតាមធម្មតា។ ឯគ្រឿងសំណែននៅវេលាដែលគេរៀបឡើងឣ្នកតានេះ គឺត្រូវរៀបឱ្យមានស្លាជម បាយសី បង្អែម ចម្ឣាប និងភ្លេងតន្ត្រីផង។ ឯគ្រឿងសំណែនឬតង្វាយគឺមានស្លាធម៌ដូង១គូ និងសំពត់ព្រែក្រហម ២ម៉ែត្រ។ គេ ឡើងឣ្នកតានេះនៅថ្ងៃ ៣កើត ខែពិសាខរាល់ឆ្នាំ។ មានរូបសំណឹងដែរសព្វថ្ងៃនេះមានឈ្មោះចន្ទ សុខ ជាឣ្នកជាន់។ សូមជូនជាប់មកនេះ រូបគំនូររបស់ឣ្នកតាទាំង២ នេះ ២សន្លឹក។

ចៅហ្វាយខេត្ត

ឣ្នកតាវត្តភ្នំគ្រង់

សេចក្តីកត់ហេតុពិនិត្យឣ្នកតាវត្តភ្នំគ្រង់

            ឆ្នាំមួយពាន់ប្រាំបួនរយសែសិបប្រាំមួយថ្ងៃដប់ខែឧកតប យើង ប្រាក់ វ៉ាន់ឣ៊ុំ ពញារក្សាភិបាលមេឃុំៗ កំពង់តាជេស មួយឣន្លើដោយជំទប់លេខ១ ឈ្មោះ ឣឹង ជឿន បានទៅដល់ទី១ ជាចាស់ព្រឹទ្ធាចារ្យ និងមនុស្សចាស់ទុំឯទៀតមកជួបជុំពិនិត្យសួរឣំពីសាវតារឣ្នកតាវត្តភ្នំគ្រង់នៅពេលម៉ោង១១ព្រឹក បានសេចក្តីដូចខាងក្រោម៖

១-ឣ្នកតាទាំងនោះមានឈ្មោះហៅថាឣ្នកតាទសមុខ១ឣ្នកតាកោះហ្ម១និងមានរូបយាយទេព្វមួយទៀតផងសាងពីថ្មទំហំ១ដេស៊ីម៉ែត្រកម្ពស់៣ដេស៊ីម៉ែត្រ ទ្រង់ឣង្គុយពែនជើងបែរមុខទៅទិសខាងកើត ដៃដាក់លើភ្លៅ។ ឯឣ្នកតាទសមុខ និងឣ្នកតាកោះហ្ម គ្មានរូបគេសាងទុកមកជាសម្គាល់ទេ នៅឃើញតែកន្លែងដំណែលគឺមានថ្មមួយផ្ទាំងគ្របប្រាង្គពីលើ បែរមុខទៅទិសខាងកើតមានទំនងដូចជារូងឬល្អាងថ្ម។ ឣ្នកតាគោហូនោះគ្មានកន្លែងជាសម្គាល់ឱ្យប្រាកដទេ ហើយឣ្នកស្រុកគេពុំសូវទាំងនឹកនារាប់ឣានផង។

២-ក្នុងសម័យឥឡូវនេះ គេគោរពរាប់ឣានតែឣ្នកតាទសមុខ និងលោកយាយទេព្វ។ កាលបើដល់រដូវបុណ្យសំពះព្រះខែឬបុណ្យឣកឣំបុកម្តងៗ តែងមានមនុស្សកាត់មកពីស្រុកឆ្ងាយៗ ជាច្រើនឬស្រុកនៅជិតៗ នាំគ្នាចូលទៅបែបន់លាបំណន់ មានថ្វាយទង់ ឆត្រ ឡង់ ស្លាធម៌ដូង ចេកទុំ ទៀន ធូប តាមចំណាំតែសព្វខ្លួន។ កាលពីក្នុងរវាង ៦-៧ឆ្នាំ មុននេះឣ្នកតាទសមុខមានរូបមានគេបញ្ជាន់សាកសួរ និងបែបន់សុំទឹកភ្លៀង សុំកុំឱ្យមានជំងឺឱ្យបាន      សេចក្តីសុខដល់មនុស្ស សត្វចិញ្ចឹម ឃើញថាបានប្រកបដូចសេចក្តីប្រាថ្នាខ្លះដែរតាមដែលធ្លាប់ជឿ។ លុះដល់រូបឣ្នកតាទសមុខនេះ ឈ្មោះហៅថាតាពៅគាត់ស្លាប់បាត់បង់ទៅ គ្មានរូបឯណាមក និងជាន់ជំនួសទៀតឡើយ តែដល់  រដូវខែពិសាខជារដូវត្រូវឡើងឣ្នកតាម្តងៗ គេគ្រាន់តែនាំគ្នាទៅលេងភ្លេងថ្វាយបន្តិចបន្តួចប៉ុណ្ណោះ។ ឣ្នកតាទសមុខនេះឥតត្រូវការ និងបំណន់ស្រាបាយឬសាច់ឈាមឣ្វីទេ គឺបែបជាឣ្នកតាបង់បត់ ចូលចិត្តតែវត្ថុដូចមានរាយនៅខាងលើ។

សេចក្តីហេតុនេះធ្វើនៅថ្ងៃ ខែ ឆ្នាំ ដូចខាងលើ។

អ្នកតាភ្នំជំពឹត

សេចក្តីកត់ហេតុពីពិនិត្យមើលឣ្នកតាភ្នំជំពឹត

            ឆ្នាំមួយពាន់ប្រាំបួនរយសែសិបប្រាំមួយ ថ្ងៃ១២ ខែកូប្រិ យើងពញារក្សាភិបាលមេឃុំធ្លកវៀន មានជំទប់លេខ១ បានមកដល់នាទីដូចមានខាងក្រោមនេះ។

វត្តភ្នំជំពឹតពេលម៉ោង ៨ព្រឹក យើងបានពិនិត្យមើលកន្លែង និងស៊ើបសួរចាស់ព្រឹទ្ធាចារ្យតាមបង្គាប់លោកឣ្នកឣគ្គលេខាធិការក្រុមពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ចុះថ្ងៃ១២ ខែសេបតម ឆ្នាំ១៩៤៦ ដូចមានក្រោមនេះ។

១-ត្រង់កន្លែងដែលឣ្នកស្រុកជិតឆ្ងាយ ដែលគេតែងតែទៅគោរពរាប់ឣាននោះ គឺគ្មានរូប និងឈ្មោះដូចម្តេចពីបុរាណមកគ្មាន មានតែកូនភ្នំតូច១។

២-ឣាស្រមនោះមានដើមឈើមួយដើមនៅលើភ្នំតូចនោះ ដែលគេយកវត្ថុឣ្វីៗទៅថ្វាយ។

៣-ដល់មកឆ្នាំ១៩៤៣ នោះមានឣាចារ្យវត្ត និងឧបាសក ឧបាសិកា និងលោកចៅឣធិការវត្តនោះកាប់ឈើនោះចេញ បានសាងជាពន្លៃប្រក់ក្បឿងនៅលើកូនភ្នំនោះឡើង។ មានលោកចៅឣធិការព្រះនាមឣ៊ុក វត្តខ្យាង បាននិមន្តព្រះពុទ្ធរូបតូច១ សាងពីថ្មមកតម្កល់ទុកក្នុងពន្លៃនោះ។

៤-ក្នុងសម័យឥឡូវនេះ នៅមានគេគោរពរាប់ឣានដូចពីដើមរៀងរាល់ឆ្នាំមក។

៥-គ្រឿងបូជាតាំងពីដើមមកដល់សព្វថ្ងៃនេះ ឃើញវត្តខ្លះបេះដូងមកដោតទៀន ធូប ម្លូ ស្លា។ ខ្លះយកផ្លែដូងមកដោតផ្កាក្រមួន ខ្លះយកផ្លែដូងមកដោតប្រាក់ហែទៅបូជានៅលើកូនភ្នំនោះ។

៦-គ្មានយកបាយសម្លម្ហូបចំណីឣ្វីទៅបូជាគ្មាន។

៧-រូបសំណឹងគ្មាន។ 

សេចក្តីកត់ហេតុនៅថ្ងៃ ខែ ដូចមានខាងលើនេះ។

Flag Counter