មាននិទានមួយថា មានបុរសពីរនាក់ មួយរែកពូជស្រូវធ្ងន់ ម្នាក់រែកពូជស្រូវស្រាល ម្នាក់រែកដើរពីនាយ ម្នាក់រែកដើរមកពីនាយប្រសប់គ្នានៅលើស្ពានពុំព្រមចៀសគ្នា ប្រចាប់គ្នាកំពប់ស្រូវអស់ ហើយនាំគ្នាទៅប្តឹងចៅក្រម ។ ឯចៅក្រមយល់ថាកំពប់ស្មើគ្នា នឹងជំនុំជំរះកាត់សេចក្តីឲ្យពុំបាន ហើយក៏នាំដំណើរនោះ ឡើងទៅក្រាបទូលសម្តេចព្រះមហាក្សត្រាធិរាជ ។ ព្រះរាជាមានព្រះបន្ទូលដណ្តឹងទៅចៅមួយថា ស្រូវពូជព្រះស្តែងតើស្រូវអ្វីជាស្រូវធ្ងន់ឬស្រូវស្រាល ។ ចៅនោះក្រាបទូលថា ស្រូវទូលបង្គំជាស្រូវធ្ងន់ ទើបត្រាស់សួរទៅចៅម្ខាងទៀតថា ចុះពូជស្រូវព្រះស្តែងជាស្រូវស្រាលឬស្រូវធ្ងន់ ។ បុរសនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ស្រូវពូជទូលព្រះបង្គំជាស្រូវស្រាល ។ ទើបព្រះមហាក្សត្រាធិរាជទ្រង់បង្គាប់ ឲ្យចៅរែកពូជស្រូវធ្ងន់នោះ ត្រូវសងអ្នករែកពូជស្រូវស្រាល ដ្បិតអ្នករែកពូជស្រូវស្រាលប្រញាប់យកទៅសាចព្រោះឲ្យបានស៊ីឆាប់ទាន់មាត់ ឯស្រូវធ្ងន់នោះ នឹងបង្អង់យូរទៅទៀតក៏បាន ។ ហេតុដូច្នោះ ទើបបង្គាប់ឲ្យចៅរែកពូជស្រូវធ្ងន់សងចៅរែកពូជស្រូវស្រាល ។ ចៅទាំងពីរក៏ព្រមហើយ ក្រាបលាទៅកាន់លំនៅទីទៃៗហោង ។
សេចក្តីកត់ហេតុឣំពីពង្សាវតារឣ្នកតានៅភ្នំដិលក្នុងឃុំតាំងក្រាំង
ភ្នំដិលនៅថ្ងៃសៅរ៍ ២រោច ខែឣស្សុជ ឆ្នាំច ឣដ្ឋស័ក ត្រូវនឹងថ្ងៃ១២ ខែឧកតូប្រិ ឆ្នាំ១៩៤៦។ យើងឣ្នកឧកញ៉ាពេជតេជ្ជោ ឣឹន ចន ចៅហ្វាយស្រុកស្រុកជើងព្រៃ បានចូលមកដល់ភ្នំដិលដើម្បីនឹងសួររកពង្សាវតារឣ្នកតាដែលសន្មតនៅលើភ្នំនេះ តាមសេចក្តីសំបុត្រក្រសួងពុទ្ធសាសនបណ្ឌិត្យលេខ ១២២៥ ចុះថ្ងៃ១២ ខែសេបតម ឆ្នាំ១៩៤៦។
យើងបានប្រជុំចាស់ព្រឹទ្ធាចារ្យ និងព្រះសង្ឃដែលគង់នៅវត្តភ្នំដិល ហើយបានសាកសួរសព្វគ្រប់ទៅបានការដូចខាងក្រោម៖
១-ឣ្នកតានោះចាស់ៗ ជាន់ដើមហៅថា ឣ្នកតាម៉ឺនឯកម៉ឺនឣ៊ិន តែមនុស្សជាន់ឥឡូវច្រើនហៅថា ឣ្នកតាក្បាលប្រាំបីព្រោះឃើញមានក្បាលប្រាំបី។ ឣ្នកតានេះមានរូបគេសាងទុកពីថ្ម ៤ជ្រុង មានកម្ពស់ ៦០សង់ទីម៉ែត្រ ក្នុង១ជ្រុងៗមានទទឹង ១៥សង់ទីម៉ែត្រ។ មានរូបពែន២ ទល់ខ្នងគ្នា កម្ពស់ ៣៣សង់ទីម៉ែត្រមានរូបឈរ២ ទល់ខ្នងគ្នា កម្ពស់ ៤០សង់ទីម៉ែត្រ រូប៤ មានតែក្បាលនៅគែមជ្រុងៗទាំង៤។ រូបទាំងឣស់នោះឆ្លាក់ពុំសូវល្អ គ្រាន់តែមានជាហេតុៗ ដូចគំនូរដែលគូរជូនជាប់មកនេះគ្មានខុសគ្នាទេ។ ឈ្មោះមនុស្សដែលសាងឣ្នកតានេះគ្មានឣ្នកណាស្គាល់ទេ មិនដឹងជាសាងពីឆ្នាំណាទេ។ ឣាស្រម ឣ្នកតាពីជាន់មុនធ្វើពីគ្រឿងឈើដំបូល ២ខ្នង ប្រក់ក្បឿង ទទឹង ៣ម៉ែត្រ បណ្តោយ ៦ម៉ែត្រ។ ដល់ឣាស្រមនោះបាក់បែកទៅ ព្រះករុណាព្រះបាទ ស៊ីសុវត្ថិទ្រង់ឱ្យជាងធ្វើឣាស្រមនោះពីឥដ្ឋ ដំបូលពីរខ្នងដូចមុន។ នៅក្រោយឣាស្រមឣ្នកតាមានថ្ម ១ដុំ កម្ពស់ ៤.៩០ម៉ែត្រ ទទឹងកណ្តាល ៦.០០ម៉ែត្រ ទទឹងខាងក្រោម ៤.៥០ម៉ែត្រ។ ដុំថ្មនេះជាថ្មឣ្នកសច្ចំមានឣាស្រមជាប់នៅទីនោះ មានដើមរកា ១ដើម ដុះត្រង់ទៅលើ និងមានដើមព្រះជ្រៃ១ដើមដុះចំហៀងដូចគំនូរជូនជាប់មកនេះ។
២- ក្នុងសម័យនេះ តាមដែលគេគោរពនោះគឺបើមានជំងឺឈឺថ្កាត់ឣ្វី ឬមានភិតភ័យពីការឣ្វីឬចង់ឱ្យបានចម្រើនពីការភ័យ។ គេបែរ បន់ បើបានស្រន់ដូច សេចក្តីប្រាថ្នា គេយកសំណែនមកថ្វាយតាមសេចក្តីដែលបានបន់ថ្វាយនេះថ្វាយនោះ។
តែកាលព្រះករុណា ព្រះបាទស៊ីសុវត្ថិដែលទ្រង់យាងទៅបួងសួង ម្តងៗ នោះឃើញរៀបរាន ៥ថ្នាក់ បាយសីប៉ាកឆាម១គូ ស្លាធម៌១គូ ទឹកឣប់១គូ បង្អែមចម្ឣាប ១សម្រាប់ ហើយមានពួកបារគូសូត្រប្រកាសឣញ្ជើញ ឣ្នកតាពីភ្នំជលាចច្ចារមកជួបជុំផង។ រួចមានលេងភ្លេងសៀម ៣បទថ្វាយ គឺភ្លេងករណៃ កៅណក់ ជើត រួចពីភ្លេងសៀមមានលេងភ្លេងខ្មែរ ៣បទទៀត គឺបទភ្លេងព្រះថោងនាងនាគ នាគព័ន្ធ។
ថ្ងៃខែដែលឡើងឣ្នកតានោះមិនកំណត់ទេ តែកាលព្រះបាទស៊ីសុវត្ថិតាំងតែពីទ្រង់គង់នៅជាសម្តេចមហាឧបរាជ រហូតទល់នឹងទ្រង់ទីវង្គតទៅនោះ។ ទ្រង់តែងនាំឣង្គព្រះកឋិនទានដង្ហែទៅវត្តប្រគេនភិក្ខុសង្ឃ នៅទីវត្តភ្នំដិលរាល់ឆ្នាំមិនដែលខានគឺនៅថ្ងៃ ១៥កើត ខែកត្ដិក។ នៅវេលានោះមានរៀបគ្រឿងបូជាឣ្នកតា មានរណ្តាប់ដូចមានឣធិប្បាយខាងលើ និងរៀបបូជាឣ្នកសច្ចំមានរណ្តាប់ស្លាធម៌ដូង១គូ ទៀនកម្ពស់ទ្រង់ព្រះឣង្គ១គូ បានដំណឹង ១យ៉ាងទៀតថា ជួនកាលមានឡើងឣ្នកតានៅថ្ងៃ៨កើតឬ១៥កើត ខែពិសាខ មានបញ្ជាន់រូបសំណឹង ។ ឯរូបនោះឈ្មោះតាស្រីគាត់ឣនិច្ចកម្មប្រហែល២០ឆ្នាំហើយ តាំងពីនោះមកគ្មានរូបណាប្រាកដទេ។ ជួនកាលមនុស្សមានជំងឺដែលបានបន់ទៅហើយបានជាជំងឺនោះ ទៅលាបំណន់រៀបរណ្តាប់ និងលេងភ្លេងថ្វាយតាមសេចក្តីដែលបានបន់នោះទៅក៏ជាន់រូបខ្លួនឯងទៅ ជួនកាលក៏គ្មានជាន់ទេមិនកំណត់។
យើងបានបញ្ឈប់សេចក្តីកត់ហេតុនេះ នៅថ្ងៃ ខែ ឆ្នាំ ដូចខាងលើហើយសូមជូនមករាជការមុខក្រសួងសម្រេចតាមត្រូវការ។
ចៅហ្វាយស្រុក
នៅខាងកើតភ្នំពពាលក្នុងប៉ុស្តិ៍ស្វាយទងដដែល មានភ្នំមួយឈ្មោះហៅថាភ្នំតាទៀក កម្ពស់ប្រហែល ៥០០ម ទំហំមួយជុំភ្នំនោះប្រហែល ១៧ គីឡូម៉ែត្រ។ នៅលើកំពូលភ្នំនោះមានឣ្នកតាមួយរូបឈ្មោះហៅថា ឣ្នកតា ទទូលឈ្នាង។ គេមើលឃើញច្បាស់ពីចម្ងាយរូបរាងឣ្នកតានោះគឺថ្មមួយដុំ ទំហំប្រហែលប៉ុនទូកកំរោលមួយ ហើយស្ថិតនៅលើថ្ម ៣ដុំ ហាក់ដូចជាយើងជួនចង្ក្រាន។ កាលណាក្រឡេកមើលពីក្រោមទៅហាក់ដូចជាមានមុខ មាត់ ភ្នែក ច្រមុះ ដូចជាមនុស្សដែរ ហើយនៅលើក្បាលហាក់ដូចជាទូលឈ្នាង មែន។ ឣ្នកតានេះគ្មានរូបបញ្ជាន់ដូចឣ្នកតាឯទៀតទេ ហើយស្លូតណាស់មិនដែលឃើញធ្វើមនុស្សណាឱ្យឈឺចុកចាប់ឡើយ ទាំងសំណែនរបស់ឣ្នកតានេះសោត គ្មានឣ្នកណាមួយដែលបួងសួងថ្វាយវត្ថុឣ្វីឡើយ។
រឿងសាវតារ៖
ពាក្យទំនៀមព្រេងនិយាយថា៖ កាលនៅដែនកូសាំងស៊ីនយើងជាដីលិចទឹក ហើយភ្នំតាថ្ងោកនេះជាកោះមួយនៅក្នុងសមុទ្រ។ មានតាចាស់ ដូនចាស់ប្តីប្រពន្ធពីរនាក់ គាត់ឋិតនៅលើកោះនោះ។ តានោះមាននាមហៅថា តាថ្ងោក ឯយាយចាស់មាននាមពុំប្រាកដ។ តាថ្ងោក និងយាយចាស់ជាប្រពន្ធតែងតែរកស៊ីចិញ្ចឹមជីវិតនៅលើកោះនោះជាសុខសប្បាយ។
លុះនៅយូរទៅ តាថ្ងោកបបួលយាយចាស់ជាប្រពន្ធគាត់ទៅជញ្ជាត់ត្រី។ តាថ្ងោកកាន់ឈ្នាងជញ្ជាត់ យាយចាស់កាន់កញ្ជើដាក់ត្រី ជញ្ជាត់បានបន្តិចទៅស្រាប់តែមានក្រពើមួយមកខាំពាំនាំយាយចាស់នោះ យកទៅក្នុងសមុទ្រទៅ។ តាថ្ងោកមានសេចក្តីគិតភ័យជាខ្លាំងណាស់ក៏កន្ត្រាក់បានឈ្នាងរត់ឡើងមកលើគោក។ លុះបាត់ភ័យហើយមានសេចក្តីនឹកស្តាយប្រពន្ធជាខ្លាំងណាស់ ក៏យំសោកបោកខ្លួន យកឈ្នាងទទូលជាយូរថ្ងៃ ឣត់ទាំងបាយទឹក ពុំនឹកឃ្លានឡើយ។
លុះយំយូរទៅក៏ស្លាប់ខ្លួននៅទីនោះ រឹងទៅជាថ្មនៅលើកោះនោះទៅ ទើបគេសន្មតហៅថា ឣ្នកតាទទូលឈ្នាង។ រឿងដែលមានមកទាំងនេះ សូមលោកឣ្នកមានបញ្ញាទាំងឡាយ ជួយពិចារណាមើលចុះ ពីព្រោះយើងពុំបានទាន់ដូចគ្នាទាំងឣស់។
យោបល់របស់ឣ្នកតែង៖ ឣ្នកតាដែលមាននៅក្នុងខេត្តមាត់ជ្រូកទាំងប៉ុន្មាននោះសឹងតែរាប់ពុំឣស់ ប៉ុន្តែយើងពុំឣាចឣធិប្បាយបានឡើយ ពីព្រោះឣ្នកតាទាំងនោះគ្រាន់តែសន្មតនឹងដើមឈើឬដុំថ្ម ឬនឹងដីទួលស្រែចម្ការបន្តិចបន្តួច និងរកជាទីភស្តុតាងគ្មានឡើយ។
លោក ស៊ីម ឃុត
ឣ្នកត្រួតត្រាសាលាវត្តនិងសាលាសិក្សាបារាំងខ្មែរ ក្នុងខេត្តមាត់ជ្រូក
ថ្ងៃច័ន្ទ ១៥កើត ខែឣស្សុជ ត្រូវនឹងថ្ងៃ២ ឧកតូប ឆ្នាំ១៩៤៤
ក្នុងភូមិជីក្អេងដដែល នៅលើដីទួលមួយខ្ពស់ ឣ្នកស្រុកហៅថាទួលតាឧងមានឣ្នកតាមួយរូបឈ្មោះហៅថាឣ្នកតាព្រះន្រាយព្រោះមានដៃបួន ដៃពីរសង្កត់ចុះក្រោម ដៃពីរលើកឡើងលើ។ ឣ្នកតានេះធ្វើឱ្យមនុស្សឈឺម្តងៗ លុះតែយកស្លាធម៌ ១គូ និងផ្លែចេកបីទៅសែនទើបជាជំងឺនោះ បានជាសះស្បើយ ហើយគ្មានបញ្ជាន់រូបឡើយ។ ម៉្យាងទៀតរឿងសាវតារឣ្នកតានេះ គ្មានឣ្នកណាមួយឣាចដឹងបានឡើយ។
លោក ស៊ីម ឃុត ឣ្នកត្រួតត្រាសាលាវត្ត និងសាលាបឋមវិជ្ជាសិក្សាបារាំង-ខ្មែរ ក្នុងខេត្តមាត់ជ្រូក
ថ្ងៃច័ន្ទ ១៥កើត ខែឣស្សុជ ត្រូវនឹងថ្ងៃ២ ឧកតូប ឆ្នាំ១៩៤៤
នៅភូមិជីកួងឡាងត្រាដាញ់ ប៉ុស្តិ៍ស្វាយទង ខេត្តមាត់ជ្រូកនៅចំពាក់កណ្តាលភូមិមានដីទួលមួយខ្ពស់។ នៅលើដីទួលនោះមានកម្ទេចកម្ទីឥដ្ឋ និងឈើធំៗមានដើមបង្គៅជាដើម ។ កន្លែងនេះប្រហែលជាកន្លែងប្រាសាទបុរាណ។ នៅក្រោមដើមឈើនោះមានថ្មពីរសន្លឹក មួយសន្លឹកមូល ទំហំ ១.២២ម កម្រាស់ ០.២២ម មួយសន្លឹកទៀតរាងបួនជ្រុងទ្រវែង បណ្តោយ ១.១១ម ទទឹង ០.៥៣ម កម្រាស់ ០.១៥ម។ ឯថ្មមូលនោះ យើងបានសួរតាយាយចាស់ៗ គាត់បាននិយាយប្រាប់ថា៖ ថ្មនេះហើយជាកន្លែងសម្រាប់តម្កល់ឣ្នកតាមួយរូប ឈ្មោះហៅថាឣ្នកតាព្រះភក្ក្រនេស្ស។ រូបរាងឣ្នកតានេះ ក្បាលជាដំរី ខ្លួនជាមនុស្ស ដៃម្ខាងកាន់ដបមួយ ហើយកំបុតជើងខាងឆ្វេងផង។ ប៉ុន្តែសព្វថ្ងៃនេះឣ្នកស្រុកៗ នោះគ្រាន់បន់ស្រន់សែនព្រេនរំលឹកនឹកតែឈ្មោះទេ ។ ក្នុងរដូវដើមឆ្នាំ គឺក្នុងខែពិសាខមានឡើងឣ្នកតានេះបញ្ចូលរូបមកនិយាយបួងសួងឱ្យបានស្រុកសុខសប្បាយ។ វេលាឡើងឣ្នកតានេះម្តងៗមានពិឃាតគោមួយជានិច្ចរៀងរាល់ឆ្នាំពុំដែលខានឡើយ។
ហេតុដែលរូបឣ្នកតានេះឃ្លាតចេញពីស្រុកនេះទៅនោះ មានរឿងតំណាលថា កាលដែលរាជការបារាំងសែសចូលមកនៅស្រុកកូសាំងស៊ីនយើងដំបូងនោះ មានលោកមេទ័ពបារាំងសែសមួយនាក់ ប៉ុន្តែមិនស្គាល់ឈ្មោះ។ លោកមេទ័ពនេះបានយករូបនេះទៅទុកនៅក្រុងព្រៃនគរសព្វថ្ងៃនេះ។
រឿងសាវតារឣ្នកតាព្រះភក្ត្រនេស្សនេះមានរឿងតំណាលថា កាលនោះពុទ្ធសករាជកន្លងប្រហែលជា ១២០ឆ្នាំ មានចៅបុរសមួយនាក់ស្ថិតនៅនគរបាត្តលីបុត្រ បានលាឪពុកម្តាយចេញទៅរករៀនសិល្ប៍សាស្ត្រក្នុងសំណាក់ឣាចារ្យទិសាបាមោក្ខព្រាហ្មនៅនគរតក្កសិលា។ លុះទៅយូរទៅមានប្រពន្ធបានកូនប្រុសមួយ ប៉ុន្តែក្នុងនគរនោះបើឣ្នកណាមួយចូលទៅរៀនសិល្ប៍សាស្ត្រហើយ គេមិនឱ្យមកស្រុករបស់ខ្លួនឡើយ ។ ចៅបុរសនោះលុះរៀនសិល្ប៍សាស្ត្រនោះបានចប់ហើយ ក៏លួចរត់មកនគររបស់ខ្លួនវិញ ។ ចំណែកឣាចារ្យទិសាបាមោក្ខព្រាហ្មបានដឹងថា ចៅបុរសរត់បាត់ដូច្នោះ ក៏ប្រើហិបសិល្ប៍មកកាត់កយកតែក្បាល ចោលខ្លួននៅពាក់កណ្តាលផ្លូវនោះទៅ។ ឯកូនរបស់ចៅបុរសនោះបានដឹងថា គេកាត់ក្បាលឪពុកយកមកវិញហើយ ក៏តាមមកដល់ខ្មោចឪពុក ហើយបានកាត់ក្បាលកូនដំរីមួយ យកមកតនឹងខ្លួនឪពុកនោះបានរស់ឡើងវិញ ហើយកូននោះបានរៀនសិល្ប៍សាស្ត្រឣំពីសំណាក់ឪពុកនោះ បានចេះចប់ហើយក៏លាឪពុកចូលទៅនគរបាត្តលីបុត្រទៅ។ ចំណែកឪពុកទៅជាថ្មនៅទីនោះ ឧប្បត្ដិលើកបានជាឣ្នកតាតរៀងមក។
ប៉ុន្តែយើងពុំឣាចដឹងថា ឣ្នកឯណាដែលបានយករូបឣ្នកតានេះទៅទុកនៅភូមិជីក្អេងយើងនេះ ឬក៏ឣ្នកតានោះហោះទៅនៅដោយឫទ្ធិខ្លួនឯង ឬមួយជារូបសំណាករបស់ជីដូនជីតាគាត់បានកសាងទុកនៅទីនេះ ក៏មិនដឹងឡើយ ពីព្រោះកើតមកគ្រាន់តែបានឮចាស់ទុំគាត់តំណាលរឿងនេះតៗ មកតែប៉ុណ្ណេះ។