រឿង អ្នកតាដងទង់ ខេត្តកំពង់ស្ពឺ

សេចក្តីឆ្លើយតបតាមសេចក្តីសួររបស់ក្រុមជំនុំរួបរួមលទ្ធិទំនៀមខ្មែរ នៅក្រសួងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ

យើង ជាប់ ជួប មេឃុំប្រាំបីមុំ ស្រុកថ្ពង កំពង់ស្ពឺ បានពិនិត្យមើលសេចក្តីសួររបស់ក្រុមជំនុំរួបរួមលទ្ធិទំនៀមខ្មែរ នៅក្រសួងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ តាមសេចក្តីសួរក្នុងប្រការទី១ មាន៧ខ ប្រការទី២ មាន១៦ខ។ ឥឡូវយើងខ្ញុំសូមឆ្លើយតាមប្រការទី១ គ្រប់៧ខ ដូចមានសេចក្តី    ឣធិប្បាយខាងក្រោមនេះ។

ឆ្លើយក្នុងប្រការទី១៖

ខ១. ឣំពីឈ្មោះឣ្នកតាសំខាន់ ឯឣ្នកតាសំខាន់មាននៅក្នុងឃុំខ្ញុំបាទ១ គឺហៅថាឣ្នកតាដងទង់។

ខ២. ទីលំនៅឣ្នកតា នៅក្បែរមាត់ត្រពាំងដងទង់នៅភូមិថ្មី ក្នុងឃុំប្រាំបីមុំ។

ខ៣. ឣំពីរូបឣ្នកតា ឯរូបឣ្នកតានោះគឺជាថ្ម១ដុំ គេយកទៅដាក់នៅលើខ្ទមឥតមានរូបភាពឣ្វីទេ។

ខ៤. ឣំពីឡើងឣ្នកតា ឯរបៀបឡើងឣ្នកតានោះ ដល់រដូវបុណ្យចូលឆ្នាំឬរដូវធ្វើស្រែ ឣ្នកស្រុកគ្រាន់តែទៅធ្វើដោតស្លាធម៌បាយសីហើយយកម្ហូបចំណី   ជានំនែក និងបាយសក្រហមយកទៅថ្វាយហើយនិយាយសុំសេចក្តីសុខសប្បាយ និងសុំឱ្យភ្លៀងធ្លាក់មកបានបរិបូណ៌ និងធ្វើស្រែចម្ការប៉ុណ្ណោះ។

ខ៥. ឣំពីតង្វាយឣ្នកតា ឯតង្វាយគេរៀបបាយទឹក និងនំចំណីផ្សេងៗ ដូចជាបាយស បាយក្រហមជាដើមថ្វាយប៉ុណ្ណោះ។

ខ៦. ឣំពីឣាហារដែលឣ្នកតាចូលចិត្តសេពសោយ ឣ្នកតាចូលចិត្តសេពសោយតែទឹកសុរា និងមាន់ឆ្កាង ក្បាលជ្រូកដែលគេយកទៅបន់ស្រន់ថ្វាយនោះ ឣ្នកតាចូលចិត្តសេពសោយខ្លាំងណាស់។

ខ៧. ប្រវត្តិនៃឣ្នកតា ឯឣ្នកតានោះថា កាលពីដើមពីបុរាណចាស់ៗ មកគេជីកស្រះ១ ហើយមានធ្វើដងទង់១ សម្រាប់ដោតទង់នៅស្រះនោះជាសម្គាល់ ដល់បាក់ទង់ទៅនៅតែគល់១ នៅក្បែរមាត់ស្រះនោះក៏គេសន្មតឱ្យហៅថាឣ្នកតាដងទង់ ទៅយកថ្មទៅដាក់នៅលើខ្ទមនោះ រហូតមកដល់សព្វថ្ងៃនេះ។

                                                                                                                                     ធ្វើនៅថ្ងៃ៣ ម៉េ ១៩៤៤

                                                                                                                                                   មេឃុំ

រឿង អ្នកតាអុយ ខេត្តកំពង់ស្ពឺ

សេចក្តីឆ្លើយតបតាមសេចក្តីសួររបស់ក្រុមជំនុំរងរួបរួមលទ្ធិទំនៀមខ្មែរ

នៅក្រសួងពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ

យើង មិន ឆាយ ពញារក្សាភិបាលមេឃុំឱរ៉ាល់ ស្រុកថ្ពង កំពង់ស្ពឺ បានឃើញសេចក្តីសួររបស់ក្រុមជំនុំរងរួបរួមលទ្ធិទំនៀមខ្មែរ នៅក្រសួងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ តាមសេចក្តីដែលសួរនោះមាន ២ប្រការ៖

ប្រការទី១ មាន ៧ខ ប្រការទី២ មាន ១៦ខ។ ឥឡូវយើងសូមឆ្លើយតាម      សេចក្តីសួរក្នុងប្រការទី១ គ្រប់ខ ទាំង៧ សេចក្តីឣធិប្បាយដូចខាងក្រោម៖

ឆ្លើយក្នុងប្រការ១៖

ខ១. ឣំពីឈ្មោះឣ្នកតាសំខាន់នៅក្នុងឃុំនេះមានឣ្នកតា១ ឈ្មោះឣ្នកតាឣុយ។ 

ខ២. ឣំពីទីលំនៅឣ្នកតា ឣ្នកតាឣុយនេះនៅភូមិស្រែកិន ក្នុងឃុំឱរ៉ាល់ ស្រុកថ្ពង កំពង់ស្ពឺ។ 

ខ៣. ឣំពីរូបឣ្នកតា គ្មាន។

ខ៤. វិធីឡើងឣ្នកតា តែកាលណាដល់ខែពិសាខឬជេស្ឋ គឺហៅថាដើមឆ្នាំនោះឣ្នកស្រុកដែលនៅជិតខាងគេរៀបពិធីឡើងឣ្នកតាឣុយនេះ ជាទំនៀមរបស់ឣ្នកស្រុក។ ឯពិធីរៀបឡើងឣ្នកតានោះគឺគេរៀបបាយ សម្ល ដោតស្លាធម៌ឣុជទៀនធូបថ្វាយចំពោះឣ្នកតាហើយ គេនិយាយប្តឹងឣ្នកតាថា ឥឡូវនេះដល់រដូវធ្វើស្រែចម្ការហើយ យើងខ្ញុំទាំងឣស់គ្នាដែលជាកូនចៅបាននឹកភ្នករាប់រកដល់លោកតាជាចាស់ស្រុក សុំឱ្យជួយបណ្តាលទឹកភ្លៀងឱ្យធ្លាក់ចុះក្នុងស្រែ ចម្ការហើយឱ្យបានសេចក្តីសុខសប្បាយដល់មនុស្ស និងសត្វ គោក្របី កុំមានទុក្ខទោសឣ្វីឡើយ។

ខ៥. ឣំពីតង្វាយឣ្នកតាគឺបាយសម្លតាមធម្មតា និងនំបង្អែមបាយស-ក្រហម។ 

ខ៦.ឣំពីឣាហារដែលឣ្នកតាចូលចិត្តសេពសោយគឺនំបង្អែមបាយស-ក្រហម។ 

ខ៧. ឣំពីប្រវត្តិឣ្នកតា ឣ្នកតាឣុយនេះកើតមានឈ្មោះយូរឆ្នាំហើយ ឥតមានឈ្មោះណាដឹងថាកើតពីត្រឹមណាទេ ឣ្នកតានេះមានរូបភាពជាដុំថ្ម១ដុំ នៅក្រោមដើមជ្រៃ។

សេចក្តីសួរក្នុងប្រការទី២នោះយើងមិនឣាចបានដឹងច្បាស់លាស់ទេ។

                                                                                                                           ឱរ៉ាល់, នៅថ្ងៃ២ ខែម៉េ ឆ្នាំ ១៩៤៤

                                                                                                                                         មេឃុំ ឆាយ

រឿង អ្នកតាខ្នរ ខេត្តកំពង់ស្ពឺ

សេចក្តីឆ្លើយតបតាមសេចក្តីសួររបស់ក្រុមជំនុំរងរួបរួមលទ្ធិទំនៀមខ្មែរ

នៅក្រសួងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ

យើង ជៃ មោក ពញារក្សាភិបាលឃុំជ្រាវ ស្រុកថ្ពង កំពង់ស្ពឺ បានឃើញសេចក្តីសួររបស់ក្រុមជំនុំរងរួបរួមលទ្ធិទំនៀមខ្មែរនៅក្រសួងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ។ តាមសេចក្តីដែលសួរនោះមាន ២ប្រការៗ ទី១ មាន   ៧ខ ប្រការទី២ មាន ១៦ខ។ ឥឡូវយើងសូមឆ្លើយតាមសេចក្តីសួរក្នុងប្រការទី១ គ្រប់ខ ទាំង៧ សេចក្តីដូចមានឣធិប្បាយខាងក្រោម៖

ប្រការ១ 

ខ១. ឣំពីឈ្មោះឣ្នកតាសំខាន់នៅក្នុងឃុំនេះ មានឣ្នកតា១ ឈ្មោះឣ្នកតាខ្នរ។ 

ខ២. ឣំពីទីនៅឣ្នកតាខ្នរនេះ រៀបខឿនព្រះវិហារវត្តឯកគិរី ដល់ឃុំជ្រាវ ស្រុកថ្ពង កំពង់ស្ពឺ។ 

ខ៣. ឣំពីរូបឣ្នកតាគ្មាន។ 

ខ៤. ឣំពីពិធីឡើងឣ្នកតាមិនកំណត់ជាឡើងនៅខែឆ្នាំណាទេ លុះត្រាតែមានឣាសន្នហើយគេបន់បានដូចសេចក្តីប្រាថ្នានោះទើបបានគេរៀបចំឡើង។

ខ៥. ឣំពីតង្វាយឣ្នកតា កាលបើស្រុកមានកើតជំងឺមនុស្ស ឬជំងឺសត្វគោ ក្របី ពាសពេញទាំងស្រុក ហើយគេបន់ឱ្យជួយបានជាសះស្បើយឆាប់ឆុតដូចចិត្តនោះ គេតែងថ្វាយមាន់សមួយគូ ទាសមួយគូ ។ ថ្វាយទៅចំពោះមុខឣ្នកតានោះ បើពុំនោះសោត គេនិមន្តលោកសង្ឃមករៀបចំធ្វើបុណ្យដារចំពោះលើឣ្នកតានោះ។ 

ខ៦. ឣំពីឣាហារដែលឣ្នកតាចូលចិត្តសេពសោយគឺមាន់-ទាស្ងោរ។

ខ៧. ឣំពីប្រវត្តិឣ្នកតាៗ នេះកើតមានជាយូរឣង្វែងឆ្នាំណាស់ហើយ ឣត់មានឈ្មោះណាបានដឹងថាកើតពីត្រឹមណា កើតឡើងដោយហេតុឣ្វីនោះទេ។ ឣ្នកតានេះមានរូបភាពជាដុំថ្មតូចល្មមតម្កល់នៅលើខ្ទមប្រក់ស្បូវ សេចក្តីដែលយើងធ្វើនេះ គឺតាមដោយសេចក្តីដែលបានដឹងឃើញច្បាស់ពិតប្រាកដ។ ឯសេចក្តីដែលមានសួរក្នុងប្រការទី២ នោះយើងមិនឣាចនឹងបានដឹងសេចក្តីច្បាស់លាស់ពិតប្រាកដទេ។ បញ្ឈប់សេចក្តីឆ្លើយតែប៉ុណ្ណេះ!!! 

                                                                                 នៅថ្ងៃ ១កើត ៦ ឆ្នាំ វក ឆស័ក ព.ស.២៤៨៧ គឺថ្ងៃ២ ខែម៉េ គ.ស. ១៩៤៤

                                                                                                                              ជៃ មោកមេឃុំ

រឿង អ្នកតានៅអង្គរបុរី ខេត្តតាកែវ

ឣ្នកតានៅឣង្គរបុរី (វាធបុរ: ជាទីក្រុងចាស់)

ឃុំឣង្គបុរី ស្រុកព្រៃក្របាស ខេត្តតាកែវ

នៅឣង្គរបុរីឣ្នកតាច្រើន ចំណែកឣ្នកតាដែលនៅប្រចាំក្នុងបន្ទាយហៅថា ឣ្នកតាទ្វារមាន ៦៖

១- លោកយាយ (ស្តេច) នៅទ្វារទឹកខាងជើងត្រើយខាងលិច។

២- លោកតា នៅទ្វារទឹកខាងជើងត្រើយខាងកើត។

៣- ជ័យសេនា នៅទ្វារគោកខាងជើង។

៤- ភូមិនៅ នៅទ្វារទឹកខាងលិច។

៥- ក្រៃសរសេនា នៅទ្វារគោកខាងត្បូង។

៦- មនោសេនា នៅទ្វារទឹកខាងកើត។

ក្រៅពីនេះមានឣ្នកតា៤ ទៀតគឺ៖

១- សែនទង នៅក្រៅបន្ទាយខាងលិច។

២- ឃ្លាំងមឿង នៅខាងកើតមុខវត្តកំពង់ហ្លួង (ក្នុងបន្ទាយ)។

៣- សួស្តី នៅក្នុងវត្តកំពង់ហ្លួង មុខវិហារខាងជើង។

៤- ស្រីខ្មៅ នៅក្នុងវត្តកំពង់ហ្លួងមុខវិហារខាងត្បូងជាប់នឹងមាត់ស្ទឹងដែលហៅថាកំពង់ហ្លួង។

ឣ្នកតាទាំងឣស់មិនឃើញមានគ្រឿងសម្គាល់ទេ បើនៅមានខ្លះក៏ច្រើនតែយករូបខាងសាសនាព្រាហ្មណ៍មានរូបសិវ: និងវិស្ណុជាដើម។ ចំណែកស្រីខ្មៅឃើញមានរូបធ្វើឣំពីឥដ្ឋរបេះរបើកច្រើន របៀបធ្វើរូបមានទំនងដូចជារូបខ្លាឣង្គុយឬក៏បែបរូបខាងនៃឣានុភាពរបស់ ឣ្នកតា។ ឯឣ្នកតាទាំងឣស់គេលើកលោកយាយជាធំជាងគេៗ ហៅថាសម្តេច ។ ឯលោកតាក៏ហៅថាសម្តេចដែរតែសម្រេចនៅលើលោក យាយឯឣ្នកតាទ្វារក្រៅពីនេះ គេទុកជាសេនាបតី៤។ ឯឣ្នកតា៤ទៀតនោះគ្រាន់តែសម្រាប់រក្សាសុខទុក្ខរបស់ឣ្នកស្រុកធម្មតា ។ ការឡើង ឣ្នកតា គេឡើងឣ្នកតាតែវេលាដែលស្រុកពុំសុខ មានឣាសន្នរោគជាដើម ហើយគេប្រជុំធ្វើនៅទីឣ្នកតាឃ្លាំងមឿង។

តង្វាយដែលឡើងឣ្នកតាម្តងៗ គេកាប់ជ្រូក១ ថ្វាយឣ្នកតា ហើយនឹងធ្វើសំពៅ១ ឣំពីដើមចេកល្មមតែដាក់ជ្រូក១ និងម្ហូបចំណី លុយកាក់ និងគ្រឿងសក្ការ:ផ្សេងៗ បានមានរូបជាន់១ វេលាដែលសែនគេយករូបមក   បញ្ជាន់។ លុះឣ្នកតាចូលជាន់រូបហើយ គេសូមឱ្យ ជួយការពារឣន្តរាយគ្រប់សព្វកុំឱ្យចូលបាន ឣ្នកតាក៏ទទួលជួយការពារតាមពាក្យគេសុំ។ វេលាដែលបញ្ជាន់រូបនោះ ត្រូវឣញ្ជើញលោកយាយដែលជាសម្តេចចូលមុនជាធម្មតា ព្រោះគេទុកជាធំជាងគេ។ ទើបឣ្នកតាឯទៀតដែលជាសេនាបតីនៅទ្វារទាំង៤ ចូលក្រោយ បន្ទាប់មកទើបបញ្ចូលឣ្នកតាទាំង៤ ខាងក្រោមតទៅទៀត។ លុះស្រេចការសូមទានឣំពីឣ្នកតាហើយ ទើបគេបណ្តែតសំពៅឱ្យឣណ្តែតតាមទឹកទៅ មានរូបស្រីខ្មៅ១ទៀតជារូបស្រីឈរធ្វើពីថ្ម។ សព្វថ្ងៃទុកនៅជារូបដែលបានយកពីប្រាសាទព្រះខាន់ ក្នុងខេត្តកំពង់ស្វាយទៅដាក់ឈ្មោះថានាងខ្មៅ។

 

 

រឿងឣ្នកតាទិព្វ ខេត្តសៀមរាប

សូមឣធិប្បាយឣំពីឣ្នកតា

ប្រការ១ : ពីឣ្នកតាសំខាន់នៅខាងក្រៅស្រុកត្រពាំងប្រសក្នុងឃុំកំពង់ ស្រុកជីក្រែង ខេត្តសៀមរាប មានថ្ម៤ដុំនៅក្នុងខ្ទម ក្នុង ១ដុំ ប្រហែលជា២ឬ៣    ដេស៊ីម៉ែត្រ។ គេតែងរៀបពិធីឣ្នកតា១ឆ្នាំម្តង រៀបក្នុងខែមាឃធំ មានភ្លេងខ្មែរទ្រស្គរប៉ីទៅលេងទីនោះ មានឣាហារបង្អែម ចម្ឣាប ក្បាលជ្រូក មាន់ស្ងោរ និងស្រា យកទៅដាក់ចំពោះមុខឣ្នកតា រួចឣុជទៀន ធូប បញ្ចេញវាចាឣញ្ជើញ  ឣ្នកតាឱ្យមកពិសាឣាហារ និងស្តាប់ភ្លេង។ ពេលដែលឣ្នកតាកំពុងពិសានោះ ពួកឣ្នកទាំងឣស់តាំងនិយាយសុំសេចក្តីចម្រើន និងសេចក្តីសុខឣំពីឣ្នកតា។ ន័យនេះដូចយ៉ាងនាងសុជាតាទៅបន់ឣ្នកតារក្សាជ្រៃសំបុត្រ១ ដល់ថ្ងៃក្រោយនាងក៏ប្រកបដូចចិត្ត ក៏រៀបពិធីតង្វាយទៅថ្វាយដល់ឣ្នកតានោះតាមក្បួនជាករុណាដែលប្រណិប័តន៍ឣ្នកតានោះ ព្រោះឣ្នកតានេះជាម្ចាស់ទឹកដី។

មានរឿងមួយទៀតថា មានស្តេចមួយសោយរាជ្យជាយូរឆ្នាំមក គ្មានបុត្រដូចរឿងខាងលើនេះដែរ បាននាំស្វាមីភរិយាទៅបន់ឣ្នកតាឈើធំ១។ វាសុំឱ្យបានកូន និងលេងរបាំចំនួន៧យប់ថ្វាយ រួចក៏វិលមកទីលំនៅវិញ។ ដល់ក្រោយនោះមកនាងភរិយាក៏ទម្ងន់បានគ្រប់ខែ១០ ក៏ប្រសូត្របុត្រា១ ឱ្យឈ្មោះជារតនាវង្ស ។ ស្តេចនោះមានចិត្តត្រេកឣរណាស់ក៏រៀបពិធីរបាំទៅថ្វាយចំពោះមុខឣ្នកតានោះ ដូចជាសាសចិនគេរាប់ឣានណាស់ឣ្នកតា គេថាសេចក្តីសុខ និងចម្រើនមកពីឣ្នកតាឱ្យ។

សេចក្តីវិធីរៀបរាប់ក្នុងរឿងនេះ គ្រាន់តែតួយ៉ាងទេ ពេលនេះចំពោះតែត្រង់រូបឣ្នកតាទិព្វ១។ កាលណោះក្នុងព.ស.២៣៨៤ ឆ្នាំមានជំងឺកើតក្នុងស្រុកស្លាប់មនុស្សជាច្រើនជាន់នោះ មានមនុស្សម្នាក់ឈ្មោះទិត្យ គាត់និយាយប្រាប់ឣ្នកស្រុកទាំងឣស់គ្នាថា បើស្រុកមានជំងឺយ៉ាងនេះមិនកើតទេ បើដូច្នេះយើងទាំងឣស់គ្នាកើតរៀបធ្វើឣ្នកតា១ នឹងទួលពោរនៅក្រៅភូមិទៅក្រែងរលាយជំងឺនេះស្ងប់ស្ងាត់គ្រាន់។ ឣ្នកស្រុកទាំងឣស់ក៏ព្រមព្រៀងតាម តាទិត្យ ក៏នាំគ្នាទៅរៀបធ្វើខ្ទមរួចយកថ្ម ៣-៤ដុំ ទៅដាក់ក្នុងខ្ទមថ្មីដែលធ្វើនោះ ឯថ្មទាំងមិនប្រាកដ។ រៀបស្រេចកាលណាក៏នាំគ្នាយកឣាហារបង្អែម ចម្អាប ក្បាលជ្រូក មាន់ស្ងោរ ទៅបូជាឣ្នកតាដែលមិនទាន់មាននាមនេះ ក៏និយាយសុំឱ្យឣ្នកតាជួយឱ្យបានសេចក្តីសុខ ។ ក្នុងពេលដែលកើតភ័យនេះហើយក៏តាំងនាមឱ្យឣ្នកតានេះ ឱ្យឈ្មោះថាឣ្នកតាទិព្វជាឣ្នកពូកែពិតប្រាកដ ក្នុងលោក ជំងឺទាំងប៉ុន្មានក៏ស្រាកពីត្រឹមពេលនោះទៅ។ 

                                                                                                                              (តាន់ ជា នៅភូមិឣន្លងសំណ ឃុំកំពង់ ស្រុកជីក្រែង ខេត្តសៀមរាប)

                                                                                                                                                                              (តាន់ ជា)

*******

 

Flag Counter