អ្នកតាក្រិតអ្នកតាៗឱង អ្នកតាបាស្រុក ខេត្ត ព្រៃវែង

១៦ ខែម៉េ ឆ្នាំ១៩៤៤ ភូមិមេលប់ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង បានឃើញសំបុត្រ១ច្បាប់ពីក្រុមជំនុំរួបរួមលទ្ធិទំនៀមខ្មែរក្រុងភ្នំពេញ សួរមកដើម្បីចង្កិងឣំពីរឿងអ្នកតាមាននៅដោយស្រុកភូមិនោះ។ រឿងហេតុនេះសូមប្រណិប័តន៍តាមទម្លាប់អ្នកស្រុក ជូនជាដំណឹងសូមទានជ្រាប។

            សូមជម្រាបក្នុង១១ ឣំពីភូមិមេលប់ ឃុំរកា ស្រុកពារាំង មានឣ្នកតា១ ឈ្មោះហៅឣ្នកតា តាក្រិត ទីកន្លែងឈ្មោះហៅថាព្រៃក្តី ខាងកើតវត្តមេលប់ រូបឣ្នកតានេះគឺឆ្លាក់ថ្ម ធ្វើជារូបមនុស្សឈរ មានជំហរកម្ពស់ ១ម៉ែត្រ២០សង់ទីម៉ែត្រ ទំហំ៣តឹកព្រះកេសពាក់កន្តឹបដៃ៤ មានពាក់អង្ស ទ្រង់ទ្រាយខ្លួនបិទមាសជិត។ ឣ្នកស្រុកថែរក្សារៀងមកលុះសព្វថ្ងៃ បើមានភ័យឣ្វីបន់និយាយថ្វាយស្លាធម៌ដូងខ្លះ និយាយថ្វាយភ្លេងសៀម៣បទ ខ្លះបន់ថ្វាយអង្ស ខ្លះបន់ថ្វាយទង់ ខ្លះបន់បិទមាសថ្វាយ ខ្លះបន់និមន្តលោកទៅដារថ្វាយ ឣ្នកតានេះវត្ថុដែលថ្វាយមិនកំណត់គឺសម្រេចតែចិត្តឣ្នកថ្វាយ មិនចំពោះតែវត្ថុណាមួយៗ។

            មានឣ្នកតាមួយទៀតនាមឈ្មោះហៅថាលោកតាៗឱង រូបភាពប្រកបដូចគ្នាតែនៅទីកន្លែងដោយខ្លួន ចម្ងាយប្រមាណជា ៥០០ម៉ែត្រពីគ្នាហៅថាព្រៃចាក់ឣង្គរាយ។ ឣំពីកំណើតឣ្នកតាទាំង២ នេះគ្មានចាស់ណាមួយដឹងថាឈ្មោះណាកសាងនោះ គ្មានថាកើតឡើង ស្រាប់តែឃើញគ្រប់គ្នាហើយមានតំណាលថា ពីកាលជាន់ដើមចាស់ៗនិយាយហែៗមកថា កាលណោះសៀមចង់រឹបជាន់ស្រុកខ្មែរ ហើយធ្វើម្តេចមិនកើត ក៏ជ្រើសរើសរកឣ្នកខ្លាំងពូកែនៅស្រុកសៀមបាន១នាក់ ឈ្មោះ សុបញែ ជាឣ្នកខ្លាំងពូកែនៅស្រុកសៀម ឱ្យតាំងសីលយិតមេកន្ចាយ ខាបហៅឣ្នកតាក្នុងស្រុកខ្មែរយកទៅទាំងឣស់ ហើយវាយកាប់បាក់បែកឣស់ដូចមានរូបនៅឃើញជាបាក់បែកនៅសព្វថ្ងៃនេះស្រាប់។

            នៅសល់តែឣ្នកតាទាំង២នេះនៅរូបល្អដដែល ចាស់និយាយថា សៀមកាប់មិនបានលោកជាឣ្នកខ្លាំងពូកែដែរបានជាគង់វង្សនៅសព្វថ្ងៃនេះ រឿងនេះមានតំណាលពីចាស់បុរាណហែៗមក។

            ឣ្នកតាមួយទៀតឈ្មោះហៅថាតាព្រមជាទីកន្លែង ឯនាមឈ្មោះឣ្នកតានោះហៅថាបាស្រុក គ្មានរូបភាពទេ មានតែផ្ទះហើយឃើញតែដុំថ្ម នៅក្នុងផ្ទះ ហើយសន្មតថាឣ្នកតាបាស្រុក។ឣ្នកតានេះរដូវខែពិសាខឣ្នកស្រុកធ្វើពិធីឡើងឣ្នកតាថ្វាយតង្វាយមានសាច់ មានបង្អែមសព្វមុខ នំជាលជាដើម រៀបចំថ្វាយហើយសន្មតថាឣ្នកតាសេពសោយមាន់ ធ្វើដូច្នេះតាមទម្លាប់ពីចាស់បុរាណរៀងៗមក។ សូមជម្រាបពីរឿងឣ្នកតារបៀបដូចខាងលើទាំងប៉ុន្មាននេះគឺប្រាកដដូចជម្រាបហែៗមក។

            ប្រការ២៖ ឣំពីខ្មោច បិសាច ឣារក្ស មេមត់ មេបា ជួរចំបួរ ម្តាយដើម ឣាប ព្រាយ ធ្មប់ ម្រេញគង្វាល ទេវតា ឣ្នកសច្ចំ ទាំងប៉ុន្មានខនេះរកឣ្វីមួយ សេចក្តីឱ្យពិស្តារជម្រាបជូនមិនបានវិស័យដូចជាយកផ្សែងមកពូតជាដុំ ឣាគម ផ្សំនឹងឣាយុ រកជាកំណត់ឬរូបគ្មានឃើញ។

            យ៉ាងដូចជារូបឣារក្សជាន់ឡើង ចំណែកខ្ញុំបាទជាឣ្នកធ្វើសេចក្តី     ឣធិប្បាយនេះមិនដឹងជម្រាបឱ្យប្រាកដចប់តែប៉ុណ្ណេះ សូមទានជ្រាប។

            សេចក្តីគួរពុំគួរសូមឣត់ទោស នាមឈ្មោះឣ្នកឆ្លើយជម្រាបតែតាម   លំឣានបានឮចាស់ៗថាមកគឺឈ្មោះ រស់ ខាត់ ទីលំនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

អ្នកតាទ្វារ ខេត្តកំពត

សាលាខេត្តកំពតលេខ ៦៤៥២ CRកំពតថ្ងៃ២៤ ឧកតូប្រិ ១៩៤៦ឣ្នក ឧកញ៉ាសេនាឣនុជិត ចៅហ្វាយខេត្តសូមជម្រាបមកឣ្នកឣគ្គលេខាធិការ នៃពុទ្ធសាសនបណ្ឌិត្យ នៅក្រុងភ្នំពេញ

សូមជ្រាប!

            តបសំបុត្រឣ្នកឣគ្គលេខាធិការលេខ១២១៦ចុះថ្ងៃ១២--៤៦ សំណួរដែលឣគ្គលេខាធិការសួរនោះ ឣ្នកឧកញ៉ាបានពិនិត្យឣំពីលក្ខណ: និងប្រវត្តិឣ្នកតាទ្វារនោះបានសេចក្តីដូចខាងក្រោមនេះ។

            កាលរាជព្រះបាទឣង្គឌួងទ្រង់បានចាត់ការធ្វើផ្លូវថ្នល់ពីឧត្តុង្គកាត់មកកំពត លុះដល់ច្រកភ្នំទ្វារ ក៏កើតជំងឺចាញ់ស្លាប់មនុស្សឣ្នកធ្វើការឣស់ជាច្រើន។ ទ្រង់មានព្រះទ័យឈ្វេងយល់ទើបឧប្បត្តិកបង្កើតជាឣ្នកតានេះឡើង ឱ្យឣាស្រ័យនៅនឹងឈើធំមួយដើមតែគ្មានរូប និងឣាស្រមទេ។ កាលបានកើតឣ្នកតានេះឡើង ឣ្នកធ្វើការផ្លូវថ្នល់ទាំងនោះ ក៏មានសេចក្តីសុខសប្បាយតរៀងទៅ។ដល់រាជ្យព្រះបាទសុវណ្ណកោដិឈ្មោះលោក ឣាជ្ញាខៀវនៅកំពតពុំដឹងជាមានទុកទោសឬហេតុភេទយ៉ាងណា ទៅបន់ស្រន់ឣ្នកតាទ្វារនេះ បានផលឆុតឆាប់សម្រេចដូចសេចក្តីប្រាថ្នាមែន ទើបលោកយកចានមានពណ៌ ខៀវព្រឿងៗ កម្ពស់,៣០ម៉ែត្រទំហំំ០,២៥០ម៉ែត្រ ទៅសាងជាមួយឣ្នកតា ព្រមទាំងធ្វើឣាស្រមឱ្យឣាស្រ័យនៅតរៀងមកដល់សព្វថ្ងៃនេះ។ តាំងពីកាលនោះមកឣ្នកស្រុកជិតខាង តែកាលណាមានកើតជំងឺមនុស្សឬសត្វ តែងនាំគ្នាទៅបន់សុំសេចក្តីសុខសប្បាយ ក៏បានសេចក្តីសុខសប្បាយដូចបំណងមែន ទើបឣ្នកស្រុកទាំងនោះប្រកាន់ជឿជាក់ថា ឣ្នកតានេះ មានឥទ្ធិឫទ្ធិខ្លាំងពូកែស័ក្តិសិទ្ធិ ហើយគោរពប្រណិប័តន៍ជាទំនៀមរហូតមក។ តែដល់ខែពិសាខរាល់តែឆ្នាំនាំគ្នាទៅឡើងរោង គ្រឿងសំណែនមានតែ ក្បាលជ្រូក មាន់ស្ងោរ និងស្រា ព្រោះឣ្នកតានេះចូលចិត្តសោយតែរបស់ប៉ុណ្ណេះ ហើយលេងភ្លេងជំទាវម៉ៅថ្វាយ ឣ្នកស្រុកតែងហៅឈ្មោះឣ្នកតានេះថា ឣ្នកតាទ្វារ ឬឣ្នកតាភ្នំទ្វារ។

            សព្វថ្ងៃមានរូបសំណឹងឣ្នកតាទ្វារ ឬឣ្នកតាភ្នំទ្វារ២នាក់ ឈ្មោះ ខៀវ ឡេង ១ មាស យឹម ១ នៅក្នុងចក្រីទីង ស្រុកកំពត។

*****

រឿងព្រេងប្រទេស ស៊ីរី រឿង ដែលប្រព្រឹត្តទៅមិនបាន

ដំណឹងរំជើបរំជួលបានលេចឮរន្ទឺចូលមកក្នុងព្រះកាណ៌ នៃព្រះបាទកាលិប( ) ថា នៅក្នុងទីក្រុងមានអ្នកនិយាយរឿងម្នាក់ ជាអ្នកប៉ិន-ប្រសប់ ទីបំផុត អាចនិយាយរឿងមិនចេះចប់ ហើយមិនចេះញញើតញញើមផង។ ដំណឹងរំជើបរំជួលនេះបានឲ្យដឹងទៀតថា បុរសនេះអាចនិយាយរឿងផ្សងព្រេង តាំងពីពេលព្រះអាទិត្យលិច រហូតដល់ព្រហាមស្រាងៗ រួចចាប់និយាយដោយឥតធុញទ្រាន់ ពីព្រះអាទិត្យរះរហូតដល់យប់ទៀត ហើយមិនចេះនិយាយរឿងដដែលៗ ពីរដងឡើយ ។ ព្រះបាទកាលិប បានបញ្ជូនក្រុមតុលាការរបស់ព្រះអង្គ ទៅស៊ើបរកបុរសនោះ, ហើយកាលដែលគេនាំបុរសអ្នកនិយាយរឿងនោះ មកឈរចំពោះព្រះភក្ត្រព្រះអង្គ ទ្រង់ក៏ពោលថាៈ "វាមានការរំជើបរំជួលថា អ្នកឯងជាអ្នកចេះនិយាយរឿងយ៉ាងឆ្នើមបំផុតនៅលើផែនដីនេះ, ម៉េចក៏ខ្ញុំមិនដែលឮពីអ្នក ?”។ បុរសទូលថាៈ"ខ្ញុំព្រះអង្គគ្មានសិទ្ធិទាមទារចំពោះ ភាពដ៏ឆ្នើមបំផុតនោះទេ, ទូលព្រះបង្គំ គ្រាន់តែនិយាយរឿងពីរោះៗ នៅតៀមកាហ្វេ ដើម្បីរាក់ទាក់រកសម្លាញ់ទូលព្រះបង្គំប៉ុណ្ណោះ" ។ ទ្រង់ពោលថាៈ "មក, ចូលមក ! ចូរយើងកុំនិយាយពីរសេចក្ដីសុភាពរាបសារប្រាសចាកកិត្តិយស, គេនិយាយពីអ្នកថា អ្នកឯងអាចនិយាយរឿងគ្រប់បែបបាន ហើយអាចបន្លាយរឿងទាំងនោះដរាបទាល់តែអ្នកស្ដាប់ស្រែកឲ្យបញ្ចប់; ឥឡូវកាលណាអ្នកឯងបរិភោគភោជនរួច, ខ្ញុំនឹងចាំស្ដាប់រឿងប្រឌិតមួយរបស់អ្នកឯង" ។ ក្រុមតុលាការ បានជប់លៀងអ្នកនិយាយរឿង រួចគេនាំគាត់មកអង្គុយពីមុខព្រះបាទកាលិបម្ដងទៀត ។ ទ្រង់ពោលថាៈ "អ្នកឯង អាចនិយាយរឿងណាមួយបានតាមចិត្ត ឲ្យតែរឿងនោះចប់នៅពេលព្រលឹមស្រាងៗ; ហើយខ្ញុំជឿជាក់ថា អ្នកឯងអាចនិយាយរឿងដែលមានផ្ទៃសេចក្ដីពិតៗបាន បើប្រសិនណាជាខ្ញុំត្រូវការចំពោះរឿងបែបនេះ, តែរឿងដូច្នេះមិនមែនជាការពិសោធន៍ជាក់ស្ដែងទេ ព្រោះអ្នកនិយាយរឿងដទៃៗទៀត ក៏អាចនិយាយបាន; រឿងដែលខ្ញុំត្រូវការឲ្យអ្នកនិយាយគឺរឿងខ្លី ប៉ុន្តែតួសេចក្ដីផ្ទៃរឿងត្រូវតែជាពាក្យកុហកទាំងស្រុង; បើប្រសិនណាជាខ្ញុំកត់សំគាល់នូវពាក្យសូម្បីមួយម៉ាត់ក្នុងរឿងអ្នកឯងនោះ ថាជាពាក្យពិតបាន ខ្ញុំនឹងយកអ្នកឯងធ្វើជាទាសៈរបស់ខ្ញុំ,ឥឡូវចូរអ្នកនិយាយចុះ!”។ កាលដែលអ្នកនិយាយរឿងបានឮព្រះរាជបញ្ជាដូច្នោះគាត់ក៏រុញរា,ពីព្រោះថា ការនិយាយអស់ពេលវេលាដ៏វែង ដោយចៀសវាងកុំពោលពាក្យពិតឲ្យសោះដូច្នេះ ជាការមួយលំបាកណាស់, ប៉ុន្តែគាត់កាត់សាញ រួចចាប់និយាយរឿងដូចតទៅនេះ ៖ បពិត្រព្រះអង្គដ៏ទ្រទ្រង់នូវឥស្សរភាព ! ខ្លួនខ្ញុំព្រះអង្គនេះត្រូវជាបងច្បងនៃឪពុកខ្ញុំ ។ កាលឪពុកខ្ញុំកើត ខ្ញុំមានអាយុ ៨ ឆ្នាំហើយ ។ ជីតារបស់ខ្ញុំបានយកឪពុកខ្ញុំនោះមកដាក់ក្នុងដៃខ្ញុំ ហើយបង្គាប់ខ្ញុំឲ្យមើលថែរក្សាលួងគាត់កុំឲ្យយំ ។ ប៉ុន្តែគ្មានអ្វីដែលអាចធ្វើឲ្យឪពុកខ្ញុំគាត់សប្បាយចិត្តសោះ ម្ល៉ោះហើយ គាត់ប្រាប់ខ្ញុំឲ្យពរគាត់ទៅហាងនៅក្នុងទីផ្សារ គាត់ដូចជាសប្បាយចិត្ត ដោយ ហេតុគាត់បានពិភាក្សាជាមួយនឹងអ្នកដទៃទៀតនូវចំណុចដ៏ល្អៗ ខ្លះនៃគម្ពីរកូរ៉ាន( )។ មុនដែលយើងនឹងចាកចេញពីហាងផ្សារ, គាត់ទទូចឲ្យខ្ញុំទិញពងមាន់ឆៅមួយប៉ុន្តែមិនយូរប៉ុន្មានពីពេលដែលទិញពងនោះក៏ស្រាប់តែញាស់ឡើង។ ដោយហេតុតែកូនមាន់នោះធំសម្បើម ពេក ហើយត្រូវនឹងយើងទាំងពីរនាក់កំពុងតែអស់កម្លាំងផងនោះ យើងបានជិះកូនមាន់បរត្រឡប់មកផ្ទះវិញ ។ នៅពេលមកដល់ផ្ទះ កូនមាន់រីកទំហំធំប៉ុនអូដ្ឋ ។ ម៉្លោះហើយ ខ្ញុំត្រូវតែលើកឪពុកខ្ញុំដាក់ឲ្យទៅជីដូនខ្ញុំ ដែលត្រូវជាឪពុកខ្ញុំដែរ ពីព្រោះឪពុកខ្ញុំត្រូវជាប្អូនបង្កើតរបស់ខ្ញុំ!។ មកដល់ត្រឹមនេះ ព្រះបាទកាលិបបានលាន់ព្រះឱស្ឋនឹងការកុហកដ៏អស្ចារ្យនៃអ្នកនិយាយរឿង ។ គាត់ចាប់និយាយតទៅទៀតថា ៖ កូនមាន់នោះស៊ីច្រើនសម្បើមណាស់ ដែលកន្លងយូរមកអាចធ្វើឲ្យយើងឋិតនៅក្បែរគែមនៃទុរ្ភិក្សភាព ហើយយើងក៏បានសម្រេចចិត្តប្រើវាឲ្យធ្វើការ ។ តាំងតែពីកូនមាន់បានមកជាកម្មសិទ្ធិនៃឪពុកខ្ញុំ គាត់តែងតែបរវាចេញទៅក្រៅរាល់ព្រឹក ហើយផ្ទុកឧសលើខ្នងវាត្រឡប់មកវិញ, ធ្វើយ៉ាងនេះជាដរាបដល់យើងមានគំនរឧសយ៉ាងខ្ពស់នៅលើទីធ្លាផ្ទះ ។ ប៉ុន្តែការកកិតឧសនៅលើខ្នងមាន់ ធ្វើឲ្យវាររបួសដាច់ស្បែក, ដូច្នេះកូនមាន់ក៏ឈឺចាប់ ។ ជីតាខ្ញុំទៅជារវល់វីវក់ ហើយគាត់ពិចារណានឹងយាយទួតខ្ញុំថា តើត្រូវធ្វើដូចម្ដេច ? ។ យាយទួតខ្ញុំប្រាប់គាត់ឲ្យយកគ្រាប់ស្លាមកធ្វើថ្នាំបំពោក រួចយកទៅបិទលើខ្នងកូនមាន់ ត្រង់កន្លែងរបួសនោះ ។ ជីតាខ្ញុំក៏បានធ្វើតាម ។ ព្រឹកឡើង ពេលដែលយើងភ្ញាក់ កូនមាន់ក៏បានជាសះស្បើយឡើងវិញ, ប៉ុន្តែស្រាប់តែមានដើមស្លាដុះចេញពីខ្នងកូនមាន់មក ។ ចំនួនជា៣ថ្ងៃប៉ុណ្ណោះ កូនស្លាក្លាយទៅជាមេដើមស្លាមួយយ៉ាងធំអស្ចារ្យ ដែលចេះតែជាប់តាមកូនមាន់ទៅគ្រប់ទីកន្លែងដែលកូនមាន់ដើរទៅ ។ មួយអាទិត្យក្រោយ មក, ស្លាក៏ផ្លែយោនយោគពេញមែកទាំងអស់ ។ ពេលនោះ មនុស្ស ១២ នាក់ បានត្រូវគេឲ្យឡើងបេះផ្លែស្លានោះ, បេះតាំងពីថ្ងៃសៅរ៍រហូតដល់ថ្ងៃអង្គារទើបអស់ ។ ធាងស្លាទាំងនោះលូតឆ្ងាយៗ ពីគ្នាណាស់ គឺថាបើអ្នកបេះស្លា ដើរសួរពីចំណែកខាងកំដៅព្រះអាទិត្យ ទៅចំណែកខាងម្លប់នៃដើមឈើ អាចឃើញព្រះអាទិត្យលិចមុនពេលដែលទៅដល់ ។ ដល់ត្រឹមនេះ, ព្រះបាទកាលិបទ្រង់គ្រវីព្រះសិរ រួចដកដង្ហើមធំឃូ ! ឃូ ! ។ កាលគេបេះស្លារួចរាល់អស់ហើយ (គាត់ចាប់និយាយត) ខ្ញុំបាទដើរក្រឡឹងជុំវិញដើមស្លា ដើម្បីពិនិត្យមើលឲ្យដឹងថា តើគេប្រមូលផ្លែស្លាអស់រលីងហើយឬនៅ ។ គ្រាន់តែដើរព័ទ្ធដើមនេះអស់មួយថ្ងៃគត់ ។ ហើយកាលដែលខ្ញុំរៀបនឹងត្រឡប់ទៅផ្ទះវិញ ស្រាប់តែក្រឡេកទៅឃើញកូនមាន់ឪពុកខ្ញុំទំលើធាងស្លា, វាដេកលក់ក្នុងវេលាយប់ស្រេចទៅហើយ ។ ខ្ញុំរើសយកដីមួយដុំ រួចចោលសំដៅទៅវា ។ ដុំដីនោះ បាន ហើរទៅលើដើមស្លា ប៉ុន្តែវាមិនធ្លាក់មកវិញសោះ វាទៅជារីកទំហំធំឡើងៗ ដរាបដល់គ្របដណ្ដប់ពីលើដើមស្លា ហើយខ្ញុំហៅសែនសប្បាយចិត្ត ដោយបានដី ៤០ អារ សុទ្ធតែជាដីចម្ការយ៉ាងថ្មីនៅលើអាកាស ។ យើងយកសត្វពាហនៈទៅដាក់ឲ្យស៊ីស្មៅនៅទីនោះ ហើយកាលដែលរដូវភ្ជួររាស់មកដល់ យើងបានយកដីថ្មីនោះ សម្រាប់ដាំដំណាំ ។ ជីតាខ្ញុំហើយនិងខ្ញុំ បានយកគ្រាប់ល្ងទៅដាំ, មួយខែក្រោយមក យើងគ្មានឃើញអ្វីដុះចេញមកសោះ ។ ជីតាខ្ញុំបានសួរអ្នកជិតខាងពីហេតុនេះ, គេបន្ទោសគាត់ថា គាត់ជាមនុស្សល្ងីល្ងើ ទៅដាំឯដើមល្ង ហើយគេថា នៅលើដីដែលមានស្មៅល្អិតទន់ល្មើយថ្មីដូច្នេះ មានតែឪឡឹកទេទើបដាំដុះ ។ ម៉្លោះហើយជីតាខ្ញុំគាត់ប្រើខ្ញុំ និងប្អូនប្រុសខ្ញុំដែលត្រូវជាប្អូននៃឪពុកខ្ញុំនោះ ទៅប្រមូលយកគ្រាប់ល្ងទាំងអស់ ដែលយើងសាបពីមុននោះមកទុកវិញ ។ គ្រាន់តែប្រមូលអស់មួយម៉ោង ពីព្រោះគ្រាប់ល្ងទាំងអស់មានប្រហែល ៨ ប៊ុសស្ហែល( ) ប៉ុន្តែកាលដែលយើងដើរទៅផ្ទះវិញ ខ្ញុំសំគាល់ដឹងថា បាត់គ្រាប់ល្ងមួយគ្រាប់ ។ ពេលនោះខ្ញុំត្រឡប់ទៅត្រង់ទីដី ៤០ អារនោះវិញ ដើម្បីរកមើលគ្រាប់ល្ងដែលបាត់នោះ ។ ខ្ញុំរៀបតែឈប់លែងរកវាទៅហើយ ស្រាប់តែក្រឡេកទៅឃើញស្រមោលតូចមួយ កំពុងតែទាញក្រាប់ល្ងនោះឆ្ពោះទៅសំបុកវា ។ ឃើញដូច្នោះ ខ្ញុំស្ទុះទៅទាញយកគ្រាប់នោះពីស្រមោច តែវាមិនព្រមលែងសោះ ជាហេតុនាំឲ្យយើងមានការទាញព្រ័ត្រសង្គ្រាមមួយយ៉ាងឃោរឃៅជាមួយនឹងស្រមោច, ប៉ុន្តែគ្មានអ្នកណាឈ្នះអ្នកណាសោះ ។ ក្នុងកម្ដៅនៃការប្រយុទ្ធ, គ្រាប់ល្ងក៏ដាច់ជា ២ កំណាត់ ហើយស្រាប់តែហូរប្រេងចេញលាន់រ៉ាវពីគ្រាប់ល្ងមួយគ្រាប់នោះយ៉ាងអស្ចារ្យ កើតបានទៅជាទន្លេមួយ ជាហេតុនាំឲ្យអ្នកស្រុកអុំទូកដឹកដំណាំផលានុផលរបស់គេ ទៅលក់ឯទីក្រុងយ៉ាងស្រួល ។ មកដល់ត្រង់នេះ ព្រះបាទកាលិបទ្រង់ដកដង្ហើមធំ ឃូ ! ឃូ ! ម្ដងទៀត ។ ពេលនោះ (គាត់ចាប់និយាយត) កាលដែលឪពុកខ្ញុំ ជីតាខ្ញុំហើយនិងខ្ញុំកំពុងតែដាំឪឡឹក លោតែមានមហាព្យុះកំណាចមួយបក់កួចមក ។ ដោយហេតុតែគ្មានជម្រកបែបណាមួយលើដី ៤០ អារនោះ យើងក៏មិនដឹងជាទៅជ្រកឯណា ។ ម៉្លោះហើយ ជីតាខ្ញុំនិងខ្ញុំ ក៏លោតចូលទៅក្នុងប្រហោងធ្មេញរបស់ឪពុកខ្ញុំ ។ ឯឪពុកខ្ញុំ ក្រោយដែលក្រឡេកនាយអាយជុំវិញខ្លួនគាត់ ជាទីបំផុត គាត់បានលោតចូលទៅក្នុងចៀមមួយ ដែលគាត់បីតាមក្រោយយើង ។ ព្យុះសង្ឃរាបានបោកបក់អស់រយៈពេល ៤៧ ថ្ងៃ ហើយកុំតែបានចៀមដែលឪពុកខ្ញុំ យកមកតាមជាមួយគាត់នោះ ខ្ញុំប្រហែលអត់បាយក្រហាយទឹកនៅក្នុងប្រហោងធ្មេញនោះរហូត ។ ទីបំផុត យើងខំសម្លឹងមើលមកក្រៅ ហើយបានឃើញព្រះអាទិត្យកំពុងតែចែងចាំងរស្មី ប៉ុន្តែនៅពេលដែលយើងខំវារចេញពីរន្ធធ្មេញរួចមក ក៏ស្រាប់តែបាត់ដី៤០ អារនោះអស់រលីង ដោយសារភ្លៀងរំលាយ, ម្ល៉ោះហើយ យើងក៏ជាប់នៅលើអាកាសនោះតែលតោលៗ តែម្ដង ។ ដោយភ័ព្វសំណាងមាន, ឪពុកខ្ញុំ ដែលជាមនុស្សចេះគិតអនាគត បាននាំខ្សែមួយទៅជាប់នឹងខ្លួនគាត់ ។ យើងចងខ្សែនោះ ដោយឥតព្រួយបារម្ភ រួចហើយយើងនាំគ្នាសម្រូតចុះតាមខ្សែនោះម្នាក់ម្ដងៗ ដរាបដល់រួចខ្លួនផុតពីទុក្ខរៀងមក ។ ព្រះបាទកាលិបដោយទ្រង់ឃើញថា អ្នកនិយាយរឿងបានបញ្ចប់រឿងខ្លួនហើយ ក៏ទ្រង់ពោលថាៈ "នេះគឺជារឿងផ្សងព្រេងមួយ គួរឲ្យចងចាំដែលអ្នកបានពណ៌នា; ខ្ញុំចង់សួរអ្នកឯងតែមួយម៉ាត់ថា តើរឿងហ្នឹងពិតឬកុហក ?”។ អ្នកនិយាយរឿងឆ្លើយថាៈ "បពិត្រព្រះអង្គ! រឿងនេះជារឿងពិត តាំងពីដើមរហូតដល់ចប់ ។ -បើប្រសិនណាជាពិតមែន (ព្រះបាទកាលិបពោល) អ្នកឯងឈ្មោះថា មិនធ្វើតាមពាក្យខ្ញុំ ព្រោះខ្ញុំបានបង្គាប់អ្នកឲ្យនិយាយតែពីរឿងកុហក កុំឲ្យមានពាក្យសច្ចៈ ក្នុងផ្ទៃរឿងឲ្យសោះ " ។ -ឱព្រះអង្គ, (គាត់និយាយដោយញញឹម) ទូលព្រះបង្គំធ្វើតាមព្រះរាជឱង្ការព្រះអង្គគ្រប់ម៉ាត់ ពីព្រោះដែលខ្ញុំព្រះអង្គទូលថា "រឿងនេះជារឿងពិត គឺគ្រាន់តែបន្ថែមពាក្យកុហកទៅលើផ្ទៃរឿងកុហកចាស់ ដែលបាននិយាយរួចមកហើយប៉ុណ្ណោះឯង ក្រាបទូល ! ។ ទ្រង់ពោលតបថាៈ "យ៉ាងហ្នឹងមែនហើយ ! ដំណឹងរំជើបរំជួលដែលខ្ញុំបានឮពីប្រាជ្ញារបស់អ្នក ឥឡូវឃើញច្បាស់ហើយ !” ។ ពេលនោះ ទ្រង់ព្រះរាជទានដល់អ្នកនិយាយរឿង នូវដុំមាសមួយកម្បង់ ហើយបញ្ជូនគាត់ឲ្យត្រឡប់ទៅផ្ទះវិញហោង ។ 

ភិក្ខុ ម៉ែន - រៀម សិក្សាពុទ្ធិកមហាវិទ្យាល័យ ព្រះសីហនុរាជប្រែចាកភាសាអង់គ្លេស

(ចប់)

រឿងស្តេចត្រី

ក្នុងកាលដ៏កន្លងទៅហើយ មានបុរសម្នាក់រកស៊ីដោយសារការនេសាទត្រី, គាត់មានកូនប្រុសមួយ ដែលគាត់ចង់ឲ្យធ្វើជាអ្នកនេសាទដូចគាត់ទៀត ។ ថ្ងៃមួយ គាត់ទៅបង់សំណាញ់ជាមួយនឹងកូន បានត្រីមួយយ៉ាងល្អស្រកាភ្លឺដូចពេជ្រ ។ គាត់យកត្រីនោះដាក់ទុកនៅលើមាត់ត្រពាំង ឲ្យកូននៅចាំរក្សា ហើយត្រឡប់ទៅបង់សំណាញ់ទៀត ។ កាលដែលបុរសចេញផុតទៅ ត្រីក៏និយាយត្អូញត្អែរ ទឹកភ្នែកហូររហាមថាៈ បពិត្រកុមារ? ខ្ញុំជាស្តេចត្រី សូមអ្នកមេត្ដាបោះខ្ញុំទៅក្នុងទឹកវិញ ខ្ញុំនឹងដឹងគុណអ្នកទៅថ្ងៃក្រោយជាមិនខាន ។ ត្រីនោះចេះនិយាយត្អូញ សូម្បីតែដុំថ្មក៏ទន់តាមដែរ, កុមារអាណិតត្រីក្រៃពេកដោយឮសំដីដូច្នោះ ទើបចាប់បោះទៅក្នុងទឹកវិញ ។ មច្ចាត្រេកអរអនេកអនន្ដ ហែលចុះហែលឡើង មុជងើបៗ វាត់កន្ទុយបែកទឹកខ្ចាយ រួចមុជទៅបាត់ ។ ប្រហែលមួយស្របក់ធំ អ្នកនេសាទត្រឡប់មកវិញ ខឹងរអ៊ូរទាំជេរនាយជេរអាយ ព្រោះបង់សំណាញ់ឥតបានត្រីសោះ សូម្បីតែចង្វាមួយក៏គ្មាន សួរកូនថា នែអាណុប! ម៉េចត្រីយើង ប្រហែលរួចមួយពេលបានឬទេ? ។ -ពុក ! ខ្ញុំបោះវាទៅក្នុងទឹកវិញទៅហើយ វានិយាយនឹងខ្ញុំ ហើយអង្វរខ្ញុំ សុំឲ្យលែងវា ដ្បិតវាជាស្តេចត្រី ។ អ្នកនេសាទឮដូច្នោះ  ខឹងតូង  ស្ទុះដាក់កូនក្លូកៗ,   ទោះបីកូន ស្រែកអូយយ៉ា! អូយយ៉ះ! ដូចម្តេចក៏ដោយ ក៏គាត់មិនឈប់ត្បក ។ គាត់ត្បករហូតទាល់តែរួយដៃ ឈឺម្រាមដៃទើបឈប់ ។ បុរសឪពុកនិងកូនត្រឡប់ទៅផ្ទះវិញដៃទទេ, ល្ងាចនោះគ្មានអ្វីធ្វើម្ហូបសោះ អត់ទាំងបាយទៀតផង ។ ព្រឹកឡើងបុរសឪពុកទាត់ធាក់កូនទៀត ដោយគ្មានរឿងហេតុអ្វី ។ លុះបានសេចក្ដីទុក្ខខ្លាំងពេក ថ្ងៃមួយកុមារកម្សត់ទ្រាំនៅមិនបាន ក៏លួចរត់ចេញពីផ្ទះអាត្មាទៅ ។ កុមារនោះដើរទៅៗ ដល់ទីក្រុងមួយ ។ គ្រាន់តែចូលទៅដល់ភ្លាម មានអាតឿម្នាក់ដែលឈរផ្អែកនឹងកំពែងគេហដ្ឋានមួយ ដើរមកឲ្យពរ ទិវាសួស្ដី ដល់ចៅកម្សត់ៗ ដោយខ្លួនអនាថា លុះឃើញហេតុដ៏ល្អដូច្នោះ ត្រេកអរពេក ហើយសុំចងមិត្តភាព ជាមួយនឹងអាតឿ ។ រួចជនទាំងពីរ ធ្វើកតិកាសញ្ញាទៅវិញទៅមកថា យើងកុំបែកគ្នា ហើយចាប់តាំងពីពេលនេះទៅ បើយើងបានវត្ថុអ្វីតោងចែកគ្នាបរិភោគ ។ ចែកគ្នា...? មែនហើយ ប៉ុន្តែចែកអ្វី? បើគ្មានមួយសេនសោះ។ ខណៈនោះចៅកម្សត់ទាំងពីរ សម្រេចគ្នានឹងទៅរកស៊ីឈ្នួលគេ ទើបនាំគ្នាទៅនៅស៊ីឈ្នួលនឹងផ្ទះថៅកែម្នាក់ ខាងក្រោយដែលបានសម្រេចថ្លៃឈ្នួលហើយ ។ ថ្ងៃមួយ អាតឿកាលដែលបានធ្វើការរួចសព្វគ្រប់ហើយ ទៅឈរលេងនៅក្បែរមាត់ទ្វារកំពែង ហើយបានឃើញមនុស្សម្នាក់ជិះសេះ មានសេះដទៃទៀតប្រាំនឹងខ្ញុំម្នាក់រត់តាមក្រោយ ។ ព្រឹកឡើងម៉ោងដដែលមនុស្សជិះសេះទៅជាមួយនឹងខ្ញុំមួយរូបដទៃវិញ ។ ព្រឹកស្អែកឡើងទៀតគេឃើញគាត់ទៅជាមួយនឹងខ្ញុំផ្សេងពីថ្ងៃទីពីរ, ហើយដំណើរនេះតែមានដូច្នេះតទៅរៀងរាល់ថ្ងៃ ។ អាតឿចេះតែនឹកពិភាល់ក្នុងចិត្តថាៈ ចុះបាវមុនៗ តើគេយកទៅធ្វើអ្វីអេះ? ។ អាតឿដោះស្រាយប្រស្នានេះមិនរួចសោះ ។ លុះទីបំផុត វាដាច់ចិត្តទៅតាមមនុស្សជិះសេះ ដើម្បីលួចយកការណ៍ឲ្យបានដឹងជាក់ ។អាតឿទៅឯផ្សារ ហើយឈររេរាឈប់ចាំមើល ។ មិនយូរប៉ុន្មានលេចមនុស្សជិះសេះមកដល់ គឺជាគហបតីម្នាក់។ គាត់ជួលមនុស្សម្នាក់ ហើយឲ្យឡើងជិះសេះបរតាមពីក្រោយ ។ ចំណែកអាតឿចេះតែលបរត់តាមក្រោយជនខាងលើនេះ ។ មុនដំបូង គេត្រាច់តាមវាលស្មៅប្រកប ដោយផ្ការុក្ខជាតិផ្សេងៗ ។ រួចគេចូលក្នុងព្រៃស្មសានគេចរយ៉ាងយូរ ទើបទៅឈប់នៅក្បែរឈើមួយដើម គេចុះពីសេះ ។ គហបតីទាញយកខ្សែពីការុង ចងភ្ជាប់នឹងដែកគោលមួយដែលបោះទុកនឹងដើមឈើនោះ បោះកន្ទុយខ្សែរំលងកាត់ប៉ែកខាងលើ ហើយបង្គាប់ឲ្យអ្នកបម្រើតោងកន្ទុយខ្សែនោះឡើងទៅ ។ អ្នកបម្រើឡើងដល់ចុងឈើ ហើយបានឃើញកញ្ជើមួយដ៏ធំ ពេញដោយត្បូងពេជ្រមានតម្លៃ ។ អ្នកនេះស្រែកពីលើដើមឈើមកថាៈ អា៎! លោកម្ចាស់! សុទ្ធតែត្បូងច្រើនណាស់ ។ គហបតីនិយាយថាៈ ដាក់ចុះមក! កុំស្រែក ហ៊ោកញ្រ្ជៀវនៅលើហ្នឹងខ្លាំងពេក! ។ អ្នកបម្រើដាក់កញ្ជើមក, ខាងក្រោយដែលចាក់ត្បូងក្នុងការុង គហបតីហុចកញ្ជើតាមខ្សែទៅឲ្យទុកត្រង់កន្លែងដដែលវិញ ។ អ្នកស៊ីឈ្នួលធ្វើតាមសេចក្ដីបង្គាប់របស់គហបតី, ប៉ុន្តែ ពេលដែលត្រូវចុះមកវិញរកខ្សែប្រតោងគ្មាន ។ វាស្រែកប្រាប់ថាៈ លោកម្ចាស់! បោះខ្សែមកឲ្យខ្ញុំផង ដើម្បីនឹងចុះ, ខ្ញុំលោតចុះទៅមិនបានទេ មុខជាត្រូវបាក់ជើងឬបែកក្បាលស្លាប់ជាមិនខាន ។ក្ដុម្ពីក៏គិតតែពីរៀបចំការុងចងមាត់ លើកដាក់លើខ្នងសេះ មិនរវល់ឆ្លើយ ។ អ្នកបម្រើស្រែកប្រាប់ទៀតថា នែលោកម្ចាស់! ឮឬទេ? លេងសើចប៉ុណ្ណឹងបានហើយ ។ អ្នកស៊ីឈ្នួលប្រឹងស្រែកប្រាប់ជាច្រើនម៉ាត់ ប៉ុន្តែគហបតីធ្វើដូចជាមិនដឹងមិនឮ លោតផែលឡើងលើខ្នងសេះ ហើយបរសេះបំផាយទៅបាត់ ។ បុរសកម្សត់ស្រែកឡើងថែមទៀតថាៈ នែលោកម្ចាស់! លោកម្ចាស់! ឈប់ ឈប់! សូមលោកវិលមកជួយដាក់ខ្ញុំចុះសិន មិនត្រូវយកខ្ញុំបាទមកទុកចោលក្នុងទីរហោឋានដូច្នេះទេ ។ គហបតីប្រឹងតែបំផាយសេះគ្មានស្ដាប់អ្វីទាំងអស់ ។ដឹងថាខ្លួននៅតែឯងហើយៗ មិនមែនជាការលេងសើច បុរសអកុសលតាំងស្រែកទ្រហោយំក្ដែងៗ ក្នុងកណ្ដាលដងព្រៃស្ងាត់ជ្រងំ ។ ចំណែកអាតឿមិនបង្ហាញខ្លួនឲ្យឃើញ ព្រោះត្រូវការចង់ដឹងរឿងតទៅទៀត ។ វេលានោះ កាលដែលបុរសកម្សត់កំពុងយំបោចសក់គក់ទ្រូង មាននាគមួយមាត់ធំសម្បើមគួរស្ញែង ងើបចេញពីរូងក្បែរគល់ឈើ លូនឡើងសន្សឹមៗរហូតដល់ចុងឈើ ហាហាត់ចង្រ្គុង ធ្មេញប៉ុនប៉ែល ហើយ លេបបុរសនោះទាំងមូលតែម្ដង ។ ខាងក្រោយដែលវាបានស៊ីមនុស្សហើយ នាគនោះហាមាត់ជាថ្មីម្ដងទៀត ខ្ជាក់សុទ្ធតែត្បូងពេជ្រគ្រប់ពណ៌ មានក្រហម បៃតង ទទឹម ជាដើម ទាល់តែកញ្ជើពេញជាថ្មីម្ដងទៀត រួចវាលូនចុះមកវិញ ត្រឡប់ចូលក្នុងរូងបាត់ទៅ ។នៅឱកាសនោះ ការភ័យតក់ស្លុត និងសេចក្ដីអាណិតមេត្ដា ធ្វើឲ្យអាតឿឈរនៅតែមួយកន្លែងស្រឡាំងកាំង មិនហ៊ានកម្រើកអាត្មា ហើយវារត់យ៉ាងឆាប់ត្រឡប់ទៅកាន់ទីក្រុងវិញ ។ លុះព្រឹកស្អែក កាលណាលោកគហបតីទៅឯផ្សារជាមួយនឹងសេះរបស់លោក តើលោកអ្នកអានរាល់គ្នានឹកស្មានថា នរណានឹងសុំស៊ីឈ្នួលលោកគហបតី ដើម្បីជាជំនួយដល់លោកក្នុងព្រៃ ? គឺតួអាតឿនេះឯង ដែលវាបានដឹងរឿងរ៉ាវសម្ងាត់សព្វគ្រប់ ហើយវាមានគំនិតអ្វីមួយក្នុងខួរក្បាលវា ។ កាលបើនិយាយថ្លៃឈ្នួលត្រូវគ្នាហើយ អាតឿឡើងជិះសេះតាម លោកគហបតីទៅ ។  វាបរឆ្លងកាត់ទីក្រុងជាមួយលោកសេដ្ឋី  ឆ្លងវាលស្មៅកាត់តម្រង់ចូលព្រៃ ហើយបានទៅដល់ដើមឈើដែលយើងនិយាយពីលើកមុន ។ លោកគហបតីបោះខ្សែសំតោកភ្លាម អាតឿឡើងភ្លែតយកទាំងកញ្ជើដាក់ចុះមក តាមសេចក្ដីឲ្យការណ៍នៃលោកគហបតី ។ លោកសេដ្ឋីចាក់ត្បូងពេជ្រដាក់ក្នុងការុង ហើយមានបំណងចង់ ឲ្យអាតឿឡើងយកកញ្ជើទៅទុកត្រង់កន្លែងដដែលវិញ ។ អាតឿប្រកែកថាៈ "ខ្ញុំវិលមុខណាស់ ឈប់ឡើងទៀតហើយ" ។ លោកគបហតីសួរទាំងខឹងថាៈ ចុះបើអញ្ចឹង តើកញ្ជើឲ្យអញធ្វើដូចម្តេចទៅ អាតឿឆ្លើយឡើងថាៈ ចំណែកកញ្ជើមានពិបាកអី លោកឡើងខ្លួនលោកយកទៅដាក់ទៅ តែប៉ុណ្ណឹងក៏ស្រេចហើយ ។ លោកសេដ្ឋីជញ្ជឹងថាៈ "បើប្រសិនជាលោកឡើងដោយខ្លួនឯង នោះត្រូវតែត្រឡប់មកវិញ លោកមិនមែនឆ្កួតនៅទំលើចុងឈើឲ្យនាគវាលេបឡើយ, ចុះបើត្រឡប់ចុះមកវិញ គ្មាននរណាម្នាក់នៅលើទីនោះៗ សមខានបានត្បូងពេជ្រទៅថ្ងៃក្រោយ" ។ លោកសេដ្ឋីនិយាយទៅកាន់អាតឿទៀតថា ចូរឯងឡើងឲ្យអញមួយភ្លែតទៅ ឯងនឹងត្រូវបានពេជ្រមួយក្ដាប់ជាមិនខាន អាតឿឆ្លើយថា ទេ! ។ -ចូរឯងឡើងទៅអញមិនថាកុហកឯងទេ ។ អាតឿដេកននៀលនៅដី ហើយស្រែកប្រាប់លោកសេដ្ឋីថាៈ ឱលោកអើយ! ដីវិលក្រឡាប់ចក្រហើយ ។ លុះនិយាយទៅមកៗ មួយសន្ទុះមិនសម្រេចការ លោកសេដ្ឋីសុខចិត្តព្រមយកកញ្ជើឡើងទៅទុកដោយខ្លួនឯង ។ គឺត្រង់ហ្នឹងហើយ ដែលអាតឿវាត្រូវការ ។ គ្រាន់តែលោកសេដ្ឋីឡើងដល់ចុងឈើភ្លាមអាតឿបាត់វិលមុខ ស្ទុះមកចាប់កន្ទុយខ្សែកន្រ្ដាក់ចុះ ទុកឲ្យលោកសេដ្ឋីនៅជាប់ទើរលើចុងឈើ ។ លោកសេដ្ឋីស្រែកថាៈ ទុកខ្សែឲ្យអញ អាឯងធ្វើអីចឹង ? ទុកខ្សែឲ្យអញដើម្បីអញចុះ ! ។ អាតឿលោតជិះលើខ្នងសេះ ហើយប្រាប់ថាៈ សូមលោកអញ្ជើញនៅលើចុងឈើហ្នឹងចុះ ស្រួលហើយ ។  - អាតឿ! អាតឿ! ពេជ្រទាំងការុង ឯងយកចុះ អាណិតតែយកខ្សែមកពាក់ឲ្យអញ ដើម្បីឲ្យអញចុះ ។ អាតឿមិនរវល់ស្ដាប់ ។ កាលណាវាជិះលើកែបប្រុងប្រៀបនឹងបរថយចេញ វាបែរទៅរកសេដ្ឋីម្ដងទៀត ហើយស្រែកប្រាប់ថាៈ "ម្នាលសម្លាញ់! ចូរឯងនៅទំលើចុងឈើហ្នឹងហើយ ចូរទិវាសួស្ដីមានដល់ឯង" រួចវាគោះសេះបំផាយត្រឡប់វិលមកទីក្រុងវិញ ។ លោកគហបតី លោតកញ្រ្ជោលអន្ទះអន្ទែងបោចសក់ឥតអំពើ នៅលើចុងព្រឹក្សា ព្រោះគ្មានផ្លូវអីសោះដើម្បីនឹងដោះខ្លួន ឥឡូវគិតនឹងលោតចុះ គង់តែរកសាច់កំណើតគ្មាន ។ ម្ល៉ោះហើយ គាត់គិតតែពីយំទួញខ្សឹកខ្សួលរហូតទាល់តែនាគឮសូរ វាលូនឡើងមក ហើយលេបទាំងរស់ ... ។ គឺជាសេចក្ដីស្លាប់ទាំងវេទនារបស់គាត់ ។ ឥឡូវអាតឿចង់ទៅឯផ្ទះលោកគហបតី ប៉ុន្តែធ្វើដូចម្តេច? បើវាមិនស្គាល់ផ្ទះលោកសោះ ។ អាតឿបណ្ដោយឲ្យសេះដើរតាមចិត្តវាៗ ដើរនាំទៅត្រង់ទីលំនៅលោកសេដ្ឋី។ បុរសកន្ដុញឃើញទ្វារបិទជិត លុះរកទៅរកមក វាប្រទះកូនសោមួយក្នុងការុង រួចវាចាក់សោចូលក្នុងផ្ទះ។ អាតឿស្រឡាំងកាំងស្រវាំងភ្នែក ដោយឃើញសុទ្ធតែគំនរត្បូងពេជ្រភ្លឺចិញ្ចាច កន្លែងនេះគឺជាឃ្លាំងដែលសេដ្ឋីសម្រាប់យកត្បូងទាំងប៉ុន្មានមកលាក់ទុកដោយការសម្ងាត់ ។ អាតឿរៀបចំភ្លាមៗ យកការុងត្បូងចាក់ចេញហើយ រត់ទៅរកសម្លាញ់របស់វា ។ អាតឿមកដល់ ឃើញកូនបុរសនេសាទមានមុខស្ងួតក្រៀម ។ កុមារនេះ កាលបើបានយល់សម្លាញ់ ក៏មានមុខរីករាយដូចបានឃើញព្រះជាម្ចាស់។ វាសួរហើយសួរទៀត នូវអាតឿថាៈ ចុះឯងទៅណា? ឯងទៅធ្វើអ្វី? ឯងទៅណាអីយូរម្ល៉េះ? ។ អាតឿឆ្លើយថាៈ អញនឹងនិយាយប្រាប់រឿងដល់សម្លាញ់ឥឡូវហ្នឹង ប៉ុន្តែចូរសម្លាញ់ទៅបើកប្រាក់ថ្លៃឈ្នួលយកមក ហើយទៅជាមួយនឹងអញ ។ កូនអ្នកនេសាទ ទៅរកនាយចៅហ្វាយមួយរំពេច ហើយប្រាប់ថា វាឈប់ធ្វើការហើយ សុំបើកយកប្រាក់ថ្លៃឈ្នួល ។ ថៅកែជាចៅហ្វាយនាយសួរថា ចុះឯងវាថី មានរឿងអ្វី? តើរឿងអ្វីធ្វើឲ្យឯងចង់ទៅណាយ៉ាងដូច្នេះ គ្មានដឹងមុខបាទ? ។ កូនអ្នកនេសាទឆ្លើយថាៈ ត្រូវឲ្យថ្លៃឈ្នួលខ្ញុំមក! ត្រូវឲ្យថ្លៃឈ្នួលខ្ញុំមក ខ្ញុំលាទៅហើយ ។ ថៅកែនោះគិតថាៈ អានេះឆ្កួតទេតើ, បើដូច្នេះត្រូវចេញថ្លៃឈ្នួលដល់វាឲ្យឆាប់ ហើយបណ្ដេញវាចេញ មុនពេលដែលវាបង្ករឿងអាក្រក់អ្វីមួយដល់អញ ...។ នេះនែអានាង (ចៅ ហ្វាយហុចថ្លៃឈ្នួលឲ្យ) កូនអ្នកនេសាទចេញពីផ្ទះនោះ ហើយទៅជាមួយអាតឿសំដៅឃ្លាំងខ្មោចលោកសេដ្ឋី ។ វាឈរនឹងថ្កល់តែមួយកន្លែង វេលាដែលបានឃើញគំនរទ្រព្យទាំងប៉ុន្មាន ដែលសម្លាញ់វាប្រាប់ថា ជារបស់វាទាំងពីរនាក់ ។-អា! សម្លាញ់ ឯងកុំនិយាយលេងដូច្នេះ។ -អីចឹងមែន អញ មិនថាលេងទេ ។ -អីទ្រព្យទាំងអស់ហ្នឹងជារបស់ផងយើង? ។ -មែនទាំងអស់ហ្នឹង ។ កូនអ្នកនេសាទ វេលាដែលអាតឿនិយាយរឿងប្រាប់សព្វគ្រប់ក៏តបថាៈ អីដូច្នេះសម្លាញ់! ឯងមិនគ្រាន់បើណាស់ហើយ? ។ ក្នុងឱកាសនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក្នុងព្រះនគរនោះ បានចាត់ឲ្យគេប៉ាវគងប្រាប់អស់អាណាប្រជារាស្រ្ដថា បើឈ្មោះណា បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងព្រះរាជធីតាព្រះអង្គហើយៗ អាចបានអាស្រ័យដំណេកនៅជាមួយគ្នាក្នុងបន្ទប់របស់នាងអស់មួយរាត្រី រហូតដល់ព្រះអរុណរះឡើងនោះព្រះអង្គ នឹងទុកអ្នកនោះជាព្រះសុណិសា របស់ទ្រង់ ដ្បិតព្រះរាជធីតានោះ បានរៀបមង្គលការជាមួយនឹងបុរសអស់ចំនួនកៅសិបប្រាំបួនហើយៗ លុះព្រឹកឡើងគេរកស្វាមីមិនឃើញៗតែគំនរឆ្អឹង ម្ល៉ោះហើយ ព្រះរាជាមានព្រះហឫទ័យសង្ស័យពេក ទ្រង់មិនជ្រាបថានរណាជាគូបច្ចាមិត្តសោះ ។ អាតឿបានដឹងដំណឹងដូច្នោះ យល់ជើងការណ៍ ក៏ទៅកាន់ព្រះរាជវាំងភ្លាម ហើយក្រាបបង្គំទូលព្រះចៅថា សម្លាញ់របស់វាចង់ផ្សងវាសនាល្បងធ្វើជាព្រះសុណិសានៃព្រះរាជាលមើល ។ ព្រះរាជាទ្រង់ទទួលដោយមានព្រះហឫទ័យរីករាយ ហើយមានព្រះរាជឱង្ការថា ចូរឲ្យវាមកយ៉ាងឆាប់ បើវាស្ទុះរួចបានមួយ យប់ នោះកូនស្រីរបស់យើងនឹងត្រូវបានទៅវាធ្វើជាប្រពន្ធតទៅ ។ អាតឿ ត្រឡប់ទៅរកកូនអ្នកនេសាទជាសម្លាញ់ដោយរួសរាន់ឥតបង្អង់ វិលនាំយកមកក្នុងព្រះរាជវាំង ហើយវេលារាត្រីកាលណា សម្លាញ់របស់វា និងព្រះរាជធីតានាំគ្នាចូលក្នុងបន្ទប់ វាក៏ទៅតាមក្នុងទីនោះដែរ រូចដេកនឹងដីក្បែរគ្រែ ។ ពេលកណ្ដាលអធ្រាត្រ អាតឿក្រោកឡើង លើកបីសម្លាញ់ដែលកំពុងដេកលក់នៅជាមួយនឹងព្រះអង្គម្ចាស់ក្សត្រិយ៍ យកទៅដាក់លើគ្រែមួយដទៃ ទាញដាវចេញមក ហើយអង្គុយចាំមើល ។ ក្នុងមួយស្របក់ ស្រាប់តែមានពស់មួយយ៉ាងធំគួរស្ញប់ស្ញែង វារចេញពីក្នុងរូបព្រះរាជធីតាមក, អាតឿកាប់មួយដាវដាច់ក ។ ខណៈនោះ វាស្ទុះទៅដាស់សម្លាញ់វា ហើយនិយាយថាៈ នែសម្លាញ់! ឯងចាំពាក្យខសន្យាដែលយើងនិយាយគ្នាលើកមុនថាៈ បើយើងបានវត្ថុអ្វីត្រូវយើងបែងចែកគ្នាពាក់កណ្ដាលម្នាក់មែនទេ?។កូនអ្នកនេសាទឆ្លើយថាៈ  ពិតមែនហើយសម្លាញ់ ។ គ្រានោះ អាតឿកាន់ដាវនៅដៃ ស្ទុះសំដៅព្រះអង្គម្ចាស់ក្សត្រិយ៍ ដោយបញ្ចេញវចីភេទថា នឹងពុះព្រះរាជធីតាជាពីរចំណែក ដើម្បីនឹងយកភាគរបស់ខ្លួន ។ ព្រះនាងភ័យតក់ស្លុតរន្ធត់មហិមា ទៅជាត្អើក ហើយមានស៊ុតមួយជ្រុះធ្លាក់ចេញពីព្រះឱស្ឋមក ។ អាតឿធ្វើជាស្ទុះទៅម្ដងទៀត បម្រុងនឹងកាប់ពុះមែនទែន ។ ព្រះរាជធីតាក្អែស៊ុតពីរចេញមកទៀត ។ អាតឿនិយាយប្រាប់សម្លាញ់ថាៈ ឥឡូវចូរឯងត្រឡប់យកប្រពន្ធរបស់ឯងទៅវិញចុះ ហើយចូរនៅជាសុខតរៀងទៅ, ពស់ដែលអញបានសម្លាប់ អម្បាញ់មិញនេះ បានលាក់ស៊ុតបីនៅក្នុងព្រះឱស្ឋនៃព្រះនាង, ស៊ុតទាំងនេះនឹងញាស់ទៅជាពស់ទៀត ប៉ុន្តែឥឡូវនេះវាធ្លាក់ចេញមកអស់ហើយ ។ អាតឿនោះមិនមែនអ្នកណាដទៃឡើយ គឺជាត្រីដែលកូនអ្នកនេសាទបានបោះទៅក្នុងទឹកវិញនោះឯង, ស្តេចត្រីនោះកាន់ពាក្យសត្យមកធ្វើឲ្យកុមារកម្សត់មានសម្បត្តិ និងបានជាកូនប្រសាស្តេចផែនដី។ អាតឿ បានអធិប្បាយប្រាប់អំពីខ្លួនជាអ្វីសព្វគ្រប់ដល់កូនអ្នកនេសាទ ហើយ ប្រាប់ថាៈ ឥឡូវនេះ អញសុំលាសម្លាញ់ឯងហើយ ចូរ សម្លាញ់បរិភោគជាសុខសម្រាន្ដ ទាំងភរិយា ទាំងទ្រព្យសម្បត្តិទាំង-ឡាយនោះចុះ" រួចក៏អន្ដរធានបាត់ពីទីនោះទៅមួយរំពេច ។ លុះព្រះអរុណរះឡើងកាលណា ព្រះរាជាទ្រង់ជ្រាបថា ជនទាំងពីរនាក់ (ស្វាមីភរិយា) នៅគង់វង្សដដែល ឥតមានរខិតអ្វីសោះ នោះព្រះអង្គមានព្រះហឫទ័យសោមនស្សជាអនេកអនន្ដ រកទីបំផុតគ្មាន ។ គេធ្វើបុណ្យយ៉ាងអធិកអធម មានច្រៀង មានរាំ និងល្បែងផ្សេងៗសព្វគ្រប់ អស់ប្រាំពីរយប់ប្រាំពីរថ្ងៃ ជាកិត្តិយសដល់គូស្រករថ្មី ។

                                                                                        លោក ផេង-ជ្រីវ សាស្រ្ដាចារ្យ នៅសាលាគរុវិជ្ជា ភ្នំពេញ 

                                                                     ប្រែពីសៀវភៅ "កុង អេឡេហ្សង់ ឌុយប៉េអ៊ី រូម៉ាំងត្រាឌូប៉ាអេអាដាប្ដេ ប៉ា ប.នរឌីន"

 

រឿងព្រេងប្រទេស ហ្ស៊ីវចែងអំពី ចោរឆ្លាតហួស

មានពាណិជម្នាក់ បានធ្វើដំណើរទៅកាន់ទីមួយឆ្ងាយ ដើម្បីរកទិញទំនិញផ្សេងៗ ។ គាត់បានយកជាប់ទៅជាមួយខ្លួនផង នូវដុំមាស ចំនួន ៥០០ ដែលដាក់ក្នុងថង់របស់ខ្លួន ។ កាលបានទៅដល់ទីដៅ គាត់ក៏ចាប់ផ្ដើមខ្វល់ចិត្ត ។ គាត់និយាយតែម្នាក់ឯងថា "អញជាជនបរទេសម្នាក់ក្នុងទីនេះថែមទាំងគ្មានស្គាល់អ្នកណាមួយសោះ បើប្រសិនណាជាចេះតែយកជាប់ទៅជាមួយខ្លួននូវដុំមាសទាំងនេះជានិច្ចទៅនោះអញប្រហែលជានឹងត្រូវគេលួចយកអស់មិនខាន ដូច្នេះ ជាការល្អ គឺអញត្រូវកប់វាដរាបដល់ពេលអញត្រូវការប្រើប្រាស់" ។ ដោយគំនិតនេះ ពាណិជបានទៅកាន់កន្លែងស្ងាត់កំបាំងមួយ ហើយងាកមើលជុំវិញខ្លួនគាត់យ៉ាងប្រយ័ត្នប្រយែង លុះបានដឹងថា គ្មានអ្នកណាមួយមើលគាត់ឃើញ គាត់ក៏ជីករណ្ដៅមួយ រួចដាក់មាសកប់លាក់ទៅក្នុងរណ្ដៅនោះ ។ គាត់ឥតបានដឹងជាមុនថា នៅក្បែរទីនោះ មានគេលបមើលតាមប្រហោងជញ្ជាំងផ្ទះរបស់គេ ឃើញគាត់លាក់មាសនោះឡើយ។ មិនយូរប៉ុន្មានពីពេលដែលពាណិជចេញពីរណ្ដៅមាស បុរសដែលលបមើល តាមប្រហោងជញ្ជាំងផ្ទះ    បានចេញពីផ្ទះមកជីកយកមាសនោះអស់ ។ ជាច្រើនថ្ងៃកន្លងផុតទៅហើយ ។ ឥឡូវនេះ ពាណិជត្រូវមកយកមាសទៅសងថ្លៃទំនិញដែលគាត់បានទិញ ។ ពេលនោះ គាត់បានទៅកាន់ទីដែលគាត់កប់មាស ។ កាលបានដឹងថា មាសត្រូវគេលួចអស់ដូច្នេះ គាត់ក៏ពេញទៅដោយសេចក្ដីអស់សង្ឃឹម ។ គាត់សោយសោកថា "ឱ អញត្រូវធ្វើយ៉ាងណាឥឡូវនេះ ? តើអញត្រូវទៅតវ៉ារកមាសពីអ្នកណា ? បើកាលអញកប់គ្មានអ្នកណាឃើញសោះ ។ ដោយសេចក្ដីតប់ប្រមល់ខ្វល់ក្នុងចិត្ត ពាណិជបានគយគន់មើលជុំវិញខ្លួនគាត់ ហើយក្នុងពេលដ៏ខ្លីនោះ ក៏បានឃើញប្រហោងជញ្ជាំងផ្ទះដែលនៅក្បែរទីនោះ ។ គាត់បានផ្ដើមសង្ស័យថា ប្រហែលជាម្ចាស់ផ្ទះនេះឯងហើយ ជាចោរលួចមាសរបស់គាត់ ។ ដូច្នេះ គាត់ក៏បានចូលទៅរកម្ចាស់ផ្ទះ ហើយនិយាយថា ៖ ខ្ញុំបានឮគេនិយាយថា លោកជាអ្នកឆ្លាតវាងវៃម្នាក់ក្នុងទីនេះ ហើយមុខជាលោកអាចឲ្យនូវដំបូន្មានដ៏ល្អៗ ខ្លះចំពោះខ្ញុំមិនខាន ។ ខ្ញុំមកកាន់ទៅនេះ ដើម្បីមករកទិញទំនិញផ្សេងៗ ហើយបានយកជាប់មកជាមួយខ្លួនខ្ញុំនូវថង់មាសចំនួន ២ ថង់។ មួយថង់ មានដុំមាសចំនួន ៥០០ ដុំ ហើយមួយថង់ទៀតមាន ៨០០ ដុំ ។ ដោយហេតុខ្ញុំជា ជនបរទេសក្នុងទីនេះ ហើយឥតស្គាល់អ្នកណាមួយសោះ ខ្ញុំបានសម្រេចចិត្តថា នឹងលាក់ថង់ដែលមានមាស ៥០០ ដុំ នៅក្នុងរណ្ដៅដី ហើយថង់មួយទៀត ដែលមានមាសចំនួន ៨០០ ដុំនោះ ខ្ញុំតែងតែយកជាប់ទៅជាមួយខ្លួនខ្ញុំ បង្កើតជាបន្ទុកដ៏ធ្ងន់មួយ ពិបាកក្នុងការធ្វើដំណើរ ។ ដូច្នេះសូមលោកមេត្តាជួយឲ្យយោបល់ តើឲ្យធ្វើយ៉ាងណា? តើខ្ញុំត្រូវតែយកជាប់ជាមួយខ្លួនជាដរាបដូច្នេះទៅ ឬមួយត្រូវកប់ក្នុងរណ្ដៅជាមួយថង់មាសមួយនោះ? ឬមួយខ្ញុំត្រូវយកវាទៅកប់ក្នុងរណ្ដៅផ្សេងវិញ ?  តាមដែលអាចទៅបាន  លោកប្រហែលជាមានស្គាល់ជនសប្បុរសណាមួយដែលអាចឲ្យខ្ញុំទុកចិត្ត យកមាសទៅផ្ញើបានមិនខាន ។ បុរសម្ចាស់ផ្ទះគិតមួយសន្ទុះ ទើបឆ្លើយរបៀបចង់បោកថា ៖ ត្រូវធ្វើតាមដំបូន្មានខ្ញុំ កុំទុកចិត្តអ្នកណាមួយ ដល់ថ្នាក់យកមាសទៅផ្ញើឲ្យសោះ ពីព្រោះ តាមដែលអាចប្រព្រឹត្តទៅបាន អ្នកទទួលបញ្ញើនោះអាចនឹងបដិសេធថា "គេឥតបានទទួល" ដូច្នេះបានឥតទាស់ ម្យ៉ាងទៀត ខ្ញុំសូមជូនយោបល់អ្នកថា កុំបាច់ទៅរកកន្លែងថ្មីសម្រាប់កប់ឲ្យសោះ គឺត្រូវតែកប់ក្នុងរណ្ដៅតែមួយ ជាមួយនឹងថង់មាសពីមុននោះ ជាការស្រួល ។ ចោរដែលនិយាយដូច្នេះ ព្រោះវាយល់ហេតុផលថា "ពាណិជភ្លីភ្លើនេះ មិនទាន់ដឹងថា មាសខ្លួនដែលខ្លួនកប់ពីមុនវិនាសអស់ទៅហើយនៅឡើយផង ដូច្នេះឧបាយដ៏ឆើតបំផុត ដើម្បីនឹងយកនូវថង់មាសទី ២ ឲ្យបានទៀត គឺត្រូវយកថង់ទី ១ ទៅដាក់កន្លែងដដែលវិញពីព្រោះថា បើអញមិនធ្វើដូច្នេះ គាត់មុខជារអាលែងកប់ថង់ទី ២ ទៀតមិនខាន តាមរបៀបនេះ អញមុខជាបានមាស ២ ថង់យ៉ាងពិត" ។ នាយពាណិជ បានយល់ជាមុនថា ចោរមុខជាអនុវត្តរបៀបនេះមិនខាន ម្ល៉ោះហើយ គាត់ក៏និយាយទៅកាន់ម្ចាស់ផ្ទះនោះថា "ខ្ញុំសូមថ្លែងនូវសេចក្ដីអំណរគុណលោក ចំពោះដំបូន្មានរបស់លោកនេះ ហើយខ្ញុំនឹងធ្វើតាមសេចក្ដីបង្គាប់របស់លោកក្នុងរាត្រីនេះ" ។ មិនយូរប៉ុន្មាន ពីពេលដែលពាណិជលាម្ចាស់ផ្ទះចុះមក ចោរក៏យកថង់មាសទី ១ ដែលវាបានលួចទៅនោះ ទៅដាក់នៅកន្លែងដដែលវិញ ដោយប្រញាប់ប្រញាល់ជាទីបំផុត ។ ពាណិជ ដែលលាក់ខ្លួននៅក្បែរទីនោះ កាលឃើញចោរដាក់ថង់ទៅក្នុងរណ្ដៅរួចហើយ ក៏រត់យ៉ាងញាប់ជើង ទៅគាស់យកដោយសេចក្ដីសោមនស្ស រួចធ្វើដំណើរចេញបាត់ទៅ ។

ប្រែពីភាសាអង់គ្លេស

ដោយភិក្ខុ ម៉ែន - រៀម

 

សិក្សាពុទ្ធិកមហាវិទ្យាល័យ ព្រះសីហនុរាជ

ចប់

Flag Counter