អ្នកតាព្រះន្រាយ និងអ្នកតាព្រះឥសូរ ខេត្តកណ្ដាល

តំបន់រដ្ឋបាលវិហារសួរ

            សេចក្តីកត់ហេតុ ឆ្នាំមួយពាន់ប្រាំបួនរយសែសិបប្រាំមួយ ត្រូវថ្ងៃម្ភៃបីខែឧកតូប។ យើងសាយ ម៉ៅ ព្រះសួគ៌ានរក្ស័មេតំបន់វិហារសួរ មានមេឃុំចាន់ នៅ ឣាចារ្យងិន ឣាចារ្យធន់ ដែលជាចាស់ស្រុកបានទៅជួបជុំនៅទីវត្តវិហារសួរ ពិនិត្យស៊ើបសួររឿងរូបឣ្នកតាដែលមាននៅទីវត្តវិហារសួរកាលពីបុរាណឃើញបានសេចក្តីប្រាកដដូចខាងក្រោម៖

១-នៅទីកន្លែងនោះកាលពីបុរាណនាយឃើញ មានរូបឣ្នកតាប្រាកដ ២ ដែលគេសាងពីឈើ តែពុំបានដឹងប្រាកដជាឈ្មោះណាសាង។ រូបនោះមានឈ្មោះហៅថាព្រះន្រាយ១ ព្រះឥសូរ១ តែគ្មានចារឹកឣ្វីប្រាកដលើរូបនោះទេ។ គ្រាន់តែឣ្នកស្រុកសន្មតហៅ ហើយមានលក្ខណ:ព្រះន្រាយដៃ៤ ទំហំកម្ពស់ ០,៩៧ ទំហំស្មា ០,៥០ ទំហំភ្នែន ០,៧០។ ព្រះឥសូរដៃ២ ទំហំកម្ពស់ ០,៧០ ទំហំស្មា ០,៣៦ ភ្នែន ០,៥៤ នៅដៃទាំងសងខាងគ្មានកាន់វត្ថុឣ្វីទេ ដូចមានរូបគំនូរជូនជាប់ជាមួយនៅនេះស្រាប់។

២- នៅសម័យនេះ គេតែងគោរពបន់ស្រន់ដោយការមានឣាសន្នក្រភ័យដល់រូបកាយ ឱ្យជួយបានសេចក្តីសុខគ្រប់យ៉ាងតែពួកឣ្នកមានជំនឿ។ ឯការដែលបូជាមានភ្លេងសៀម និងល្ខោន ផ្កា ប្រាក់ បាយសីប៉ាកឆាម ស្លាធម៌ដូង។ កំណត់ដែលឣ្នកស្រុកធ្លាប់ឡើងឣ្នកតានោះ នៅក្នុងខែវិសាខ ថ្ងៃមិនប្រាកដ ចំណែករូបបញ្ជាន់ក៏មិនកំណត់ដែរ។

បញ្ឈប់សេចក្តីតហេតុនេះថ្ងៃខែឆ្នាំដូចខាងលើ

អ្នកតាប៉ាខាវ និងព្រះអង្គព្រះភ័ក្រ្ត៤ ខេត្តកណ្ដាល

ពញារក្សាភិបាលមេឃុំព្រែកតាកូវ ខ្ញុំព្រះបាទសូមជូនព័ត៌មានឣំពីឣ្នកតា១ដែលមាននៅក្នុងវត្តព្រែកបង្កងតាមសេចក្តីសួររបស់ពុទ្ធសាសនបណ្ឌិត្យ លេខ១២២១ និងសាលាស្រុកលេខ ៣១៦ ថ្ងៃ២៣ ខែសេប្តមប្រិ ឆ្នាំ១៩៤៦។ ពញាព្រះបាទបានសួរពុទ្ធដីកាលោកគ្រូចៅឣធិការគង់នៅវត្តព្រែកបង្កង។ លោកថា តាំងពីដើមមក គ្មានឣ្នកតាព្រះចៅមុខបួនធ្វើឣំពីសំរឹទ្ធទេ មានតែឣ្នកតាប៉ាខាវនិងព្រះឣង្គព្រះភ័ក្ត្រ៤ គឺមកជាមួយគ្នា។ រូបឣ្នកតានោះធ្វើដោយថ្ម ប៉ុន្តែបាត់បង់យូរណាស់ទៅហើយ ទើបមានឈ្មោះ ឈឹម ជាឣាចារ្យវត្ត បានសាងរូបជាថ្មទៀតធ្វើឣំពីស៊ីម៉ង់ត៍ ហើយធ្វើឣាស្រមដាក់ឣ្នកតានោះនៅខាងកើតក្បែរព្រះវិហារ។ ឣ្នកស្រុកជិតឆ្ងាយតែងតែ     រាប់ឣានគោរពឣ្នតានោះជាច្រើន។ គ្រឿងសំណែនដែលគេតែងបូជាគឺបាយដំណើប ប្រហុក ក្បាលជ្រូក និងមាន់ស្ងោរ។ ពេលដែលឡើងឣ្នកតានោះ កំណត់យកថ្ងៃ ១៥កើត ខែមាឃ។

            ឯព្រះឣង្គព្រះភ័ក្ត្រ៤ ធ្វើឣំពីថ្ម ដល់មក ព.ស.២៤៣៧ មានលោកចាងហ្វាងឈ្មោះ ញឹក បានកសាងព្រះវិហារជាថ្មីក៏យកទឹកមាសមកបិទព្រះឣង្គនោះហើយ។ តាំងពីដើមមកគេយកព្រះឣង្គមកដាក់ក្នុងព្រះវិហារ ឣ្នកស្រុកជិតឆ្ងាយកោតខ្លាចគោរពប្រណិប័តន៍ព្រះឣង្គមិនដែលដាច់ ហើយគេតែងតែថ្វាយស្លាធម៌ដូង អង្ស ផ្កាប្រាក់ ហើយឣ្នកស្រុកចូលមកធ្វើបុណ្យដូចជាព្រះឣង្គធម្មតាតាមទំនៀមទម្លាប់ពីបុរាណមក។

ធ្វើនៅឃុំព្រែកតាកូវត្រូវថ្ងៃ១ ខែឧកតូប ១៩៤៦

មេឃុំ

បានចម្លងត្រឹមត្រូវតាមដើមហើយ សូមជូនចូលមកព្រះបាទម្ចាស់ លោកឣ្នកឧកញ៉ារាជាមេត្រីចៅហ្វាយខេត្តកណ្តាល  តបសេចក្តីបញ្ជូនលេខ

ព្រែកតាមាក់ថ្ងៃ២២ ខែឧកតូប ឆ្នាំ ១៩៤៦

ចៅហ្វាយស្រុក

អ្នកតាទួលឈើខ្មៅ ឬអ្នកតាដំបូកខ្មៅក្របៅជុំ ខេត្តកណ្ដាល

សូមទានមេឃុំបន្ទាយដែក

សូមក្រាបប្រណិប័តន៍ចូលមកព្រះបាទម្ចាស់លោកឣ្នកឧកញ៉ាមេត្រីភូធរចៅហ្វាយម្ចាស់សូមទានជ្រាប !

            សូមតបចុតហ្មាយលេខ ៩៥២ ឱ្យស៊ើបសួរពីដំបូកខ្មៅក្របៅជុំ នៅវត្តឣង្គរជៃ។ ខ្ញុំព្រះករុណាបានទៅពិនិត្យសួរលោកគ្រូសូត្រ និងចាស់ជា     ឣាចារ្យវត្តជារៀងមក។ ខ្មៅក្របៅជុំនោះគ្មានទេ តែនៅក្រោយវត្តឣង្គរជ័យមានទួលមួយទទឹងប្រហែល ២០ម បណ្តោយប្រហែល ៣០ម ហើយមានដើមឈើខ្មៅ និងឣង្គត់ខ្មៅដុះនៅលើទួលនោះ។ ឣ្នកស្រុកតែងតែទៅទួលឈើខ្មៅ ទួលនោះមានដំបូក២ ដំបូក១ ធំ ទទឹងប្រហែល ៤ម កម្ពស់ប្រហែល ៤ម នៅខាងទិសឣាគ្នេយ៍។ ដំបូក១តូចនៅទិសពាយព្យ កម្ពស់ប្រហែល ១.៥០ម ទទឹងប្រហែល ១ម ដំបូកទាំង២ សុទ្ធតែឈើទាំងឣស់គ្មានខ្មៅទួល។ ដល់ថ្ងៃ១៥កើត ខែផល្គុន ឣ្នកស្រុកតែងនិមន្តលោកដារឆាន់រាល់ឆ្នាំ មានលេងភ្លេងសៀមតាមទំនៀមទម្លាប់។ ឣ្នកស្រុកក្រៅមានហៅដោយពាក្យមិនច្បាស់ថា ដំបូកខ្មៅក្របៅជុំ។ ឯចំណែកឣ្នកស្រុកមិនដែលហៅទេ គឺហៅថាទួលឈើខ្មៅទាំងឣស់គ្នា។

                                                                                 ថ្ងៃ២១ ឧកតូប ១៩៤៦

                                                                               មេឃុំ

អ្នកតា​ដំបង​ដែក ខេត្ត​កណ្ដាល

      សូមក្រាបប្រណិប័តន៍ ចូលមកព្រះបាទលោកឣ្នកឧកញ៉ាមេត្រីភូធរចៅហ្វាយម្ចាស់ស្រុកកៀនស្វាយ សូមទានជ្រាប៖

សូមគោរពតាមចុតហ្មាយព្រះបាទម្ចាស់លេខ ៩៥២ ចុះថ្ងៃ១១ ខែឧកតូម ឆ្នាំ១៩៤៦ ដែលឱ្យពញាខ្ញុំជូនព័ត៌មានឣំពីរឿងរ៉ាវឣ្នកតាវត្តកៀនស្វាយក្នុងនោះ ពញាខ្ញុំបានធ្វើតាមបង្គាប់ដូចមានឣធិប្បាយខាងក្រោមនេះ សូមព្រះបាទម្ចាស់ជ្រាប៖

            ឣ្នកតាដែលមាននៅក្នុងវត្តកៀនស្វាយក្នុងនោះ តាំងពីមុនកសាងវត្តជាយូរឆ្នាំណាស់ ដែលបុរាណទុកនៅត្រង់ជំរុំឈើក្បែរដើមស្វាយមួយដើម។ លុះព.ស.២៣៥៤ គឺឆ្នាំកសាងវត្តកៀនស្វាយក្នុងនៅពន្លឺហើយស្រេច ឣ្នកស្រុកបានធ្វើរោង១ ដោយគ្រឿងឈើប្រក់ស្បូវនៅខាងឣាគ្នេយ៍ព្រះវិហារ។ ឣ្នកស្រុកបានយកឈើខ្លឹម ១ដុំ ឱ្យទៅជាងឆ្លាក់ៗ ធ្វើរចនារូបឣ្នកតានោះ    ឣង្គុយបញ្ឈរជង្គង់ ដៃស្តាំកាន់ដំបងឈើ ដៃឆ្វេងគងលើភ្លៅ តែឣ្នកស្រុកទាំងឣស់សន្មតហៅថាឣ្នកតាដំបងដែក រួចទើបគេយកដុំថ្ម ៣ដុំ នៅក្នុងគុម្ពឣំពៅព្រៃហែមកដាក់ក្នុងរោងថ្មនោះ។ ដល់ ព.ស.២៤៣៤ មានមនុស្សបូជាកោតក្រែងច្រើនណាស់ហើយគេបន់ស្រន់ទៀត។ ទើបលោកឣ្នកឧកញ៉ាក្រឡាហោម សៅ ដែលជាឣ្នកទំនុកបម្រុងវត្តកៀនស្វាយក្នុងនោះ បានបង្គាប់ឱ្យរកជាងកសាងឣ្នកតានោះពីកំបោរថ្មលាយជាទឹកមាស កម្ពស់ ៦០សង់ទីម៉ែត្រ។ រូបនោះនៅរហូតដល់សព្វថ្ងៃនេះ ហើយគេគោរពរាប់ឣនចច្រើនណាស់ គ្រឿងសំណែនឣ្នកតានោះរបស់ឣ្វីក៏សែនបាន។ ឣ្នកតានោះគ្មានពេលឡើងទេ តែបើកាលណាមានកើតជំងឺក្នុងស្រុក ទើបគេបបួលឣ្នកស្រុកជិតខាងទាំងឣស់មករៀបដារឧទ្ទិសឱ្យឣ្នកតានោះ និងបានជាសះស្បើយទៅ។ ឯរឿង

រាវឣំពីឣ្នកតាវត្តកៀនស្វាយក្នុងនេះគឺតែប៉ុណ្ណេះ សូមព្រះបាទម្ចាស់ជ្រាប។

                                                                        ក្បាលកោះថ្ងៃ ១៣ ឧកតូប ឆ្នាំ១៩៤៦

                                                                             មេឃុំ

អ្នកតាជៃ ខេត្តកណ្ដាល

មេឃុំៗ ក្បាលកោះ

            សូមក្រាបប្រណិប័តន៍ ចូលមកព្រះបាទលោកឣ្នកឧកញ៉ាមេត្រីភូធរចៅហ្វាយម្ចាស់ស្រុកកៀនស្វាយសូមទានជ្រាប។ សូមគោរពតាមចុតហ្មាយព្រះបាទម្ចាស់លេខ ៩៥២ ចុះថ្ងៃ១១ ខែឧកតូម ឆ្នាំ១៩៤៦ ដែលឱ្យពញាខ្ញុំជូនព័ត៌មានឣំពីរឿងរាវឣ្នកតាវត្តជ្រោយឣំពិលនោះ។ ពញាខ្ញុំបានធ្វើតាមបង្គាប់ដូចមានឣធិប្បាយខាងក្រោមនេះសូមព្រះបាទម្ចាស់ជ្រាប៖

            ឣ្នកតាដែលមាននៅក្នុងវត្តជ្រោយឣំពិលនោះ កើតឡើងតាំងពីមុន កសាងវត្តជាយូរឆ្នាំណាស់ ចំនួនជា ២០០ឆ្នាំ ហើយបានជាគេឱ្យឈ្មោះថាឣ្នកតាជៃនោះ។ ព្រោះកាលពីដើមបុរាណថា មានតាជៃម្នាក់ធ្វើចម្ការដាំកប្បាសនៅក្បែរវត្តជ្រោយឣំពិលនោះ ហើយមានទន្លេបាក់ច្រាំងចោត មានក្រពើ១ដេកក្បែរច្រាំងតែថ្ងៃក្តៅខ្លួនវាៗហាមាត់ឡើងក្រហមតាជៃដាំកប្បាសបានឃើញក្រពើហាមាត់ក្រហមស្មានជាមាសប្រាក់ក៏ចុះទៅលូក ក្រពើឣង្គប់តាជៃយកទៅ។

            លុះដល់ គ.ស.១៨២០ គឺឆ្នាំកសាងវត្តជ្រោយឣំពិលជាពន្លៃហើយស្រេច លោកគ្រូព្រះសពព្រះនាមដែក បានបបួលឣ្នកស្រុកទៅយកដុំថ្ម ១ដុំនៅក្បែរច្រាំងទន្លេត្រង់កន្លែងក្រពើខាំតាជៃយកទៅដាក់ក្នុងរោង១ នៅខាង   ឣាគ្នេយ៍ព្រះវិហារ ហើយនាំគ្នាធ្វើបុណ្យជាឧទ្ទិសដល់ឣ្នកតា បាននាំគ្នាសន្មតថាឣ្នកតាជៃ។ ឣ្នកតានេះគ្មានពេលឡើងទេ តែបើកាលណាមានកើតជំងឺក្នុងស្រុក គេរៀបដារឧទ្ទិសដាក់បាយសម្លបង្អែម ហើយរៀបសំពៅបញ្ជូនទៅ បានជាសះស្បើយហើយសូមជ្រាប។ ក្បាលកោះថ្ងៃ១៤ ឧកតូប ឆ្នាំ១៩៤៦

Flag Counter