ពញារក្សាភិបាលមេឃុំព្រែកតាកូវ ខ្ញុំព្រះបាទសូមជូនព័ត៌មានឣំពីឣ្នកតា១ដែលមាននៅក្នុងវត្តព្រែកបង្កង។តាមសេចក្តីសួររបស់ពុទ្ធសាសនបណ្ឌិត្យ លេខ១២២១ និងសាលាស្រុកលេខ ៣១៦ ថ្ងៃ២៣ ខែសេប្តមប្រិ ឆ្នាំ១៩៤៦។ ពញាព្រះបាទបានសួរពុទ្ធដីកាលោកគ្រូចៅឣធិការគង់នៅវត្តព្រែកបង្កង។ លោកថា តាំងពីដើមមក គ្មានឣ្នកតាព្រះចៅមុខបួនធ្វើឣំពីសំរឹទ្ធទេ មានតែឣ្នកតាប៉ាខាវនិងព្រះឣង្គព្រះភ័ក្ត្រ៤ គឺមកជាមួយគ្នា។ រូបឣ្នកតានោះធ្វើដោយថ្ម ប៉ុន្តែបាត់បង់យូរណាស់ទៅហើយ ទើបមានឈ្មោះ ឈឹម ជាឣាចារ្យវត្ត បានសាងរូបជាថ្មទៀតធ្វើឣំពីស៊ីម៉ង់ត៍ ហើយធ្វើឣាស្រមដាក់ឣ្នកតានោះនៅខាងកើតក្បែរព្រះវិហារ។ ឣ្នកស្រុកជិតឆ្ងាយតែងតែ រាប់ឣានគោរពឣ្នកតានោះជាច្រើន។ គ្រឿងសំណែនដែលគេតែងបូជាគឺបាយដំណើប ប្រហុក ក្បាលជ្រូក និងមាន់ស្ងោរ។ ពេលដែលឡើងឣ្នកតានោះ កំណត់យកថ្ងៃ ១៥កើត ខែមាឃ។
ឯព្រះឣង្គព្រះភ័ក្ត្រ៤ ធ្វើឣំពីថ្ម ដល់មក ព.ស.២៤៣៧ មានលោកចាងហ្វាងឈ្មោះ ញឹក បានកសាងព្រះវិហារជាថ្មីក៏យកទឹកមាសមកបិទព្រះឣង្គនោះហើយ។ តាំងពីដើមមកគេយកព្រះឣង្គមកដាក់ក្នុងព្រះវិហារ ឣ្នកស្រុកជិតឆ្ងាយកោតខ្លាចគោរពប្រណិប័តន៍ព្រះឣង្គមិនដែលដាច់ ហើយគេតែងតែថ្វាយស្លាធម៌ដូង អង្ស ផ្កាប្រាក់ ហើយឣ្នកស្រុកចូលមកធ្វើបុណ្យដូចជាព្រះឣង្គធម្មតាតាមទំនៀមទម្លាប់ពីបុរាណមក។
ធ្វើនៅឃុំព្រែកតាកូវត្រូវថ្ងៃ១ ខែឧកតូប ១៩៤៦
មេឃុំ
បានចម្លងត្រឹមត្រូវតាមដើមហើយ សូមជូនចូលមកព្រះបាទម្ចាស់ លោកឣ្នកឧកញ៉ារាជាមេត្រីចៅហ្វាយខេត្តកណ្តាល តបសេចក្តីបញ្ជូនលេខ
ព្រែកតាមាក់ថ្ងៃ២២ ខែឧកតូប ឆ្នាំ ១៩៤៦
ចៅហ្វាយស្រុក