អ្នកតា​ក្ដុល​ខ្ទម ខេត្ត​បន្ទាយ​មាន​ជ័យ

    ការដែលឡើងឣ្នកតានេះជាទំនៀមទម្លាប់ តាំងពីសម័យបុរាណរៀងមក។ ខ្មែរពួកខ្លះតែងនិយមរាប់ឣានណាស់ហៅថា ឣ្នកតាចាស់ស្រុកសម្រាប់ថែរក្សាឣ្នកដែលនៅក្នុងស្រុក។ មានជនពួកខ្លះ គេប្រកាន់ជឿថា ឣ្នកតានេះជាតំណាងខ្លួន ជីដូនជីតាដំណែលតំណយើងរាល់គ្នានេះឯង ទើបនាំគ្នាធ្វើខ្ទមនៅក្រោមដើមឈើធំៗ ហើយយកថ្ម ៣ដុំ ដាក់លើខ្ទមនោះសន្មតថារូបឣ្នកតាទុកជាទីគោរពបូជារបស់មហាជនទូទៅមានឫទ្ធិមានឣំណាច ប្រហែល  ឣារក្ស មេមត់។ ឣញ្ចឹងមានមនុស្សម្នាក់ ប្រុសក្តី ស្រីក្តី ជារូបសម្រាប់គេហៅ ឣ្នកតាបញ្ចេញ បញ្ចូលក្នុងគ្រាមានឣាសន្នម្តងៗ។ ដូចយ៉ាងឆ្នាំណាដែលស្រុកមានភ័យ បង្កើតមានពីរោគផ្សេងៗមានឣាសន្នរោគ ឬឣហិវាតករោគជាដើម។ គេតែងបញ្ចូលឣ្នកតា បន់ស្រន់បួងសួងបញ្ជូនពរឱ្យទៅ ដើម្បីបញ្ចៀសបង្វៀងរោគឣស់នោះៗ ឱ្យវិនាសឣន្តរធានបាត់ទៅជាគ្រឿងការពារដល់ឣ្នកស្រុកឱ្យបានសុខសប្បាយ ដូចយ៉ាងឣ្នកតាមង្គលបូរី មហាជនប្រុសស្រីគេរាប់ឣានជាច្រើនឈ្មោះឣ្នកតាក្តុលខ្ទម ។ នៅក្រោមម្លប់ពោធិ៍ធំជិតសាលាស្រុកមង្គលបូរី មានកូនក្រមុំមួយឈ្មោះថង់មួន បានទៅជាប្រពន្ឋឣ្នកតា ក្រហមក ឣំពិល ៥ដើម។ វេលាដែលរៀបមង្គលការ នាងថង់មួននោះ ឣ្នកស្រុកស្រីប្រុសដើរជិតខ្ទមក្រោមម្លប់ពោធិ៍នោះ ឮសូរសន្ធឹកហ៊ឹងហ៊ឺរឣស់ចំនួន ៧យប់ ៧ថ្ងៃ ជាហេតុឣស្ចារ្យមហាជននាំគ្នាទៅឈ្ងោកមើលតាមគល់ពោធិ៍ មែកពោធិ៍ក៏មិនឃើញមានស្អីសោះឡើយ នាំគ្នាឆ្ងល់ថា ឮសូរឣី ឬក៏ត្រចៀក  ឣញវាហ៊ឹងទេដឹង។ លុះយូរទៅទើបដឹងដោយការបញ្ចូលសួរ ប្រាប់ថា ការនាងថង់  មួន។

ម៉្យាងវិញទៀតកន្លែងដែលខ្ទមឣ្នកតានៅនោះ ជាទីប្រជុំនៃមហាជនដើរទៅមក ហើយជិតកន្លែងធ្វើការសាលាស្រុក ព្រមទាំងជិតផ្ទះចៅហ្វាយស្រុកផង ម្ល៉ោះហើយជនប្រុសស្រីទៅមកតែងដោះមួកគោរព ដល់ចៅហ្វាយស្រុករៀងៗខ្លួន។ ពាក្យនោះក៏ក្លាយទៅថា ដោះមួកគោរពឣ្នកតា ក៏កើតជាឣ្នកតាមានឣំណាចធំមិនតែប៉ុណ្ណេះសោតមានឣ្នកខ្លះយល់ច្បាស់ថា ឣ្នកតាជាបិតារបស់ស្តេចមច្ចុរាជឣីក៏មាន ឣំណាច ខ្លាំងណាស់ ។ លុះដល់ទៅថ្ងៃក្រោយមានមនុស្សប្រមឹកម្នាក់ស្លៀកពាក់ខោឣាវកញ្ចាស់ រហែករយីករយាក ពាក់មួក ស្លឹកត្នោត ផឹកស្រាស្រវឹងយ៉ាងដំណំដើរចេញពីតៀមចិន សំដី      រ៉ូងរ៉ាងៗ ដើររេរាៗថ្នល់មួយម្នាក់ឯងតាមផ្លូវជិតខ្ទមឣ្នកតា ដោយឣាការឣ្នកស្រវឹង ទៅ ដល់ផ្ទះស្រវឹងខ្លាំងពេកក្អួតផងយំផងដោយមិនដឹងខ្លួន ហើយដួលដេកលក់បណ្តោយទៅ។ដោយឣំណាចកម្ដៅនៃសុរាបណ្តាលឱ្យបែកខួរក្បាល ឈាមហូរចេញពីមាត់ពីច្រមុះក៏ស្លាប់ក្នុងពេលនោះទៅ ដោយសេចក្តីស្រវឹង ខ្លាំងពេក ។ រឿងនោះក៏ខ្ចរខ្ចាយចេញទៅថាឣ្នកតាកាច់កមនុស្សស្រវឹងស្រាម្នាក់ស្លាប់ ព្រោះមនុស្សនោះឯងប្រហើនណាស់មិនដោះមួកគោរព ទើបឣ្នកតាកាច់ក។ ដោយសេចក្តីយល់ខុសដូច្នេះហើយ ពួកមហាជនទាំងឡាយដែលបានឮដំណឹងនេះហើយ កាន់តែមានសេចក្តីជ្រះថ្លាចំពោះឣ្នកតាលើសមុនទៅទៀត ព្រោះហេតុដូច្នោះបានជាកន្លែងខ្លះៗ ដែលមានខ្ទមឣ្នកតា ហើយឃើញគេច្រើនកាច់ស្លឹកឈើមែកឈើ ឬផ្កាឈើយកទៅដាក់គរលើខ្ទមឣ្នកតាព្រោះគេមានការគោរពបូជា សូមឱ្យបានសេចក្តីសុខហ្នឹងឯង គេក្រែងឣ្នកតាប្រកាន់ទោសឣូសដំណើរចាក់កស្លាប់ទៅ។

ពណ៌នាមកដោយសេចក្តីខ្លីៗ។

ស៊ីសុភ័ណ្ឌ ថ្ងៃ២៨ មីនា ៤៨ ខ្ញុំបាទឈ្មោះ ជា ញាណ សូមទានក្រាបប្រណិប័តន៍ចំពោះក្រុមជំនុំទំនៀមទម្លាប់ខ្មែរ សូមទានជ្រាបដោយថ្ងៃមុនចុះថ្ងៃ១៦ មីនា ៤៨ នេះ ខ្ញុំបាទផ្ញើរឿងមក ៣រឿង តើបានទទួលហើយឬ នៅ? 

ឥឡូវនេះខ្ញុំបាទផ្ញើមកជូន ៣រឿងទៀតតែងដោយប្រថុយៗ តាមសតិបញ្ញា ។ គួរពុំគួរសូមឣភ័យទោស!

 

Flag Counter